អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​កីឡា​បាល់ទាត់​កម្ពុជា


ពេលខ្លះ វា​ជា​រឿង​ល្អ​ដែល​យើង​អាច​អង្គុយ​នៅ​មួយ​កន្លែង ហើយ​សើរើ​រឿងរ៉ាវ​នានា​ដែល​ជួប​ប្រទះ មក​សិក្សា​អំពី​វា ហើយ​ស្វែងរក​គុណប្រយោជន៍​ចេញ​ពី​រឿង​ទាំងអស់​នោះ។ ការ​ដែល​យើង​ដឹង​ច្រើន​រឿង វា​នាំ​ឲ្យ​យើង​អាច​គិត​បាន​ច្រើន​ផ្លូវ ច្រើន​យ៉ាង ហើយ​អាច​ផ្សែផ្សំ​ព្រឹត្តិការណ៍​នានា​ក្នុង​ជីវិត ឲ្យ​ក្លាយ​ទៅ​ជា​បទពិសោធន៍​ជីវិត​ថ្មី​មួយ។ ព្រឹត្តិការណ៍​កើត​មាន​ជុំវិញ​ខ្លួន​យើង គឺ​ជា​ទុន​ដ៏​សំខាន់ ពោល​គឺ​វា​ប្រៀប​បាន​ដូច​ជា​ជី​សម្រាប់​បំប៉ន​ជីវិត។

នៅ​ថ្ងៃ​មួយ​នោះ ខ្ញុំ​អង្គុយ​តែ​ម្នាក់​ឯង (ហើយ​ការ​ពិត​ទៅ ខ្ញុំ​ក៏​ចូលចិត្ត​នៅ​តែ​ម្នាក់ៗ​ឯង​ដែរ) ហើយ​លើក​យក​ព្រឹត្តិការណ៍​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន មក​រក​មើល​គុណប្រយោជន៍​របស់​វា ហើយ​ចំណុច​សំខាន់ៗ​ដែល​ជា​ចលករ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នោះ​កើត​មាន​ឡើង។

កីឡា​បាល់ទាត់ គឺ​ជា​ប្រធានបទ​ដ៏​ធំ​មួយ​ក្នុង​រយៈពេល​បីបួន​ឆ្នាំ​ចុងក្រោយ​នេះ។ បើ​ក្រឡេក​មើល​ទៅ​ដប់​ឆ្នាំ​មុន ទំនង​ជា​គ្មាន​ការ​ជជែក​ដេញដោល​ដូច​ពេល​បច្ចុប្បន្ន​នោះ​ទេ។ ខ្ញុំ​ចូលចិត្ត​ស្វែងយល់​អំពី​អ្វី​មួយ លើស​ពី​ត្រឹម​រូបរាង​ពិត​របស់​វា។ ពាក្យ​ថា កីឡា​បាល់​ទាត់ ទំនង​ជា​នឹក​ឃើញ​ត្រឹម​ការណ៍​ដែល​មាន​មនុស្ស​ដប់​ម្ភៃ​នាក់ រត់​ប្រដេញ​ពេញ​តារាង​ដណ្ដើម​យក​ដុំ​មូល​មួយ។ ប៉ុន្តែ​ខ្ញុំ​គិត​ផ្សេង​ពី​នេះ។ សមិទ្ធផល​ដែល​យើង​បាន​ឃើញ​សព្វថ្ងៃ​នេះ ប្រាកដ​ណាស់ គឺ​វា​មាន​ចំណុច​មួយ​ចំនួន​ដែល​យើង​ត្រូវ​លើក​យក​មក​សិក្សា ហើយ​ច្រោះ​យក​ចំណុច​សំខាន់ៗ ដែល​ជា​ចំណុច​រួម​អាច​យក​ទៅ​អនុវត្ត​បាន​នៅ​គ្រប់​ទីកន្លែង​ផ្សេងៗ​ទៀត។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​ធ្វើ។

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​និយាយ​តែ​អំពី​កីឡា​បាល់​ទាត់? អ្ហឹម… មិនមែន​ខ្ញុំ​លម្អៀង​នោះ​ទេ ប៉ុន្តែ​ត្រង់​ថា កីឡា​មួយ​នេះ​មាន​ការ​ផ្សព្វផ្សាយ​ច្រើន ហើយ​ក៏​មាន​សមិទ្ធផល​ច្រើន ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​ពី​ពេល​កន្លង​មក។ ខ្ញុំ​មិនមែន​ជា​អ្នក​ចេះ​លេង​កីឡា​បាល់​ទាត់​ទេ ហើយ​ទាំង​នេះ​គ្រាន់តែ​ជា​ចំណុច​ដែល​ខ្ញុំ​អាច​លើក​យក​មក​បង្ហាញ​ក្រោម​ពាក្យ បទពិសោធន៍​ជីវិត តែ​ប៉ុណ្ណោះ។

ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រលាញ់​ពេញ​ចិត្ត

ពាក្យ​នេះ ទំនង​ជា​អ្នក​ធ្លាប់​បាន​ឮ​ឡើង​ស៊ាំ​ត្រចៀក​ទៅ​ហើយ។ ប្រាកដ​ហើយ ដែល​ប៉ុន្មាន​ពាក្យ​នេះ​ក្លាយ​ជា​ពាក្យ​យ៉ាង​សាមញ្ញ ងាយ​ស្រួល​និយាយ​ជា​ទី​បំផុត។ «តើ​អាត្មា​អញ​ស្រលាញ់​ពេញ​ចិត្ត​អ្វី?» … បើ​ប្រើ​សំណួរ​បែប​នេះ​វិញ វា​លែង​ជា​រឿង​សាមញ្ញ​ទៀត​ហើយ។

ថ្វី​បើ​ខ្ញុំ​គ្មាន​ទំនាក់ទំនង​ជាមួយ​អ្នក​នៅ​ក្នុង​កីឡា​បាល់ទាត់ ប៉ុន្តែ​ខ្ញុំ​អាច​ដឹង​បាន​ថា បើ​ពួកគាត់​មិន​ធ្វើ​កិច្ចការ​ទាំង​នោះ​តាម​ការ​ស្រលាញ់​ពេញ​ចិត្ត​ទេ ប្រហែល​ជា​គ្មាន ចាន់ វឌ្ឍនាការ និង​កីឡាករ​ផ្សេងៗ​ទៀត ឲ្យ​អ្នក​អាច​សរសើរ​មិន​ដាច់​ពី​មាត់ នោះ​ទេ។ ហើយ​បើ​ពួកគាត់​មិន​ធ្វើ​តាម​ការ​ស្រលាញ់​ពេញ​ចិត្ត ក៏​ប្រហែល​ជា​យើង​មិន​អាច​សប្បាយ​ដូច​ពី​ថ្ងៃ​មុន ដែល​យក​ឈ្នះ​ក្រុម Buriram ប្រទេស​ថៃ បាន​ដែរ។

វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​ទេ ក្នុង​ការ​ស្វែងរក​អ្វី​ដែល​ខ្លួន​ឯង​ស្រលាញ់​ពេញ​ចិត្ត។ ពេល​នេះ​ថា​ស្រលាញ់​រឿង​នេះ តែ​ពេល​ក្រោយ​អាច​នឹង​ប្រែប្រែួល។ ចួនកាល​ទៀត​នោះ រឿង​ដែល​ខ្លួន​ឯង​ស្រលាញ់ បែរ​ជា​ត្រូវ​ជួប​យ៉ាង​ចៃដន្យ​ទៅ​វិញ។ ពេល​ខ្លះ បែរ​ជា​អ្វី​ដែល​យើង​គិត​ថា​ធ្វើ​វា​ទាំង​គ្មាន​ចេតនា ក៏​ក្លាយ​ទៅ​ជា​អ្វី​ដែល​ខ្លួន​ឯង​ស្រលាញ់។

មុន​ពេល​អាន​បន្ត សាកល្បង​សួរ​ខ្លួន​ឯង​ទៅ​ថា តើ​អ្នក​ស្រលាញ់​ពេញ​ចិត្ត​អ្វី? (បើ​មាន​សង្សារ មិនមែន​ឲ្យ​ថា​ស្រលាញ់​សង្សារ​នោះ​ទេ។😛 )

នៅតែ​បន្ត​ធ្វើ ទោះបី​គ្មាន​នរណា​ចាប់​អារម្មណ៍

បើ​តាម​ខ្ញុំ​ចាំ កាល​ពី​អាយុ​ប្រហែល​៦-៧ឆ្នាំ (ប្រមាណ​១៤-១៥​ឆ្នាំ​មុន) ខ្ញុំ​ទៅ​ដើរ​លេង​នៅ​ពហុកីឡដ្ឋាន​ជាមួយ​គ្រួសារ ហើយ​ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ​តារាង​បាល់ អ្នក​ទាត់​លេង​តែ​គេ​ទៅ ចំណែក​អ្នក​អង្គុយ​មើល​វិញ មាន​មិន​ដល់​១០០​នាក់​ផង។ ប៉ុន្តែ​ម្ដង​បន្តិចៗ អ្វីៗ​ត្រូវ​ផ្លាស់ប្ដូរ។ បច្ចុប្បន្ន​នេះ មាន​អ្នក​ទៅ​មើល​ស្ទើរ​តែ​ហៀរ​ស្តាត​ទៅ​ហើយ។ ព្រោះ​អ្វី?

បើ​ផ្សារ​ភ្ជាប់​ទៅ​ចំណុច​ខាង​លើ គឺ​វា​ព្រោះ​តែ​ការ​ស្រលាញ់​ពេញ​ចិត្ត។ ការ​ស្រលាញ់​ពេញ​ចិត្ត​នេះ វា​ធ្វើ​ឲ្យ​មនុស្ស​មាន​ក្ដី​សង្ឃឹម មាន​ក្ដី​ស្រមៃ មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង មាន​សុទិដ្ឋិនិយម អាច​បន្ត​ធ្វើ​អ្វី​ដែល​ខ្លួនឯង​ស្រលាញ់​ពេញ​ចិត្ត ទោះបី​គ្មាន​នរណា​ចាប់​អារម្មណ៍​នៅ​ថ្ងៃ​នេះ។ អ្វី​ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​ពី​ការ​តស៊ូ​របស់​កីឡា​បាល់ទាត់​កម្ពុជា គឺ​វា​ប្រៀប​បាន​ទៅ​នឹង​ការ​ដែល​យើង​ត្រូវ​ចេះ​តស៊ូ​នៅ​ក្នុង​ជីវិត៖

  1. លើក​ទឹក​ចិត្ត​ខ្លួន​ឯង៖ អ្វីៗ​ទាំងអស់ អាច​សម្រេច​ទៅ​បាន ដោយសារ​ការ​ចេះ​និយាយ​ជាមួយ​ខ្លួន​ឯង។ ការ​ដែល​យើង​អាច​ទាក់ទង​នឹង​ខ្លួន​ឯង​បាន មិនមែន​មាន​ន័យ​ថា​យើង​ឆ្កួត​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​កម្លាំង​ពិសេស​មួយ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពុះ​បំបែក​ភ្នំ​នៃ​ឧបសគ្គ​ទាំងឡាយ​បាន។
  2. លើក​ទឹកចិត្ត​អ្នក​ដទៃ៖ ក្រោយ​ពី​អាច​ទាក់ទង​នឹង​ខ្លួន​ឯង​បាន​ហើយ មនុស្ស​ចាំបាច់​ត្រូវ​ចេះ​លើក​ទឹកចិត្ត​អ្នក​ដទៃ ព្រោះ​ថា​មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​អាច​សម្រេច​ក្នុង​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​បាន​គ្រប់​ពេល​នោះ​ទេ។ អ៊ីចឹង​ហើយ ត្រូវតែ​មាន​ការ​អាស្រ័យ​គ្នា​និង​គ្នា លើក​ទឹកចិត្ត​គ្នា​ម្នាក់​ម្ដង។
  3. មាន​ក្ដី​សង្ឃឹម​៖ អ្នក​អាច​ថា ការ​មាន​ក្ដី​សង្ឃឹម វា​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ធ្លាក់​ទឹកចិត្ត ប្រសិនបើ​អ្វី​ដែល​យើង​គិត​នោះ មិនអាច​ក្លាយ​ជា​ការ​ពិត​បាន។ វា​អាច​អ៊ីចឹង​ដែរ ប៉ុន្តែ​ដោយ​សារ​អ៊ីចឹង​ហើយ ទើប​យើង​ចាំបាច់​ត្រូវ​រៀន​ចេះ​លើក​ទឹកចិត្ត​ខ្លួន​ឯង។ ការ​មាន​ក្ដី​សង្ឃឹម វា​ក៏​ធ្វើ​ឲ្យ​យើង​អាច​បើក​ចិត្ត​បាន​ទូលាយ បើក​ភ្នែក​បាន​ធំ អាច​មើល​ឃើញ​លទ្ធភាព​ជាច្រើន។
  4. ជឿជាក់​លើ​ខ្លួន​ឯង៖ មួយ​ម៉ាត់​យ៉ាង​ខ្លី​ថា «បើ​អ្នក​មិន​ជឿ​លើ​ខ្លួន​ឯង​ទៅ​ហើយ សូម្បី​តែ​ព្រះ​ក៏​មិន​អាច​មក​ជួយ​អ្នក​បាន​ដែរ។»

ខ្ញុំ​ជឿ​ថា កត្តា​បីបួន​ខាង​លើ​នេះ​ហើយ ដែល​វា​ជម្រុញ​ឲ្យ​ទាំង​កីឡាករ គ្រូ​បង្វឹក សហព័ន្ធ បន្ត​សកម្មភាព​របស់​ខ្លួន លើក​ទឹកចិត្ត​គ្នា ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​គ្នា ដើម្បី​បង្កើត​ឲ្យ​មាន​សមិទ្ធផល​ដ៏​អស្ចារ្យ​នៅ​ពេល​សព្វថ្ងៃ​នេះ។ ទោះបីជា​គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​អ្វី​ដែល​យើង​ធ្វើ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​បន្តិច​ម្ដងៗ គេ​នឹង​ដឹង​ឮ​អំពី​យើង​មិន​ខាន។

មនុស្ស​ចូលចិត្ត​ឃើញ​តែ​សមិទ្ធផល

ខ្ញុំ​ធ្លាប់​ឮ​ពាក្យ​សម្ដី ទាំង​ដោយ​ផ្ទាល់​ខ្លួន និង​តាមរយៈ​អ្នក​ដទៃ។ មាន​អ្នក​ខ្លះ​មិន​ធ្លាប់​មើល​បាល់ មិន​ចូលចិត្ត​មើល​បាល់​ទេ ប៉ុន្តែ​ដោយ​ឮ​គេ​ថា​បាល់​ទាត់​កម្ពុជា​ល្អ​ជាង​មុន ក៏​ទៅ​អង្គុយ​មើល។ តែ​ពេល​ខ្លួន​ឯង​ទៅ​មើល គឺ​ទៅ​មើល​ចំ​ពេល​កម្ពុជា​ចាញ់ ហើយ​បែរ​ជា​អង្គុយ​និយាយ​រអ៊ូ ជេរ រិះគន់​អាក្រក់ៗ​។ ខ្ញុំ​មិន​បាច់​រៀបរាប់​ច្រើន ក៏​អ្នក​អាច​ទាយ​បាន​ដោយ​ខ្លួន​ឯង​ដែរ។ ព្រោះ​អ្វី?

ពីព្រោះ​ថា មនុស្ស​ចូលចិត្ត​ឃើញ​តែ​សមិទ្ធផល។ មនុស្ស​មួយ​ចំនួន​តែងតែ​គិត​ថា អ្វី​មិន​ល្អ​គឺ​មិន​ល្អ។ គេ​មិន​ប្រើ​គំនិត​ថា ថ្ងៃ​នេះ​មិន​ល្អ នោះ​ថ្ងៃ​ក្រោយ​អាច​អភិវឌ្ឍ​បន្ថែម​បាន។ បើ​គិត​ថា អ្វី​មិន​ល្អគឺ​មិន​ល្អ វា​គឺ​ជា​ការ​ដាក់​រនាំង​ដល់​ខួរក្បាល​ខ្លួន​ឯង។ យើង​ត្រូវ​គិត​អ្វី​ឲ្យ​វែងឆ្ងាយ ហើយ​យល់​ថា​អ្វីៗ​សុទ្ធ​តែ​មាន​ហេតុ​ផល។ មនុស្ស​មួយ​ចំនួន​ក្នុង​សង្គម​យើង​បច្ចុប្បន្ន ចូលចិត្ត​មើល​អ្វី​ត្រឹមតែ​សំបក​ក្រៅ ហើយ​មិន​ចូលចិត្ត​ផ្ដល់​ការ​សរសើរ ការ​លើក​ទឹក​ចិត្ត និង​ការ​គោរព នោះ​ទេ។ វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ។

មិនមែន​ការ​ដែល​មនុស្ស​ចូលចិត្ត​ឃើញ​តែ​សមិទ្ធផល គឺ​ជា​រឿង​អាក្រក់​នោះ​ទេ។ ពីព្រោះ​ថា បើ​គ្មាន​សមិទ្ធផល ក៏​គ្មាន​ការ​ទទួល​ស្គាល់​ពី​មនុស្ស​ជុំវិញ​ខ្លួន​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សង្កត់​ធ្ងន់​នៅ​ពេល​នេះ​គឺ​ត្រង់​ថា អ្នក​ឃើញ​សមិទ្ធផល​ទាំងនោះ បែរជា​ចូលចិត្ត​រិះគន់​យ៉ាង​ចាស់ដៃ ដោយ​មិន​គិត​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ធ្វើ។ ហើយ​ចំណុច​មួយ​ទៀត​គឺ​នៅ​ត្រង់​ថា អ្នក​បង្កើត​សមិទ្ធផល​នោះ បែរ​ប្រែ​ក្លាយ​ជា​មនុស្ស​អួត​ក្អេងក្អាង។ ជា​ប្រការ​ដែល​គួរ​ចៀស។

សមិទ្ធផល​ដែល​បាន​នៅ​ថ្ងៃ​នេះ វា​មិន​មែន​បាន​មក​តែ​ពី​ការ​ខំប្រឹងប្រែង​នៅ​ថ្ងៃ​នេះ​ទេ ហើយ​ការ​ទទួល​ស្គាល់​សមិទ្ធផល​នោះ ក៏​មិនមែន​មាន​ន័យ​ថា​អស់​សមិទ្ធផល​ល្អ​ជាង​នេះ​ដែរ។

បញ្ចប់

ប្រហែល​ជា​ខ្ញុំ​និយាយ​ចាក​ខ្លះ​ចូល​ខ្លះ។ ប៉ុន្តែ​ទាំង​នេះ​វា​គឺ​ជា​ការ​គួបផ្សំ​រវាង​បទពិសោធន៍​នៅ​ក្នុង​ជីវិត និង មេរៀន​ដែល​ខ្ញុំ​សង្កេត​ឃើញ​ពី​កីឡា​បាល់ទាត់​កម្ពុជា។ ការ​គួបផ្សំ​បែប​នេះ វា​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ជម្រុញ​ខ្លួន​ឯង​ឆ្ពោះ​ទៅ​រក​ក្ដី​ស្រមៃ​របស់​ខ្លួន មិន​បោះបង់​ក្ដី​ស្រមៃ ហើយ​និង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​អាច​រក​ឃើញ​ថាមពល​ពិត​នៅ​ក្នុង​ខ្លួន​របស់​ពួកគេ ដូចដែល​ខ្ញុំ​កំពុង​ស្វែងរក​ដែរ។ វា​ជាការ​ចាំបាច់​ដែល​យើង​រស់នៅ​ក្នុង​សង្គម​មួយ ត្រូវ​ដឹង​ច្រើន​រឿង ពីនេះ​បន្តិច ពី​នោះ​បន្តិច ឲ្យ​បាន​គ្រប់​ផ្នែក។ ដូច​ការ​សង់​ផ្ទះ​អ៊ីចឹង មិនមែន​មាន​តែ​ស៊ីម៉ង់ដ៍​មួយ​មុខ អាច​សង់ផ្ទះ​ល្អ​មួយ​បាន​ឯណា? វា​ត្រូវ​មាន​ឥដ្ឋ ដែក ថ្នាំ​លាប។ល។ ពីព្រោះ​បែប​នេះ​ទើប​យើង​អាច​យក​ឈ្នះ​លើ​ឧបសគ្គ​នានា​ក្នុង​ជីវិត​បាន ហើយ​ថែម​ទាំង​អាច​ជួយ​អ្នក​ដទៃ​បាន​ដែរ។

ខ្ញុំ​សុំ​ផ្ដល់​ការ​សរសើរ​ដល់​ក្រុម​កីឡា​នានា​នៅ​កម្ពុជា ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគាត់ ដែល​បាន​នាំ​មោទនភាព​ដល់​ប្រទេស​ជាតិ។ អ្វីៗ​ត្រូវ​ទៅ​ដោយ​សន្សឹមៗ ម្ដង​បន្តិចៗ ហើយ​ពេល​នេះ​កីឡា​កម្ពុជា​បាន​ឈាន​ដល់​សម័យកាល​ថ្មី​មួយ​ទៀត​ហើយ។:)

មួយ​ជំហាន​បន្ទាប់​បច្ចុប្បន្ន


តើ​អ្នក​បាន​រៀបចំ​ផែនការ​ជីវិត​បាន​យ៉ាងណា​ទៅ​ហើយ? តើ​អ្នក​ធ្លាប់គិត​ថា​នឹង​ចង់​ធ្វើ​អ្វី? តើ​អ្នក​ចង់​រៀន​អ្វី​បន្ថែម​ទៀត​ទេ? តើ​អ្នក​មាន​គម្រោង​អ្វី​ខ្លះ​ក្នុង​ជីវិត? សំណួរ​ទាំង​អស់​នេះ​គឺ​ជា​សំណួរ​ដ៏​សែន​ពិបាក​ឆ្លើយ​ចំពោះ​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា។

ពេលយើង​នៅ​ក្មេង​នៅ​ឡើយ យើង​ដឹង​តែ​រឿង​ម្យ៉ាង​គត់​គឺ​ភាព​សប្បាយ​នៅ​ក្នុង​ជីវិត។ ក្រៅ​ពី​នេះ​គឺ​ការ​ទៅ​រៀន​នៅ​សាលា។ ពេល​នោះ​យើង​គ្មាន​គំនិត​អ្វី​ដែល​នឹង​គិត​ដល់​ការ​អភិវឌ្ឍ​ខ្លួន និង​រៀបចំ​ផែនការ​ជីវិត​នោះ​ទេ។ យើង​ហ៊ាន​ធ្វើ​អ្វី​ដែល​យើង​ចង់ យើង​យំ​ព្រោះ​ប៉ាម៉ាក់​មិន​ទិញ​អ្វី​មួយ​ឲ្យ យើង​មិន​ខ្វល់​ចំពោះ​ក្មេងៗ​ដទៃ​ដែល​ធូរធារ​និង​មាន​របស់របរ​ប្រើ​ច្រើន​ជាង​យើង អ្វី​ដែល​យើង​គិត​នោះ​គឺ «ធ្វើ​ម៉េច​ឲ្យ​ខ្លួន​ឯង​សប្បាយ»។ ប៉ុន្តែ​មក​ដល់​ពេល​ដែល​យើង​ចូល​វ័យ​ជំទង់ គំនិត​របស់​យើង​ក៏​ចាប់ផ្ដើមផ្លាស់​ប្ដូរ។ យើង​ចាប់​ផ្ដើម​ច្រណែន​នឹង​អ្នក​ដទៃ យើង​ចាប់ផ្ដើម​ខ្វល់ខ្វាយ​ច្រើន​អំពី​ការ​សិក្សា យើង​កាន់​តែ​វីវក់​នឹង​ការ​សប្បាយ​រីករាយ យើង​ចាប់ផ្ដើម​យល់​អំពី​ភាព​សប្បាយ​នឹង​របស់​ទំនើប របស់​ល្អ។ល។ ពេល​នោះ​ហើយ​ដែល​យើង​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ទាំង​ឥរិយាបថ និង​គំនិត។ ប៉ុន្តែ​រឿង​ទាំង​នេះ​ក៏​អាស្រ័យ​ទៅ​នឹង​បរិយាកាស​គ្រួសារ​ដែរ។

រហូត​ដល់​យុវវ័យ យើង​ក៏​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​កាន់​តែ​ខ្លាំង។ ហើយ​ពេល​នេះ​យើង​ម្នាក់ៗ​ក៏​ប្រែ​ក្លាយ​ខ្លួន​ជា​ប្រភេទ​មនុស្ស​ទីទៃ​ពី​គ្នា ហើយ​យើង​ក៏​ចាប់​ផ្ដើម​ព្យាយាម​គិត​អំពី​បញ្ហា​ដែល​ក្រសោប​ជុំវិញ​ខ្លួន​យើង។ ខ្លះ​ខ្វល់ខ្វាយ​ព្រោះ​បញ្ហា​គ្រួសារ ខ្លះ​ខ្វល់ខ្វាយ​អំពី​សម្ភារៈ​ទំនើបៗ ខ្លះ​ខ្វល់ខ្វាយ​អំពី​ការ​សិក្សា ខ្លះ​ចង់​បាន​អាហារូបករណ៍​ក្រៅ​ប្រទេស ខ្លះ​ខ្វល់ខ្វាយ​អំពី​ស្នេហា ខ្លះ​ខ្វល់ខ្វាយ​អំពី​អនាគត។ល។ នៅ​ពេល​នេះ​ហើយ​ដែល​យើង​ចាប់ផ្ដើម​ដឹង​ខ្លួន​ឯង​ជា​មនុស្ស​យ៉ាង​ណា ខ្សោយ​ត្រង់​ណា ពូកែ​ត្រង់ណា ហើយ​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​បាន​ប៉ុណ្ណា។ តែ​ក៏​មិនមែន​ទាំង​អស់​នោះ​ទេ មាន​ខ្លះ​ក៏​នៅ​តែ​សប្បាយ​វីវក់ភ្លេច​ការ​រៀបចំ​ជីវិត​របស់​គេ​ឲ្យ​ ស្រស់​បំព្រង ឲ្យ​ប្រសើរ ហើយ​ខ្ជះខ្ជាយ​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​ទៅ​ក្នុង​ភក់ ដែល​ពេជ្រ​នោះ​គឺ​ជា​ជីវិត​របស់​គេ។

ប្រសិន​​បើ​អ្នក​ភ្លេច​គិត​អំពី​បញ្ហា​អនាគត ឬ​ជំហាន​បន្ទាប់​នៃ​ជីវិត​របស់​អ្នក​បច្ចុប្បន្ន អ្នក​គួរ​តែ​ចាប់​ផ្ដើម​គិត​ទៅ វា​អាច​នឹង​ហួស​ពេល​ចំពោះ​អ្នក​ខ្លះ តែ​បើ​អ្នក​មាន​សង្ឃឹម​ថា​មិន​ទាន់​ហួស​ពេល​នោះ​ទេ ត្រូវ​ចាប់​ផ្ដើម​វា​ឡើង។

អនាគត​របស់​អ្នក​ជាអ្វី?

ពេល​នេះ យើង​កំពុង​ឈរ​នៅ​លើ​កំណាត់ផ្លូវ​ដ៏​វែងអន្លាយ​មួយ ដែល​មើល​ទៅ​មុខ​ដាច់​កន្ទុយ​ភ្នែក ហើយ​មើល​ទៅ​ក្រោយ​ក៏​ដូច​គ្នា។ តែ​គួរ​ចាំ​ថា​បើ​ទោះ​ផ្លូវ​ខាងក្រោយ​ខ្លី​ជាង​ផ្លូវ​ខាង​មុខ ប៉ុន្តែ​យើង​មិន​អាច​ថយ​ក្រោយ​មួយ​ជំហាន​ណា​ឡើយ។ ជីវិត​គឺ​ដូច​ទៅ​នឹង​ការ​ប្រណាំង​ប្រជែង​មួយ។ បើ​អ្នក​រត់​ទៅ​មុខ គឺ​រត់​ទៅ​មុខ ដើម្បី​ឲ្យ​ដល់​គោលដៅ ព្រោះ​គោល​ដៅ​របស់​អ្នក​គឺ​នៅ​ខាង​មុខ មិន​មែន​ខាង​ក្រោយ​នោះ​ទេ។ អ្នក​ស្ទើរ​តែ​មិន​អាច​ប្រើ​ផ្លូវ​កាត់​ណា​មួយ​ដ៏​ល្អ​សម្រាប់​ការ​ប្រណាំង​ប្រជែង​ឡើយ ព្រោះ​អ្នក​ត្រូវ​ស្មោះត្រង់ គឺ​ស្មោះត្រង់​ចំពោះ​ខ្លួន​​ឯង។

គ្មាន​នរណា​ម្នាក់​អាច​សម្លឹង​មើល​ឃើញ​អនាគត​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ម្នាក់ៗ​សុទ្ធ​តែ​មាន​គោល​បំណង​ក្នុង​ជីវិត​របស់​គេ។ អនាគត​វា​ប្រៀប​បាន​ដូច​ជា​លទ្ធផល​មួយ​ដែល​កើត​ចេញ​ពីសកម្មភាព​បច្ចុប្បន្ន​របស់​អ្នក។ អ្នក​ឈរ​បាញ់​ព្រួញ​ឲ្យ​ចំ​គោលដៅ​ណា​មួយ តើ​អ្នក​ត្រូវ​ត្រៀម​ខ្លួន​អ្វី​ខ្លះ? នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ទាញ​បាញ់​និង​រៀបចំ​ខ្លួន​នោះ​គឺ​ជា​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ហើយ​ពេល​ដែល​អ្នក​លែងដៃ បើ​វា​ចំ​គោល​ដៅ​ឬ​មិន​ចំ​នោះ​ជា​អនាគត​របស់​អ្នក។ ស្រមៃ​មើល​ថា បើ​អ្នក​ប្រើ​កម្លាំង​ខ្សោយ នោះ​ព្រួញ​របស់​អ្នក​មិន​អាច​ដល់​គោល​ដៅ​បាន​ទេ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ប្រឹងប្រែង​ព្យាយាម​ក្នុង​ជីវិត​និង​ពង្រឹង​សមត្ថភាព​ខ្លួន ដើម្បី​ឲ្យ​អាច​ដើរ​ដល់​គោល​បំណង​ដែល​អ្នក​ចង់​បាន។

អនាគត​គឺ​គ្មាន​ពេល​បញ្ចប់ ប៉ុន្តែ​វា​ទៀង​នៅ​ត្រង់​រឿង​ម្យ៉ាង​គឺ​ពេល​យើង​ស្លាប់។ អ្នក​ដទៃ​ឬ​ក៏​ខ្លួន​យើង​ផ្ទាល់​តែងតែ​ចោទ​ជា​សំណួរ​ដែល​ផ្ដើម​ដោយ «តើ​អ្នក​ចង់…………….នៅ……..?» ។ ពេល​នោះ​ហើយ​ដែល​នឹក​ឃើញ​ថា ជីវិត​របស់​អ្នក​ចង់​បាន​អ្វីៗ​ជា​ច្រើន​ទៀត​គ្មាន​ពេល​បញ្ចប់ ដែល​អ្វីៗ​ទាំងឡាយ​ដែល​ស្ថិត​នៅ​ខាង​មុខ​នោះ​ជា​អនាគត​របស់​អ្នក។

គេ​តែង​និយាយ​ថា ជីវិត​មាន​ន័យ​លុះត្រា​តែ​ជួប​រឿង​ពិបាក​និង​សប្បាយ… ចុះ​អ្នក? តើ​អ្នក​គិត​ថា​ខ្លួន​ទទួល​ជួប​បញ្ហា​អ្វី​ខ្លះ​ហើយ ច្រើន​ប៉ុណ្ណា? តើ​អ្នក​អាច​ដោះស្រាយ​វា​បាន​ដល់​កម្រិត​ណា? អ្នក​ត្រូវ​តែ​ចាក់​ឲ្យ​ចំ​បញ្ហា​មួយ​ដែលជា​ឧបសគ្គ​សម្រេច​បំណង​អនាគត​របស់​អ្នក​ឲ្យ​បាន។ មនុស្ស​ម្នាក់ៗ​មាន​គោល​បំណង​ខុសៗ​គ្នា ខ្លាំង​ឬ​ក៏​ខ្សោយ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ​ការ​តាំងចិត្ត និង​ជម្រុញ​ចិត្ត​ខ្លួន​ឯង។ ខ្ញុំ​ជឿ​ថា​នរណាៗ​ក៏​ខ្ជិល ខ្ញុំ​ក៏​ខ្ជិល អ្នក​ក៏​ខ្ជិល ប៉ុន្តែ​យ៉ាង​ហោច​ណាស់​យើង​ទាំង​អស់​គ្នា​មាន​ការ​តាំង​ចិត្ត និង​សម្លឹង​រក​មើល​ផ្លូវ​ដើរ​ទៅ​រក​គោលបំណង ឬ​អនាគត ហើយ​ខិតខំ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​នៅ​ពេល​នេះ មុន​នឹង​ឱកាស​ទាំង​អស់​កន្លង​ហួស​ទៅ។ តែ​កុំ​ភ្លេច​ថា​យើង​ត្រូវ​តែ​ចេះ​បត់បែន​តាម​កាលៈទេសៈ។

កុំ​គិត​ថា​ខ្លួន​ឯង​ខុស

«កង្កែប​ក្នុង​អណ្ដូង» ជា​ពាក្យ​បន្ដុះបង្អាប់​លើ​នរណា​ម្នាក់​ដែល​មិន​បាន​ដឹង​មិន​បានស្គាល់​អំពី​អ្វី​ដែល​មាន​នៅ​ក្រៅ​ពី​អ្វី​ដែល​ខ្លួន​គេ​មាន។ ប៉ុន្តែ​ការ​ប្រើ​ពាក្យ​នេះ ពេល​ខ្លះ​វា​ហាក់​ដូច​ជា​វាយ​ប្រហារលើបុគ្គល។ យើង​គួរ​តែ​គិត​ថា​យើង​ជា​កង្កែប​មួយ​ដែល​ស្ថិត​នៅ​ក្នុង​បឹង​មួយ យើង​អាច​ហែល​លេង​កម្សាន្ត​បាន អាច​ឡើង​លើ​គោក​បាន ប៉ុន្តែ​នៅ​លើ​គោក​វា​មាន​ផ្ទៃដី​ធំ​ពេក យើង​មិន​ដឹង​ថា​នឹង​ត្រូវ​ទៅ​ផ្លូវ​ណា​ផ្សេង​ក្រៅ​ពី​បឹង​និង​ទី​ដែល​ជិត​បឹង។ នេះ​ចាត់​ទុក​ថា​ជា​ន័យ​សុទិដ្ឋិនិយម​មួយ។ អ្វីៗ​ស្ថិត​នៅ​លើ​ខ្លួន​យើង​ជា​អ្នក​សម្រេច។

តើ​អ្នក​សម្រេច​ថា​ចង់​តែ​នៅ​ក្នុង​បឹង​និង​ទី​ដែល​ជិត​បឹង ឬ​ក៏​អ្នក​ចង់​ដើរ​ផ្សង​ព្រេង​ឬ​ព្យាយាម​ស្គាល់​អ្វីៗ​ដទៃ​ទៀត? ប៉ុន្តែ​យើង​ឈប់​និយាយ​អំពី​កង្កែប​ត្រង់​នេះ ព្រោះ​វា​មិន​ដូច​មនុស្ស​ទេ។ យើង​ចេះ​គិត​ពិចារណា ត្រិះរិះ ស្វែងយល់ និង​វិភាគ។ ផ្លូវ​ដែល​យើង​កំពុង​ដើរ​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​យើង។ ផ្ទៃ​ដី​ធំ​ណាស់ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ចង់​ដើរ​ទៅ​កន្លែង​ណា? នៅ​ក្នុង​ដំណើរ​របស់​យើង​អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​សម្រេច​ចិត្ត។ មនុស្ស​ជា​ច្រើន​ក្រោយ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ហើយ អាច​នឹង​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​គេបាន​ធ្វើ។ ដូច​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​ខាង​ដើម យើង​មិនអាច​មើល​ឃើញ​អនាគត​របស់យើង​ទេ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​គឺ​កំណត់​គោល​បំណង​មួយ​ឬ​បន្ត​បន្ទាប់ ហើយ​ធ្វើ ក៏​ប៉ុន្តែ​វា​ត្រូវ​តែ​មាន​ភាព​បត់បែន។ បើ​អ្នក​សម្រេច​ចិត្ត​ពេល​នេះ​ខុស ចាត់​ទុក​ថា​វា​ជា​មេរៀន​មួយ ព្រោះ​នរណា​ក៏​អាច​នឹង​សម្រេច​ចិត្ត​ខុស ប៉ុន្តែ​ការ​សម្រេច​ចិត្ត​នានា​វា​តែងតែ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​សម្រេច​ចិត្ត​ដទៃ​ទៀត​ដែរ។ វា​ក៏​ដូច​ទៅ​នឹង​ការ​ដែលស្គាល់​មនុស្ស​នៅ​ក្នុង​សង្គម នៅ​ពេល​ណាមួយ​អ្នក​អាច​នឹង​ត្រូវ​ការ​ពួក​គេ ដោយ​អាស្រ័យ​ទៅ​នឹង​ទ្រឹស្ដី​សង្គម​ថា «មនុស្ស​ដែល​រស់​នៅ​ក្នុង​សង្គម​មួយ តែង​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក»។ អ្នក​ត្រូវ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឯង ត្រូវ​សិក្សា​អំពី​កំហុស​របស់​អ្នក និង​រក​វិធី​ផ្លាស់ប្ដូរ​វា​ទៅ​ជា​មេរៀន​មួយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​អភិវឌ្ឍ​ជីវិត​របស់​អ្នក។

ស្វែងយល់​អំពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន

ការ​ស្វែងយល់​អំពី​ខ្លួន​ឯង​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បំភ្លឺ​ផ្លូវ​របស់​អ្នក ហើយ​អ្នក​ក៏​នឹង​ងាយ​រៀបចំ​ខ្លួន​ចំពោះ​សកម្មភាព​និង​គោល​បំណង​ដែល​អ្នក​ចង់​ទទួល​បាន។ ខ្ញុំ​តែង​និយាយ​ប្រាប់​អ្នក​ដទៃ​ថា «ខ្ញុំ​ស្រលាញ់​ខ្លួន​ឯង​ណាស់!» នេះ​មិន​មែន​ខ្ញុំ​មាន​បញ្ហា​ក្នុង​ខ្លួន​ទេ តែ​ខ្ញុំ​ជឿ​ថា​នៅ​ពេល​ស្វែងយល់​អំពី​ខ្លួន​ឯង​និង​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន វា​អាច​ជួយ​ឲ្យ​ខ្ញុំ​ងាយ​នឹង​ដើរ​នៅ​លើ​ផ្លូវ​មួយ​ដ៏​វែង​នេះ​ដោយ​គ្មាន​បញ្ហា​ធំដុំ​អាច​មក​រារាំង​ខ្ញុំ​បាន។ យើង​ត្រូវ​ចេះ​សប្បាយ​នឹង​អ្វី​ដែល​យើង​មាន។ នរណា​ក៏​ចេះ​ច្រណែន​ដែរ ខ្ញុំ​ក៏​ចេះ​ច្រណែន​នឹង​អ្នក​ដទៃ ហើយ​អ្នក​ដទៃ​ក៏​ចេះ​ច្រណែន​ខ្ញុំ​ដែរ ព្រោះ​នេះ​ជា​ធម្មជាតិ​នៃ​មនុស្ស។ បើ​អ្នក​ស្រលាញ់​អ្នក​ដទៃ​ដែរ​នោះ គួរ​ណា​កុំ​ស្រលាញ់​គេ​ទាំង​ស្រុង​ត្រូវ​ដក​ខ្លះ​សម្រាប់​ខ្លួន​ឯង​ផង​ទើប​ជា​ការ​ប្រសើរ។ នៅ​ពេល​ដែល​យើង​ស្រលាញ់​ខ្លួន​ឯង​ច្រើន យើង​នឹង​ដឹង​ថា​យើង​ជា​មនុស្ស​ប្រភេទ​ណា​ហើយ​តើ​យើង​មាន​សមត្ថភាព​ដល់​កម្រិត​ណា។ ហើយ​ពេល​នោះ យើង​អាច​នឹង​ងាយ​ក្នុង​ការ​សម្រេចចិត្ត​ចំពោះ​រឿងរ៉ាវ​នានា។ ពេល​ខ្លះ​យើង​ចង់​ធ្វើ​អ្វី​មួយ យើង​ធ្វើ​អ្វី​ទៅ​តាម​តែ​ចិត្ត​រហ័ស ដែល​នេះ​នរណា​ក៏​ជួប​ប្រទះ។ ការ​ដែល​និយាយ​អំពី​ការ​ស្រលាញ់​ខ្លួន​ឯង​គឺ​យើង​ដឹង​ថា​ខ្លួន​អាច​ធ្វើ​អ្វី​បាន ចង់​បាន​អ្វី ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​ថែម​ទៀត​ផង​នៅ​ពេល​មាន​បញ្ហា​ណាមួយ។ នៅ​ពេល​ខ្ញុំ​មាន​បញ្ហា​ទុក្ខ​សោក​ខ្ញុំ​បាន​ព្យាយាមផ្លាស់​ប្ដូរ​រឿងរ៉ាវ​ទាំង​នោះ​ទៅ​ជា​មេរៀន​សម្រាប់​ខ្លួន​ឯង។ អ្វី​ដែល​ខ្ញុំ​បាន​សិក្សា​អំពី​វា​មាន​ដូចជា៖

  1. ខ្ញុំបាន​ស្វែងយល់​និង​ពង្រឹង​ការ​បញ្ជា​ចិត្ត។
  2. ខ្ញុំ​បាន​ស្វែងយល់​ថា​វា​កើត​ឡើង​ក៏​ព្រោះ​មូលហេតុមួយ​ឬ​ច្រើន​ពាក់ព័ន្ធ។
  3. ខ្ញុំ​បាន​ពង្រឹង​ចិត្ត​ខាង​ក្នុង​ឲ្យ​បាន​ខ្លាំង​ជាង​មុន។
  4. ខ្ញុំបាន​គិត​ឃើញ​ថា​វា​សប្បាយ​ចំពោះ​ការ​កើត​ទុក្ខ។
  5. ហើយ ​ខ្ញុំ​អាច​មើល​ឃើញ​អ្វីៗ​ទាំងអស់​សុទ្ធ​តែ​ស្រស់​ស្អាត ដូច្នេះ​ខ្ញុំ​ក៏​បង្រៀន​ខ្លួន​ឯង​ធ្វើ​ឲ្យ​ជីវិត​ស្រស់​ស្អាត​ដូច​របស់​ ទាំង​នោះ​ដែរ។

សេចក្ដី​រួម​ចុង​ក្រោយ

«មួយ​ជំហាន​បន្ទាប់​បច្ចុប្បន្ន» ជា​គំនិត​មួយ​ដែល​ខ្ញុំ​បាន​បង្កើត​ឡើង​សម្រាប់​ខ្លួន​ឯង ហើយ​ចង់​យក​មក​ចែករំលែក​ដល់​អ្នក។ មួយ​ជំហាន​នៃ​ជីវិត វា​មិនមែន​មាន​តែ​រឿង​ម្យ៉ាង​ដែល​ត្រូវ​គិត​នោះ​ទេ តែ​មាន​រឿង​សព្វសារពើ​ដែល​ត្រូវ​យក​មក​ថ្លឹងថ្លែង​និង​ធ្វើ​ការ​សម្រេច​ចិត្ត។ អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​មក​ហូរហែ​ពី​ខាង​លើ​មក​នេះ គ្រាន់​តែ​ជា​គំនិត​ដ៏​ស្ដួចស្ដើង​ដែល​ខ្ញុំ​ព្យាយាម​សិក្សា​អំពី​ជីវិត​ខ្លួន​ឯង​និង​អ្នក​ដទៃ។ ព្រោះ​ខ្ញុំ​យល់​ថា បើ​ទោះ​ខ្ញុំ​មិន​ដែល​បាន​ទៅ​ក្រៅ​ប្រទេស​ក៏​ពិត​មែន​ពេល​នេះ បើ​ទោះ​ខ្ញុំ​មិន​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នៅ​ពេល​នេះ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ជីវិត​ខ្ញុំ​នៅ​តែ​ប៉ុណ្ណឹង​នោះ​ទេ ខ្ញុំ​ត្រូវ​ព្យាយាម​ធ្វើ​អ្វី​តាម​តែ​ខ្លួន​អាច​ធ្វើ​បាន​និង​ពង្រីក​សមត្ថភាព​ឲ្យ​បាន​លើស​ពី​អ្វី​ដែល​ខ្លួន​កំពុង​មាន។ ខ្ញុំ​អាច​និយាយ​បាន​ថា​នៅ​ពេល​នេះ​ខ្ញុំ​មាន​ជីវិត​មួយ​ដ៏​ល្អ ហើយ​ខ្ញុំ​មាន​ការងារ​ដែល​ខ្ញុំ​ចង់​ធ្វើ ខ្ញុំ​បាន​រៀន​អ្វី​ដែល​ប៉ង​ប្រាថ្នា ខ្ញុំ​បាន​ស្គាល់​មនុស្ស​ជា​ច្រើន ខ្ញុំ​បាន​ជួយ​គេ គេ​បាន​ជួយ​ខ្ញុំ។ល។ ប៉ុន្តែ​ខ្ញុំ​មិន​ភ្លេច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ឡើយ​ថា «មួយ​ជំហាន​បន្ទាប់​បច្ចុប្បន្ន» និង «ការ​ចង់​បាន​គឺ​គ្មាន​ទី​បញ្ចប់» គួបផ្សំ​ទាំង «ការ​គិត​បែប​សុទិដ្ឋិនិយម»។:)

^_^ រីករាយ​ខែតុលា! ^_^

ក្នុង​សង្គម – ហេតុ​អ្វី​ធ្វើ​ការងារ​ស្ម័គ្រចិត្ត?


នៅ​ក្នុង​សតវត្ស​ទី ២១ នេះ នរណាៗ​ក៏​និយាយ​អំពី​ការងារ​ស្ម័គ្រចិត្ត​នៅ​ក្នុង​សង្គម។ យុវជន​ខ្មែរ​ជាច្រើន​កំពុង​ចាប់​អារម្មណ៍​នៅ​ក្នុង​ការងារ​ស្ម័គ្រចិត្ត​​នានា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម។ នេះ​គឺ​ជា​សញ្ញា​ដ៏​ប្រសើរ​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ ដែល​ពួកគេ​កើត​មាន​គំនិត​ចូលរួម​ក្នុង​ការងារ​សង្គម និង​ជួយ​ដល់​សង្គម​ដែល​ពួកគេ​កំពុង​រស់នៅ។ ឱកាស​ការងារ​ស្ម័គ្រចិត្ត​ធំៗ តែង​កើត​មាន​ឡើង​នៅ​តាម​បណ្ដា​ទី​ប្រជុំជន តួយ៉ាង​ដូចជា​ទីក្រុង​ភ្នំពេញ​ជាដើម។ ក៏​ប៉ុន្តែ​នៅ​តាម​បណ្ដា​ខេត្ត​ក៏​មាន​ដូចគ្នា​ដែរ ហើយ​សំបូរ​មាន​នៅ​តាម​សហគមន៍​នានា។

នៅ​ក្នុង​អត្ថបទ​ប្លក់​នេះ ខ្ញុំ​សុំ​និយាយ​ត្រឹម​តែ​ការងារ​ស្ម័គ្រចិត្ត​ទ្រង់ទ្រាយ​ធំ – ការងារ​ស្ម័គ្រចិត្ត​នៅ​តាម​ទី​ប្រជុំជន។

តើ​អ្នក​រំពឹង​អ្វី​ខ្លះ​ពី​ការងារ​ស្ម័គ្រចិត្ត​ក្នុង​សង្គម?

អ្វី​ដែល​អ្នក​ចូលរួម​ការងារ​ស្ម័គ្រ​ចិត្ត​តែង​ប្រាថ្នា​ចង់​បាន​ធំ​បំផុត​នោះ​ គឺ «បទ​ពិសោធន៍» ។ នរណា​ក៏​ចង់​បាន​បទ​ពិសោធន៍ ព្រោះ​គេ​បាន​រំពៃ​គិត​មើល​ទៅ​ពេល​ខាង​មុខ​ថា បើ​ដាក់​ពាក្យ​សម្ភាស​ការងារ ប្រាកដ​ជា​ត្រូវ​មាន​បទពិសោធន៍​ណា​មួយ​នៅ​ក្នុង CV ។ ដូច្នេះ​ហើយ​ទើប​ការងារ​ស្ម័គ្រចិត្ត​គឺ​ជា​ប្រភព​បទពិសោធន៍​ដ៏​ចម្បង​មួយ។ ក្រៅ​អំពី​បទពិសោធន៍ ក៏​នៅ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​គេ​ចង់​ទទួល​បាន​មក​វិញ មាន​ដូចជា​មិត្តភាព (ស្គាល់​មនុស្ស​ថ្មីៗ), វឌ្ឍនភាព​នៃ​សង្គម, ពង្រឹង​សមត្ថភាព​ការងារ ។ល។

ជា​ទស្សនៈ​ផ្ទាល់​ខ្លួន ប្រសិន​បើ​យើង​ដាក់​ចិត្ត​ចូលរួម​ក្នុង​កិច្ចការ​នោះ​ហើយ (ឬ​បើ​យើង​ដាក់​ពាក្យ​ជាប់​ឈ្មោះ) យើង​ប្រាកដ​ជា​ទទួល​បាន​បទពិសោធន៍​ដោយ​ឯកឯង ដូច្នេះ​យើង​គួរ​រក​មើល​ចំណុច​ណា​មួយ​ជា​ប្រយោជន៍​ដ៏​ធំ​សម្រាប់​សង្គម ព្រោះ​យើង​ធ្វើ​ការងារ​សង្គម។ ចំពោះ​ខ្ញុំ ខ្ញុំ​ចង់​ចំណាយ​ពេល​វេលា​និង​កម្លាំង​មួយ​ចំនួន ដើម្បី​ជួយ​ដល់​សង្គម​ឲ្យ​មាន​ភាព​រីកចម្រើន និង​ដើម្បី​រៀបចំ​កម្មវិធី​អ្វី​មួយ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​អ្នក​មក​ចូលរួម។

ចូលរួម​ការងារ​សង្គម​ស្ទើរ​គ្រប់​ពេល​វេលា?

គ្រាន់​តែ​ជា​ទស្សនៈ​របស់​ខ្ញុំ និង​ការ​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ​មក​ខ្លះ យើង​គួរ​ជ្រើស​យក​ពេល​សមស្រប​មួយ​សម្រាប់​ការងារ​សង្គម។ យើង​មាន​ខ្លួន​តែ​មួយ​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​ជ្រើស​យក​ពល​មួយ​ដែល​ល្អ ហើយ​ធ្វើ​ការងារ​សង្គម​ណា​ដែល​គិត​ថា​ពាក់ព័ន្ធ​នឹង​ជំនាញ​ដែល​ខ្លួន​កំពុង​ធ្វើ​និង​ចង់​ធ្វើ ហើយ​ថែម​ទាំង​គិត​ថា​ពេញ​ចិត្ត​ដោយ​ខ្លួន​ឯង។ នៅ​ពេល​យើង​មាន​បំណង និង​ពេញ​ចិត្ត​ធ្វើ​ការងារ​នោះ​ហើយ យើង​នឹង​ធ្វើ​វា​បាន​ដោយ​ប្រសើរ គួប​ផ្សំ​ទាំង​ការ​ជម្រុញ​ចិត្ត​ពី​ខាង​អ្នក​រៀបចំ​កម្មវិធី។ ម្យ៉ាង​វិញ​ទៀត គួរ​កុំ​យក​ពាក្យ «បទពិសោធន៍» ដាក់​ជា​មូលហេតុ​ចម្បង ដូច​ដែល​ខ្ញុំ​បាន​និយាយ​ពី​ខាង​លើ។ យើង​គួរ​តែ​បង្ហាញ​អំពី​អ្វី​ដែល​យើង​ចង់​បាន និង​រំពឹង​អំពី​លទ្ធផល​នៃ​ការងារ​សង្គម​មួយ​នោះ​ថា​តើ​វា​នឹង​ផ្ដល់​ឥទ្ធិពល​ទៅ​កាន់​សង្គម​បាន​កម្រិត​ណា?

គ្រាន់​តែ​ជា​ទស្សនៈ​ដ៏​តូច​មួយ​របស់​ខ្ញុំ​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​ចូល​រួម​ការងារ​សង្គម​ទើប​តែ​បាន​ប្រហែល ២ ឆ្នាំ​នេះ​ប៉ុណ្ណោះ ហើយ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​សង្គម​ជិត ៤ ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​យល់​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ចំពោះ​ការងារ​សង្គម​និមួយៗ ព្រម​ទាំង​សិក្សា​ទៅ​លើ​ខ្លួន​ឯង​ដែរ។ នា​ពេល​ដំបូង ខ្ញុំ​ក៏​គិត​ឃើញ​ដូច​អ្នក​ដទៃ​ទៀត​ដែរ​ថាចង់​បាន​បទពិសោធន៍ ចង់​បាន​លិខិត​បញ្ជាក់ ប៉ុន្តែ​ក្រោយ​មក​ទើប​ខ្ញុំ​អាច​យល់​បាន​ថា​របស់​ទាំង​នោះ​វា​គ្រាន់​តែ​ជា​ការ​លើក​ទឹក​ចិត្ត​និង​អនុស្សាវរីយ៍​ប៉ុណ្ណោះ តែ​អ្វី​ដែល​សំខាន់​គឺ​សិក្សា​អំពី​ខ្លួន​ឯង និង​បញ្ចេញ​កម្លាំង​កាយ​ចិត្ត​ចំពោះ​ការងារ​ដែល​ខ្លួន​ចង់​ធ្វើ។

 

បេសកកម្ម «ពួក​គេ​ត្រូវការ​យើង»


បេសកកម្ម ពួកគេ​ត្រូវការ​យើង ឬ They Need Us ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ការ​ចូលរួម​នៃ​ក្រុម​មេឌា និង​ក្រុម​ការងារ​ទំព័រ​នានា​នៅ​ក្នុង Facebook រួម​មាន៖ PeyPey Dy, Troll Khmer, Lion Media, Holy Spring និង ខ្មែរ GAG ។

បេសកកម្ម​នេះ​គឺ ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​អ្នក​ខ្វះខាត​ដែល​គ្មាន​ជម្រក​ច្បាស់​លាស់ នៅ​តាមមាត់​ទន្លេ។ ពួកគេ​បាន​ចូល​ជា​ថវិកា​ម្នាក់​បន្តិចៗ និង​ខោអាវ​មួយ​ចំនួន​ផ្ដល់​ទៅ​ឲ្យ​អ្នក​ទាំង​នោះ។ នេះ​គឺជា​សកម្មភាព​ដ៏​គួរ​ឲ្យ​កោត​សរសើរ​មួយ ដែល​បង្ហាញ​អំពី​ការចូលរួម​នៅ​ក្នុង​សង្គម​របស់​យុវជន​ខ្មែរ មិន​ថា​ច្រើន​ឬ​តិច។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ចូលរួម​ក្នុង​សកម្មភាព​បែប​នេះ ហើយ​ក៏​រំពឹង​ថា​នឹង​ឃើញ​មាន​សកម្មភាព​បែប​នេះ​ជា​បន្ត​បន្ទាប់​ទៀត​នៅ​ក្នុង​សង្គម​មួយ​នេះ។ សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ។

[youtube https://www.youtube.com/watch?v=oI7yJqGPCPk ]

កំណើន​ហាង​តែតជ់


ខ្ញុំ​មិន​មែន​ជា​អ្នក​និយម​ភេសជ្ជៈ​តែគជ់​ទេ ប៉ុន្តែ​ម្ដង​ម្កាល ចូល​ចិត្ត​វា​ដែរ។ បើ​តាម​ខ្ញុំ​ចាំ ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១២ មក មាន​កំណើន​ហាង​កាហ្វេ​យ៉ាង​ច្រើន​លេច​ចេញ​ព្រោងព្រាត​ពេញ​ទីក្រុង​ភ្នំពេញ ជា​ពិសេសនៅ​តាម​តំបន់​ពាណិជ្ជកម្ម​មួយ​ចំនួន និង​ក្បែរៗ​គ្រឹះស្ថាន​សិក្សា​នានា។ ស្រប​ពេល​នោះ​ដែរ ហាង​ភេសជ្ជៈ​តែគជ់ [និងកាហ្វេ] ក៏​ចាប់​ផ្ដើម​ដុះ​ឡើង​ម្ដង​មួយៗ ហើយ​រីករាល​ដាល​ទៅ​ជា​ច្រើន​កន្លែង មិន​ថា​តូច ឬ​ធំ​ឡើយ។ បើ​និយាយ​ពី​នៅ​ក្បែរ​គ្រឹះស្ថាន​សិក្សា​វិញ​នោះ ស្ទើរ​តែ​និយាយ​ថា មិន​អាច​គ្មាន​ហាង​តែគជ់ [និង​កាហ្វេ] បាន​ឡើយ។

បើ​យើង​និយាយ​អំពី​ហាង​កាហ្វេ [និង​នំប៉័ង] រួម​មាន៖ Brown, TOUS les JOURS, Gloria Jean’s, Costa និង​ផ្សេងៗ​ទៀត។ ខ្ញុំ​មិន​ទាន់​បាន​ចូល​ភ្លក់​អស់​ទេ។😀

ហើយ​បើ​យើង​និយាយ​អំពី​ហាង​តែគជ់ [និង​កាហ្វេ] រួម​មាន៖ Gong Cha, Chatime, Babo, KOI (ទើប​បើក) និង​ហាង​តូចៗ​ជា​ច្រើន​ថែម​ទៀត។ ហើយ​យុវជន​ជា​ច្រើន​ចូល​ចិត្ត​ទៅ​ហាង​តែគជ់​ទាំង​នោះ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ទៅ​ហាង​កាហ្វេ [និង​នំប៉័ង] ច្រើន​ជាង។

ហាង​តែគជ់​ទាំង​នោះ បាន​បង្កើត​ការ​ផ្សព្វផ្សាយ​ជា​ច្រើន​តាម​វិធី និង​ការ​ចំណាយ​រៀងៗ​ខ្លួន​ដើម្បី​ទាក់ទាញ​អតិថិជន។ ឃើញ​ថា ការ​ផ្សាយ​របស់​គេ​មាន​លក្ខណៈ​គួរ​ឲ្យ​ទាក់ទាញ​មែន ជា​ពិសេស Chatime ។ គិត​ទៅ​ម្យ៉ាង​ដែរ…

កាល​ពី​ឆ្នាំ​ទៅ នៅ​ប្រទេស​សឹង្ហបុរី គេ​បាន​រក​ឃើញ​ថា​គ្រាប់​គជ់​មាន​សារជាតិ​គីមី ដែល​អាច​ប៉ះពាល់​ដល់​សុខភាព។ ហើយ​ក៏​មាន​ព័ត៌មាន​ផ្សេងៗ​ចេញ​ផ្សាយ​ដែរ​ទាក់ទង​នឹង​គ្រាប់​គជ់​ទាំង​អស់​ហ្នឹង។ ខ្ញុំ​សុំ​ឥត​មាន​យោបល់។

តើ​អ្នក​ទាំង​អស់​គ្នា​គិត​យ៉ាង​ម៉េច​ដែរ​ចំពោះ​ភេសជ្ជៈ​តែគជ់​នេះ?

me-sihanouk

វិថី​ជីវិត​ខ្ញុំ


ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អាយុ​ចេះ​តែ​កើន​ជា​លំដាប់។ ទើប​តែ​កើត​ពី​ថ្ងៃ​មុន​សោះ ឥឡូវ​រៀន​ឆ្នាំ​ទី​១​បាត់​ទៅ​ហើយ។ ជីវិត​ខ្ញុំ​សប្បាយ​រីករាយ​នៅ​ពេល​សប្បាយ ហើយ​កើត​ទុក្ខ​នៅ​ពេល​កើត​ទុក្ខ (និយាយ​ដូច​អត់​និយាយ)។ ភាព​ខ្ជិល​ច្រអូស (ពេល​ខ្លះ) គឺ​ជា​មិត្ត​នឹង​ខ្ញុំ។ ខ្ញុំ​តែង​គិត​ថា​ថ្ងៃ​មួយ​នឹង​ក្លាយ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ដូច​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​វា​មិន​អាច​ទៅ​រួច តែ​បើ​ខ្ញុំ​ប្រឹង​ប្រែង នោះ​ប្រាកដ​ជា​បាន (អ្នក​ណា​ក៏​និយាយ​អ៊ីចឹង)។

មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​រៀបរាប់ តែ​មិន​ដឹង​ថា​ត្រូវ​ចាប់​ផ្ដើម​ពី​ត្រង់​ណា​ទៅ​ទេ​នេះ! អ្ហឹម… គិត​ថា​ត្រង់​នេះ​ទៅ​មុន​ចុះ។ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា ហេតុ​អី​ពេល​ខ្លះ​ខ្ញុំ​មើល​មក​ជីវិត​ខ្លួន​ឯង ហាក់​ដូច​ជា​ខុស​ប្លែក​ពី​អ្នក​ដទៃ​អ៊ីចឹង? ត្រូវ​ហើយ កម្រ​នឹង​មាន​មនុស្ស​ណា​ដូច​គ្នា​ណាស់។ ខ្ញុំ​ចាត់​ទុក​ខ្លួន​ឯង​ជា​មនុស្ស​ខ្ជិល​ម្នាក់ ហើយ​វា​ជា​ការ​ពិត។ បើ​និយាយ​រឿង​រៀន​វិញ ពូកែ​រៀន ក៏​មិន​មែន រៀន​ពូកែ ក៏​មិន​អាច។ តែ​ខ្ញុំ​ដឹង​ត្រង់​ចំណុច​មួយ​ដែល​ខ្ញុំ​មាន​គឺ ពេល​ខ្ញុំ​ស្រលាញ់​ចូល​ចិត្ត​អ្វី ខ្ញុំ​តែង​ចំណាយ​ពេល​ដាច់​យប់ ដើម្បី​រៀន និង​ដោះស្រាយ​វា។ ប្រសិន​បើ​ខ្ញុំ​ប្រឹង​រៀន​មេរៀន​សាលា​អ៊ីចឹង​ដែរ​នោះ មិន​ដឹង​ជា​ពូកែ​ដល់​ណា​ទេ តែ​បាន​ត្រឹម​តែ​ស្រមៃ​ប៉ុណ្ណោះ។

ខ្ញុំ​តែង​មាន​ក្ដី​ស្រមៃ ហើយ​ក្ដី​ស្រមៃ​ខ្លះ ខ្ញុំ​មិន​ដឹង​ថា​សម្រេច​ដោយ​បែប​ណា​ទេ។ ខ្ញុំ​ស្រមៃ​ថា​ចង់​ក្លាយ​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​មួយ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ អាច​ផលិត​កម្មវិធី​ផ្សេងៗ​បាន។ ខ្ញុំ​ស្រមៃ​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន GOOGLE (គួរ​ឲ្យ​ចង់​សើច​ណាស់😆 )។ មាន​ក្ដី​ស្រមៃ​ខ្លះ​ដែល​ខ្ញុំ​បាន​សម្រេច ហើយ​ខ្ញុំ​ជឿ​លើ​ខ្លួន​ឯង​ថា ព្យាយាម​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​បាន ឬ​ធ្វើ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​យើង​ចង់​បាន មិន​យូរ​មិន​ឆាប់ វា​នឹង​លេច​ចេញ​រូបរាង​ឡើង។ ខ្ញុំ​បាន​អាន​ដប់​ម្ភៃ​ទំព័រ​ក្នុង​សៀវភៅ The Secret អំពី​ច្បាប់​នៃ​ការ​ទាក់ទាញ (Law of attraction) ។ គេ​ថា នៅ​ពេល​យើង​ព្យាយាម​គិត​អ្វី​ដែល​យើង​ចង់​បាន មិន​យូរ​ទេ​យើង​នឹង​សម្រេច​វា បើ​យើង​នៅ​តែ​រក្សា​គំនិត​វិជ្ជមាន​នោះ។ ប៉ុន្តែ​ច្បាប់​នេះ វា​មិន​គិត​លើ​ពាក្យ ចង់មិន​ចង់ ទេ។ បើ​យើង​គិត​ថា ខ្ញុំ​មិន​ចង់​ដេក​យប់​ជ្រៅ​ទេ យើង​នឹង​នៅ​តែ​ដេក​យប់​ជ្រៅ​រហូត តែ​បើ​យើង​ថា ខ្ញុំ​ចង់​ដេក​ឆាប់​ពី​ព្រលប់ ពេល​នោះ​យើង​នឹង​មាន​កម្លាំង​ចិត្ត​អាច​ដេក​ពី​ព្រលប់​បាន។ ខ្ញុំ​មិន​បាន​អាន​ច្រើន​ទេ អ៊ីចឹង​មិន​ដឹង​ថា​ម៉េច​ទៀត​ឡើយ។

នៅ​ពេល​ខ្លះ ខ្ញុំ​រអ៊ូ​ដាក់​ខ្លួន​ឯង​ថា ម៉េច​ក៏​មិន​ទៅ​រៀន​អង់គ្លេស​វិញ? ខ្ញុំ​ខាន​រៀន​អង់គ្លេស​បី​ឆ្នាំ​ជាង​ហើយ។ ពេល​ចង់​ទៅ​រៀន តែ​ដូច​ម៉េច​មិន​ដឹង។ នេះ​ខ្លួន​ខ្ញុំ​តែ​ប៉ុណ្ណឹង មិន​ដឹង​ថា​ត្រូវ​កែ​យ៉ាង​ម៉េច​ឲ្យ​បាន​ល្អ។ ឃើញ​គេ​ពូកែ​អង់គ្លេស ចេះ​តែ​មាន​អារម្មណ៍​ចង់​ចេះ​ដែរ។ ខ្ញុំ​តែង​ប្រាប់​ខ្លួន​ឯង​ថា ថ្ងៃ​ណាមួយ​នឹង​ទៅ​រៀន​វិញ។ ថ្ងៃ​ណា​ទៅ​ហ្ន៎?:-/

នៅ​ពេល​ខ្លះ ខ្ញុំ​ឃើញ​គេ​មាន​របស់​ល្អៗ​ជាង​ខ្លួន ចេះ​តែ​ចង់​មាន​ដូច​គេ​ដែរ ប៉ុន្តែ​ខ្ញុំ​តែង​ប្រាប់​ខ្លួន​ឯង​ថា អាហ្នឹង​ជា​របស់​ក្រៅ​ខ្លួន​ទេ ហើយ​បើ​ចង់​បាន គួរ​ព្យាយាម​រក​លុយ​ទិញ​ដោយ​ខ្លួន​ឯង​ទៅ។ ម្យ៉ាង​វិញ​ទៀត មនុស្ស​យើង​កើត​មក ប្រាកដ​ជា​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខុស​គ្នា ដូច្នេះ​ត្រូវ​សប្បាយ​រីករាយ​នឹង​អ្វី​ដែល​យើង​មាន ទើប​ប្រសើរ​ជាង​មើល​គេ ច្រណែន​គេ។:-)

ខ្ញុំ​ធ្លាប់​ចូល​រួម​ការងារ​សង្គម​មួយ​ចំនួន ហើយ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត មិន​ថា​ជា​កម្មវិធី​នៅ​ក្រៅ ឬ​ក៏​សកម្មភាព​ផ្សេងៗ​នៅ​លើ​អ៊ីនធឺណិត។ ការ​រួម​ចំណែក​ចែក​រំលែក​ឯកសារ​នានា មិន​ថា​តិច​ក្ដី ច្រើន​ក្ដី ក៏​រាប់​ថា​ជា​ការងារ​សង្គម។ ខ្ញុំ​ចេះ​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ អ៊ីចឹង​ពេល​ខ្លះ​ខ្ញុំ​ធ្វើ​ហើយ ចែក​រំលែក​ឲ្យ​គេ​ប្រើ​សេរី។ ពាក្យ “សេរី” ជា​ពាក្យ​ដែល​ខ្ញុំ​ពេញ​ចិត្ត​ក្នុង​ចំណោម​ពាក្យ​ផ្សេងៗ​ទៀត។

ខ្ញុំ​បាន​កំណត់​គោល​ដៅ វិថី ផ្លូវ ដំណើរ​ជីវិត​ខ្ញុំ​បាន​មួយ​ចំនួន​ហើយ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​ធ្វើ​វា​បាន ទោះ​បី​រឿង​ខ្លះ​ហាក់​ដូច​ជា​មិន​គួរ​ឲ្យ​ជឿ​ថា​នឹង​អាច​កើត​ឡើង​ក្ដី។ កាល​នៅ​រៀន​វិទ្យាល័យ ខ្ញុំ​គិត​ថា​ចង់​ចូល​រៀន​មហាវិទ្យាល័យ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ហើយ​ពេល​នេះ​ខ្ញុំ​សម្រេច​បាន​ហើយ។ កាល​នៅ​រៀន​វិទ្យាល័យ ខ្ញុំ​ក៏​គិត​ដែរ​ថា​ចង់​មាន​ការងារ​ធ្វើ​នៅ​ឆ្នាំ​ទី១ ហើយ​ឥឡូវ​ខ្ញុំ​មាន​ការងារ​ធ្វើ​មែន។ ប៉ុន្តែ​ពេល​នេះ ខ្ញុំ​បាន​គិត​ហើយ​ថា នៅ​ពេល​ចប់​ឆ្នាំ​ទី១ និង​ចប់​គម្រោង​ការងារ ខ្ញុំ​នឹង​ចាប់​ផ្ដើម​ស្វែងរក​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស។ មិន​ដឹង​ថា​មនុស្ស​ខ្ជិល​ដូច​ខ្ញុំ​អ៊ីចឹង អាច​រក​អាហារូបករណ៍​បាន ឬ​អត់​ទេ។:-)

បើ​និយាយ​អំពី​រឿង​ស្នេហា​វិញ ជា​រឿង​ដែល​គេ​តែង​និយាយ តែ​ខ្ញុំ​គ្មាន​ទេ។ មិន​ដឹង​ថា​ជឿ​ខ្ញុំ ឬ​អត់? នៅ​ពេល​នេះ មាន​ខ្លួន​មួយ​ដូច​ស្រួល​ដែរ មិន​សូវ​ខ្វល់​ច្រើន ខំ​តែ​រៀន និង​ធ្វើ​ការ​ទៅ​បាន​ហើយ។ ខ្ញុំ​ចូល​ចិត្ត​តែ​រឿង​សប្បាយ​រីករាយ តែ​ក៏​មាន​ពេល​ខ្លះ ខ្ញុំ​ត្រូវ​បណ្ដែត​ខ្លួន​ទៅ​នឹង​អារម្មណ៍​ទុក្ខ​សោក​ខ្លះ​ដែរ ព្រោះ​ជីវិត​យើង​មិន​គួរ​ណា​សប្បាយ​រហូត​ទេ។ ត្រូវ​ទេ?

នៅ​ត្រង់​នេះ ខ្ញុំ​មិន​មែន​និយាយ​អួត​ទេ។ មាន​អ្នក​ស្គាល់​ខ្ញុំ​មួយ​ចំនួន គាត់​បាន​សរសើរ​ខ្ញុំ​ពូកែ ឆ្លាត … ប៉ុន្តែ​ខ្ញុំ​មិន​គិត​ខ្លួន​ឯង​ថា​ជា​មនុស្ស​ពូកែ និង​ឆ្លាត​ទេ។ ខ្ញុំ​គ្រាន់​តែ​ចេះ​ដឹង​នេះ​បន្តិច នោះ​បន្តិច​ប៉ុណ្ណោះ។ ខ្ញុំ​ធ្លាប់​ត្រូវ​បាន​សម្ភាស​ដោយ​សារព័ត៌មាន​មួយ​ចំនួន (វិទ្យុ​អូស្ត្រាលី, កម្មវិធី​វិទ្យុ​សិទ្ធិមនុស្ស, កម្មវិធិ​វិទ្យុ​ខុមហ្វ្រែល, កាស្សែត…) ហើយ​ទាំង​នេះ​មិន​មែន​ដោយ​សារ​ខ្ញុំ​ពូកែ និង​ឆ្លាត​ទេ វា​គ្រាន់​តែ​កើត​ឡើង​នៅ​ពេល​ខ្ញុំ​មាន​សកម្មភាព​ក្នុង​ការងារ​មួយ​ចំនួន​ប៉ុណ្ណោះ។ ព្រោះ​ខ្ញុំ​មិន​ដែល​រកឃើញ​ចំណុច​ពិសេស​របស់​ខ្លួន​ឯង ឬ​លក្ខណៈ​ត្រង់​ណាមួយ​ដែល​គិត​ថា​គេ​ត្រូវ​សរសើរ​ទេ។ ខ្ញុំ​ជឿ​ថា មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ឆ្លាត និង​ពូកែ តែ​ទៅ​លើ​ជំនាញ​ខុសៗ​គ្នា ដូច្នេះ​នរណា​ក៏​ជា​មនុស្ស​ឆ្លាត និង​ពូកែ​ដែរ។

អ្ហឹម… ហាក់​ដូច​ជា​វែង​ពេក​ហើយ​អំពី​រឿង​ជីវិត​ខ្ញុំ។ ខ្ញុំ​គិត​ថា​ជីវិត​ខ្ញុំ គ្រាន់​តែ​ជា​ជីវិត​យ៉ាង​សាមញ្ញ​មួយ ដែល​ខ្ញុំ​សប្បាយ​រីករាយ​ជាមួយ​វា។ មិន​ខ្ពស់​ពេក មិន​ទាប​ពេក សម​ល្មម។ ជីវិត​របស់​យើង អាច​ប្រែប្រួល​បាន​អាស្រ័យ​លើ​សកម្មភាព​របស់​យើង។ នៅ​ក្នុង​ច្បាប់​នៃ​ការ​ទាក់ទាញ គេ​ថា បើ​យើង​ចង់​ឲ្យ​ខ្លួន​យើង​ផ្លាស់​ប្ដូរ ជីវិត​យើង​ផ្លាស់​ប្ដូរ គឺ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ការ​គិត​ជាមុន​សិន។ គិត​ល្អ នឹង​ឃើញ​រឿង​ល្អ គិត​អាក្រក់ នឹង​ឃើញ​តែ​រឿង​អាក្រក់។ ប៉ុន្តែ​មាន​រឿង​មួយ​ដែល​ខ្ញុំ​សប្បាយ​ចិត្ត ត្រង់​ថា​ខ្ញុំ​បាន​ប្រើ​បណ្ដាញ​សង្គម (Facebook, ប្លក់, …) ទាំង​នោះ ដើម្បី​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ។ ខ្ញុំ​បាន​ស្គាល់​មនុស្ស​យ៉ាង​ច្រើន ហើយ​យើង​បាន​បង្កើត​មិត្តភាព​យ៉ាង​ជិត​ស្និទ្ធិ ហើយ​ថែម​ទាំង​បាន​រៀបចំ​ការងារ​សង្គម​ខ្លះ​ជាមួយ​គ្នា​ទៀត​ផង។ ក្រៅ​ពី​នេះ ខ្ញុំ​ថែម​ទាំង​សប្បាយ​ចិត្ត​នៅ​ពេល​បាន​ស្គាល់​មិត្តភក្ដិ​នៅ​សាលា​ជា​ច្រើន ដែល​ពួក​គេ​សុទ្ធ​តែ​មាន​បទពិសោធ និង​គួរ​ឲ្យ​ចង់​រាប់​អាន។ និយាយ​ដល់​ត្រឹម​នេះ ខ្ញុំ​ដូច​ជា​មាន​អារម្មណ៍​ថា ជីវិត​ខ្ញុំ​មាន​ន័យ​ខ្លះ​ហើយ។

មើល​ទៅ ហាក់​ដូច​ជា​អស់​អ្វី​ដែល​ខ្ញុំ​ចង់​សរសេរ​រៀប​រាប់​ហើយ ឬ​ក៏​មិន​ដឹង​ថា​ត្រូវ​សរសេរ​អ្វី​ទៀត។ អរគុណ​ដែល​បាន​អាន​កំណត់​ហេតុ​ដ៏​វែង និង​គ្មាន​គោល​បំណង​ច្បាស់​លាស់​របស់​ខ្ញុំ។:-)