បុព្វប្រវត្តិសាស្ត្រខ្មែរ (២ បញ្ចប់)


ក២ – ស្ថានីយព្រែកឆ្លូង –

នេះជាស្ថានីយថ្មរំលីងមួយទៀតដែលលោក B.P.Groslier បានរកឃើញនៅព្រែកឆ្លូង (ស្រុកមេមត់ ខែត្រកំពង់ចាម) នៅឆ្នាំ ១៩៦២ ។
ជាយូរមកហើយលោក Groslier បានសិក្សាពីលើយន្តហោះនូវស្នាដៃធ្វើពីដីមានរាងមូលដែលនៅរាយប៉ាយ ចាប់តាំងពីឡាបានសៀក ដល់ ឡុកនិញ (LokNinh) ក្នុងប្រទេសវៀតណាមខាងត្បូងដោយឆ្លងកាត់តាមមេមត់ បានសេចក្ដីថាស្នាដៃទាំងនោះស្ថិតនៅក្នុងតំបន់ដីក្រហមនៃចំការកៅស៊ូធំៗ ។
មានសញ្ញានិងសម្មតិកម្មជាច្រើនបានស្របគ្នា ជាហេតុនាំឲ្យលោក Groslier ជឿថាទីកន្លែងទាំងនោះជាទីលំនៅរបស់ជនជាតិខ្មែរដើម ។ ដូច្នេះដើម្បីធញវើការបញ្ជាក់ពីគំនិតនេះ នៅឆ្នាំ ១៩៦២ លោក Groslier បានជ្រើសរើសយកកន្លែងមួយនៅព្រែកឆ្លូង ដើម្បីធ្វើកំណាយព្រោះកន្លែងនោះស្ថិតនៅចំកណ្ដាលប្រព័ន្ធទាំងមូល ។ ក្នុងការរុករកនេះ លោក Groslier បានរកឃើញរបស់ធ្វើពីថ្មរំលីង គ្រឿងចានឆ្នាំងមួយចំនួនធំ ។
វត្ថុទាំងនោះបានបង្ហាញឲ្យឃើញថានៅត្រង់កន្លែងដែលជាជំរំការពារយ៉ាងមាំមួននោះ មានមនុស្សរស់នៅដោយមានការរៀបចំយ៉ាងហ្មត់ចត់ហើយ ។ ជំរំដែលលោក Groslier បានសិក្សាមានកំពែងរាងមូលព័ទ្ធជុំវិញ (វិជ្ឈមាត្រជាង ២០០.ម) ហើយមានផ្លូវចូលពីរ ។ អាយុនៃជំរំមានប្រហែលពី ១៥០០ ដល់ ៥០០ ឆ្នាំមុន គ.ស ។ ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមានរាងប្លែកៗ ខ្លះមានរាងជាចតុមុំ យកលំនាំតាមរបស់ដែលធ្វើពីលង្ហិនដំបូង ។ គ្រឿងចានឆ្នាំងមានរាងច្រើនបែបយ៉ាងហើយមានក្បាច់រចនាល្អវិចិត្រ ប៉ុន្តែក្រោយមកបែរជាមានសភាពគ្រោគគ្រាតគ្មានលំអអ្វីសោះ ។ វត្ថុទាំងអស់នេះ គេចាត់ទុកថាជាស្នាដៃរបស់ជនជាតិខ្មែរដើម មុនពេលដែលជនជាតិនេះ ចុះមករស់នៅត្រង់វាលទំនាបនៃទន្លេមេគង្គ និងមុនពេលដែលបានទទួលអរិយធ៌មឥណ្ឌា ។
ក៣ – ស្ថានីយល្អាងស្ពាន –
ពីឆ្នាំ ១៩៦៦ ដល់ ១៩៦៩ លោកនិងលោកស្រី Mourer សាស្ត្រាចារ្យនៅមហាវិទ្យាល័យបុរាណវត្ថុវិទ្យា ដោយមាននិស្សិតនៃមហាវិទ្យាល័យនេះចូលរួមផង បានធ្វើកំណាយនៅរូងភ្នំល្អាងស្ពាននៃភ្នំទាកទ្រាំង មានចម្ងាយប្រមាណ ៥គ.ម ពីអណ្ដើកហែប ខែត្របាត់ដំបង ។ វត្ថុដែលគេបានរកឃើញមានចំនួនប្រមាណជា ២០០០ ហើយមានជាអាទិ គ្រឿងប្រដាប់ធ្វើពីថ្ម សំណល់ផ្ទះបាយ សាកសពសត្វល្អិត បំណែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃ និងឆ្អឹងដងកាំបិត) ។ វត្ថុទាំងនេះត្រូវបានគេផ្ញើទៅប្រទេសបារាំងដើម្បីធ្វើការសិក្សា ។ ដុំធ្យូងជាច្រើនដែលគេរកឃើញក្នុងស្រទាប់លើ អនុញ្ញាតឲ្យគេចុះការកំណត់ដោយវិទ្យុសកម្ម (G 14) :
– ស្រទាប់ទី ១ = 1200 BP (៧៥០ ក្រោយ គ.ស)
– ស្រទាប់ទី ២ = 4200 BP (២០៥០ មុន គ.ស)
– ស្រទាប់ទី ៣ = 6250 BP (៤២៩០ មុន គ.ស)
ក៤ – ស្ថានីយភ្នំក្បាលរមាស –
នៅចន្លោះឆ្នាំ ១៩៦៦ ដល់ ១៩៦៩ លោក Carbonnel និង Dalibrias បានធ្វើការរុករកក្នុងរូងភ្នំដែលជាលំនៅរបស់មនុស្សបុព្វប្រវត្តិសាស្ត្រនៅភ្នំក្បាលរមាសក្នុងខែត្រកំពត ។ នៅទីនោះ លោកទាំងពីរបានរកឃើញនូវគ្រឿងចានឆ្នាំងដែលមានអាយុ ៣៤២០ មុន គ.ស។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រវត្តិសាស្ត្រ​ខ្មែរ ភាគ​១ (សៀវ​ភៅ​ដើម) និពន្ធ​ដោយ​លោក ត្រឹង ងា ។ ចាប់​ពីជួរ​ទី ៧ នៃ​ទំព័រ​ទី ៤០ ដល់ ជួរ​ទី ១០ នៃ​ទំព័រ ទី ៤២។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s