គំនិត​របស់​លោក ឌឹក គាម ក្នុង​បញ្ហា​តួ​អក្សរ​ខ្មែរ​លើ អង្គុលីលេខ


លោក ឌឹក គាម គឺជា ប្រធានបណ្ណាល័យ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ មុនឆ្នាំ១៩៧៥។ កាល​ពី​ឆ្នាំ ១៩៧១ លោក​បាន​ចុះ​ផ្សាយ​នៅ​លើ សារព័ត៌មាន​កម្ពុជា​ថ្មី អំពី​សំណើ​របស់​លោក ក្នុង​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ស្រៈ និង តួ​អក្សរមួយ ដើម្បី​សម្រួល​ដល់​ការ​ចាប់​ពុម្ព​អក្សរ​នៃ អង្គុលីលេខ។ តែ​សំណើ​របស់​លោក មិន​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ឡើយ។ តើ​សំណើ​របស់​គាត់ មាន​លក្ខណៈ​ដូច​ម្ដេច? បាន​ជា​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​នៅ​លើ​អង្គុលីលេខ ត្បិត​តែ​សំណើ​នោះ​បង្ក​ភាព​ងាយ​ស្រួល​ច្រើន​ក៏​ដោយ។ សូម​ទាញ​យក​ឯកសារ​ខាង​ក្រោម ហើយ​អាន​ម្ដង​មួយ​ទំព័រៗ នោះ​អ្នក​នឹង​យល់​អំពី​គំនិត​របស់​លោក។

ម្ដេចបានសរសេរដូច្នេះទៅវិញ??????????????????????????

ឯកសារ​នេះ​ត្រូវ​បាន​ផ្ដល់​ដោយ លោក ពិ ប៊ុន្នីន, ត្រូវ​បាន​វាយ​បញ្ចូល​ជា​ឯកសារ​ថ្មី​ដោយ ទេព សុវិចិត្រ។ ការ​វាយ​បញ្ចូល​ថ្មី​ក៏​ដោយ តែ​ពាក្យ​ប្រើ​ប្រាស់ និង​រូប​សំខាន់ៗ មិន​ត្រូវ​បាន​ផ្លាស់​ប្ដូរឡើយ។ ការ​វាយ​បញ្ចូល​ថ្មី ព្រោះ​តែ​ឯកសារ​ដើម​មាន​ភាព​មិន​សូវ​ច្បាស់ ដូច្នេះ​ការ​វាយ​ថ្មី​បង្ក​ឲ្យ​មាន​ភាព​ច្បាស់ ងាយ​ស្រួល​អាន​ជាង​មុន​។

សូម​អាន​ឯកសារ​នេះ​ហើយ ត្រិះរិះ ពិគ្រោះ អំពី​គំនិត​របស់​លោក ឌឹក គាម ទោះ​សំណើ​ដែល​គាត់​បាន​ស្នើ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​មែន​ពិត តែ​គាត់​ក៏​មាន​គំនិត​ល្អ​ប្រសើរ បន្សល់​ឲ្យ​កូន​ខ្មែរ​ជាន់​ក្រោយ​ត្រិះរិះ​ពិចារណា​ផង​ដែរ ក្នុង​ការ​បង្កើត និង កែ​ច្នៃ​ពុម្ព​អក្សរ​ខ្មែរ។

ទាញ​យក

16 thoughts on “គំនិត​របស់​លោក ឌឹក គាម ក្នុង​បញ្ហា​តួ​អក្សរ​ខ្មែរ​លើ អង្គុលីលេខ

  1. អរគុណ ខ្ញុំកំពុងទាួយក អានរួចដួចមិនយល់ ប្រហែលត្រូវអាមម្តងទៀត ហើយមើលទៅ ! អរគុណបានចំណាយពេលវេលារៀបរៀង ចែកចាយ ! អរគុណ

      • បាទ សុខហើយសប្បាយទៀតក្មួយអើយ លានភ្នែកដូចក្តាមហើយ ! 😀

  2. គំនិត​របស់​គាត់​ម្យ៉ាង​ដែរ, គួរ​ឲ្យ​សរសើរ​ដែល​គាត់​អាច​រិះរក​វិធី​នេះ​បាន ។ ប្រសិនបើ​ធ្វើ​បាន នឹង​បាន​ងាយស្រួល​ចំពោះ​ការ​បង្កើត​ពុម្ពអក្សរ​សព្វថ្ងៃ ចំណេញ​បន្ទាត់ និង ងាយស្រួល​ក្នុង​ការបង្កើត​ក្ដាចុច​សម្រាប់​ប្រើ​លើ​កុំព្យូទ័រ ឬ អង្គុលីលេខ​ផង, ប៉ុន្ដែ ប្រហែល​ការផ្លាស់ប្ដូរ​នេះ​វា​រហ័ស​ពេក នឹង​ចាប់​កាន់​យក​ក៏​មិន​ជាប់​ ។

    មែនទែន​ទៅ ខ្ញុំ​ពេញចិត្ត​ប្រើ​អក្សរ​ដែល​បុព្វបុរស​បង្កើត​មក ទោះ​មាន​ការលំបាក​​ខ្លះ​​ក៏​ដោយ ។ ឧបសគ្គ​ប៉ុណ្ណឹង មិន​ជា​បញ្ហា​ចោទ​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ, បើ​ក្នុង​សម័យ​នោះ ខ្ញុំ​ជឿ​ថា ជា​បញ្ហា​លំបាក​ខ្លាំង​មែន តែ​ឥឡូវ​បញ្ហា​ទាំងអស់​នោះ​ បាន​ដោះស្រាយ​រួច​អស់​ហើយ ។

    • បាទ! ខ្ញុំ​ក៏​គិត​ដូច្នោះ​ដែរ។ នេះ​ជា​អត្ថបទ​ចាស់ៗ ដែល​ខ្ញុំ​ទទួល​បាន​គ្រាន់​នឹង​រៀប​ចំ​ឡើង​វិញ ចែក​ជូន​បង​ប្អូន​យើង​អាន ឲ្យ​យល់​ពី​ស្ថានភាព​នៃ​អក្សរ​សាស្ត្រ​ខ្មែរ កាល​ពី​ជាន់​នោះ។ បើ​យើង​យក​វិធី​នេះ មក​ប្រើ​ប្រាស់ ក៏​ពិបាក​ដែរ។

  3. ខ្ញុំ​អត់​គាំ​ទ្រ​គំ​និត​គាត់​ទេ​ ហើយ​យល់​ថា​សំ​ណាង​ខ្លាំង​ណាស់​ដែល​គេ​មិន​ទទួល​យក​សំ​ណើរ​របស់​គាត់​។ កុំ​អី​អក្សរ​ខ្មែរ​ត្រូវ​ក្មេង​ជំនាន់​ក្រោយ​កែ​ឲ្យ​វិល​ក្បុង​តាម​តែ​ចិត្ត​បាត់​ទៅ​ហើយ​! គាត់​ដូច​ជា​ទ្រ​អក្សរ​បារាំង​ពេក​ហើយ​ ហេតុ​អី​ចាំ​បាច់​ត្រូវ​តម្រូវ​តួ​អក្សរ​ខ្មែរ​ឲ្យ​ដូច​បារាំង​? អក្សរ​ខ្មែរ​តាំង​ពី​ដូន​តា​មក​អញ្ចឹង​ ម៉េច​មិន​ខំ​រិះ​រក​បច្ចេក​វិទ្យា​កែ​ច្នៃអង្គុលី​លេខ​ឲ្យ​សម​ស្រប​តាម​អក្សរ​ខ្មែរ​! វា​ទៅ​ជា​កែ​អក្សរ​ខ្មែរ​ឲ្យ​សម​ស្រប​តាម​អង្គុ​លី​លេខ​វិញ​! គាត់​មិន​គំ​និត​ច្នៃ​ប្រឌិត​មែន​ តែ​មិន​ទាន់​បាន​គិត​ឌិត​ដល់​និង​ពិចារណា​នៅ​ឡើយ​ ដែល​ទង្វើ​នេះ​ហើយ​ធ្វើ​ឲ្យ​បរទេស​សើច​ចំ​អក​ពេប​ជ្រាយ​ថា​ខ្មែរ​ល្ងង់​! សុំ​ទោស​…

    • ឲ្យ​ត្រិះរិះ​ពិចារណា បែរ​ជា​មក​បន្ទោស​ទៅ​វិញ? ខ្ញុំ​មាន​គំនិត​ដូច​ពូបឿន​ចឹង។ សរសើរ​ដែល​គាត់​មាន​គំនិត​បែប​នេះ ត្បិត​គ្មាន​នរណា​មាន​គំនិត​ដូច​គាត់ និង ហ៊ាន​បញ្ចេញ​មតិ​យោបល់​យ៉ាង​បើក​ចំហ។ តែ​ខ្ញុំ​នៅ​តែ​ពេញ​ចិត្ត​នឹង​អក្សរ​បុព្វបុរស​ខ្មែរ​តាំង​ពី​ដើម​រៀង​អាយ​មក។ n_n អរគុណ

      បន្ទោស​ខុស បន្ទោស​ខូច បន្ទោស​ខាត ^_^

  4. ខ្ញុំ​នឹង​បន្ទោស​គាត់​ប្រសិន​បើ​គេ​ទទួល​យក​សំ​ណើរ​របស់​ពេល​នោះ​។ ឧបមា​ថា​គាត់​ជា​មនុស្ស​ម្នាក់​មាន​អំ​ណាច​ហើយ​មាន​កេរ្តិ៍​ឈ្មោះ​នោះ​ ម៉្លេះ​ត្រូវ​គេ​ទទួល​យក​សំ​ណើរ​គាត់​មិន​ខាន​។ ករណី​ដែល​គាត់​មាន​ត្រឹម​តែ​គំនិត​នោះ​ខ្ញុំ​កោត​សរសើរ​ តែ​កាល​ដែល​ដាក់​សំ​នើរ​ហើយ​កើត​មាន​គំ​និត​ចង់​គេ​ប្តូរ​ប្រ​ព័ន្ធ​អក្សរ​ខ្មែរ​នោះ​ គឺ​ខ្ញុំ​មិន​គាំ​ទ្រ​ហើយ​បន្ទោស​គាត់​ថា​មិន​បាន​គិត​ឌិត​ដល់​ ពិចារណា​រាក់​ជ្រៅ​។ ព្រោះ​គ្រាន់​តែ​បញ្ហា​អង្គុលី​លេខ​មួយ​គាត់​ហ៊ាន​កើត​គំ​និត​ចង់​ឲ្យ​គេ​ដូរ​ប្រព័ន្ធ​អក្សរ​ចោល​ ដែល​នេះ​ខ្ញុំ​យល់​ថា​វា​មិន​មែន​ជា​គំនិត​ឆ្លាត​ឬ​​គួរ​ឲ្យ​កោត​សរសើរ​នោះ​ទេ​។ ហើយ​គំ​និត​នេះ​ យើង​គិត​ស្មាន​ថា​ពុំ​ធ្លាប់​មាន​អ្នក​ណា​គេ​គិត​ឃើញ​ទេ​? ថា​ទៅ​ខ្ញុំ​ក៏​ធ្លាប់​ឮ​គំ​និត​លាន់​ចេញ​ពី​មាត់​ជន​ជាតិ​កូរ៉េ​ម្នាក់​ដែរ​។ ដោយ​ភា​សា​ខ្មែរ​ពិបាក​សរសេរ​និង​អាន​ពេក​ គាត់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា​ចាំ​មើល​បើ​អាច​ធ្វើ​បាន​គាត់​នឹង​សរសេរ​សៀវ​ភៅ​មួយ​ក្បាល​ហើយ​រិះ​គន់​ពី​ភាព​លំ​បាក​នៃ​អក្សរ​ខ្មែរ​ ហើយ​ចង់​អក្សរ​ផ្លាស់​ទៅ​លក្ខណៈ​ស្រដៀង​នឹង​គំ​និត​លោក​ពូ​ ឌឹក​គាម​ដែរ​។ ខ្ញុំ​គ្រាន់​តែ​សើច​អស់​សំ​ណើចហើយ​នឹក​ក្នុង​ចិត្ត​ថា​ មក​ពី​គាត់​មិន​ទាន់​យល់​ពី​អក្សរ​ខ្មែរ​ច្បាស់​ ហើយ​វា​មិន​ស្រួល​ដូច​អ្វី​ដែល​គាត់​គិត​នោះ​ទេ​។​ តែ​មិន​ដែល​ដឹង​និង​នឹក​ស្មាន​ថា​មាន​គេ​ធ្លាប់​ដាក់​សំនើរ​នេះ​ពិត​មែន​ ហើយ​ម្នាក់​នោះ​ជា​ជន​ជាតិ​ខ្មែរ​ទៀត​។ ណាស់​ហើយ​.. អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ថា​ សង្ឃឹម​ថា​នឹង​មិន​មាន​កូន​ខ្មែរ​ណា​ម្នាក់​មាន​គំ​និត​ស្រដៀង​លោក​ពូ​ ឌឹក​គាម​ទេ​ ព្រោះ​ដំ​នោះ​ស្រាយ​មិន​ទាន់​គិត​បាន​ឌិត​ដល់​ ហើយ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​ដល់​បញ្ហា​ផ្សេង​ៗ​ទៀត​។

    • 😉 បើ​ចឹង​ម៉េច​អត់​បន្ទោស​ថា ម៉េ​ចចាស់​ពី​ដើម​នាំ​គ្នា​ប្ដូរ​អក្សរ​អី​តាម​តែ​សម័យ​ចឹង? សម័យ​មុន​អង្គរ? សម័យ​អង្គរ? សម័យ​ក្រោយ​អង្គរ??? ម៉េច​មិន​ទុក​អក្សរ​តាំង​ពី​ដើម​មក​ឲ្យ​នៅ​ដដែល​ទៅ? គំនិត​ដែល​ចង់​បាន​ភាព​ងាយ​ស្រួល ចេះតែ​មាន។ បង​ថា បើ​នាំ​គ្នា​ប្រើ​តាម​គាត់ មុខ​ជា​នាំ​គ្នា​ឈឺ​ក្បាល។ ហើយ​បង​ម៉េច​មិន​ឆ្ងល់​ផង? មុន​នឹង​មាន​អក្សរ​ប្រើ​បច្ចុប្បន្ន តើ​ចាស់​ពី​ដើម​ផ្លាស់​ប្ដូរ​តួ​អក្សរ​ប៉ុន្មាន​សម័យ​កាល​ទៅ​ហើយ​នោះ?​ កាល​ដើម​ឡើយស្រៈ​ខ្លះ​ក៏​គ្មាន​ផង, ហើយ​ក៏​មាន​ភាព​ខុស​ពី​បច្ចុប្បន្ន​ផង។

      ស្ងប់​ចិត្ត​ទៅ អ្វីៗ​មិន​ទាន់​ក្លាយ​ជា​ការ​ពិត​ឡើយ, លោក​ឌឹក គាម គ្រាន់​តែ​ចង់​បង្ហាញ​មតិ​ក្នុង​ការ​ផ្ដល់​ភាពងាយ​ស្រួល​ទេ។ ខ្ញុំ​ក៏​បាន​ទទួល​ព័ត៌មាន​មួយ​ផង​ដែរ​ថា៖ ««ព្រះតេជគុណ អ៊ុក ជា ក៏ធ្លាប់បានបង្កើតអក្សរ១បែបដែរ។ អក្សរនោះមានឈ្មោះថា អក្សរឈ្នះលោក។ វាមិនប្រើជើងឡើយ។»» ។ ខ្ញុំ​មិន​កាន់​ជើង​ខាង​ឡើយ តែ​ខ្ញុំ​យក​មតិ​របស់​គាត់ មក​វិភាគ​មើល​ថា តើ​កាល​ពី​ដើម​នោះ ស្ថានភាព​អក្សរ​ខ្មែរ​យើង លំបាក​យ៉ាង​ណា​ទៅ ទើប​បាន​ជាគាត់​លេច​ចេញ​នូវ​គំនិត​នេះ? អ្វីៗ​កន្លង​ហួស​អស់​ហើយ នេះ​ជា​ឯកសារ​មួយ​ទុក​ឲ្យ​ខ្មែរ​ជាន់​ក្រោយ​ដឹង​ថា អក្សរ​ខ្មែរ​កាល​ពី​ជំនាន់​នោះ មិន​ងាយ​ស្រួល​វាយ​នៅ​ក្នុង​អង្គុលីលេខ​ទេ។

      អរគុណ!

  5. គេ​កាត់​មួក​តម្រូវ​ក្បាល តែ​មិន​កាត់​ក្បាល​ត្រូវ​មួក​ទេ។

  6. ធ្វើសមាហរណកម្ម​ពុម្ព​អក្សរឬ? អាក្រក់មើលហាហ! វា​ប្រហែល​ជា​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ម៉ាស៊ីន​ចាប់​ពុម្ព​អក្សរ​ដូច​គាត់​ថា តែ​បើ​យក​មក​ប្រើ​ផ្លូវការ មិនដឹង​អាន​ថាម៉េចរ៉េ! ធ្លាប់​តែ​មានជើង​មាន​សក់​ត្រឹម​ត្រូវ ត្រលប់​មក​ពិការ​ជិះ​រទេះ​ហើយ​ត្រង៉ោល​ទៀត ! ស្លាប់! ក្មេង​ស្រែ​កំពុ​ងតែ​អាក្រក់​ផង​មក​ទៅ​ជា ក​េ​ម​ង​ស​រ​ែ ទៀត មិន​វី​វរ​ហើយរ៉េហី?

    • បើ កមេងសរែ រៀនអកសរសៀមតែបនតិចអាចស៊ ាំតាមបានហើយ 🙂

      ខ្ញុំជឿថា ក្មេងស្រែ អានយល់បានអ្វីដែលខ្ញុំសរសេរខាងលើនេះ
      ដែលគ្រាន់តែជាការសាកល្បងមួយដែរប៉ុណ្ណោះ បើចង់ប្រកួត
      ប្រជែងជាមួួយអក្សរសៀមដែលវាមិនប្រើជើងអក្សរ តែវាក៏អាន
      បានញាប់និងសរសេរពាក្យ ប្រជាធិបតេយ្យ ប្លាធួ ក្លាហាន ប្រយោជន៍…
      បានទាំងរក្សារទំរង់ប្រភពពាក្យពីបាលីសំស្ក្រឹតដូចតួផ្ញើជើងរបស់ខ្មែរ
      យើងបានដែរ ។ នេះបើនិយាយពីបើ…

  7. ខ្ញុំ​សរសើ​គាត់​ដែល​មាន​គំនិត​គិត​ឃើញ​បែប​ច្នៃ​ប្រឌិត ប៉ុន្តែ​ប្រសិនជា​ឲ្យ​ខ្ញុំ​ទទួល​យក​វិញ ពិត​ជា​ពិបាក​ណាស់! យ៉ាងណា​ក៏ដោយ វា​មិន​បាន​ក្លាយ​ជា​ការ​ពិត​ទេ! នេះ​ហើយ​ដែល​ខ្ញុំ​តែង​និយាយ​តាម​ប្លក​មួយ​ចំនួន​ដែល​គេ​បោះ​ផ្សាយ​ពី​អក្សរសាស្ត្រ​និង​ភាសា​សាស្ត្រ​ខ្មែរ​ថា “សូម​កុំ​បង្កើត​ផល​វិបាក​ថ្មី​លើ​ផល​វិបាក​ចាស់​ដែល​អង្គការ​ខេមរយានកម្ម​និង​បុព្វបុរស​សម័យ​សតវត្ស​ទី​១៩ ដើម​ទី​២០ ព្យាយាម​ដោះស្រាយ​ធ្វើ​អ្វី”

  8. អញ្ចឹង បើសិនជាមានខ្មែរណាម្នាក់ផ្ដួចផ្ដើមនាំបង្កើតតួអក្សរ ហ មួយថ្មី
    ដោយគាត់នោះគិតថា បើតួ ម ដាក់ស្រៈ ា ទៅជា មា នោះ ប ដាក់ស្រៈ
    ា វាគួរតែជា ហ ដែរហើយមិនចាំបាច់បង្កើតតួ បា មួយឆ្កុយដោយឡែក
    ទេ គឺយក​ ហ ប្រើជា បា វិញទៅ ។ ហើយខ្វះអីសញ្ញាមួយគំនរ ឧទាហរណ៍
    ចេះយក ប មកវះពោះបានជាតួ ម កើត យកតួ ក មកវះពោះបង្កើតជា ហ
    ថ្មីក៏មានទៅពិបាកអី ។ បើសិនជាកូនខ្មែរយើងទៅថ្ងៃមុខថ្ងៃក្រោយ ស្រុះ
    ស្រួលគ្នាព្រមធ្វើតាមគំនិតផ្ដួចផ្ដើមនោះ តើទង្វើនោះវាធ្វើ​ឲ្យ​បរទេស​សើច​
    ចំ​អក​ពេប​ជ្រាយ​ថា​ខ្មែរ​ល្ងង់​! ដែរទៅហើយទេ ? តើគេសើចពេបជ្រាយចំអក
    ថាខ្មែរល្ងង់ដោយនាំគ្នាចេះហ៊ានដូរកែកុនតួអក្សរនិងរបៀបសរសេរអោយមាន
    លក្ខណៈល្អប្រសើរទាន់សម័យឡើងបាន ឬសើចចំអកពេបជ្រាយត្រង់យើង
    គ្មានគំនិតកែឆ្នៃបន្តអោយប្រសើរឡើងដោយយល់ថាបានប៉ុណ្ណេះល្អគ្រប់គ្រាន់
    ហើយ ប្រើស្រួលអានស្រួលសរសេរស្រួលណាស់ពេកទៅហើយ ?

    ខ្ញុំគិតថា ចំពោះគំនិតផ្ដួចផ្ដើមនិងសំណើររបស់លោក ឌិក គាម គ្មានអីពិបាក
    នឹងទទួលយកទេអោយតែមានការស្រុះស្រួលគ្នាចង់កែប្រែនិងបើពិតជាមាន
    លទ្ធផលល្អជាងក្នុងការសរសេរដាក់ស្រៈនៅត្រួតលើក្រោមតួអក្សរដូចសព្វថ្ងៃ
    នាសម័យកុំព្យូទ័រនេះ។

Leave a reply to nimol Cancel reply