PhnomPenh-Riverside-NightView

អត្ថបទ​កាព្យ៖ រាត្រី​ចតុម្មុខ


ទិនករ​គោចរ​ចុះ​ទន់​ទាប ទេរ​តាម​សភាព​លោក​ធម្មតា
បន្លឹម​លាក់​ខ្លួន​ពួន​អាត្មា នាទិស​បច្ឆិមា​ចោល​រស្មី។
ក្រហម​ព្រឿងៗ​លឿង​ច្រមុះ ចែង​ចាំង​ឆ្លាស់​ឆ្លុះ​លើ​ផែន​ដី
ក្រាល​ពាស​ធម្មជាតិ​ស្រទន់​ខ្ចី ព័ណ៌​ឆ្នូត​ពិសី​កាត់​ជើង​មេឃ។
លាលិប​លិច​ចុះ​សន្សឹម​ទៅ មនុស្ស​សត្វ​ដែល​នៅ​ពេញ​តម្រេក
ស្រងូត​ស្រងាត់​ស្ងប់​ស្ងាត់​ពេក វិវេក​តឹង​តុះ​ស្អុះ​ស្អាប់​ប្រាណ។
រីកាល​ដាល​ខ្មៅ​ងងឹត​ឈ្លប់ បិទ​បាំង​ពិភព​គ្រប់​ដែនដាន
ដល់​វេន​រាត្រី​ដណ្ដើម​ឋាន តាម​ដោយ​លំអាន​ជា​លំដាប់។
ព្រះពាយ​ផាយ​ផាត់​កាត់​ទៅ​មក បុក​រុញ​ពពក​ពពូន​អ័ព្ទ
ខ្មៅ​កក​ងងឹត​ជិត​ខាន់​ខាប់ ច្រាន​ចេញ​ប្រញាប់​ឲ្យ​ឃ្លាត​ឆ្ងាយ។
អាកាស​ស្រឡះ​ស្អាត​សំខាន់ ព្រះ​ច័ន្ទ​រះ​ភ្លែត​ភ្លឺ​ត្រឆាយ
រស្មី​ស្រអែត​ចាំង​សព្វ​សាយ ឯ​ផ្កាយ​ក៏​រះ​បន្ត​គ្នា។
ចោម​ជា​បរិវារ​ការ​ពារ​ពិត ខ្លះ​នៅ​នែប​និត្យ​ជិត​ចន្ទ្រា
ខ្លះ​នៅ​ឃ្លាត​ឆ្ងាយ​ផ្សាយ​អាភា ព្រោង​ព្រាយ​លាយ​គ្នា​ចម្រុះ​ញឹក។
អ្នក​ដែល​ស្ងួត​ស្ងប់​ថប់​ធុញ​ណាយ បែរ​ជា​សប្បាយ​យ៉ាង​ពន្លឹក
ដោយ​សារ​ពន្លឺ​ភ្លឺ​អធិក ផ្ដួច​នឹក​ចេញ​ចរ​កែ​កំសាន្ត។
គន់​ផ្ទៃ​ទន្លេ​ចតុម្មុខ ទឹក​ពេញ​បន្ទុក​ពន់​ប្រមាណ
លិច​អស់​កោះ​ត្រើយ​ឥត​សល់​ខាន ហូរ​ច្រាន​កួច​ច្រាល់​កាល់​មាត់​ច្រាំង។
ត្រូវ​ខ្យល់​ជំនោរ​ជោរ​បក់​មក កើត​ជា​រលក​រំជួយ​ខ្លាំង
ទូក​តូច​ផ្លេង​ផ្លោង​អ៊ំ​ប្រឆាំង តតាំង​កាត់​ទឹក​នឹក​ភ័យ​ក្រែល។
ផ្នែក​ផ្នត់​រលក​ដូច​ព័ណ៌​ប្រាក់ ផ្លេកៗ​ឥត​អាក់​ហាក់​ផេល​ផែល
ដោយ​ប៉ះ​ពន្លឺ​ព្រះ​ចន្ទ​ដែល ចែង​ចាំង​ឆ្វាត់​ឆ្វែល​ស្រស់​ស្រទន់។
ខាង​ឯ​អរិយ៍ក្សត្រ​ទិស​បូព៌ា ប្រទីប​ជ្វា​លា​លន្លោច​លន់
ហែ​តាម​មាត់​ច្រាំង​ច្រើន​ពេក​ពន់ គយ​គន់​គឺ​ពួក​នេសាទ​ត្រី។
ងាក​ទៅ​ខាង​ត្រើយ​ជ្រោយ​ចង្វា ព្រោង​ព្រាត​ភ្លឺ​ថ្លា​ដោយ​រស្មី
ចង្កៀង​រៀង​រាយ​តាម​វិថី ប្រុស​ស្រី​ដើរ​លេង​លំហែ​កាយ។
នៅ​ខាង​មាត់​ច្រាំង​ដំណាក់​ផែ នំនែក​ហូរហែ​លក់​ចែក​ចាយ
ស្រី​យួន​ខ្លួន​ស្អាត​ឡក​នាយ​អាយ ប្រុសៗ​សប្បាយ​ទិញ​ស៊ី​លាន់។
យូរៗ​ឮសូរ​មាត់​ខ្លែង​ស្រាក ស្រែកយំ​ខ្ញាកៗ​គួរ​ភ័យ​ភ័ន្ត
គេ​នាំ​គ្នា​ជេរ​ប្រទេច​ផ្ទាន់ រួសរាន់​ជាមួយ​សម្រែក​វា។
មេចោរ​ហីន​ហោច​ខ្លោច​ច្រមុះ អន្តរធាន​ចុះ​កុំ​យូរយារ
កុំ​ហើរ​ស្រែក​យំ​ទំ​រេរា ឲ្យ​ហង​វេទនា​ស្លាប់​ក្សីណ​ក្ស័យ។
តាម​ចាស់​បុរាណ​បាន​ជឿ​មក សត្វ​នេះ​មិន​រក​ស៊ី​ពេល​ថ្ងៃ
រក​ស៊ី​តែ​យប់​អចិន្ត្រៃ កែ​ខៃ​បំផ្លិច​បំផ្លាញ​គេ។
ថា​វា​ជា​ពល​នៃ​ស្ដេច​ខ្មោច ចង្រៃ​អាសោចិ៍​ពី​បុព្វេ
ស្ដេច​ខ្មោច​តែង​ប្រើ​ហើរ​រិះរេ យក​ព្រលឹង​គេ​សព្វ​ភូមិ​ឋាន។
ខ្លែង​អើយ​ខ្លែង​ស្រាក​លំបាក​ម្ល៉េះ រក​ស៊ី​សោះ​អេះ​ហើរ​ហត់​ប្រាណ
ត្រូវ​មាត់​គេ​ជេរ​ឥត​សល់​ខាន កម្មអ្វី​ចៅ​បាន​ជា​យ៉ាង​ហ្នឹង។
រាត្រី​យប់​យន់​បន្តិច​ទោ សែង​ច័ន្ទ​សន្ធៅ​ច្បាស់​រឹត​រឹង
ភ្លឺ​សាយ​ដាស​ពាស​ពេញ​ទំហឹង វាយោ​បក់​វឹង​ត្រជាក់កាយ។
លើ​ចុង​អំពិល​ខាង​មុខ​វាំង អស់​ទាំង​សត្វ​ក្អែក​បែក​ខ្ចាត់​ខ្ចាយ
ខ្លះ​ហើរ​ចៀស​ចេញ​ទៅ​ទី​ឆ្ងាយ ខ្វែក​ខ្វក​ប្រញាយ​ចឹក​ឈ្លោះ​គ្នា។
ដើម​ចម​ជម្លោះ​ទំនង​ជាក់ មួយ​ដេក​មួយ​ភ្ញាក់​នាំ​ពាធា
រង្គើ​មែក​អញ​ក្នាញ់​មហិមា ពះ​វា​មិន​ដឹង​គេ​ដេក​ពួន។
នៅ​លើ​ជើង​ម៉ា​ស៊ីម៉ង់​វែង ប្រុស​ស្រី​ផ្អែក​ជ្រែង​សំដិល​ខ្លួន
ខ្លះ​ប៉ះ​សង្សារ​ទើប​ចួប​ចួន កេះ​កៀវ​ប្រធួន​សប្បាយ​ក្រៃ។
អ្នក​ខ្លះ​ឥត​បាន​ជើង​ម៉ា​ទេ ពឹង​មាត់​ទន្លេ​គ្រាន់​អាស្រ័យ
អង្គុយ​សណ្ដូក​ទប់​ជ្រែង​ដៃ មៀង​មើល​ជលស័យ​កំសាន្ត​ចិត្ត។
ខ្លះ​ខ្លាច​ក្រែង​ស្រី​ដោះ​គេច​កែ ខំភូត​ស្បថ​ស្បែ​យក​សុចរិត
ថា​បើ​វៀច​វេរ​រេ​ក្បត់​ផិត ហើយ​មិន​អាណិត​ដល់​ចរណៃ។
នោះ​សូម​ព្រះ​អង្គ​ដងកើ​អើយ កាច់​ក​បង្ហើយ​ឲ្យ​ហីន​ហៃ
កុំ​ឲ្យ​ខ្ញុំ​ឃើញ​ពន្លឺ​ថ្ងៃ ក្សីណ​ក្ស័យ​ជាជាង​រស់​ក្បត់​ស្រី។
ខ្លះ​កៀក​ដៃ​គ្នា​ឆ្ងាយ​ពី​គេ មិន​ដឹង​រិះរេ​ពី​រឿង​អី
តែ​ស្មាន​មិន​ខុស​ប្រុស​និង​ស្រី គ្មាន​អ្វី​ក្រៅ​ផ្សេង​ពី​ការ​នុង។
ខ្លះ​ទៀត​ឆ្លៀត​ក្រោម​ដើម​អំពិល ងងឹត​ព្រិលៗ​ឃើញ​ខ្មៅ​ស្ទុង
ប្រលែង​ប្រឡូស​អូស​ព្រយុង ពីព្រោះ​រឿង​នុង​ដែរ​មើល​ទៅ។
អ្នក​មាន​សង្សារ​សែន​សប្បាយ កៀក​កេះ​ក្អាក​ក្អាយ​ទាល់​យប់​ជ្រៅ
ឯង​អត់​ក្រៀម​ផ្អេះ​កេះ​តែ​ភ្លៅ រអ៊ូ​ស៊ូ​នៅ​លេប​ទឹក​មាត់។
មើល​គេ​ព្លឺះៗ​ទង្គឺះ​ចិត្ត ព្រោះ​ដ្បិត​មាន​ដែរ​តែ​ប្រាស់​ព្រាត់
ឱ​កម្ម​អ្វី​ហ្ន៎​មក​ខាំង​ឃាត់ បំភ្លាត់​ឲ្យ​ឃ្វាង​ពី​កល្យាណ។
នឹក​សព្វៗ​ទៅ​កាន់​តែ​ព្រួយ ស្ទើរ​ប្រេះ​រលួយក្នុង​សន្ដាន
ដល់​ណាស់​ផា​ណាស់​ទ្រាំ​មិន​បាន ស្រែក​ច្រៀង​កម្សាន្ត​ថា​ហាហៃ។
 តាំង​ពី​ចិត្ត គិត​ពី​ចង ប៉ង​ស្នេហា
 លើ​ជីវ៉ា ថ្លា​ជីវិត វរមិត្រ​ថ្លៃ
 នៅ​មិន​ស្ងៀម រៀម​មិន​ស្ងាត់ បាត់​អាល័យ
 ហាក់​ស្រមៃ ឆ្នៃ​ស្រមោល ចោល​ជិត​ប្រាណ។
 ពេល​បង​គេង លេង​បង​គង រង​លើ​ខ្នើយ
 ធ្លាប់​បាន​កើយ ហើយ​បាន​កិត ផិត​ភុំ​ផាន
 ធ្លាប់​ប្រឡែង តែង​ប្រឡូក លូក​ស្មោះ​ស្មាន
 កែ​កំសាន្ត ឋាន​កំសត់ កត់​កាល​ណោះ។
 ឥឡូវ​ប្រែ ប្រែ​មិន​ប្រប កប​ដូច​ចិត្ត
 ខក​ខាន​ស្និទ្ធ ខិត​ខាន​ស្នេហ៍ បែរ​បែក​ស្មោះ
 ឥត​នឹក​នា គ្នា​នឹក​និត្យ​ គិត​ស្រណោះ
 ពុំ​គួរ​សោះ ដោះ​ដៃសូន្យ ណា៎​អូន​ពៅ។
 ប្រសិន​ប្រាណ បាន​មកប្រប កប​វិញ​អេះ
 រួម​សំណេះ កេះ​សំណាល កាលហួស​ទៅ
 បង​បី​ឆោម ​ដោម​ដុង្គ​ឆើត ទើត​លើ​ភ្លៅ
 នាយប់​ជ្រៅ នៅ​យប់​ជ្រុល ពុល​តណ្ហា។
 សែន​តម្រេក ត្រេក​តម្រង អង្គ​ឥត​អាក់
 ពេញ​ចិត្ត​ស្ម័គ្រ បាក់​ចិត្ត​ស្មោះ អស់​ក្រឡា
 កែ​ក្រឡៃ ដៃ​ក្រឡិច បិច​ភ័ក្ត្រា
 នៃកល្យាណ៍ ថ្លា​កល្យាណ ឲ្យ​បាន​ស្កប់។
 ចាប់​ក្រសាវ កាវ​ក្រសោប ឱប​មាស​ឆ្អិន
 កៀក​សង្កិន សិន​សង្កត់ បត់​ត្រឡប់
 ស្ទាប​បបោស កោស​បបែល អង្អែល​សព្វ
 រួច​បញ្ចប់ តប់​បញ្ចើច សើច​ក្អាកក្អាយ។
 ឱ​បណ្ដូល មូល​បណ្ដាច់ សាច់​ទ្រលន់
 រាង​ល្វតល្វន់ ទន់​ល្វតល្វាស និរាយ​ឆ្ងាយ
 បើ​ជា​ពៅ នៅ​ជា​ពិត ជិត​រៀង​អាយ
 រៀម​ស៊ូចាយ កាយ​ស៊ូ​ចេញ ដេញ​តាម​ស្ងួន។
 តែ​នេះ​ផុត សុទ្ធ​នេះ​ផុង ច្រុង​មិន​កើត
 ព្រោះ​ឆោម​ឆើត ស្ទើត​ឆោម​ឆាយ ផាត​បាត់​ខ្លួន
 គ្មាន​ដំណឹង ដឹង​ដំណាល កាល​នឹម​នួន
 នៅ​ស្រុក​យួន ពួន​ស្រុក​យ័ក្ស ស្នាក់​ត្រង់​ណា។
 នេះ​ស្រលាញ់ ចាញ់​ស្រឡះ ប៉ះ​លើ​ក្ដៅ
 សឹង​សោក​សៅ ម៉ៅ​សោក​សាំ រកាំ​ផ្សា
 នេះ​ឆុរឆាប ដាប​ឆុរឆេះ ប្រេះ​ឧរា
 បង់​អាសា ណា​អសោចិ៍ ខ្លោច​ដ្បិត​ស្រី។
 ហេតុ​ដូច្នេះ អេះ​ដូច​ច្នឹង គួរ​ប្រឹង​ខាត់
 លះ​វិបត្តិ កាត់​វិបាក ចាក​លោកិយ
 រៀន​ធម៌អាថ៌ សារ​ធម៌​អាទិ៍ បាឋបាលី
 សាង​ចិត្ត​ថ្មី បី​ដូច​ថ្ម ត​ទៅ​អើយ! ។

ញូង សឿង

ដក​ស្រង់​ចេញ​ពី​ទស្សនាវដ្ដី មិត្ត​សាលាបាលី លេខ​៧ ឆ្នាំ​ទី១ បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៥០។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s