ម្ដាយ​និង​កូន


ម្ដាយ គឺ​ជា​ស្ត្រី​អ្នក​មាន​គុណ​ជា​អនេក​លើ​កូន។ ក្នុង ១ ជាតិ​របស់​លោក ដែល​លោក​ខំ​ប្រកប​ការ​ងារ​ផ្សេងៗ​នោះ ក៏​ដើម្បី​ជា​ប្រយោជន៍​ដល់​កូន​ប៉ុណ្ណោះ។ បើ​កូន​បាន​ខ្ពស់​មុខ​ប្រកប​តាម​ដំបូន្មាន លោក​រមែង​រីករាយ​ចិត្ត ត្រជាក់​ចិត្ត​យ៉ាង​ក្រៃ​លែង។ បើ​កូន​អាប់​មុខ បាន​ទទួល​សេចក្ដី​ទុក្ខ លោក​រមែង​ទទួល​ទុក្ខ​ជាមួយ។ បើ​កូន​ខិល​ខូច ដើរ​ប្រឡែ​ប្រកោ​ប្រព្រឹត្ត​អាក្រក់​ផ្សេងៗ មិន​ស្ដាប់​បង្គាប់ លោក​រមែង​តែ​មាន​សេចក្ដី​ទុក្ខ​យ៉ាង​ធ្ងន់​បំផុត។ សេចក្ដី​ស្រលាញ់​របស់​លោក​ចំពោះ​កូន ជា​សេចក្ដី​ស្រលាញ់​យ៉ាង​ពិត​ប្រាកដ។ លោក​តែង​សន្ដោស​ដល់​កូន​ជា​និច្ច ទុក​ជា​កូន​ខុស​យ៉ាង​ណា ក៏​មិន​ហ៊ាន​សម្លាប់​កូន​ដែរ។ សូរ​សម្លេង​ដែល​កូន​ហៅ​ថា “ម៉ែៗ ម៉ាក់ៗ …..” រមែង​ធ្វើ​ឲ្យ​ចិត្ត​របស់​លោក​ទន់​ភ្លន់។ សេចក្ដី​សុខ​របស់​លោក តែង​នៅ​ត្រង់​សេចក្ដី​ខុស​របស់​កូន ទុក​ជា​នឿយ​ហត់យ៉ាង​ណា ក៏​ចេះ​តែ​ទ្រាំ​ទ្រ​បាន​ទាំង​អស់ ឲ្យ​តែ​កូន​បាន​សេចក្ដី​សុខ។ ពាក្យ​កាព្យ​ខាង​មុខ​នេះ ជា​ពាក្យ​ថ្ងូរ​របស់​មាតា​ដែល​ទុក្ខ​យ៉ាង​ធ្ងន់​ចូល​មកគ្រប​សង្កត់​សន្ដាត​ចិត្ត​របស់​លោក ក្នុង​កាល​ដែល​លោក​ឃើញ​កូន​ប្រព្រឹត្ត​អាក្រក់​ពេក៖

ពាក្យ​កាព្យ​បទ​ពាក្យ ៩

កូន​អើយ​កូន! នាង​បង្ក តែ​គ្រឿង​ក្ដៅ
ម៉ែ​ប្រដៅ ទូន្មាន​នាង យ៉ាង​នេះ​ឬ?
ម្ដេច​វង្វេង ស្រវឹង​យស គោះ​លែង​ឮ
វាយ​ឫក​ហ៊ឺ ធឺ​ខាង​ចាយ គ្មាន​សំចៃ។
មាន​ប៉ុន្មាន ចាយ​ទាល់​អស់ លក់​ខោអាវ
យក​លុយ​ប៉ាវ ភឿន​មិត្ត​ភក្ដិ គ្រប់​យប់-ថ្ងៃ
លុះ​អស់​ទៀត ចេញ​ស្នៀត​បោក អ្នក​ដទៃ
ម៉ែ​នឹង​ច្នៃ ក៏​លែង​កើត អស់​ផ្លូវកែ។
កាល​នៅ​តូច ម៉ែ​បីបម ថ្នម​ល្ងាច​ព្រឹក
គឺ​ផ្ងូត​ទឹក បំបៅដោះ រាល់​ថ្ងៃ-ខែ
លុះ​ល្មម​រៀន ក៏​ឲ្យ​រៀន តាម​ហូរ​ហែ
ដរាប​តែ បាន​សម្រេច សម​បំណង។
តែ​ស្រេច​ហើយ នាង​គ្មាន​គិត អាណិត​ម្ដាយ
ត្រឡប់​ក្លាយ ជា​ខិល​ខូច ខុស​អ្នក​ផង
គ្មាន​គិត​នឹក នឹង​តាំង​ខ្លួន ពេល​ណា​ម្ដង
ចិត្ត​ប៉ុន​ប៉ង តែសប្បាយ ចាយ​ហ៊ឺហា។
បាន​បុណ្យ​ថ្កើង រឹត​តែ​ឡើង ខាង​រឹង​ត្អឹង
ម៉ែ​មិន​ដឹង ជា​នឹង​គិត កែ​បែប​ណា
ប៉ុណ្ណឹងហើយ ល្មម​ឈប់​ទៅ! ស្ដាប់​មាតា
នាង​មេត្តា ដល់​ទ្រូង​ម៉ែ ដែល​ទុក្ខ​ក្រំ។
គ្រឿង​មាស​ប្រាក់ ម៉ែ​ក៏​លក់ ស្ទើរ​គ្មាន​សល់
យក​លុយ​ផ្ដល់ ឲ្យ​កូន​រៀន លុះ​ដល់​ធំ
ឯ​លុយ​ថ្មី ដែល​ម៉ែ​រក ដោយ​ខិត​ខំ
ទុក​សន្សំ គ្រាន់​ការ​ពារ នា​គ្រា​ក្រ។
ទាំង​ប្អូន​នាង ក៏​នៅ​តូច ត្រូវ​ពឹង​ម៉ែ
ម៉ែ​ត្រូវ​តែ ថែ​ទាំ​វា ជា​បន្ត
បែង​ប្រាក់​កាស ដែល​ម៉ែ​បាន ដោយ​កម្រ
ខំ​បង្ក ត​ទៅ​ទៀត ទំរាំ​ស្លាប់។
ម៉ែ​ប្រាថ្នា សរសើរ​គុណ បុណ្យ​កូន​ឯង
ដោយ​នឹក​ក្រែង ថា​កូន​ម៉ែ មិន​ឱន​អាប់
គង់​ថ្កើង​យយស ខ្ពស់​ឋានៈ យ៉ាង​ចំណាប់
ប្រព្រឹត្តិ​ច្បាប់ ត្រូវ​បំណង នៃ​មាតា។
បើ​នាង​ល្អ ទើប​ម៉ែ​បាន ក្ដី​សប្បាយ
ការ​នឿយ​ណាយ ដែល​ម៉ែ​ទ្រាំ ចិញ្ចឹម​បា
គឺ​ផ្ងូត​ទឹក បំបៅដោះ ទោះ​យ៉ាង​ណា
គង់​តែ​វា រសាយ​បាត់ ពី​សន្ដាន។
នាង​នឹង​បាន ជា​សិរី នៃ​ភ្នែក​ម៉ែ
មិន​ចាំ​តែ ថែ​ចិញ្ចឹម ម៉ែ​ប៉ុន្មាន
គ្រាន់​តែ​លះ ក្ដី​អាក្រក់ ពី​ក្នុង​ប្រាណ
គង់​រាប់​បាន ថា​ចិញ្ចឹម ចិត្ត​ម៉ែ​ហើយ។
ពុទ្ធោ​អើយ! ម៉ែ​ធ្លាប់​តែ សរសើរ​បា
តាំង​ចិត្ត​ថា នឹង​នាំ​កូន ឲ្យ​ដល់​ត្រើយ
តែ​កូន​គ្មាន បំណង​ល្អ ដល់​ម៉ែ​ឡើយ
កូន​ម៉ែ​អើយ! នាង​ក​កម្ម ខ្លួន​ឯង​ទេ។
កូន​អើយ​កូន! ម៉ែ​បាន​គិត មក​ខុស​សោះ
ពី​ដើម​នោះ ម៉ែ​សរសើរ បុណ្យ​បុព្វេ
ថា​បាន​នាង ជា​កូន​ប្រុស រៀន​ដូច​គេ
ឥឡូវ…ទេ! នាង​ច្រាន​ម៉ែ ចោល​ចេញ​ឆ្ងាយ។
ម៉ែ​ឆ្ងល់​ណាស់! នាង​សិក្សា បាន​ច្រើន​ដែរ
ម្ដេច​ក៏​បែរ ជា​អាក្រក់ ឱ! គួ​ស្ដាយ!
ចេះ​ច្រើន​ណាស់ រឹត​ខូច​ណាស់ គ្មាន​រសាយ
ហាក់​ដូច​ម្ដាយ ឲ្យ​កូន​រៀន រង​ទុក្ខ​ភ័យ។
ម៉ែ​ធ្វើ​បុណ្យ ខំ​ជ្រួច​ទឹក ផ្សាយ​កុសល
ឧទ្ទិស​ផល សុំ​ឲ្យ​កូន បាន​ប្រពៃ
លះ​អាក្រក់ ប្រព្រឹត្ត​ល្អ តាម​វិន័យ
ម៉ែ​រំពៃ ត្រៀម​ខ្លួន​ចាំ ទទួល​បា។
បើ​កម្ម​ធ្ងន់ មិន​បាត់​ខូច ក្នុង​ជាតិ​នេះ
ជាតិ​មុខ​អេះ ចូរ​កូន​ល្អ ណា៎​កូន​ណា៎!
កើត​ជា​កូន ម៉ែ​ទៀត​ចុះ ម៉ែ​មិន​ថា
ម៉ែ​ស្នេហា ស្មើ​ដួង​ចិត្ត នៃ​ម៉ែ​អើយ!!!

ចំណែក​សេចក្ដី​ស្រលាញ់​របស់​កូន​ចំពោះ​មាតា​វិញ ច្រើន​តែ​ជា​សេចក្ដី​ស្រលាញ់​ក្លែង​ក្លាយ​មិន​សូវ​ពិត​ប្រាកដ ផ្ទុយ​អំពី​សេចក្ដី​ស្រលាញ់​របស់​មាតា។ បើ​កូនមាន​ទុក្ខ ម្ដាយ​រមែង​បញ្ជូន​ដៃ​ជើង​ចូល​ទោ​ជួយ​ភ្លាម ដោយ​ឥត​ទាម​ទារ​សាគុណ​អ្វី​ឡើយ ឮ​ពោល​ម្យ៉ាង​ទៀត​ថា មាតា​តែង​មាន​គំនិត​គិត​ដល់​កូន​ជា​និច្ច។ ឯ​កូន​វិញ មិន​សូវ​មាន​ចិត្ត​ដូច្នោះ​ទេ ច្រើន​តែ​នឹក​ឃើញ​ដល់​មាតា ចំពោះ​តែ​ពេល​ខ្លះ សម័យ​ខ្លះ​ប៉ុណ្ណោះ ត្រូវ​នឹង​សុភាសិត​ខ្មែរ​ថា “ម្ដាយ​នឹក​កូន​ដូច​ច្រវា​ប្រដេញ, កូន​នឹក​ម្ដាយ​វិញ​ដូច​ព្រះ​ប្រែ​កាយ”។ កាល​កូន​នៅ​តូច ពេល​ដែល​មាតា​ទំនុក​បំរុង​គ្រប់​ប្រការ​នោះ គ្មាន​ឮ​ពាក្យ​របស់​មាតា​ថា “កូន​អញ​ជំពាក់​អញ​ប៉ុណ្ណេះ-ប៉ុណ្ណោះ” ឡើយ។ តែ​កាល​កូន​ធំ​ពេញ​រូប​រាង​ឡើង​ហើយ ត្រឡប់​ជា​ច្រើន​តែ​ឮ​ពាក្យ​របស់​កូន​ថា “ម៉ែ​អញ​ជំពាក់​អញ ប៉ុណ្ណេះ-ប៉ុណ្ណោះ” ដូច្នោះ​ទៅ​វិញ។ ទាំង​ការ​ប្រព្រឹត្ត​របស់​កូន​ចំពោះ​មាតា ទៀត​សោត​ក៏​មិន​ទៀង​ទាត់ ព្រោះ​គំនិត​កូន​មិន​មែន​ពឹង​ផ្អែក ជឿ ទុក​ចិត្ត ស្មោះ​ត្រង់​ចំពោះ​មាតា​ដោយ​ស្មោះ​អស់​ពី​ចិត្ត គ្រប់​តែ​ពេល​ទេ ចួន​កាល​មាន​ពេល​ខ្លះ ដាក់​ម្ដាយ​ថា​អន់​ជាង​ខ្លួន​ទៀត​ផង។ សេចក្ដី​ខាង​មុខ​នេះ ជា​គំនិត​របស់​កូន​ដែល​កើត​ឡើង​តាម​ខណៈៗ …

—ក្នុង () រវាង​អាយុ ១១ ឆ្នាំ៖ “ម៉ែ​អញ​នេះ​វិសេស​ណាស់ ការ​អ្វី​ក៏​គាត់​ដឹង​ទាំង​អស់”។
—ក្នុង​រវាង​អាយុ ១៦ ឆ្នាំ៖ “បើ​តាម​ពិត ម៉ែ​អញ​មិន​មែន​វិសេស​គ្រប់​យ៉ាង​ដូច​អញ​នឹក​ស្មាន​នោះ​ទេ, មែន​ហើយ! នឹង​ថា​ដឹង​គ្រប់​យ៉ាង​ទៅ​ក៏​មិន​ត្រូវ”។
—ក្នុង​រវាង​អាយុ ១៩ ឆ្នាំ៖ “ម៉ែ​អញ​តែង​នឹក​សំគាល់​ថា​ខ្លួន​គាត់​ត្រូវ​ជា​និច្ច តែ​បើ​តាម​ការ​ពិត គ្មាន​ចេះ​ដឹង​អ្វី​ច្រើន​ប៉ុន្មាន​ទេ អញ​ចេះ​ដឹង​វែង​ឆ្ងាយ​ទូលាយ​ជាង​គាត់”។
—ក្នុង​រវាង​អាយុ ២២ ឆ្នាំ៖ “ម៉ែ​អញ​ដូច​ជា​ប៉ិន​តែ​ខាង​មិន​ចូល​ចិត្ត​នឹង​មនុស្ស​កំឡោះ​ក្រមុំ​ប៉ុណ្ណោះ ដូច​ជា​ត្រាំ​ត្រែង​នៅ​ក្នុង​សម័យ​ចាស់​ហួស​ពេក រឿង​អ្វី​ក៏​មិន​ដឹង​ដែរ”។
—ក្នុង​រវាង​អាយុ ៣០ ឆ្នាំ៖ “បើ​ពោល​តាម​ពិត​ទៅ ម៉ែ​អញ​បញ្ចេញ​មតិ​អ្វីៗ បាន​ល្អ​ជា​ច្រើន​ប្រហែល​នឹង​អញ​ដែរ”។
—ក្នុង​រវាង​អាយុ ៥០ ឆ្នាំ៖ “ម៉ែ​អញ​វិសេស​មែនៗ ការ​អ្វីៗ ក៏​ពូកែ​ទាំង​អស់ មើល​ហេតុ​ការណ៍​ខាង​មុខ​ក៏​ឃើញ​បាន​យ៉ាង​ច្បាស់​លាស់, នឹង​ធ្វើ និយាយ គិត​អ្វី​ក៏​ត្រូវ​នឹង​ពេល​វេលា; ឱ! ម៉ែ​អើយ​ម៉ែ!” ។

ព្រះ​មហា​ឧត្តម​វិជ្ជា ប៉ឹង – ប៉ម

 (១). គំនិត​កូន​ទាំង​អស់​នេះ, ស្រង់​ចេញ​ពី​កាសែត​ថៃ​ឈ្មោះ ប្រជាករ, ថ្ងៃ​ចន្ទ ២ មករា ព.ស.២៤៩៣, ទំព័រ ៩។

(ដក​ស្រង់​ចេញ​ពី ទស្សនាវដ្ដី​មិត្ត​សាលា​បាលីឆ្នាំ​ទី៣ លេខ ៤,៥,៦ ។ បាន​បោះ​ពុម្ព​នៅ​ឆ្នាំ ១៩៥២)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s