កំណត់​ហេតុ៖ ដំណើរ​ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប គោល​បំណង​យក​ថវិកា​ជូន​ពេទ្យ​គន្ធបុប្ផា (ថ្ងៃ​ទី១)


– ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​២០១២

ទូរស័ព្ទ​បាន​រោទ៍​ឡើង​នៅ​ម៉ោង​៣ព្រឹក តែ​ខ្ញុំ​បាន​ក្រោក​មុន​នេះ​រួច​ស្រេច​ទៅ​ហើយ ព្រោះ​តែ​គេង​មិន​លក់​សោះ ទោះ​បី​ជា​ប្រឹង​យ៉ាង​ណា​ក៏​មិន​បាន បើ​គិត​ទៅ​មួយ​យប់​ហ្នឹង​ខ្ញុំ​គេង​បាន​តែ​២ម៉ោង​ប៉ុណ្ណោះ។ ក្រោក​មក​ភ្លាម​ខ្ញុំ​ក៏​ប្រញាប់​ប្រញាល់​រៀប​ចំ​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​និង​រៀប​ចំ​របស់​របរ​និង​សម្ភារ​ផ្ទាល់​ខ្លួន​ព្រម​ទាំង​កញ្ចប់​ខោអាវ។

រៀប​ចំ​ខ្លួន​រួច​ស្រេច​ហើយ​ក៏​ចុះ​ទៅ​បើក​ទ្វារ​ផ្ទះ​ឲ្យ​រួច ហើយ​ឡើង​មក​ចាំ​បង​ដារ៉ា រហូត​ដល់​ម៉ោង ៤:១០នាទី ទើប​គាត់​មក​ដល់​ផ្ទះ​ខ្ញុំ។ ខ្ញុំ​ក៏​លា​ម៉ាក់ រួច​ចុះ​ទៅ​ជួប​បង​ដារ៉ា​ហើយ​ក៏​បន្ត​ដំណើរ​ទៅ​រក​ឡាន​ដែល​គេ​ទៅ​ចាំ​យើង​មុន​នៅ​ឯ​មុខ​ បឋមសិក្សា​សន្ធរម៉ុក។ ខ្ញុំ​និង​បង​ដារ៉ា​ជា​អ្នក​ឡើង​ឡាន​មុន​គេ ^_^ បន្ទាប់​មក​យើង​ក៏​ឲ្យ​បង​តៃកុង​ឡាន​បន្ត​ទៅ​យក​មនុស្ស​នៅ​តាម​តំបន់​ផ្សេងៗ​ទៀត៖ ទួលគោក, វត្ត​សន្សំកុសល, ទួល​ទំពូង, ក្បែរ​វិមាន​ឯករាជ្យ និង គល់​ស្ពាន​ជ្រោយ​ចង្វារ។

ទម្រាំ​តែ​យក​មនុស្ស​គ្រប់​គ្នា​អស់​ហើយ ដល់​ម៉ោង​៥​ជាង​បាត់​ទៅ​ហើយ គម្រោង​ថា​ចេញ​ពី​ភ្នំពេញ​ឲ្យ​បាន​មុន​ម៉ោង៥​តែ​នៅ​តែ​អត់​បាន។

ក្នុង​ដំណើរ​នេះ​លោក​ពូ​ទេវ័ន្ត បាន​រៃ​អង្គាស​ប្រាក់​ម្នាក់ ៣០ដុល្លារ ជា​ប្រាក់​បដិភាគ​ទុក​ចាយ​វាយ​ក្នុង​ការ​ញ៉ាំ​អាហារ​ជុំ​គ្នា, ថ្លៃ​ឡាន និង ថ្លៃ​សណ្ឋាគារ។ អូ៎! ហើយ​ពូ​ទេវ័ន្ត​បាន​ធ្វើ​ម្ហូប​ប្រចាំ​ត្រកូល​របស់​គាត់ គឺ​សំឡ​សារ៉ាម៉ាន់ ហេហេ នឹក​ឡើង​ចង់​តែ​ញ៉ាំ​ទៀត​ទេ។

អ្ន​ក​ភ្នំពេញ​នៅ​ក្នុង​ឡាន​ទាំង​អស់ បាន​សើច​សប្បាយ​រីករាយ​ព្រោះ​ម្នាក់ៗ​ពូកែ​និយាយ​កំប្លែងៗ​ណាស់😀 ទៅ​ដល់​ស្គន់​ហើយ ក៏​ឈប់​ចាំ​អ្នក​កំពង់​ចាម​ពីរ​នាក់​ទៀត។ មួយ​សំទុះ​ក្រោយ​មក ពួក​គាត់​ក៏​មក​ដល់ ហើយ​ពេល​នេះ​យើង​ជុំ​គ្នា​ហើយ ដឹង​តែ​សើច​ផ្អើល​ឡានហ្មង។ អ្នក​ដែល​ចូលរួម​ក្នុង​ដំណើរ​នេះ​មាន​ដូច​ជា៖ បង​ដារ៉ា, ពូ​វីភី, បង​រាសី, ពូ​ទេវ័ន្ត, បង​គារវៈ, ខ្ញុំ, បង​លីនណា, បង​សុខុម, បង​សោភា, មិត្តភក្ដិ​បង​សោភា, បង​កណ្ដូប, បង​ដារិទ្ធិ, បង​ណារ៉ាក់, បង Honey Ke, បងថាវី និង បង​រដ្ឋា។

អ្នកកំពង់ចាមមកដល់

ថតរូបជុំគ្នានៅស្គន់

ទៅ​ដល់​សាលា​សំណាក់​មួយ​នៅ​ព្រំដែន​ស្រុក​តាំងគោក នៅ​វេលា​ម៉ោង៨ព្រឹក យើង​ក៏​ឈប់​សម្រាក​ញ៉ាំ​អាហារ​ពេល​ព្រឹក គឺ​សារ៉ាម៉ាន់​ជាមួយ​នឹង​នំប៉័ង។😀 ម្នាក់ៗ​ដូច​ឆ្ងាញ់​ណាស់ ព្រោះ​តែ​ឃ្លាន​ពេក ^_^ ។ សម្រាក​បាន​ប្រហែល ៤០នាទី យើង​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​លែង​ឈប់​សម្រាក​ទៀត​ហើយ …..

សំឡសារ៉ាម៉ាន់😀

សំឡសារ៉ាម៉ាន់😀

ប្រហែល​២ម៉ោង​ក្រោយ​មក គឺ​ម៉ោង១១:១៤នាទី យើង​ក៏​បាន​មក​ដល់​ស្ពាន​កំពង់ក្ដី (ស្ពាន​ប្រាប់ទិស ឬ ស្ពាន​ព្រះ​ទិស) ជា​ស្ពាន​ដែល​អាយុកាល​ពាន់​ឆ្នាំ​មក​ម្ល៉េះ។ ដើរ​មើល​ចុះ​មើល​ឡើង ថត​រូប​ចុះ​ឡើង​អស់​ពេល​ជិត​កន្លះម៉ោង​ទៀត​ហើយ។ ដើម្បី​កុំ​ឲ្យ​ខក​ម៉ោង​ច្រើនពូ ក៏​ហៅ​ឲ្យ​ឡើង​ឡាន​វិញ​ដើម្បី​ប្រញាប់​ទៅ​សណ្ឋាគារ​និង​អាល​បាន​ដើរ​លេង​នៅ​ប្រាសាទ​ឯ​ទៀតៗ។

មក​ដល់​ស្ពាន​កំពង់ក្ដី

មក​ដល់​ស្ពាន​កំពង់ក្ដី

ថត​លេង​មួយ​សិន មើល​ចាប​លើ​មេឃ

ម៉ោង ១២:២៥នាទី យើង​ក៏​បាន​មក​ដល់​សណ្ឋាគារ​ឈ្មោះ អេមឺរ៉ាត់ស៊ីធី។ ម្នាក់ៗ​ស្ទុះ​ស្ទា​រើឥវ៉ាន់​យក​ទៅ​ដាក់​ក្នុង​បន្ទប់​រៀងៗ​ខ្លួន​យ៉ាង​លឿន ណា​មួយ​ឃ្លាន​ផង ណា​មួយ​ចង់​ដើរលេង​នៅ​ឯ​ប្រាសាទ​ផង។ ដល់​ម៉ោង​ជាង​១ ក៏​ចុះ​មក​ក្រោយ​ដើម្បី​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ម្ដង លើក​នេះ​គ្មាន​អី​ខុស​ពី​មុន​ទេ ហេសហេស គឺ​នំប៉័ង​សំឡ​សារ៉ាម៉ាន់​ទៀត​ហើយ😀 មិន​ទ្រលាន់​ទេ​ព្រោះ​ដើម្បី​សន្សំ​ថវិកា​ទុក​អាហារ​ពេល​យប់​និង​ថ្ងៃ​ស្អែក។

សណ្ឋាគារ អេមឺរ៉ាត់ ស៊ីធី

សារ៉ាម៉ាន់​ទៀត​ហើយ😀

រួច​រាល់​ហើយ​ម៉ោង​ជាង២​ស្រេច ក៏​នាំ​គ្នា​ឡើង​ឡាន​យ៉ាង​រហ័ស បន្ទាប់​មក​ចាស់ៗ​ក៏​ចាប់​ផ្ដើម​សួរ​យោបល់​ថា​ចង់​ទៅណា។ ក្រោយ​ពី​ធ្វើ​ការ​តស៊ូមតិ​អស់​មួយ​សំទុះ​តូច​មក ក៏​សម្រេច​ថា​ទៅ​ប្រាសាទ​ព្រះខ័ន។ ដើម្បី​ទៅ​ប្រាសាទ​ព្រះខ័ន ឡាន​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ«វង់ធំ» ដែល​សំបូរ​ទៅ​ដោយ​ប្រាសាទ​ជា​ច្រើន។ មុន​នឹង​ទៅ​ដល់​ប្រាសាទ​ព្រះ​ខ័ន យើង​ក៏​បាន​ឈប់​ដើម្បី​ថត​រូប​បន្តិច​នៅ​ស្រះស្រង់​បន្តិច​ទុក​ធ្វើ​អនុស្សាវរីយ៍🙂 ។

ថត​នៅ​ស្រះស្រង់

ទម្រាំ​តែ​ទៅ​ដល់​ប្រាសាទ​ព្រះ​ខ័ននោះ ម៉ោង​៣​ជិត​កន្លះ​ទៅ​ហើយ។ ក្នុង​ដំណើរ​ទស្សនា​ប្រាសាទ​ព្រះ​ខ័ន យើង​មាន​លោក​ពូ​ទេវ័ន្ត​និង​លោក​ពូ​វីភី ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម😀 គាត់​បាន​ពន្យល់​យើង​យ៉ាង​ក្បោះ​ក្បាយ​អំពីចំណុច​សំខាន់ៗ។ ក្នុង​នោះ​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​គឺ​ក្នុង​ប្រាសាទ​ព្រះ​ខ័ន​ត្រង់​ ផ្លូវ​តូច​ចង្អៀត​មួយ បាន​នាំ​ទៅ​ដល់​និង​ឃើញ​រូប​ចម្លាក់​ព្រះ​នាង ឥន្ទ្រទេវី ដែល​ជា​ស្ត្រី​ខ្មែរ​មួយ​រូប​ក្នុង​សម័យ​អង្គរ មាន​ប្រាជ្ញា​ខ្ពស់​ចេះ​ដឹង​ជ្រៅ​ជ្រះគួរ​ឲ្យ​គោរព។ មួយ​ទៀត​គឺ​សំណង់​ដែល​មាន​ពីរ​ជាន់ ហើយ​នេះ​ជា​រឿង​គួរ​ឲ្យ​ស្ងើច​សរសើរ​ណាស់ ព្រោះ​ខ្ញុំ​មិន​ដែល​បាន​ឃើញ​ប្រាសាទ​ខ្មែរ​ណា​មួយ​ដែល​មាន​សំណង់​ពីរ​ជាន់​ ដូច​នេះ​ទេ នេះ​ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​បាន​ឃើញ។ លោក​ពូ​ទាំង​ពីរ​នៅ​តែ​បន្ត​ពន្យល់​យើង​តាំង​ពី​ផ្លូវ​ចូល​រហូត​ដល់​ចេញ​ពី​ ប្រាសាទ​វិញ។ ហាហាហា ថ្ងៃ​នោះ​ពិត​ជា​សប្បាយ​រីករាយ​ណាស់ រូប​ថត​ក៏​បាន​ច្រើន ហើយ​ក៏​ទទួល​បាន​ចំណេះ​ដឹង​មក​វិញ​ដែរ ព្រោះ​ខ្ញុំ​អត់​ចង់​ទៅ​មើល​ថ្ម​ទេ តែ​ខ្ញុំ​ចង់​ទៅ​មើល​អត្ថន័យ​នៃ​ប្រាង្គ​សិលា។😀

លោក​ពូ​ទេវ័ន្ត មគ្គុទ្ទេសក៍​របស់​ក្រុម ;-)

លោក​ពូ​ទេវ័ន្ត មគ្គុទ្ទេសក៍​របស់​ក្រុម😉

នៅ​ប្រាសាទ​ព្រះ​ខ័ន

រូប​ចម្លាក់​ព្រះ​នាង ឥន្ទ្រទេវី

នៅ​ប្រាសាទ​ព្រះ​ខ័ន

ម៉ោង​៥​ល្ងាច​ទើប​យើង​បាន​ចេញ​ផុត​ទី​ប្រាសាទ ហើយ​ប្រហែល​ម៉ោង​៥​កន្លះ​យើង​ក៏​បាន​ទៅ​ដល់​សណ្ឋាគារ។ ទៅ​ដល់​សណ្ឋាគារ​លើក​នេះ​គឺ​ត្រូវ​ប្រញាប់​ប្រញាល់​បំផុត​ម្នាក់ៗ ព្រោះ​ត្រូវ​ទៅ​ឲ្យ​ទាន់​ការ​សម្ដែង​របស់​លោក​វេជ្ជបណ្ឌិត Beat Richner ដែល​ជា​បុរស​ម្នាក់​ដ៏​អស្ចារ្យ បាន​ជួយ​ជីវិត​កុមារ​ខ្មែ​ររាប់​លាន​នាក់​តាំង​ពី​ឆ្នាំ ១៩៩២ មក​ម្ល៉េះ។ ម៉ោង ៦:២០នាទី យើង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មន្ទីរ​ពេទ្យ គន្ធបុប្ផាទី៣ ឬ ពេទ្យ​ជ័យ​វរ្ម័ន​ទី៧ ខ្ញុំ​បាន​ឆ្លៀត​យក​របស់​ឲ្យ​បង​ស្រី​ជីដូន​មួយ​នៅ​សៀមរាប ហើយ​យើង​ក៏​បាន​ជួប​ជាមួយ​នឹង​បុគ្គលិក​ពេទ្យ​នៅ​ទីនោះ ហើយ​បង​សោភា ពូ​ទេវ័ន្ត ពូ​វីភី បាន​ធ្វើ​ការ​សាកសួរ​អំពី​ដំណើរ​មក​ដល់​របស់​លោក Richner ។ ដំបូង​គាត់​គិត​ថា​សុំ​ជួប​លោក Richner ឲ្យ​បាន​មុន​ការ​សម្ដែង តែ​ដោយ​សារ​បញ្ហា​មួយ​ចំនួន​ទើប​ខាង​ពេទ្យ​ឲ្យ​យើង​ចាំ​ជួប​គាត់​ពេល​ចប់​កម្មវិធី ហើយ​យើង​ក៏យល់​ព្រម។

ទៅ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

បង​សោភានិង​បង​គារវៈ

នៅ​ក្នុង​សាល​សម្ដែង​នោះ ៩០% ជា​ជន​បរទេស​ទៅ​ហើយ ១០% គឺខាង​ក្រុម​របស់​ខ្ញុំ​ដែល​ជា​ជនជាតិ​ខ្មែរ។ មិន​ដឹង​ថា​ហេតុ​អី​បាន​ជា​អត់​មាន​ជនជាតិ​ខ្មែរ​មក​មើល​ច្រើន​ទេ​ហ្ន៎?:-/

ពេល​វេលា​ក៏​បាន​មក​ដល់, លោក Richner បាន​បោះ​ជំហាន​របស់​លោក​មួយៗ​យ៉ាង​ញាប់​ដើរ​សម្ដៅ​មក​កាន់​ឆាក ហើយ​បើក​ប្រអប់​ទុក Cello របស់​លោក។ រួច​មកគាត់​ក៏​ឈាន​ជើង​មួយៗ​ឡើង​កាំ​ជណ្ដើរ​ទៅ​អង្គុយ​លើ​កៅអី​មួយ​ខាង​លើ​ឆាក។ ការ​លេង Cello របស់​លោក សកម្មភាព​លេង​របស់​លោក ធ្វើ​ឲ្យ​យើង​ឃើញ​អំពី​ការ​អំណត់​របស់​លោក ទោះ​បី​គាត់​ចាស់​ហើយ តែ​គាត់​នៅ​តែ​ព្យាយាម​លេង Cello ដើម្បី​រក​ថវិកា​មក​ជួយ​កុមារ​ខ្មែរ​រាប់​ពាន់​នាក់​ដែល​បាន​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។ ក្រោយ​ពី​លេង Cello ចប់​ដោយ​អម​ជាមួយ​នឹង​ការ​និយាយ​មួយ​ចំនួន​របស់​លោក​រួច​មក ការ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​មួយ​បាន​ចាប់​ផ្ដើម និយាយ​អំពី «១៥ឆ្នាំ​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា» ដោយ​វីដេអូ​នេះ​បាន​បង្ហាញ​អំពី​ដំណើរ​ការ​នៃ​មន្ទីរពេទ្យ ការ​ព្យាយាម និង អំពី​សកម្មភាព​នានា​ក្នុង​រយៈ​ពេល ១៥ឆ្នាំ​មក​នេះ។ ពេល​ដែល​ខ្ញុំ​មើល​វីដេអូ​នេះ ខ្ញុំ​អួល​ដើម​ក​ស្ទើរ​ហូរ​ទឹក​ភ្នែក​មក ព្រោះ​ឃើញ​ភាព​លំបាក​នៃ​កុមារ​ខ្មែ​ររាប់​ពាន់​នាក់ ការ​ភ័យ​ព្រួយ​នៃ​ម្ដាយ និង​ការ​ព្យាយាម​របស់​ពេទ្យ​ដើម្បី​ជួយ​កុមារ​នោះ។

លោក Richner កំពុង​លេង Cello របស់​លោក

ពាក្យ​សម្ដី​មួយ​ដែល​លោក Richner និយាយ​ខ្ញុំ​ចាំ​បាន​ខ្លះៗ ក្នុង​នោះ​មាន​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​គឺ៖ “អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​មិន​ទាក់​ទង​នឹង​នយោបាយ” និង “ការ​ដែល​ខ្ញុំ​ឲ្យ​ប្រាក់ខែ​ច្រើន​ចំពោះ​បុគ្គលិក គឺ​ខ្ញុំ​ចង់​បំបាត់​ភាព​ពុក​រលួយ​ក្នុង​មន្ទីរ​ពេទ្យ”។ លោក​ក៏​បាន​និយាយ​ថា នឹង​មិន​ឲ្យ​មាន​អំពើ​ពុក​រលួយ​កើត​ឡើង​ក្នុង​មន្ទីរ​ពេទ្យ​ជា​ដាច់​ខាត។ ប្រាក់​ខែ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា សម្រាប់​បុគ្គលិក​មាន​ប្រហែលពី ២៥០ដុល្លារ ទៅ ១៨០០ដុល្លារ (មិន​សូវ​ច្បាស់​ព្រោះ​ភ្លេច) ។ សូម្បី​តែ​អ្នក​បោស​សម្អាត​ក៏​ទទួល​បាន​ប្រាក់​ខែ ២៥០ដុល្លារ ដែ។

ម៉ោង​ជាង​៩​ហើយ កម្មវិធី​នេះក៏​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ។ លោក Richner ក៏​បាន​ចេញ​ទៅ​សម្រាក​មួយ​ភ្លែត​មុន​នឹង​ជួប​យើង។ ដំបូងយើង​ភ័យ​ខ្លាច​តែ​លោក​មិន​ចេញ​មក​ទទួល​ថវិកា​ដោយ​ផ្ទាល់​ដៃ​ទេ តែ​ទីបំផុត​លោក​ពិត​ជា​ចេញ​មក នេះ​ជា​អ្វី​ដែល​យើង​រំភើប​បំផុត ហើយ​យើង​សប្បាយ​រីករាយ​បំផុត សូម្បី​តែ​លោក Richner គាត់​ក៏​ញញឹម​ហើយ​សប្បាយ​ចិត្ត​ដែរ។ ទឹកប្រាក់​ដែល​យើង​ជូន​មន្ទីរ​ពេទ្យ មាន​សរុប៖

  • ប្រាក់​រៀល៖ ៥,២៣៥,០០០៛
  • ប្រាក់​ដុល្លារ៖ ២៤៦៣ ដុល្លារ

បូក​ចូល​ទៅ​ប្រាក់​យើង​មិន​ដល់ ៤០០០ ដុល្លារ​ផង តែ​លោក​បាន​ទទួល​ស្វាគមន៍​យើង​យ៉ាង​រាក់​ទាក់​ជា​ទីបំផុត។ ហើយ​អ្វី​ដែល​យើង​កាន់​តែ​សប្បាយ​ចិត្ត​ទៀត​នោះ​គឺ​លោក​បាន​និយាយ​ពាក្យ “touching” មាន​ន័យ​ថា​រំភើប ហើយ​ពាក្យ​នេះ​គឺ​វា​មាន​អត្ថន័យ​ខ្លាំង​ណាស់។ លោក​បាន​អនុញ្ញាត​ឲ្យ​យើង​ថត​រូប​ជាមួយ ហើយ​ថែម​ទាំង​អរគុណ​ចំពោះ​ការ​បរិច្ចាគ​នេះ។ ទឹក​ទឹក​ប្រាក់​តិច តែ​ទឹក​ចិត្ត​យើង​ធំ។ លោក Richner គាត់​ស្ទើរ​តែ​មិន​ជឿ​ថា​យុវជន​ខ្មែរ​ជំនាន់​ក្រោយ បាន​រួម​គ្នា​បង្កើត​ក្រុម​បាន​ដូច្នេះ​សោះ​ឡើយ លោក​បាន​បង្ហាញ​ស្នាម​ញញឹម​ដ៏​មាន​ន័យ​មក​កាន់​ក្រុម​យើង​ខ្ញុំ​ទាំង​អស់​គ្នា។

លោក​វេជ្ជបណ្ឌិត Beat Richner

លោក​ពូ​វីភី ជួប​សំណេះ​សំណាល​ជាមួយ​លោក Richner

ថត​រូប​ជុំ​គ្នា​ជាមួយ​លោក​វេជ្ជបណ្ឌិត

ក្នុង​នាម​ខ្ញុំ​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម «យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា» សូម​ថ្លែង​អំណរ​គុណ​ចំពោះសប្បុរស​ជន​ទាំង​ឡាយ ដែល​បាន​បរិច្ចាគ​ប្រាក់​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​តាម​រយៈ​ក្រុម​នេះ​ផង និង​ដោយ​ឯកជន​ផង។ អ្វី​ដែល​យើង​ធ្វើ​គឺ​ដើម្បី​កុមារ​ខ្មែរ​ដែល​ជា​ទំពាង​ស្នង​ឫស្សី។ អរគុណ​ចំពោះលោក​គ្រូ​ពេទ្យ អ្នក​គ្រូពេទ្យ និង​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទីនោះ បាន​ជួយ​ទាក់​ទង​លោក Richner ដើម្បី​ឲ្យ​ក្រុម​ខ្ញុំ​អាច​ជួប​ជាមួយ​លោក​បាន។ សូម​អរគុណ​ចំពោះ​បងៗ​ពូៗ​ដែល​បាន​ចូលរួម​ធ្វើ​ដំណើរ​ជាមួយ​គ្នា ដើម្បី​នាំ​យក​ថវិកា​បរិច្ចាគ​នេះ​ទៅ​ដល់​ដៃ​លោក Richner ផ្ទាល់​នៅ​ឯ​ខេត្ត​សៀមរាប។

លោក​ពូ​ទេវ័ន្ត និង លោកRichner

លោក​ពូ​វីភី និង លោកRichner

នេះ​ពិត​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​សប្បាយ​ចិត្ត​ក្រៃលែង មិន​ថា​ខ្ញុំ មិន​ថា​ពូ មិន​ថា​បង មិន​ថា​បុគ្គលិក​នៅ​ទីនោះ សុទ្ធ​តែ​សប្បាយ​ចិត្ត ញញឹម​រហូត។ នេះ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​មោទនភាព​ក្រៃលែង។ ម្នាក់ៗ​អរ​នោះ​អរ ^_^

ចប់​ពី​ការ​ប្រគល់​ប្រាក់​ដល់​លោក Richner ហើយ​ក្រុម​ដំណើរ​ក៏​បន្ត​រក​ហាង​បាយ ហាហាហា ទម្រាំ​តែ​បាន​ចេញ​ពី​ពេទ្យ​គន្ធបុប្ផា​ម៉ោង​ប្រហែល ១០ ទៅ​ហើយ។ ដោយ​អំណាច​ទឹក​ចិត្ត​ចង់​ជួយ​មន្ទីរ​ពេទ្យ ធ្វើ​ឲ្យ​យើង​គ្មាន​នឹក​នា​ដល់​ការ​ឃ្លាន​សោះ ទាល់តែ​ឡើង​ឡាន​អស់​ហើយ​ទើប​នឹក​ឃើញ​ឃ្លាន😀 ។ ទៅ​ដល់​ហាង​បាយ ទម្រាំ​បាយ​រួច​ម៉ោង​១១​បាត់​ទៅ​ហើយ -_- អូ៎ ភ្លេច​ប្រាប់! ពេល​ទៅ​ដល់​សៀមរាប​បាន​ជួប​នឹង​អ្នក​សៀមរាប​ពីរ​បីនាក់​ដូច​ជា​បង អាពៅ(បូផា), បង​រីកា, បង​ហេង (មក​ពី​ប៉ោយ​ប៉ែត) ។

ដល់​ម៉ោង​បាយ​ហើយ ហាហាហាហា

ទៅ​ដល់​សណ្ឋាគារ​ម៉ោង​ជិត​១២​ហើយ ហាហាហា អ្នក​ខ្លះ​នៅ​លេង​បៀរ​ទៅ អ្នក​ខ្លះ​ទៀត​ក៏​ដេក​ទៅ ខ្ញុំក៏​ដេក​ដែរ ព្រោះ​អស់​កំលាំង​ពេក។………. រាត្រីសួស្ដី!!!

ចប់​ថ្ងៃ​ទីមួយ

33 thoughts on “កំណត់​ហេតុ៖ ដំណើរ​ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប គោល​បំណង​យក​ថវិកា​ជូន​ពេទ្យ​គន្ធបុប្ផា (ថ្ងៃ​ទី១)

  1. ស្រុកស្រែ

    ជាដំបូង ខ្ញុំ​សូម​គោរព និង​សរសើរ​នូវ​គំនិត​ផ្តួច​ផ្តើម​​សកម្មភាព​សប្បុរសធ៌ម​បែប​នេះ​ណាស់ ហើយ​អ្នក​មាន​ធនធាន​ទាំងឡាយ​​​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ គួរ​តែ​រៀន​ធ្វើ​បុណ្យ​បែប​នេះ…។ ដោយ​ពិត​ទៅ ក្រោយ​ពី​បាន​អាន​ព័ត៌មាន​ស្តីពី​មន្ទីរ​ពេទ្យ​គន្ធបុប្ជា​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ខាត​ថវិកា ខ្ញុំ​ក៍​មាន​គំនិតគិត​​ថា នឹង​ធ្វើ​ការ​វៃអង្គាស​​ប្រាក់​គ្នីគ្នា​ខ្ញុំ ដើម្បី​រួម​ចំណែក​ជួយ​មន្ទីរ​ពេទ្យ​នេះ ទៅ​តាម​លទ្ធភាព​ជាក់ស្តែង​ដែរ…។ តែ​មើល​ទៅ​ ខាង​ខ្ញុំ​ត្រូវ​យឺត​មួយ​ជំហាន​​ចាញ់​ក្មេង​ប្រុស​ខ្មែរ​ហើយ… :-D​​

    1. វិចូច អ្នក​សរសេរ​ប្រកាស

      ហាហាហា មិន​យឺត​ទេ​បង​ប្រុស យើង​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​កុមារ​ខ្មែរ។ មិន​មាន​អ្នក​ណា​យឺត​ឬ​លឿន​ឡើយ😉

  2. ពត៌មានទូរស័ព្ទ

    ខ្ញុំចាំថាអ្នកជំនួញធំ ស្រុកខ្មែរមានទ្រព្យសម្បត្តិ មិនតិចជាង ៧០០ ទៅ ១ពាន់លានដុល្លាទេ តែបើនិយាយពីទឹកចិត្ត ជួយខ្មែរ បែបអន់ជាង ប្អូនៗ ដែលបានបរិច្ចាកជួយខ្មែរ ខាងលើឡើយ ។ ខ្ញុំគិតថា ពួកអ្នកមាននឹង ដែលខ្ញុំបានជួបនឹងឃើញក្នុងហាងផឹកស៊ីវិញ សូម្បីតែលុយធិប ស្រីស្អាត ក៍មិនតិចជាង ៥០ដុល្លាទេ ។

  3. Pingback: មន្ទីរពេទ្យគន្ធបុប្ផា « vsthea

  4. somada

    ពិតជាគួរឲ្យសរសើរទឹកចិត្តយុវជនខ្មែរយើងណាស់ តែបើរាជរដ្ឋាភិបាលគាត់ជួយតែបន្តិចមក​ពិតជាអាចឲ្យគន្ធបុប្ផាដំណើរការទៀតមិនខាន ។ អូភ្លេចប្រាប់​បងបានយកអត្ថបទមួយនេះភ្ជាប់​ជាមួយប្លករបស់បងហើយ សុំទោសណាភ្ជាប់មុនទើបប្រាប់ជាក្រោយ ។​

    1. វិចូច អ្នក​សរសេរ​ប្រកាស

      ជិះ​ឡាន​១៥កៅអី ទៅ​គ្នា ១៦នាក់ ហាសហាសហាស ចាំ​លើក​ក្រោយ​ទៅ​បង ព្រោះ​ឮ​ថា​បើ​មាន​សំណើ​ច្រើន​នឹង​ទៅ​សៀមរាប​ទៀត ហើយ​ជួល​ឡាន ២៥កៅអី😀

  5. Pingback: អំពី​ក្រុម «យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា» « ក្មេង​ប្រុស​ខ្មែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s