ប្រវត្តិ​លោក​គ្រូ ម៉ុក សំឱក


ដក​ស្រង់​ទាំង​ស្រុង​ចេញ​ពី​ទស្សនាវដ្ដី មិត្ត​សាលា​បាលី ឆ្នាំ​ទី១ ខែ​មិថុនា លេខ​៦។ (ឆ្នាំ១៩៥០)

លោក​គ្រូ ម៉ុក សំឱក កើត​នៅ​ក្រុង​ភ្នំ​ពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា គ.ស. ១៨៨០។ បិតា​របស់​លោក​នាម ម៉ុក ជា​មន្ត្រី​ក្នុង​ព្រះ​បរម​រាជវាំង ខាង​ក្រុម​ព្រះ​អាល័ក្ស ហើយ​ជា​កវី​១រូប​យ៉ាង​ឯក​ខាង​កាព្យ​ឃ្លោង មាន​កិត្តិស័ព្ទ​ល្បីល្បាញ​ក្នុង​ជំនាន់​រាជ្យ​ព្រះកុរណា​សុវណ្ណកោដ្ឋ។ មាតា​នាម ជំទាវ សម។ លោក​គ្រូ ម៉ុក សំឱក មាន​ភរិយា​ឈ្មោះ អ្នក​ស្រី​ពុំ, បាន​កូន​ស្រី​មួយ​ឈ្មោះ​នាង សំឱក-ម៉ាលីយ៉ាន។

កាល​ពី​បឋម​វ័យ, លោក ម៉ុក សំឱក បាន​សិក្សា​ក្នុង​សាលា​បារាំង-ខ្មែរ បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​បឋម​សិក្សា​បំពេញ​វិជ្ជា ផុត​ថ្នាក់​ក្នុង​ជំនាន់​នោះ។ ក្នុង​ឆ្នាំ​១៩០៣ រាជការ​បាន​តាំង​លោក​ឲ្យ​ធ្វើ​ការ​នៅ ក្រសួង​សិក្សា​ធិការ, លុះ​បន្ទាប់​ត​មក លោក​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ក្នុង​សាលា​ដូច​ត​ទៅនេះ៖

  • ឆ្នាំ ១៩០៨ នៅ​សាលា ឌូដាដឺឡាគ្រេ ភ្នំពេញ
  • ឆ្នាំ ១៩១២ នៅ​ខេត្ត​កំពង់​ធំ
  • ឆ្នាំ ១៩១៨ នៅ​សាលា ឌូឌាដឺឡាគ្រេ ភ្នំពេញ
  • ឆ្នាំ ១៩២៥ នៅ​សាលា ហ្វ្រង់ស៊ីគារញ៉េរ ភ្នំពេញ
  • ឆ្នាំ ១៩២៦ នៅ​សាលា ហ្វ្រង់ស្វាដូដ្វាំង ភ្នំពេញ

លោក​ម៉ុក សំឱក ជា​គ្រូ​១​រូប​យ៉ាង​ជំនាញ, ពេញ​ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​ណាស់ ហើយ​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត​នឹង​គោរព​កោត​ក្រែង ដោយ​ស្មោះ​ត្រង់​នៃ​បណ្ដា​សិស្ស​ទាំង​ឡាយ ទើប​លោក​ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​ដូច​ខាង​ក្រោម៖

  • មេដៃយ៍​មណី​សារាភ័រណ៍  ……………… (៩ – ១ – ១៤)
  • មេដៃយ៍​ប្រាក់ …………………………….. (១០ – ៥ – ១៥)
  • មេដៃយ៍​សំរិទ្ធិ …………………………….. (២៣ – ៤ – ១៦)
  • មេដៃយ៍​កិត្តិយស​ប្រាក់​ថ្នាក់​លេខ​២ …… (២៩ – ៧ – ២០)
  • មេដៃយ៍​អស្សរិទ្ធិ ………………………….. (១៣ – ៤ – ២៦)
  • មេដៃយ៍​កិត្តិយស​ប្រាក់​ថ្នាក់​លេខ​១ ……. (២៦ – ៨ – ២៩)។

លោក​បាន​ឡើង​ថ្នាក់​ជា​គ្រូ​បង្រៀន​ដើម​ខ្សែ​ទី២ ក្នុង​ឆ្នាំ ១៩៣០, តែ​កន្លង​បាន​មួយ​ឆ្នាំ លោក​គ្រូ​មាន​ជម្ងឺ​ក្អក​ឈាម​ជា​ទម្ងន់ ក្រោយ​ដែល​បាន​បំពេញ​រាជការ​ចំនួន ២៨ឆ្នាំ ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត លោក​ក៏​ទទួល​មរណភាព​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​១៩៣១ ក្នុង​អាយុ ៥១ឆ្នាំ។ កាល​ដែល​លោក​បាត់​បង់​ទៅ ប្រទេស​កម្ពុជា​ក្នុង​ជំនាន់​នោះ បាន​ខាត​នូវ​គ្រូ​បង្រៀន​ដ៏​ល្អ​មួយ ដែល​បាន​បំពេញ​ករណីកិច្ច​ចំពោះ​ប្រទេស​ជាតិ តាម​នាទី​របស់​ខ្លួន​យ៉ាង​ស្មោះ​ចំពោះ ដោយ​ពេញ​និស្ស័យ។ យើង​កុំ​ភ្លច​ថា​ក្នុង​សម័យ​នោះ អ្នក​មាន​ចំណេះ​ដឹង​ប្រហែល​នឹង​លោក មាន​ចំនួន​តិច​គ្នា​ពន់​ពេក​ណាស់ ហើយ​លោក​ស្ម័គ្រ​ចិត្ត​ខាង​ក្រសួង​សិក្សាធិការ ដែល​ពុំសូវ​មាន​អ្នក​ចូល​ចិត្ត​ធ្វើ ចុះ​លេខ​រៀង​ខាង​គ្រូ​បង្រៀន​ជា​លំដាប់​ទី៤ ដោយ​លោក​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កុមារ​ខ្មែរ​ណាស់ ចង់​ឲ្យ​បាន​ចេះ ឲ្យ​បាន​សុភាព​រាប​សា​សមរម្យ​ល្អ នឹង​បំពេញ​ក្នុង​សង្គម។ អធ្យាស្រ័យ​នេះ​ជ្រួត​ជ្រាប​ពេញ​ព្រៀប​ក្នុង​កិច្ច​ការ​ជា​ស្នា​ដៃ​របស់​លោក ស្ទើរ​តែ​គ្រប់​ទំព័រ។

លោក​ម៉ុក សំឱក, ថ្វី​បើ​បាន​បំពេញ​ចំណេះ​វិជ្ជា​ខាង​សាលា បារាំង-ខ្មែរ, គង់​អាច​ចាត់​ជា​អ្នក​ប្រាជ្ញ​មួយ​រូប ដោយ​ពេញ​លក្ខណៈ​ខាង​អក្សរ​សាស្ត្រ​ខ្មែរ តែ​ការណ៍​នេះ​មិន​គួរ​នាំ​ឲ្យ​ងឿង​ឆ្ងល់​ទេ ព្រោះ​ក្នុង​ជំនាន់​នោះ​នៅ​ពុំ​ទាន់​កើត​ការ​តាំង​ជញ្ជក់​មាត់​សរសើរ​ភាសា​បរទេស​ដល់​ធ្វេស មិន​រវល់​ចំពោះ​ភាសា​របស់​ខ្លួន រហូត​ដល់​ទៅ​បន្ថោក​ភាសា​របស់​ខ្លួន​ដូច​សព្វ​ថ្ងៃ​នេះ​នៅ​ឡើយ។ ឯ​ប្រវេណី​បុរាណ​ខ្មែរ នៅ​ព្រាយ​ពន្លឺ​ច្បាស់​លាស់ ណា​មួយ​បិតា​របស់​លោក​ជា​អ្នក​កាព្យ​ឯក ប្រើ​កាព្យ​ជា​ភាសា​និយាយ​ធម្មតា​ផង។ លោក ម៉ុក សំឱក បាន​រៀប​រៀង​រឿង​រ៉ាវ​ជា​ច្រើន​សម្រាប់​បង្រៀន​សិស្ស។ រឿង​រ៉ាវ​ទាំង​នោះ​ច្រើន​មាន​ចុះ​នៅ​ក្នុង បុល្លឺតាំង​ក្រសួង​សិក្សា​ធិការ និង​សៀវភៅ​សម្រាប់​ថ្នាក់​មាន កុមារ​ដ្ឋាន ជា​ដើម និង​ក្នុង​សៀវភៅ​ទស្សនាវដ្ដី “ស្រុក​ខ្មែរ” ពី​ឆ្នាំ​១៩២៧ ដល់​ឆ្នាំ ១៩៣០។ តាម​សង្កេត​មើល​ស្នាដៃ​របស់​លោក យើង​បាន​ប្រទះ​ពាក្យ​កាព្យ ច្រើន​ជាង​ពាក្យ​រាយ ជា​បទ​គ្រប់​បែប​មាន កាកគតិ, ព្រហ្មគីតិ, ភុជុង្កលីលា ជា​ដើម។ ចំណែក​សិស្ស​គណៈ​របស់​លោក ដែល​បាន​ទន្ទេញ​ដំបូន្មាន​ជាពាក្យ​កាព្យ ចាំ​ស្ទាត់​សូត្រ​មាត់​ទទេ​បាន តាំង​ពី​កាល​ខ្លួន​នៅ​ជា​កូន​សិស្ស ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ច្រើន​រូប​ដែរ។ យើង​សូម​ដក​ស្រង់​ស្នាដៃ​របស់​លោក​មក​ដោយ​អន្លើៗ ចុះ​ផ្សាយ​ចែក​ជូន​លោក​អ្នក​អាន​ទាំង​ឡាយ ដូច​សេកក្ដី​តទៅនេះ។

 មេ​អំបៅ​និង​ដង្កូវ

មេ​អំបៅ​ថា អា​ចោរ​មោហោ អា​ដង្កូវ​នេះ
រូបរាង​អាក្រក់ ក្រខ្វក់​អ្វី​ម្ល៉េះ ក្លិន​ខ្លួន​ឆ្អាប​ឆ្អេះ
អញ​ខ្ពើម​ណាស់​ណា៎។
ទៅ​ណា​ទៅ​ខោល អាក្រាត​ននល ជា​អនាថា
ម្ដេច​ក៏​គឃ្លើន ព្រហើន​អស្ចារ្យ វារ​លេង​លើ​ផ្កា
ផ្កា​នេះ​បាត់​ក្លិន។
ចៀស​ចេញ​ឲ្យ​ឆាប់ ខំ​នៅ​នឹង​ស្លាប់ នឹង​រិទ្ធិ​ភមរិន្ទ
ចិញ្ចឹម​ជីវិត នឹង​ផ្កា​មាន​ក្លិន ជាតិ​ឯង​ជាតិ​ហីន
ទៅ​ស៊ី​លាមក​ទៅ។
ដង្កូវ​ថា​យើ ពី​ម្សិល​មិញ​តើ ភ្លេច​ភ្លាមហើយ​ចៅ
ស្ទាប​ខ្លួន​ឯង​មើល ត្រជាក់​ឬ​ក្ដៅ សត្វ​មេអំបៅ
ចេញ​ទៅ​ពីណា។
ឲ្យ​ដឹង​ជាតិ​ខ្លួន សឹម​លេង​សំនួន ដៀល​តិះ​តាមការ
កុំ​អាល​ត្មះ​អញ ជា​មេ​ជា​បា ដូច​ពាក្យ​ឧបមា
បាច​ខ្សាច់​ច្រាស​ខ្យល់។

ពិលាប​នៃ​ផ្លូវ​មួយ

ឱះ​ឱ​អញ​អើយ កើត​ជា​រូប​ហើយ មាន​ឈ្មោះ​ឧត្តម
អ្នក​ស្រុក​គេ​ហៅ ថា​ឧក​ញ៉ា​អ៊ំ នាម​ចតុស្ដម្ភ
ដែល​ធំ​ក្រៃ​លែង។
គ្មាន​គេ​ឧបត្ថម្ភ រក្សា​ថែទាំ ដូច​គេ​ដូច​ឯង
គឺ​គេ​មិន​ស្បិត គិត​តុប​គិត​តែង កម្មអ្វី​តែ​ឯង
ឥត​គេ​អាសូរ។
ហេតុ​តែ​កំព្រា ធន់​ក្ដៅ​រងា ក៏​មិន​អាច​ថ្ងូរ
លោក​អើយ​អាណិត ជួយ​គិត​ជួយ​គូរ ឲ្យ​បាន​កៅស៊ូ
គ្រប​ដណ្ដប់​ផង។
លំអ​រូប​ខ្ញុំ ប្រយោជន៍​ដល់​ក្រុម រាជការ​ទេ​ហោង
សូម​លោក​អាណិត ជួយ​គិត​ខ្ញុំ​ផង ឲ្យ​បាន​ដូច​ប៉ង
ប្រាថ្នា​នៃ​ខ្ញុំ។
ឱ​លោក​អ្នក​ណា មាន​ចិត្ត​ជ្រះថ្លា នឹង​ការ​សុខុម
សូម​លោក​ខំ​គិត បើ​អាណិត​ខ្ញុំ បើ​លោក​មិន​សម
ក៏​វ្ហី​ទៅ​ចុះ។
ខ្ញុំ​ក៏​ទ្រាំ​ក្សត់ លោក​ក៏​ទ្រាំអត់ តាម​កម្ម​ផង​មនុស្ស
អកុសល​ទាំង​ខ្ញុំ ទាំង​លោក​ទៅ​ចុះ គ្មាន​គេ​អនុគ្រោះ
បន្ទោស​នរណា។

ចិត្ត​មាតា​បិដា

ម៉ែ​ឪ​ឃើញ​មាន​គំនិត រីក​ថ្លើម​រីក​ចិត្ត រឹង​រិត​ស្រលាញ់។
ថ្នម​កូន​មិន​ឲ្យ​ខឹង​ក្នាញ់ ចំណី​ណា​ឆ្ងាញ់ ទុក​ឲ្យ​អាស្រ័យ។
ថ្និត​ថ្នម​ដូច​កែវ​ចរណៃ ដ៏​មាន​ដំឡៃ ស្មើ​ដួង​នេត្រា។
នាំ​គ្នា​បែរ​បន់​ទេវតា អារក្ស​អ្នក​តា កុំ​ឲ្យ​ឈឺ​ថ្កាត់។
មិន​ដែល​បន្ទោស​មួយ​ម៉ាត់ សរសើរ​តែ​ស្ងាត់ ប្រាប់​ម៉ែ​ប្រាប់​យាយ។
សរសើរ​ដល់​គ្រូ​បាធ្យាយ ហើយ​លើក​ដៃ​ថ្វាយ បង្គំ​ព្រះវិហារ។
ថា​ហេតុ​តែ​បុណ្យ​សម្ភារ ព្រះ​ដ៏​ឈ្នះ​មា ទ្រ​ទ្រង់​កូន​ចៅ។
ឲ្យមាន​ជីវិត​និត្យ​នៅ ចំណេះ​ក៏​ជ្រៅ ប្រាជ្ញា​ក៏​វៃ។
ហើយ​មាន​មារយាទ​ល្អ​ក្រៃ ដឹង​កិច្ច​ប្រពៃ គោរព​គុណ​គាប់។
កូន​នេះ​ជា​កូន​ដើម​ទ្រព្យ វា​នឹង​មាន​ភ័ព្វ សំណាង​ជាង​ឪ។

7 thoughts on “ប្រវត្តិ​លោក​គ្រូ ម៉ុក សំឱក

  1. Pingback: ប្រវត្តិ​របស់កវី ម៉ុក សំឱក | សូមស្វាមគន៍

    1. វិចូច អ្នក​សរសេរ​ប្រកាស

      អត្ថបទ​ខាង​លើខ្ញុំ​ដក​ស្រង់​ចេញ​ពី​ច្បាប់​ដើម ដោយ​រក្សា​នូវ​ភាព​ដើម​របស់​គេ​ទាំង​អស់។ តាម​វចនានុក្រមពាក្យ​ដែល​ត្រូវ​នោះ​គឺ មេដាយ។ ខ្ញុំ​ក៏​ដឹង​ដែរ តែ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​សរសេរ​របស់​ចាស់​ពី​ដើម​នោះ យើង​ត្រូវ​តែ​រក្សា​នូវ​ភាព​ដើម។ តែ​បើ​សិន​ជា​សំណេរ​សម័យ​នេះ គួរ​តែ​ប្រើ​តាម​វចនានុក្រម​វិញ។

      អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s