បុព្វប្រវត្តិសាស្ត្រ​ខ្មែរ (១)


បុព្វប្រវត្តិសាស្ត្រខ្មែរ

តើទឹកដីខ្មែរមានមនុស្សមករស់នៅចាប់តាំងពីពេលណា? ហើយការរស់នៅក្នុងសម័យដើមនោះមានលក្ខណៈដូចម្ដេចខ្លះ?

ក- ស្ថានីយបុព្វប្រវត្តិសាស្ត្រ –

ចំពោះបញ្ហានេះ បុព្វប្រវត្តិវិទូបានពោលថា បុព្វប្រវត្តិសាស្ត្រខ្មែរ មិនទាន់មានលក្ខណៈច្បាស់លាស់ទេ ព្រោះការស្រាវជ្រាវក្នុងវិស័យនេះមិនទាន់បានធ្វើឲ្យដិតដល់នៅឡើយទេ ។ ចំពោះយុគថ្មបំបែក គេទើបតែរកឃើញដានខ្លះៗតែប៉ុណ្ណោះ ។ នៅឆ្នាំ ១៩៦៣ លោក E. saurin បានរកឃើញដុំថ្មចាំងនៅក្នុងទន្លេមេគង្គ នៅចន្លោះខែត្រស្ទឹងត្រែង និងខែត្រក្រចេះ ។ ក្រៅពីនេះមានវត្ថុផ្សេងទៀត ដែលគេបានរកឃើញនៅតំបន់អង្គរដែរ ។ ស្ថានីយឯទៀត ដែលគេបានរកឃើញរហូតមកដល់សព្វថ្ងៃមានចំនួន៦ ហើយសុទ្ធតែជាស្ថានីយទាក់ទងនឹងយុគថ្មរំលីង លាយលោហធាតុ ។

ក១- ស្ថានីយ សំរោងសែន — អន្លង់ផ្ដៅ — ម្លូព្រៃ –

សំរោងសែនជាស្ថានីយមួយស្ថិតនៅក្នុងខែត្រកំពង់ឆ្នាំង ខាងជើងបឹងទន្លេសាប ។ ស្ថានីយនេះជាដីទួលមួយមានកំពស់ ៥ម៉ែត្រហើយមានផ្ទៃប្រមាណ ៦០០០ ម៉ែត្រក្រឡាប៉ុណ្ណោះ ។ លោក Roque: បានរកឃើញស្ថានីយនេះនៅឆ្នាំ ១៨៦៧ ឯលោក Corre បានបោះពុម្ពផ្សាយពីរបស់ដែលគេរកឃើញនៅទីនោះ នៅឆ្នាំ ១៨៧៩ ។ ក្រោយមក លោក Moum (១៨៨២) លោក Aymonier (១៩០១) លោក Man:uy (១៩០២ និង ១៩២៣) បានទៅធ្វើការរុករកនៅទីនោះទៀត ។ ការរកឃើញស្ថានីយនេះនៅឆ្នាំ១៨៧៦ ជាជំហានដំបូងក្នុងការស្រាវជ្រាវផ្នែកបុព្វប្រវត្តិសាស្ត្រនៅអាស៊ីអាគ្នេយ៍ ។
អន្លង់ផ្ដៅជាស្ថានីយមួយស្ថិតនៅចម្ងាយ ៣០គ.ម ត្រង់ទិសអាគ្នេយ៍ពីសំរោងសែន ហើយមានប្រដាប់ប្រដាដូចនៅលំនៅស្ថានីយខាងលើនេះដែរ ។ លោក Man:uy បានរកឃើញស្ថានីយនេះនៅឆ្នាំ ១៩០២ ហើយបានដាក់ឈ្មោះហៅថា Longprao ទៀតផង ។
ម្លូព្រៃស្ថិតនៅខាងជើងខែត្រព្រះវិហារហើយត្រូវបានរកឃើញដោយលោក P.Levy នៅឆ្នាំ១៩៤៣ ។ ស្ថានីយនេះថ្មីជាង ស្ថានីយពីរខាងលើព្រោះមានប្រដាប់ប្រដា ធ្វើពីលោហធាតុជាច្រើន ។ វត្ថុដែលគេរកឃើញនៅស្ថានីយទាំង៣នេះមានៈ

ពី​ថ្មរំលីង :      ពូថៅ​ដែលមាន​ពន្លួញ ពន្លាក ញញួរ ត្មោង​ដំសំបក​ឈើ​យក​សរសៃ ទ្រនាប់ កាំបិត កណ្ឌៀវ ថ្ម​សំលៀង ពុម្ព​ចាក់​កណ្ឌៀវ កងដៃ ក្បាល​ត្រល់ អង្រែ ផ្លែ​សន្ទូច

ពីឆ្អឹង​សត្វ :     ចុង​ព្រួញ កាំបិត ផ្លែ​សន្ទូច កណ្ឌៀវ គ្រឿង​អលង្ការ

ពី​សំបក​ខ្យង :     អង្កាំ ទំហូ

ពី​ដីឥដ្ឋ :     ទំហូ អង្កាំ ក្អម​ឆ្នាំង ចាន​ទាប ចាន​ក្រឡូម ចាន​ផើង

ពី​លង្ហិន :     ចុង​ព្រួញ កណ្ឌៀវ ពូថៅ ជួង ផ្លែ​សន្ទូច

ពីដែក :     មាន​តែ​ពន្លាក​១គត់ នៅ​ស្ថានីយ​ម្លូ​ព្រៃ

ឆ្អឹង​មនុស្ស :     ឆ្អឹង​ស្មង ឆ្អឹង​ភ្លៅ ឆ្អឹង​ដើម​ដៃ លលាដ៏​ក្បាល

សំណល់ ផ្ទះបាយ ធ្យូង

ក្នុង​ចំណោម​របស់​ទាំង​ឡាយ​ដែល​បាន​រៀប​រាប់​ពីខាង​លើ យើងបាន​សង្កេត​ឃើញ ថា​វត្ថុ​ធ្វើ​ពី​ថ្ម​រំលីង​បាន​នៅ​លាយ​ឡំ​ជាមួយ​នឹង​វត្ថុ​ធ្វើ​ពី​លោហធាតុ ។  ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា​នៅ​ប្រទេស​ខ្មែរ​យើង​ពុំ​មាន​ព្រំដែន​ឲ្យ​ច្បាស់​លាស់​រវាង​យុគថ្ម និង យុគលោហៈ​ទេ ។  ឯរបស់​ដែល​ធ្វើ​ពីដែក​មាន​តែ ១គត់​គឺ​ពន្លាក​នៅ​ម្លូ​ព្រៃ :  ត្រង់​នេះ​ស​ឲ្យ​ឃើញ​ថា​មនុស្ស​បុព្វ​ប្រវត្តិ​សាស្ត្រ​ប្រហែល​ជា​មិន​ទាន់​ចេះ​ស្ល​ដែក​នៅ​ឡើយ​ទេ ហើយ​បាន​រៀន​បច្ចេក​ទេស​នេះ​ពី​ពួក​ឥណ្ឌា ព្រោះ​គេ​បាន​សង្កេត​ឃើញ​ថា​ពួក​កួយ​ដែល​ចេះ​ស្លដែក​នៅ​ក្នុង​ខែត្រ​កំពង់​ធំ​នៅ​ប្រើ​ប្រាស់​ស្នប់ ដែល​គេ​ឃើញ​មាន​ប្រើ​ក្នុង​រដ្ឋ​ឧរិស្ស​របស់​ឥណ្ឌា​នៅឡើយ ។  ម្យ៉ា​ទៀត ពិធី​សែន​ព្រេន​ដែល​ពួក​កួយ​ប្រារព្ធ​ធ្វើ​មុន​ពេល​ស្ល​ដែក​ម្ដងៗ ក៏​ជា​ពិធី​ខាង​សាសនា​ព្រាហ្មណ៍​ដែរ ។

គួរ​បញ្ជាក់​ថា​នៅ​ឆ្នាំ ១៩០១ គេបាន​រក​ឃើញ​នៅ​កោះ​សំរោង​សែន​នូវ​លលាដ៏​ក្បាល ១ ដែល​ពុក​ផុយ​ច្រើន​ណាស់​ទៅហើយ​ដោយ​សារ​តែ​ទឹក​ជំនន់​នៅ​ទីនោះ ។  ក្រោយ​ពីបាន​សិក្សា ពួក​បុព្វ​ប្រវត្តិ​វិទូ​បាន​ចាត់​ទុក​ថា​ឆ្អឹង​លលាដ៏​នេះ​ស្ថិត​នៅ​ចន្លោះ​ពួក​ក្បាល​កណ្ដាល និង ពួក​ក្បាល​មូល ។  បើ​ដូច្នេះ​យើង​ឃើញ​ថា​ចំណាត់​ខាង​លើ​នេះ​មាន​លក្ខណៈ​ស្រប​នឹង​លទ្ធផលរបស់​លោក J.Deniker ដែឡ​លោក​បាន​រក​ឃើញ​ថា​ជន​ជាតិ​ខ្មែរ​បច្ចុប្បន្ន​នេះ​ជា​មូជ​ដែល​មាន​ក្បាល​មូល ដោយ​មាន​សន្ទស្សន៍​លលាដ៏ ៨៣,៦ ហើយ​បើ​តាម​ការ​ប្រៀប​ធៀប​នេះ​អនុញ្ញាត​ឲ្យ​យើង​សន្និដ្ឋាន​បាន​ថា​មនុស្ស​ដែល​រស់​នៅ​ក្នុង​សម័យ​សំរោង​សែន​គឺ​ពិត​ជា​បុព្វ​បុរស​របស់​ជនជាតិ​ខ្មែរ​សព្វ​ថ្ងៃ ហើយ​លោក​មិន​ទាន់​បាន​ទទួល​ឥទ្ធិពល​ឥណ្ឌា​ណៅ​ឡើយ​ក្នុង​វិស័យ​បូជា​សព ។

ដោយ​សំអាង​ទៅ​លើ​កំពស់​ដី​ល្បប់ (៥.ម) ដែល​គ្រប​ពីលើ​ស្ថានីយ​សំរោង​សែន អ្នក​បច្ចេក​ទេស​បាន​សន្និដា្ឋន​ថា​ស្ថានីយ​នេះ​មាន​អយុ​ប្រហែល ១០០ ឬ ២០០​ឆ្នាំ មុន​គ.ស. ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រវត្តិសាស្ត្រ​ខ្មែរ ភាគ​១ (សៀវ​ភៅ​ដើម) និពន្ធ​ដោយ​លោក ត្រឹង ងា ។  ចាប់​ពីជួរ​ទី ១២ នៃ​ទំព័រ​ទី ៣៦ ដល់ ជួរ​ទី ៦ នៃ​ទំព័រ ទី ៤០។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s