ទស្សនៈ​ខ្ញុំ៖ ការ​ផ្លាស់​ប្ដូរ​ក្នុង​សង្គម​ខ្មែរ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ


ថ្ងៃ​នេះ​ខ្ញុំ​ចង់​បញ្ចេញ​ទស្សនៈ​ពី​ក្នុង​បាត​ជម្រៅ​នៃ​បេះដូង​របស់​ខ្ញុំ គឺ​ថា​សង្គម​ខ្មែរ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ពិត​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​មែន​ទែន ហើយ​មាន​ការ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ​ទាំង​អស់។ តើ​ការ​ផ្លាស់​ប្ដូរ​នេះ​មាន​ទៅ​លើ​អ្វី​ខ្លះទៅ?

ជា​ដំបូង​ខ្ញុំ​ចង់​រៀប​រាប់​បន្តិច​អំពី​ប្រវត្តិ​នៃ​ការ​ប្រើ​កុំព្យូទ័រ​និង​អ៊ីនធឺណិត​របស់​ខ្ញុំ។ ខ្ញុំ​ចាប់​ប្រើ​កុំព្យូទ័រ​ដំបូង​កាល​ពី​អាយុ​ប្រហែល​៧-៨​ឆ្នាំ (ខ្ទង់​ឆ្នាំ២០០៤) ដែល​កាល​នោះ​ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ម្នាក់​មិន​ទាន់​ដឹង​អ្វី​ច្រើន​នោះ​ឡើយ​ក្រៅ​អំពី​ទៅ​រៀន មក​ផ្ទះ បើក​កុំព្យូទ័រ (របស់​ពូ) ដើម្បី​លេង​ហ្គេម​និង​រៀន​វាយ​អក្សរ​អង់គ្លេស។ រហូត​មក​ដល់​ពេល​ខ្ញុំ​រៀន​ថ្នាក់​ទី៦ (ខ្ទង់​ឆ្នាំ​២០០៧) ខ្ញុំ​ក៏​ចាប់​ផ្ដើម​ដឹង​ឮ​អំពី​អ៊ីនធឺណិត ហើយ​ក៏​សួរ​នាំ​បង​ស្រី​អំពី​ការ​ប្រើ​វា រួច​បាន​ទៅ​រៀន​ប្រើ​វា​ដំបូង​នៅ​ក្នុង​ហាង​អ៊ីនធឺណិត​ខាង​មុខ​ផ្ទះ។ ការ​បន្ត​សួរ​នាំ​និង​ស្ដាប់​ឮ​តាម​បងៗ​និយាយ​អំពី​វា ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ដឹង​ចង់​ចេះ​បន្ថែម​លើ​នេះ ហើយ​ក៏​ចេះ​តែ​ឆ្លៀត​ទៅ​ហាង​អ៊ីនធឺណិត​ប្រើ​ក្នុង​កំឡុង​ពេល​រៀន​ថ្នាក់​ទី៩​និង​ទី១០។ នៅ​ពេល​នោះ​អក្សរ​យូនីកូដ​ខ្មែរ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន ដូច្នេះ​ខ្ញុំ​ក៏​បាន​ប្រើ​វា​ដែរ ហើយ​ក៏​វាយ​ស្រាវ​ជ្រាវ​ក្នុង​អ៊ីនធឺណិត​ដើម្បី​រក​អត្ថបទ​ជា​ភាសា​ខ្មែរ ហើយ​ក៏​ប្រទះ​ប្លក់​ខ្មែរ​ក្នុង WordPress ហើយ​ខ្ញុំ​ក៏​ស្វែង​យល់​អំពី WordPress បន្ត​ទៀត​ទើប​ខ្ញុំ​សម្រេច​ចិត្ត​បង្កើត​ប្លក់​មួយ​ទុក​ប្រើ​ផ្ទាល់ខ្លួន កាល​ពី​ដើម​ឆ្នាំ២០១០។ ដំបូង​ឡើង ខ្ញុំ​បាន​បង្កើត​ប្លក់​ឈ្មោះ sovichet.wordpress.com តែ​ក្រោយ​មក​មិន​ដឹង​យ៉ាង​ម៉េច​ខ្ញុំក៏​លុប​វា​ចេញ ហើយ​ចុះ​ឈ្មោះ​ប្រើ​វា​លែង​បាន ខ្ញុំ​ក៏​បង្កើត​ថ្មី​មួយ​ទៀត​គឺ sovichetlife.wordpress.com នេះ​ឯង។

ក្រោយ​ពេល​ដែល​ខ្ញុំ​ប្រឡូក​ក្នុង​ការ​សរសេរ​ប្លក់ មាន​អ៊ីនធឺណិត​ប្រើ​នៅ​ផ្ទះ ចុះ​ឈ្មោះ​ប្រើ​ហ្វេសប៊ុក និង​អាន​ព័ត៌មាន​តាម​សារ​ព័ត៌មាន​នានា ធ្វើ​ឲ្យ​ខ្ញុំ​សង្កេត​ឃើញ​បាន​ថា​សង្គម​ខ្មែរ​កំពុង​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​អ៊ូ វីរៈ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​ធ្លាប់​បាន​និយាយ​កន្លង​មក​ដែរ​អំពី​ការ​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​កាល​ពី​សប្ដាហ៍មុន (ថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៣) ។ បើ​យើង​លើក​យក​រឿង​ជាក់​ស្ដែង​មក​និយាយ៖

  • យុវជន​ចាប់​អារម្មណ៍​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ច្រើន (ហ្វេសប៊ុគ, កុំព្យូទ័រ)
  • ការ​បញ្ចេញ​សមត្ថភាព​របស់​យុវជន​ខ្មែរ​ទៅ​កាន់​ទី​សាធារណៈ
  • ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​កាន់​តែ​ទូលំទូលាយ តាម​រយៈ​អ៊ីនធឺណិត
  • ការ​ចូល​រួម​របស់​យុវជន​និង​ប្រជាជន​ខ្មែរ​ក្នុង​កម្មវិធី​សង្គម​នានា
  • ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ទីក្រុង
  • ប្រជាជន​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពួក​គេ​ក្នុង​ការ​តវ៉ា ប្រឆាំង និង​ទាម​ទារ​រាល់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​និង​មិន​ត្រូវ​ការ
  • បម្រែ​បម្រួល​យ៉ាង​ខ្លាំង​ក្នុង​ផ្នែក​នយោបាយ
  • រឿង​ក្ដី​ក្ដាំ​កើត​ឡើង​យ៉ាង​ចម្រូង​ចម្រាស

ចំណុច​ទាំង​ប៉ុន្មាន​នេះ​មិន​ទាន់​អស់​នោះ​ទេ មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​រាយ​តែ​ខ្ញុំ​នឹក​ពុំ​ឃើញ​អស់។ ៣​ឆ្នាំ​មុន ពេល​ខ្ញុំ​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​អ៊ីនធឺណិត​កាន់​តែ​ញឹកញាប់ ខ្ញុំ​ពុំ​ឃើញ​មាន​អ្វី​គួរ​ឲ្យ​ប្លែក​សោះ​ឡើយ ប្លក់​ក៏​នៅ​តិច ការ​ចែក​រំលែក​ព័ត៌មាន​ក៏​នៅ​មិន​ទាន់​ទូលាយ តែ​រំលង​បាន​មួយ​ឆ្នាំ​មក​ខ្ញុំ​បាន​សង្កេត​ឃើញ​ការ​ផ្លាស់​ប្ដូរ​កំពុង​ចាប់​ផ្ដើម​មាន​ឡើង​ម្ដង​បន្តិចៗ ហើយ​នៅ​តែ​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ហើយ​ចំណុច​ពិសេស​ដែល​ខ្ញុំ​សង្កេត​ឃើញ​ថា​រីក​ចម្រើន​ខ្លាំង​នោះ​គឺ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ដែល​ឥឡូវ​នេះ​កំពុង​លូត​លាស់​យ៉ាង​ខ្លាំង ឥឡូវ​យើង​មើល​ទៅ​ឃើញ​ថា​ក្មេង​ត្រឹម​អាយុ​២ឆ្នាំ អាច​ប្រើ iPad បាន​ទៅ​ហើយ។

ក្រៅ​អំពី​បច្ចេកវិទ្យា​នេះ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក៏​ចោទ​ឡើង​ថា​មាន​ការ​ប្រែ​ប្រួល​ផង​ដែរ។ ចាប់​តាំង​ពី​មាន​បញ្ហា​ជម្លោះ​អំពី​រឿង​ដី​បឹង​កក់​មក ប្រជាជន​ចាប់​ផ្ដើម​បង្កើត​នូវ​ការ​តវ៉ា​ជា​ទ្រង់​ទ្រាយ​បាតុកម្ម ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​ហាន​ក្លា​ថែម​ទៀត​ផង ជា​ពិសេស​ស្ត្រី។ ក៏​ប៉ុន្តែ​វា​ក៏​ចោទ​ជា​បញ្ហា​ផង​ដែរ ខ្ញុំ​មិន​អាច​និយាយ​ថា​បញ្ហា​ម្ដេច​ខ្លះ​ទេ សូម​បង​ប្អូន​អ្នក​អាន​ជា​អ្នក​គិត​ទៅ​ចុះ។

មួយ​វិញ​ទៀត ដោយ​សារ​សល់​តែ​ប៉ុន្មាន​ខែ​ទៀត​ដល់​រដូវ​កាល​បោះ​ឆ្នោត​ជា​សាកល ខ្ញុំ​ចង់​លើក​យក​រឿង​នេះ​មក​និយាយ​បន្តិច។ ផ្លាស់​ប្ដូរ… តើ​ផ្លាស់​ប្ដូរ​យ៉ាង​ម៉េច​ទៅ? ការ​ឌឺដង​គ្នា​រវាង​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ហាក់​ដូច​ជា​មិន​ប្ដូរ​ទេ តែ​ប្ដូរ​នោះ​ត្រង់​ថា​មនុស្ស​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ច្រើន​ក្នុង​បញ្ហា​នយោបាយ ពួក​គេ​បាន​បញ្ចេញ​មតិ​អំពី​រឿង​នេះ ពួក​គេ​បាន​ដឹង​ឮ​ច្រើន ហើយ​បើ​តាម​ខ្ញុំ​សង្កេត​មើល​ទៅ​ក៏​ឃើញ​ថា​យុវជន​ក៏​ចាប់​ផ្ដើម​បង្កើត​ជា​ចលនា​យុវជន​ជាដើម។

អ្វីៗ​ទាំង​អស់​តែង​តែ​មាន​មុខ​ពីរ តួ​យ៉ាង​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​ផង​ដែរ។ ដូច្នេះ​វា​ក៏​ជា​ការ​ល្អ​ហើយ​ក៏​ជា​ការ​អាក្រក់​មួយ​ដែរ ដែល​យើង​ជា​ប្រជា​ពលរដ្ឋ​ក្នុង​សង្គម​នេះ​និង​រដ្ឋាភិបាល​ត្រូវ​ប្រឈម ហើយ​រដ្ឋាភិបាល​ត្រូវ​រក​ដំណោះ​ស្រាយ​ដោយ​នីតិវិធី​និង​សន្តិវិធី​ដើម្បី​ដោះ​ស្រាយ​និង​សម្រួល​ការ​ផ្លាស់​ប្ដូរ​នេះ។ ដូច្នេះ​សរុប​សេចក្ដី​ទៅ​ខ្ញុំ​អាច​និយាយ​បាន​ថា ការផ្លាស់​ប្ដូរ​ទាំង​អម្បាល​ម៉ាន​នេះ​គឺ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​សង្គម​ខ្មែរ​សព្វ​ថ្ងៃ​នេះ ជា​ពិសេស​យុវជន​និង​ក្មេងៗ​ជំនាន់​ក្រោយ។

Advertisements

6 thoughts on “ទស្សនៈ​ខ្ញុំ៖ ការ​ផ្លាស់​ប្ដូរ​ក្នុង​សង្គម​ខ្មែរ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ

  1. យុវជន​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ទៅ​លើ​បញ្ហា​នយោបាយ​ច្រើន, តែ​ភាគ​ច្រើន​ គឺ​ពួក​ផ្កាប់មុខ, បញ្ចេញ​មតិ​ដោយ​ងប់ងល់​តែ​ម្ខាង ខ្វះ​សតិ​ពិចារណា​អោយ​ដល់​ទី​ជម្រៅ ។ ដោយ​ឡែក​តែ​យុវជន​មួយ​ចំនួន​ទៀត​មិន​ខ្ចី​ជ្រាប មិន​ខ្ចី​ធ្វើ​ដឹង អំពី​រឿង​សង្គម តែ​បែរ​ជា​ចាប់អារម្មណ៍​នឹង​ម៉ូដ​សក់ សម្ភារៈ និង​ការ​និយម​ Like Share ដែល​ជា​វត្ថុ​អរូបិយ​តាម​ប្រព័ន្ធ​អ៊ីន​ធើណេតឯណា​ឯណី​ទៅ​វិញ ។

  2. ខ្មែរមិនទាន់រីចំរើនគ្រប់វិស័យទេប្អូន។យើងកំពុងជាប់ក្រញាំបីសាចដែលតំាងពីឆ្នំា១៩៧៥រហូត
    មកទល់ពេលនេះ។ខ្មែរយើងខំរើបំរាស់យ៉ាងត្រដាបត្រដួស។ប្រជាជនក្រីក្រខ្មែរទូទំាងប្រទេសចំនួនជិតមួយលាននាក់កំពុងរស់នៅក្នុងខ្ទមក្រោយពេលដែលត្រូវរដ្ឋាភិបាលឈូសផ្ទះគេចោលធ្វើដីសម្បទាន
    ដល់ក្រមហ៊ុនយួននិងចិន។ប្រទេសខ្មែរយើងកំពុងធ្លាក់ចូលក្នុងរណ្ដៅកាន់តែជ្រៅទៅ អស់សង្ឃឹម។
    សូមអានសៀវភៅខាងក្រោមនេះអង្គការជានរណារបស់លោកយាយទៀងខ្មែរក្រោម៖http://api.ning.com/files/Mli5pM7T5XOt6fegybHvX6sSPSN17MWzsi5yVewA6zbxFq3c-1rgqNonKfcnkpY34que8tSvGHJ4ums5qzPi0WRHm0OVAB6M/_____________________________________________________1993.pdf

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s