ទេព សុវិចិត្រ​ថ្នាក់​ទី១០ទេ តែ IT មិន​ធម្មតា!


ដក​ស្រង់​ចេញ​ពីគេហទំព័រ៖ សប្បាយ

ទើប​តែ​រៀន​ថ្នាក់​ទី ១០ ប៉ុណ្ណោះ ប៉ុន្តែ​បើ​និយាយ​ដល់​​ចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា​វិញ​យុវសិស្ស ទេព សុវិចិត្រ​អាច​ធ្វើ​កិច្ចការ​ទាក់ទង​ទៅ​នឹង​ជំនាញ​នេះ​បាន​យ៉ាង​ច្រើន​ដោយ​ខ្លួន​អាច​បង្កើត​គេហទំព័រ និង​ថែម​ទាំង​មាន​សមត្ថភាព​អាច​ប្រែ​សម្រួល​គេហទំព័រ​មួយ​ចំនួន​មក​ជា​ភាសាខ្មែរ​សម្រាប់​បម្រើ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។

ដោយសារ​ខ្លួន​មាន​ទេពកោសល្យ​លើ​ជំនាញ IT ស្រាប់​បច្ចុប្បន្ន​ វិចិត្រ​ក៏​ជា​សមាជិក​សកម្ម​មួយ​រូប​​ក្នុង​ការ​គ្រប់គ្រង​គេហទំព័រWikipedia ភាសាខ្មែរ ពិសេស​នោះ​យុវសិស្ស​រូប​នេះ​ក៏​បាន​ចូល​រួម​យ៉ាង​សំខាន់​ផង​ដែរ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ដំណើរការ​ជា​ភាសា​ខ្មែរ​គឺ Moon OS

ចង់​ដឹង​អំពី​ខ្សែ​ជីវិត​របស់​យុវសិស្ស​ដែល​មាន​ពោរពេញ​ដោយ​ទេពកោសល្យ​រូប​នេះ​យ៉ាង​ណា Sabay សូម​បើក​ទំព័រ​ថ្មី​ដើម្បី​បកស្រាយ​អំពី​ជីវប្រវត្តិ​ពិត​ដូច​ត​ទៅ៖

ព័ត៌មាន​លំអិត
ឈ្មោះ​ក្នុង​បញ្ជី​ជាតិ​ឈ្មោះ ទេព សុវិចិត្រ​ កើត​នៅ​ថ្ងៃ​ទី ១៦ ខែ​មិនា ឆ្នាំ១៩៩៦ នៅ​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

គ្រួសារ និង​សមាជិក​ក្នុង​គ្រួសារ
វិចិត្រ​ជា​កូន​ទី ៤ ក្នុង​ចំណោម​បងប្អូន ៦ នាក់ ដែល​មាន​ឪពុក​ឈ្មោះ ទេព ប៊ុនថា មាន​មុខរបរ​ជា​វិស្វករ និង​ម្ដាយ​ឈ្មោះ អ៊ឹង ផលគុណ​មាន​មុខរបរ​ជា​មេផ្ទះ។ បងប្អូន​ទាំង ៦ នេះ​មាន​ស្រី ៤ នាក់ និង​ប្រុស ២ នាក់​ដែល​​មាន​ឈ្មោះ​ដូច​ខាង​ក្រោម៖

កូន​ទី១ ឈ្មោះ ទេព ចន្ទលីណា បច្ចុប្បន្ន​ជា​និស្សិត​កម្រិត​សាកលវិទ្យាល័យ
កូន​ទី២ ឈ្មោះ ទេព ចន្ទសូលីកា ជា​និស្សិត​នៅ Istanbulប្រទេស​ទួរគី
កូន​ទី៣ ឈ្មោះ ទេព សុវិជ្ជា ជា​និស្សិត​ឆ្នាំ​ទី ១ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា
កូន​ទី៤ គឺ ទេព សុវិចិត្រ នេះ​ផ្ទាល់ ដោយ​បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​វិទ្យាល័យ ជាស៊ីម​សន្ធរម៉ុក
កូន​ទី៥ ឈ្មោះ ទេព ទិត្យសូលីហ្សា កំពុង​សិក្សា​នៅ​មត្តេយ្យសាលា
និង​កូន​ទី ៦ ឈ្មោះ ទេព ទិត្យសូលីតា ក៏​កំពុង​សិក្សា​នៅ​មត្តេយ្យសាលា​ដែរ
ដោយ​មាន​ឪពុក​ជា​សសរ​ទ្រូង​នៃ​គ្រួសារ ឃើញ​ថា​ជីវភាព​គ្រួសារ​របស់​វិចិត្រ​មិន​មាន​ការ​លំបាក​នោះ​ទេ។

ជីវិត​កុមារ​ភាព
និយាយ​ដល់​កុមារ​ភាព​វិញ វិចិត្រ​គឺ​ជា​ក្មេង​មួយ​រូប​ដែល​រប៉ិលរប៉ូច ចូលចិត្ត​លេង​អ្វី​ដែល​ប្លែកៗ​ដូចជា​ការ​សាងសង់ និង​បច្ចេកវិទ្យា​ផ្សេងៗ។

រាល់​ក្មេង​ទាំងអស់​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ការ​ឈឺ​ស្កាត់ គ្រាន់​តែ​អ្នក​ខ្លះ​ធ្លាប់​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​អ្នក​ខ្លះ​មិន​សូវ​ឈឺ​ស្កាត់។ មិន​ខុស​ពី​ក្មេង​ដទៃ​ទៀត​ទេ វិចិត្រ​​ក៏​ធ្លាប់​មាន​ជំងឺ​ដូច​ក្មេង​ផ្សេង​ទៀត​ដែរ​គ្រាន់​តែ​ធ្លាប់​ក្ដៅ​ខ្លួន​រហូត​ដល់​ព្យួរ​សេរ៉ូម​ម្ដង​គត់។

ប្រវត្តិ​នៃ​ការ​សិក្សា
ចាប់​អារម្មណ៍​កុំព្យូទ័រ​តាំង​ពី​អាយុ ៧ ឆ្នាំ
កាល​ពី​នៅ​អាយុ​បាន ៧-៨ ឆ្នាំ​វិចិត្រ​ចូលចិត្ត​មើល​ពូ​របស់​គេ​​ប្រើ​កុំព្យូទ័រ ហើយ​ក៏​មានចំណាប់​​អារម្មណ៍​​ខ្លាំង​ណាស់ ក្រោយ​មក​​ខ្លួន​ក៏​បាន​លួច​រៀន​ប្រើ​កុំព្យូទ័រ​ដោយ​ខ្លួន​ឯង។

ដោយ​សម្លឹង​ឃើញ​មាន​និស្ស័យ​​ក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ​វិចិត្រ​ក៏​ទទួល​បាន​ការ​បង្ហាត់បង្រៀន​ពី​សំណាក់​ពូ​របស់​ខ្លួន ហើយ​អំឡុង​ពេល​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​ពី​លោក​ពូ​ វិចិត្រ​ក៏​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​លើ​កុំព្យូទ័រ​កាន់​តែ​ខ្លាំង​ឡើងៗ។

ការ​ស្និទ្ធស្នាល​ជាមួយ​កុំព្យូទ័រ​ធ្វើ​ចំណេះ​ដឹង​ផ្នែក​នេះ​របស់​វិចិត្រ​កាន់​តែ​ខ្លាំង​បន្តិចៗ រហូត​ដល់​ចូល​​ថ្នាក់​ទី ៨ វិចិត្រ​ក៏​ចាប់​ផ្ដើម​ស្វែងយល់​ទៅ​លើ​អ៊ីនធឺណិត ដោយ​គិត​ថា​ចុះ​ប្រសិន​បើ​ខ្លួន​អាច​បង្កើត​គេហទំព័រ​ដោយ​ខ្លួន​តើ​ល្អ​យ៉ាង​ណា​ទៅ​ន៎។

ចាប់​ផ្ដើម​បក​ប្រែ ក្រោយ​ប្រើ Khmer Unicode
មុន​នឹង​អាច​មាន​សមត្ថភាព​ប្រែ​សម្រួល​ពី​ភាសា​អង់គ្លេស​មក​ភាសា​ខ្មែរ​លើ​កម្មវិធី​មួយ​ចំនួន​បាន វិចិត្រ​និយាយ​ថា ដំបូង​ឡើយ​ខ្លួន​មិន​ទាន់​ស្គាល់​អ្វី​ហៅ​ថា Khmer Unicode នោះ​ទេ ប៉ុន្តែ​នៅ​ឆ្នាំ ២០០៩ ខ្លួន​ក៏​រកឃើញ​​ឌីស​(Disk)ដែល​ពូ​បោះចោល​មក​បើក​មើល ពេល​នោះ​ខ្លួន​ក៏​បាន​ឃើញ​​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា Khmer Unicode ១.៣១ បន្ទាប់​មក​ក៏​ដំឡើង​ដើម្បី​ប្រើប្រាស់​សាកល្បង។

ចូល​មក​ក្នុង​ឆ្នាំ ២០១០ បន្ទាប់​ពី​ប្រើប្រាស់​អស់​មួយ​រយៈ​វិចិត្រ​សម្លឹង​ឃើញ​ថា​កម្មវិធី Khmer Unicode មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ ពេល​នោះ​ខ្លួន​ក៏​ចាប់ផ្ដើម​ស្វែង​យល់​បន្ថែម​អំពី Khmer Unicodeបន្ថែម​ទៀត។

បន្ទាប់​ពី​ស្វែងយល់​អំពី​ការ​ប្រើប្រាស់ Khmer Unicode ស្ទាត់​ជំនាញ​ហើយ វិចិត្រ​ក៏​ចាប់​ផ្ដើម​គិត​ថា​ចុះ​ប្រសិន​បើ​ខ្លួន​អាច​ប្រែ​សម្រួល​ពី​គេហទំព័រ​ភាសា​អង់គ្លេស​មក​ជា​ភាសាខ្មែរ​ដោយ​ប្រើ Khmer Unicode យ៉ាងម៉េច​ដែរ?

ការ​ចាប់​ផ្ដើម​បក​ប្រែ​ជា​លើក​ដំបូង វិចិត្រ​បាន​មក​ប្រែ​កម្មវិធី​មួយ​ចំនួន​មាន​ឈ្មោះ Relender ជា​កម្មវិធី​លំអ​អេក្រង់ ,កម្មវិធី​បើក​អ៊ីនធឺណិត​ឈ្មោះ​ថា Opera ពិសេស​នោះ​រូប​គេ​បាន​សហការ​ជាមួយ រិទ្ធី​ជា​អ្នក​បង្កើត​ប្រព័ន្ធ​ដំណើរការ Moon OS ដើម្បី​ប្រែ​សម្រួល​មក​ជា​ភាសា​ខ្មែរ។

បច្ចុប្បន្ន​វិចិត្រ​សិក្សា​ថ្នាក់​ទី ១០ ដោយ​ចាប់​ផ្ដើម​ការ​សិក្សា​ក្នុង​ឆ្នាំ ២០០២ នៅ​បឋមសិក្សា សន្ធរម៉ុក។ អំឡុង​ពេល​សិក្សា​យុវសិស្ស​រូប​នេះ​មិន​មែន​ជា​សិស្ស​ពូកែ​ខ្លាំង​នោះ​ទេ គ្រាន់​តែ​វិចិត្រ​អាច​សិក្សា និង​ចាប់​រាល់​ការ​ពន្យល់​របស់​គ្រូ​ទាន់​ដូច​សិស្ស​ដទៃ។

ចាប់​តាំង​ពី​ចាប់​ផ្ដើម​សិក្សា​វិចិត្រ​មិន​ដែល​ទទួល​បាន​លទ្ធផល​អាក្រក់​រហូត​ដល់​ត្រួត​ថ្នាក់​ទេ ផ្ទុយ​ទៅ​វិញ​យុវសិស្ស​រូប​នេះ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​មជ្ឈមណ្ឌល YMAS ដោយ​សិក្សា​ផ្ដោត​ទៅ​លើ​ភាព​ជា​អ្នក​ដឹកនាំ​វ័យ​ក្មេង។

ដោយ​មាន​និស្ស័យ​ចង់​ចេះ ចង់​ដឹង​ទៅ​លើ​ជំនាញ​ព័ត៌មានវិទ្យា​យុវសិស្ស​ពោរពេញ​ដោយ​ទេពកោសល្យ​រូប​នេះ​បញ្ជាក់​ថា បន្ទាប់​ពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ខ្លួន​គ្រោង​នឹង​ចាប់​យក​ជំនាញ​ព័ត៌មានវិទ្យា​ជា​បន្ត​នៅ​ថ្នាក់​ឧត្ដម​។

អាជីព​ការងារ​ក្រៅ​ម៉ោង​សិក្សា
ដោយ​ពឹងផ្អែក​លើ​សមត្ថភាព​ផ្ទាល់​ខ្លួន ក្រៅ​ពី​ម៉ោង​សិក្សា​នៅ​វិទ្យាល័យ​ទេព សុវិចិត្រ​​ក៏​បាន​ទទួល​គម្រោង​ផ្សេងៗ​ក្នុង​ការ​ប្រែ​សម្រួល​គេហទំព័រ​ និង​កម្មវិធី​មួយ​ចំនួន​ពី​ភាសា​អង់គ្លេស មក​ជា​ភាសា​ខ្មែរ​ដើម្បី​រក​ប្រាក់​កម្រៃ​ខាង​ក្រៅ​សម្រាប់​ការ​ចាយ​វាយ និង​ការ​សិក្សា។

ប្រវត្តិ​នៃ​ជីវិត​ស្នេហា
ដោយ​ប្រកាន់​គោល​ជំហរ​ខិតខំ​សិក្សា និង​ស្រាវជ្រាវ​អ្វីៗ​ដែល​ទាក់ទង​ទៅ​និង​បច្ចេកវិទ្យា​ជា​ភាសា​ជាតិ វិចិត្រ​មិន​ដែល​គិត​ថា​ចង់​មាន​ស្នេហា​អ្វី​ទេ ព្រោះ​ថា​រូប​គេ​គិត​ថា​ការ​មាន​ស្នេហា​អាច​ប៉ះពាល់​ដល់​ការងារ​ជា​ច្រើន។

ស្នាដៃ និង​ភាព​ជោគជ័យ
ទេព សុវិចិត្រ​គឺ​ជា​យុវសិស្ស​មួយ​រូប​ដែល​ស្ថិត​ក្នុង​ថ្នាក់​វិទ្យាល័យ​ទេ ប៉ុន្តែ​គេ​អាច​មាន​គំនិត​ក្នុង​ការ​ស្រាវជ្រាវ​និង​បកប្រែ​កម្មវិធី​មួយ​ចំនួន​ជា​ភាសាខ្មែរ។ ស្ថិត​ក្នុង​ស្នាដៃ​បកប្រែ​នេះ អ្វី​ដែល​ជា​ការងារ​សម្រេច ១០០ភាគរយ​របស់​វិចិត្រ​គឺ​ការ​មក​ប្រែ កម្មវិធី Skype នៅ​លើ Linux ហើយ​ក៏​នឹង​កំពុង​បន្ត​ការ​បកប្រែ​គម្រោង​មួយ​ចំនួន។

បច្ចុប្បន្ន​វិចិត្រ​មាន​តួនាទី​ជា​អ្នក​អភិបាល​មួយ​រូប​ក្នុង​ចំណោម​សមាជិក​ទាំងអស់​របស់​គេហទំព័រ Wikipedia ភាសា​ខ្មែរ។

គោល​បំណង​ទៅ​អនាគត
ដោយ​ខ្លួន​ស្រលាញ់​ភាសាខ្មែរ វិចិត្រ​និយាយ​ថា ទៅ​អនាគត​ក្រៅ​ពី​ការ​ចាប់​យក​ជំនាញ​ព័ត៌មានវិទ្យា ខ្លួន​គ្រោង​ចាប់​យក​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ​មួយ​បន្ថែម​ទៀត។

ទាក់ទង​ទៅ​គោល​បំណង​នៃ​ការ​សិក្សា​ភាសាខ្មែរ​នេះ វិចិត្រ​និយាយ​ថា “ខ្ញុំ​ចង់​ឱ្យ​ភាសាខ្មែរ​ប្រើ​នៅ​លើ​អ៊ីនធឺណិត​កាន់​តែ​ច្រើន ហើយ​មិន​ចង់​ឱ្យ​កូន​ខ្មែរ​ប្រើ​ភាសា​ជាតិ​ខុស​ទេ”។

ការ​ខិតខំ​ប្រឹងប្រែង​រមែង​ទទួល​បាន​ភាព​ជោគជ័យ យ៉ាងណាមិញ​ទេព សុវិចិត្រ​ទោះ​បី​មិន​មែន​ជា​អ្នក​ជំនាញ​ខាង IT ពិត​មែន​ប៉ុន្តែ​រូប​គេ​អាច​ប្រើប្រាស់​ចំណេះ​ដឹង​បន្តិចបន្តួច​សម្រាប់​ពង្រីក​សក្ដានុពល​​របស់​ភាសាខ្មែរ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​កាន់​តែ​មាន​វិសាលភាព​ក្នុង​ការ​បង្ហាញ​លើ​ឆាក​អន្តរជាតិ។

អត្ថបទ៖វណ្ណថេត
កែសម្រួល៖ ជីព ចិត្ត

7 thoughts on “ទេព សុវិចិត្រ​ថ្នាក់​ទី១០ទេ តែ IT មិន​ធម្មតា!

  1. បូពិត

    ពិតជាគួរឲ្យសរសើរណាស់! ខ្មុំពិតជាមានចំណាប់អារម្មណ៍ទៅលើផ្នែក IT ណាស់ ទោះបីជាខ្ញុំមិនមានជំនាញខាងផ្នែក​នេះក៏ដោយ។ មិនដឹងថាតើខ្ញុំអាចចូលរួមក្រុមប្អូនបានរឺទេ? ខ្ញុំគ្រាន់តែចង់ចូលរួមសកម្មភាពខ្លះដើម្បីជាប្រយោជន៍រួម។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s