រឿង គ្រូ​ដក​ធ្មេញ


មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ុក ប្រពន្ធ​ឈ្មោះ​នាង​ម៉ី មាន​កូន​ប្រុស​តែ​១ អាយុ​ប្រហែល ៥-៦ឆ្នាំ ឈ្មោះ​ចៅ​ម៉េង។ គាត់​អាស្រ័យ​នៅ​ទី​ផ្សារ​នៃ​ជនបទ​១។ ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់ ប្រកប​ការ​ងារ​ចិញ្ចឹម​ដោយ​របរ​លក់​ដូរ​បន្លែ​បង្កា​បន្តិច​បន្តួច​ជា​ធម្មតា, តែ​ការ​រក​មុខ​រប​រ​នេះ​មិន​សូវ​ប្រកប​បាន​ចំណេញ​ច្រើន​ទេ គ្រាន់​តែ​ទប់​ទល់ៗ ស្ទើរ​តែ​មិន​បាន​ផង, យូរៗ​ទៅ កាន់​តែ​ចុះ​ដុប​ដាប​ជា​លំដាប់។

ថ្ងៃ​មួយ នាយម៉ុក និយាយ​ទៅ​កាន់​នាង​ម៉ី​ជា​ប្រពន្ធ​ថា “យើង​សព្វ​ថ្ងៃ​នេះ​កាន់​តែ​យ៉ាប់​ទៅៗ ងាក​ទៅ​ឯណោះ​ផុត មក​ឯណេះ​ផុត មិន​ដឹង​ជា​នឹង​រក​របរ​អី​វិញ គ្រាន់​នឹង​បាន​ចិញ្ចឹម​ជីវិត​ឲ្យ​បាន​ធូរ​ស្រួល​គ្រាន់​បើ​នឹង​គេ មើល​ទៅ​ដូច​ជា​ទាល់​ច្រក​អស់​ទៅ​ហើយ, នេះ​មក​ពី​ព្រេង​សំណាង​យើង​វា​គ្មាន​តែ​ម្ដង” ។ នាង​ម៉ី​ក៏​តប​ថា “មែន​ហើយ ប៉ុន្តែ​យើង​កុំ​អាល​អស់​សង្ឃឹម ក្រែង​លោ​ព្រេង​សំណាង​យើង​មិន​ទាន់​ដល់ ខ្ញុំ​គិត​ថា​យប់​នេះ យើង​នឹង​រៀប​បួង​សួង​បន់​ស្រន់​ទេព្ដា​ផ្សេង​សំណាង​ល្បង​មើល សុំ​ឲ្យ​លោក​ជួយ​ណែនាំ​ប្រាប់​ផ្លូវ​ណា​មួយ​ក្នុង​រឿង​នេះ”។ ប្ដី​បាន​ស្ដាប់​ពាក្យ​ប្រពន្ធ​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេកអរ​ណាស់​ថា ទំនង​នេះ​ស្រួល​ហើយ ទើប​នាំ​គ្នា​រៀប​ចំ​ធ្វើ​ស្លាធ័រ ទៀន៥, ធូប៥ ទឹក​អប់ ភ្ញីផ្កា​ផ្សេងៗ ដាក់​ដំកល់​លើ​ហ៊ឹង​ក្បាល​ដំណេក​រួច​ជា​ស្រេច។ ដល់​ពេល​យប់​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​តាំង​ប្រតិស្ឋ​អធិស្ឋាន​តាម​ទំនង​ដែល​ខ្លួន​បាន​គិត​ទុក​មក​នោះ រួច​ហើយ​ក៏​អាស្រ័យ​ដំណេក​លក់​ទៅ​តាម​ធម្មតា។

« មាន​យាយ​ចាស់​ម្នាក់ ខ្នង​កោងៗ កាន់​ឈើ​ច្រត់​ដើរ​ចូល​មក​ក្នុង​ផ្ទះ​ហើយ​ប្រាប់​ថា “ណ្ហើយ​ចុះ, ចៅ​ឯង​កុំ​ព្រួយ​បារម្ភ​អី តាំង​ពី​ថ្ងៃ​នេះ​ទៅ​ចាំ​យាយ​ជួយ, ថា​តែ​ប៉ុណ្ណេះ​ហើយ យាយ​ចាស់​ក៏​ចាប់​ដៃ​ស្ដាំ​នាយ​ម៉ុក​យក​មក​ផ្លុំ​ស្ដោះៗ គំរប់​៣ដង រួច​ហើយ​គាត់​ប្រាប់​ទៀត​ថា តាំង​ពី​ពេល​នេះ​ត​ទៅ ចៅ​ឯង​នឹង​បាន​ជា​គ្រូ ១ ដ៏​ខ្លាំង​ពូកែ​ខាង​មុខ​ដក​ធ្មេ, ចៅ​ឯង​មិន​បាច់​ប្រើ​ដង្កាប់​និង​ថ្នាំ​សង្កូវ​ដូច​គេ​ឯ​ទៀត​ទេ គឺ​ម្រាម​ដៃ​ស្ដាំ​ចៅ​ឯង​ដែល​យាយ​ប្រសិទ្ធី​ឲ្យ​ឯង​នេះ​ហើយ ទុក​ជា​ដង្កាប់​សម្រាប់​ដក​ធ្មេញ, ប៉ុន្តែ​កិច្ច​នេះ​ត្រូវ​មាន​ត្រណម ១ យ៉ាង​តឹង​រ៉ឹង​ណាស់​ដែល​ចៅ​ឯង​ត្រូវ​កាន់​ឲ្យ​ខ្ជាប់​ខ្ជួន​ជា​ទី​បំផុត ទើប​បាន​សេចក្ដី​សុខ​សប្បាយ, បើ​ពុំ​ដូច្នោះ​ទេ​នឹង​កើត​អន្តរាយ​ដល់​ខ្លួន​ពុំ​ខាន – ត្រណម​នោះ​គឺ​ថា ជាតិ​ស្រី​ជា​ប្រពន្ធ កូន​គេ​ដែល​ចូល​មក​រក​យើង​ឲ្យ​ដក​ធ្មេញ​នោះ ទោះ​បី​មាន​រូប​ឆោម​ល្អ​យ៉ាង​ណា​ក៏​ដោយ ចៅ​ឯង​មិន​ត្រូវ​មាន​ចិត្ត​លប​លួច​កួច​កាន់​ស្រលាញ់​គេ​យ៉ាង​ជា​ដាច់​ខាប់” ប្រាប់​កិច្ច​តែ​ប៉ុណ្ណេះ​ហើយ​ដូន​ចាស់​នោះ ក៏​ស្រាប់​តែ​ភៀស​ខ្លួន​បាត់​ទៅ​វិញ » ។ នេះ​ជា​យល់​សប្តិ​ដែល​នាយ​ម៉ុក​បានឃើញ​យ៉ាង​ជាក់​ស្ដែង ក្នុង​ពេល​សន្ធយា​រាត្រី​នោះ។ នាយ​ម៉ុក​ភ្ញាក់​ឡើង​ភ្លាម​ចាំ​បាន​ទាំង​អស់​អំពី​ដំណើរ​យល់​សប្តិ​នោះ, មាន​សេចក្ដី​រីករាយ​សប្បាយ​ណាស់​ដោយ​នឹក​សង្ឃឹម​ថា មុខ​ជា​នឹង​បាន​សម​ប្រកប​តាម​បំណងរបស់​ខ្លួន​ជា​ប្រាកដ ទើប​និយាយ​ប្រាប់​ប្រពន្ធ​ហូរហែ​សព្វ​គ្រប់។

ព្រឹក​ឡើង នាង​ម៉ី ញញឹម​ញញែម​ដើរ​ផ្សាយ​ដំណឹង​នេះ​ដល់​អ្នក​ទាំង​ពួង​ដែល​នៅ​ផ្សារ​ជាមួយ។ មុន​ដំបូង, មាន​បុរស​ឈឺ​ធ្មេញ​ម្នាក់​កាល​បាន​ដឹង​ដំណឹង​ថ្មី​នេះ​ហើយ ក៏​បាន​ចូល​ទៅ​រក​នាយ​ម៉ុក​ឲ្យ​ដក​ធ្មេញ។ នាយ​ម៉ុក​គ្រាន់​តែ​លូក​ម្រាម​ដៃ​ពីរ​ទៅ​ក្នុង​មាត់ ថ្កៀប​ដក​ធ្មេញ​បាន​មក​យ៉ាង​ស្រួល ឥត​មាន​ឈឺ​ចាប់​និង​ឥត​មាន​ឈាម​បន្តិច​សោះ។ ដោយ​ការ​ផ្សាយ​ដំណឹង​តៗ​គ្នា មាន​អ្នក​ឈឺ​ធ្មេញ​ជា​ច្រើន​នាក់ បាន​ចូល​ទៅ​រក​នាយ​ម៉ុក​ឲ្យ​ដក​ធ្មេញ​ហូរហែ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ។ គាត់​មាន​ឈ្មោះ​ល្បី​ល្បាញ​ទូទៅ ទាំង​ស្រុក​ជិត ស្រុក​ឆ្ងាយ​ថា​ជា​គ្រូ​ដក​ធ្មេញ យ៉ាង​ពូកែ​អស្ចារ្យ ហើយ​សម្បូរ​ពោរ​ពេញ​ទៅ​ដោយ​ជំនូន​ជូន​ដាក់​រង្វាន់​ខាន់​ខៅ​សព្វ​ចំពូក​ឥត​ខ្វះ។ គ្រូ​ម៉ុក​ដែល​ពី​ដើម​ស្គម​កំព្រឹង​នោះ ទៅ​ជា​ដុះ​ពោះស្ពុយ​អង្គុយ​ស្ទើរ​មិន​កើត។

សម័យ​ថ្ងៃ​មួយ​ពេល​រសៀល​ទន់​ទាប​មាន​កូន​ក្រមុំ​គេ​ម្នាក់ ល្អ​ក្រៃលែង​ល្អ​ក្រ​រក​គូ​ប្រដូច​បាន, បាន​ចូល​ទៅ​កាន់​សំណាក់​គ្រូ​ម៉ុក សុំ​ឲ្យ​ដក​ធ្មេញ​ធ្គាម​១ ដែល​ឈឺ​ព្រោះ​ដង្កូវ​ស៊ី​អស់​ជាង​ពាក់​កណ្ដាល​ហើយ។ គ្រាន់​តែ​ក្រឡេក​ឃើញ​នាង​កញ្ញា​ឡើង​ទៅ​ដល់​លើ​ផ្ទះ​ខ្លួន​ភ្លាម, គ្រូ​ម៉ុក​ព្រឺ​ព្រួច​កួច​ចិត្ត​ស្នេហា​ចំពោះ​រូប​នាង ភ្លេច​គិត​ដល់​ត្រណម​យ៉ាង​តឹង​របស់​គ្រូ​ដើម។ នាង​កញ្ញា​លុះ​ដក​ធ្មេញ​ហើយ ក៏​ជូន​រង្វាន់​តាម​របៀប​អ្នក​ទាំង​ពួង រួច​សំពះ​លាង​គ្រូ​ម៉ុក​ត្រឡប់​ទៅ​វិញ​បាត់​ទៅ។ គ្រូ​ម៉ុក​ចេះ​តែ​តក់​ក្រហល់​ទល់​ក្រហាយ​បាយ​លែង​ឆ្ងាញ់ ព្រោះ​ស្រលាញ់​នារី​ឆើត​ឆាយ​នោះ​ឯង តែង​នឹក​មមៃ​ថា ធ្វើ​ដូ​ម្ដេច​អេះ​នឹង​បាន​នាង​នេះ​មក​ធ្វើ​ជា​ប្រពន្ធ​អញ? ។ សោទ​ឯ​នាង​ម៉ី កាល​ឃើញ​នាង​ក្រមុំ​នោះ​ចូល​មក​ភ្លាម ក៏​ចេះ​តែ​នឹក​បារម្ភ​ដែរ​ដោយ​ប្រច័ណ្ឌ​ផង​ថា៖ “ថប់​ណាស់​អញ! តាប៉ិ​នេះ​វរៗ ដាច់​ត្រណម​ខុស​គ្រូ​បាធ្យាយ ពី​ព្រោះ​តែ​នឹង​នេះ​មិន​ខាន​ទេ​មើល​ទៅ បើ​ល្អ​ម្ល៉ឹងៗ!” ។

ព្រលឹម​ឡើង, គ្រូ​ម៉ុក​ស្រាប់​តែ​ស្រែក​ហៅ​ប្រពន្ធ​យ៉ាង​ឆោឡោ​ពី​ក្នុង​ដំណេក​មក​ថា៖ “ម៉ែ​អា​ម៉េង​អើយ! មក​ណេះ! ជួយ​មើល​នេះ​ឲ្យ​គ្នា ១ ភ្លែត​វ៉ី ! ”

នាង​ម៉ី – មើល​នេះ​អី​ឥចឹង បើ​មនុស្ស​កំពុង​តែ​រវល់​ឯណេះ។
ម៉ុក – ឆាប់ៗ​ឡើង! វរ​ហើយ​វ៉ី​អញ!
ម៉ី – (ស្ទុះ​ចូល​ទៅ) ស្អី?
ម៉ុក – អញ​ឬ​មិន​មែន​អញ?
ម៉ី – អញ​ឬមិន​មែន​អញ យ៉ាង​ម៉េច?
ម៉ុក – (ហា​មាត់​ឲ្យ​ប្រពន្ធ​មើល) មើល​មាត់​គ្នា​មាន​ធ្មេញ​ទេ?
ម៉ី – ស្រេច! រលីង​ឆិល​ទាំង​លើ​ទាំង​ក្រោម! ចុះ​វា​យ៉ាង​ម៉េច​ក៏យ៉ាង​ហ្នឹង?
ម៉ុក – ទេ! អញ​សួរ​បញ្ជាក់​ឯង​ថា តើ​អញ​ឬ​មិន​មែន​អញ?
ម៉ី – (ភ័យ​ផង​សើច​ផង) បងឯង​ហ្នឹង​ហើយ​ណា៎! មាន​អ្នក​ណា​ទៀត ប៉ុន្តែ​វា​ទាស់​ត្រង់​អត់​ធ្មេញ! ចុះ​វា​យ៉ាង​ម៉េច​ក៏​អស់​ធ្មេញ​រលីង​ដូច្នេះ?
ម៉ុក – គ្នា​វា​មិន​ដឹង​រឿង​ហើយ បាន​ជា​សួរ​ឯង​ហ្នឹង!
ម៉ី – (ទាល់​បើ​គិត​ទៅ​ជា​សើច) ហាសហាយ! ព្រឹក​នេះ​ខ្ញុំ​បំរុង​ស្ល​ម្ជូរ​គ្រឿង​ឆ្អឹង​ជំនីរ​ជ្រូក​ផង, ផ្សំ​គ្រឿង​ទុក​ស្រេច​តាំង​ពី​ល្ងាច, ឥឡូវ​ឯង​នៅ​តែ​ចិញ្ចាញ​ធ្មេញ​ដូច​កូន​ង៉ា​យ៉ាង​នេះ ត្រូវ​គ្នា​ម៉ាច់​តែ​ម្ដង​ហើយ​បង។
ម៉ុក – រំបល់​យក៍! មិន​គិត​ជួយ​ភ័យ​គ្នា​ផង​ទេ គិត​តែ​និយាយ​លេង​ផ្ដាសៗ!
ម៉ី – (រំពឹង​មើល​មួយ​ស្របក់) ឱ! នឹក​ឃើញ​ហើយ! ប្រហែល​បងឯង​ដាច់​ត្រណម​ព្រោះ​តែ​នាង​ក្រមុំ ដែល​មក​ដក​ធ្មេញ​ម្សិល​មិញ​នោះ​ហើយ​មើល​ទៅ! និយាយ​ឲ្យ​ត្រង់​មើល! បងឯង​មាន​លប​ស្រលាញ់​គេ​ទេ?
ម៉ុក – (អេះអុញ) ស្រលាញ់​ទិចៗ​ដែរ!
ម៉ី – ហឹះ! ទិចៗ ផងឥចឹង! សាធុៗ ! អស់​ធ្មេញ​យ៉ាង​នេះ​ឲ្យ​ស្រឡះ​ទៅ​ព្រះ​អង្គ​អើយ! ហ្នឹង​ហើយ​មនុស្ស​ពុត​ខូច​កុំ​ឲ្យ​ធ្លាប់! លើក​ដំបូង​នេះ​ទុក​ជា​សំណាង​ល្អ​ដែរ ព្រោះ​នៅ​សល់​ចិញ្ចាញ​ធ្មេញ​គ្រាន់​ទប់​ទល់ ប្រយ័ត្ន​លើក​ទី២ មុខ​ជា​អស់​ទាំង​ឆ្អឹក​ធ្គាម​ជា​ប្រាកដ, ដល់​លើក​ទី៣ ប្រហែល​ជា​អស់​អី​វ៉ាន់​ថ្នាក់​ក្រោម ១ ទៀត បង្ហើយ​ចុង​ក្រោយ​បង្អស់​អន្តរធាន​ខ្លួន​ស្រេច​តែ​ម្ដង។

នាង​ម៉ី​និយាយ​ផ្ចាញ់​ផ្ចាល​ឲ្យ​ប្ដី​យ៉ាង​នេះ​ហើយ ក៏​ដាស់​កូន​ទាំង​ព្រហាម​នោះ​ថា “អាម៉េង​អើយ! ក្រោក​ឡើង​កូន! ឆាប់ៗ! មើល​ស្អី​នេះ ល្អ​មើល​ណាស់​វ៉ី!”

អាម៉េង – (ក្រោកឡើង​ភ្លាម) មើល​អីម៉ាក់?
ម៉ី – មើល​ប៉ា​កូន​ឯង! ពី​ព្រោះ​តែ​ចង់​បាន​ប្រពន្ធ​ក្រមុំ ១ ទៀត​ទេព្ដា​លោក​អាណិត លោក​ក្បិល​ធ្មេញ​ចេញ​អស់​រលីង​ឲ្យ​បាន​ទៅ​ជា​ក្មេង​ម្ដង​ទៀត ឲ្យ​សម​គ្នា​នឹង​ប្រពន្ធ​ក្រមុំ​នោះ!
អាម៉េង – (លូក​ដៃ​ស្ទាប​មើលក្នុង​មាត់​ឪពុក) យី​អើ! ប៉ា​ឯង​ប្អូន​ខ្ញុំ​ទៅទៀត មិន​ទាន់​ដុះ​ធ្មេញ​ផង!
ម៉ី – (សើច​ក្អាក​ក្អាយ) អើ! ត្រូវ​ហើយ​កូន! កូន​ឯង​បាន​ឪពុក​មក​ធ្វើ​ប្អូន​យ៉ាង​នេះ មិន​ធ្លាប់​ដែល​មាន​សោះ​តែ​ម្ដង​ហើយ!
ម៉ុក – ខ្មោច​អាចោរ​អន្តរធាន! គ្នា​ឯណេះ​រក​តែ​ធ្មេញ​ច្រាស់​បាយ​គ្មាន​មិន​គិត ទៅ​គិត​ឯ​នាំ​គ្នា​លេង​ល្បែង​ព្រើលៗ ឯណោះ​ឆ្កយ​ទៅ​វិញ!

តាម​ពិត, គឺ​រឿង​ស្រី​មែន​ហើយ, យប់​នោះ​វេលា​ជាង​ពាក់​កណ្ដាល​អាធ្រាត្រ​ដែល​នាង​ម៉ី​ជា​ប្រពន្ធ​ដេក​លក់​បាត់​ទៅ, គ្រូ​ម៉ុក​ដែល​ដាច់​ត្រណម​ខុស​គ្រូ​ពី​ព្រោះ​តែ​លប​ស្រលាញ់​ស្រី​ក្រមុំ​នោះ គាត់​ទៅ​ជា​ខ្មោច​ចូល​មិន​ដឹង​ខ្លួន ដើរ​ចុះ​ដើរ​ឡើង​តែ​លើ​ផ្ទះ រក​ធ្មេញ​គេ​ដក​មិន​បាន គាត់​ពន្លះ​ឯ​ធ្មេញ​ខ្លួន​ឯង​ទាំង​លើ​ទាំង​ក្រោម​ទាល់​តែ​រលីង​ឆេញ​យ៉ាង​នេះ​ឯង។

ញូង សឿង

ដកស្រង់​ចេញ​ពី ទស្សនាវដ្ដី​មិត្ត​សាលា​បាលី លេខ ៧,៨,៩ ឆ្នាំ​ទី ៣។ បោះ​ពុម្ព​ផ្សាយ​នៅ​ពុទ្ធសករាជ ២៤៩៥ ត្រូវ​នឹង​គ្រិស្តសករាជ ១៩៥២

Advertisements

3 thoughts on “រឿង គ្រូ​ដក​ធ្មេញ

  1. ញ៉ុមអែនេះ តិចខុសត្រណមនឹងគេដែរ បានជារកស៊ីមិនសូវបាន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s