ប្រវត្តិឧកញ៉ាវង្សាសារពេជ្ញ នង


ថ្ងៃ ខែ ឆ្នាំកំណើត, ស្រុក​កំណើត​និង​នាម​បិតា​មិតា​នៃ​នៃ​ឧកញ៉ា​វង្សា​សារ​ពេជ្ញ នង យើង​មិន​អាច​ដឹង​បាន ទាំង​កាល​ដែល​លោក​នៅ​ពី​កុមារ​បាន​សិក្សា​អក្សរ​សាស្ត្រ​និង​បួស​នៅ​វត្ត​ណា ក៏​មិន​ប្រាកដ​ដែរ​ព្រោះ​ស្រាវ​ជ្រាវ​រក​ពុំ​ទាន់​ឃើញ។ យើង​ដឹង​បាន​តែ​ត្ង់​វេលា​ដែល​បួស ហើយ​បាន​រៀន​ភាសា​បាលី​ព្រះ​ត្រៃបិដក ចេះ​ដឹង​ជ្រៅ​ជ្រះ ហើយ​បាន​ចូល​ប្រឡង​បាលី​ក្រុង​បាងកក​ជាប់​បាន​ទី​ជា​មហា​ផង, មាន​កិត្តិ​សព្ទ​ល្បី​ល្បាញ​ថា​ជា​អ្នក​ប្រាជ្ញ​យ៉ាង​ជំនាញ ១ រូប​ក្នុង​សម័យ​នោះ។

ក្រោយ​នោះ លោក​បាន​ជា​ចៅ​អធិការ​វត្ត​ចតុទិស នៅ​ក្រុង​ឧដុង្គ និង​បាន​ទទួល​សមណសក្ដិ​ជា​ទី មហាព្រហ្មមុនី បាន​ជា​គ្រូ​ព្រះ​រាជ​បុត្រ ព្រះ​បាទ​សម្ដេច​ព្រះ​នារាយណ៍​រាមា​ធិបតី​ទាំង ៤ ព្រះ​អង្គ​គឺ៖ ព្រះ​អង្គ​ចន្ទ, ព្រះ​អង្គ​ស្ងួន, ព្រះ​អង្គ​អិម និង​ព្រះ​អង្គ​ដួង ហើយ​ជា​ឧបជ្ឈាយ៍​បំបួស​ព្រះ​អង្គ​ដួង​ជា​សាមណេរ​ផង។

កាល​ឆ្នាំ​វក​ចត្វាស័ក ពុទ្ធ​សករាជ ២៣៥៥ ព្រះ​អង្គ​អិម​ទី​ជា​សម្ដេច​ព្រះ​ស្រី​ជ័យ​ជេដ្ឋា​មហា​ឧបរាជ និង​ព្រះ​អង្គ​ដួង ស្ដេច​ទៅ​ក្រុង​បាងកក, មហា​ព្រហ្មមុនី នង ក៏​បាន​តាម​ហែ​ស្ដេច​ទៅ​ផង។

ចំណេរ​យូរ​មក ព្រះ​អង្គ​ដួង​ស្ដេច​ត្រឡប់​មក​ព្រះ​នគរ​វិញ គង់​នៅ​ស្រុក​មង្គល​បុរី ខែត្រ​បាត់​ដំបង ព្រះ​មហា​ព្រហ្មមុនី​នង ក៏​ត្រឡប់​មក​វិញ​ដែរ នៅ​ជាមួយ​ព្រះ​អង្គ​ដួង ហើយ​ចាក​សិក្ខាបទ​មាន​ភរិយា​នៅ​ទីនោះ។ ភរិយា​ដំបូង​ឈ្មោះ​នាង​មាស។

ក្រោយ​មក ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា កាល​មុន​សោយរាជ្យ បាន​ព្រះ​រាជ​ទាន​អ្នក​ម្នាង ១ នាក់​ឈ្មោះ តូច ឲ្យ​ជា​ភរិយា​ទៀត មាន​បុត្រ-ធីតា​៩នាក់ ដែល​កើត​អំពី​ភរិយា​ទាំង​ពីរ​នេះ​គឺ៖ ខាង​នាង​មាស ៦ នាក់ (ប្រុស២ ស្រី​៤) នាង​តូច ៣ នាក់ (ប្រុស ២ ស្រី ១)។ ខាង​នាង​តូច​ស្លាប់​កូន​ប្រុស ១។

កូន​ប្រុសៗ សុទ្ធ​តែ​បាន​ធ្វើ​ជា​មន្ត្រី​ធំៗ​ទាំង​ស់។ ឯ​កូន​ស្រីៗ ក៏​បាន​ជា​ភរិយា​នៃ​នាម៉ឺន​មុខ​មន្ត្រី​ក្នុង​ជំនាន់​នោះ​ទាំង​អស់​ដែរ។ ដំណ​នៃ​កូន​ចៅ​ឧកញ៉ា​វង្សា​សារ​ពេជ្ញ នង នេះ យើង​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ហូរ​ហែ​ដែរ, តែ​មិន​បាន​នាំ​យក​មក​ពណ៌នា​ក្នុង​ទីនេះ​ទេ។

ក្រោយ​នោះ​ព្រះ​អង្គ​ដួង​បាន​ប្រាប្ដាភិសេក ប្រាកដ​ព្រះ​នាមាភិធេយ្យ ជា​ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សារាមា​ឥស្សរាធិបតី សោយ​រាជ​សម្បត្តិ​នៅ​ក្រុង​ឧដុង្គ​មាន​ជ័យ ហើយ​ទ្រង់​ព្រះ​មេត្តា​ប្រោស​យក​អ្នក​បណ្ឌិត​មហា​ព្រហ្មមុនី នង មក​តាំង​ជា​អាចារ្យ​ហ្លួង ងារ​ជារ​ឧកញ៉ាវង្សាក្សត្រ ដំណែង​ចាង​ហ្វាង​ក្រុម​រាជ​បបណ្ឌិត និង​ទ្រង់​ព្រះ​រាជ​ទាន​ស្រុក​កោះ​សុទិន​ឲ្យ​ជា​ស្រុក​សួយ​ឡើង ឧកញ៉ា​វង្សា​ក្សត្រ​ដរាប​លុះ​អស់​អាយុ។

ក្រោយ​មក​លោក​បាន​ឡើង​ជា ឧកញ៉ា​វង្សា​សារពេជ្ញ។

ឧកញ៉ាវង្សាសារពេជ្ញនង ជា​បង​ប្អូន​បង្កើត​របស់​មាតា​នៃ​ព្រះ​បរមជាតិ​ស្ត្រី​គឺ សម្ដេច​ព្រះវររាជជននីបរមបពិត្រ ដ៏​ជា​ព្រះ​ជននីនាថ​នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម។

លោក​ឧកញ៉ា​វង្សាសារពេជ្ញ នង ជា​អ្នក​មាន​ប្រាជ្ញា​ដ៏​មុះ​មុត មាន​ព្យាយាមម​ជាប់​ជា​និច្ច បាន​តែង​រៀប​រៀង សុភាសិត​ដំបូន្មាន​និង​សាស្ត្រា​ផ្សេងៗ​ជា​ច្រើន, តែ​ដែល​យើងបាន​រក​ឃើញ​ក្នុង​វេលា​នេះ​គឺ៖

  • ១. លោក​ន័យ​ពាក្យ​កាព្យ​ជា​រឿង​ជាតក (តែង​កាល​នៅ​ក្នុង​ងារ​ជា​ឧកញ៉ា​វង្សា​ក្សត្រ) ។
  • ២. ច្បាប់​សុភាសិត ពាក្យ​កាព្យ ។
  • ៣. ច្បាប់​ស្រី (មិន​មែន​ច្បាប់​ស្រី​ម័យ​បណ្ឌិត​ទេ) ។
  • ៤. ព្រះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជា ។

ម្យ៉ាង​ទៀត​យើង​បាន​ប្រទះ​ឃើញ​ឈ្មោះ នង គោរម្យងារ​ជា ឧកញ៉ា​ព្រះ​ឃ្លាំង ក្នុ​សាស្ត្រា​ភោគកុល​កុមារ​ខ្សែ ១ ត្រង់​សេចក្ដី​ប្រារព្ធ​ខាង​ដើម ជា​អ្នក​តែង​សាស្ត្រា​នោះ​ថា “… កាយោមយា នាម​នង​ជាតិ​ជា ឧកញ៉ា​ព្រះ​ឃ្លាំង គន់​គិត​កាព្យកិច្ច ពាក្យ​ពេចន៍​ទុក​តាំង ជា​កេរ្តិ​តំណាង តំណ​សាសនា …” ដូច្នេះ។ យើង​សន្និដ្ឋាន​ថា ឧកញ៉ា​ព្រះ​ឃ្លាំង​នង នោះ​គឺ​ជា ឧកញ៉ា​វង្សា​សារ​ពេជ្ញនង នេះ​ឯង​ហើយ ព្រោះ​សង្កេត​ធៀប​មើល​ពាក្យ​ពេចន៍​និង​សំនួន​វោហារ​ក្នុង​រឿប​ច្បាប់​សុភាសិត និង​ក្នុង​រឿង​ភោគកុលកុមារ​នោះ ដោយ​សព្វ​គ្រប់​ទៅ ឃើញ​មាន​លំនាំ​បែប​បទ​ស្រដៀងៗ​គ្នា គួរ​ឲ្យ​យល់​បាន​ថា​ជា​ស្នាដៃ​អ្នក​និពន្ធ​តែ​មួយ​រូប គឺ​ក្នុង​ច្បាប់​សុភាសិត​របស់​លោក​ឧកញ៉ា​វង្សា​សារ​ពេជ្ញ​នង ត្រង់​សេចក្ដី​ប្រារព្ធ​ខាង​ដើម​ដែរ ឃើញ​ដាក់​សេចក្ដី​ថា “… កាយោមមា នង​នាម​នា មនោរថំ បីតិបិយោ សីលោរក្ខំ សុភាសិតំ កាព្យករោ … រី​អង្គ​អញ​ខ្ញុំ នាម​នង​សោម​សម ចិត្ត​ចេតនា សូម​មាន​មនោ បិយោសទ្ធា ព្យាយាម​ឧស្សាហ៍ ត្រេក​ត្រង់​កុសល …” ។ ប្រហែល​ជា​លោក​បាន​ទទយល បណ្ដា​ងារ​ទាំង​ពីរ​នេះ ងារ​មួយ​មុន​ឬ​ក្រោយ​បន្ទាប់​គ្នា។ ប៉ុន្តែ​ការ​សន្និដ្ឋាន​នេះ​ក្រែង​មិន​ទាន់​ប្រាកដ សូម​ផ្ញើ​សេចក្ដី​ស្រាវ​ជ្រាវ​លើ​អស់​លោក​អ្នក ប្រវត្តិ​សាស្ត្រា​ទាំង​ឡាយ​ត​ទៅ​ទៀត។

ក្នុង​ទី​បំផុត, យើង​មាន​សេចក្ដី​សោក​ស្ដាយ​ណាស់ ត្រង់​ពុំ​បាន​ដឹង​ប្រវត្តិ​និង​ស្នាដៃ​របស់​លោក​អ្នក​ប្រាជ្ញ​រូប​នេះ ដោយ​ល្អិត​ល្អន់​សព្វ​គ្រប់។

ឧកញ៉ា​ទេព​ពិទូរ ឈឹម – ក្រសេម

ដក​ស្រង់​ចេញ​ពី ទស្សនាវដ្ដី​មិត្ត​សាលា​បាលី លេខ១ ឆ្នាំ​ទី២ ទំព័រ ៥៧ – ៦០។ ដែល​ចេញ​ផ្សាយ​នៅ​ពុទ្ធសករាជ ២៤៩៣ ត្រូវ​នឹង​គ្រិស្តសករាជ ១៩៥១។

4 thoughts on “ប្រវត្តិឧកញ៉ាវង្សាសារពេជ្ញ នង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s