វិថី​ជីវិត​ខ្ញុំ


ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អាយុ​ចេះ​តែ​កើន​ជា​លំដាប់។ ទើប​តែ​កើត​ពី​ថ្ងៃ​មុន​សោះ ឥឡូវ​រៀន​ឆ្នាំ​ទី​១​បាត់​ទៅ​ហើយ។ ជីវិត​ខ្ញុំ​សប្បាយ​រីករាយ​នៅ​ពេល​សប្បាយ ហើយ​កើត​ទុក្ខ​នៅ​ពេល​កើត​ទុក្ខ (និយាយ​ដូច​អត់​និយាយ)។ ភាព​ខ្ជិល​ច្រអូស (ពេល​ខ្លះ) គឺ​ជា​មិត្ត​នឹង​ខ្ញុំ។ ខ្ញុំ​តែង​គិត​ថា​ថ្ងៃ​មួយ​នឹង​ក្លាយ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ដូច​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​វា​មិន​អាច​ទៅ​រួច តែ​បើ​ខ្ញុំ​ប្រឹង​ប្រែង នោះ​ប្រាកដ​ជា​បាន (អ្នក​ណា​ក៏​និយាយ​អ៊ីចឹង)។

មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​រៀបរាប់ តែ​មិន​ដឹង​ថា​ត្រូវ​ចាប់​ផ្ដើម​ពី​ត្រង់​ណា​ទៅ​ទេ​នេះ! អ្ហឹម… គិត​ថា​ត្រង់​នេះ​ទៅ​មុន​ចុះ។ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា ហេតុ​អី​ពេល​ខ្លះ​ខ្ញុំ​មើល​មក​ជីវិត​ខ្លួន​ឯង ហាក់​ដូច​ជា​ខុស​ប្លែក​ពី​អ្នក​ដទៃ​អ៊ីចឹង? ត្រូវ​ហើយ កម្រ​នឹង​មាន​មនុស្ស​ណា​ដូច​គ្នា​ណាស់។ ខ្ញុំ​ចាត់​ទុក​ខ្លួន​ឯង​ជា​មនុស្ស​ខ្ជិល​ម្នាក់ ហើយ​វា​ជា​ការ​ពិត។ បើ​និយាយ​រឿង​រៀន​វិញ ពូកែ​រៀន ក៏​មិន​មែន រៀន​ពូកែ ក៏​មិន​អាច។ តែ​ខ្ញុំ​ដឹង​ត្រង់​ចំណុច​មួយ​ដែល​ខ្ញុំ​មាន​គឺ ពេល​ខ្ញុំ​ស្រលាញ់​ចូល​ចិត្ត​អ្វី ខ្ញុំ​តែង​ចំណាយ​ពេល​ដាច់​យប់ ដើម្បី​រៀន និង​ដោះស្រាយ​វា។ ប្រសិន​បើ​ខ្ញុំ​ប្រឹង​រៀន​មេរៀន​សាលា​អ៊ីចឹង​ដែរ​នោះ មិន​ដឹង​ជា​ពូកែ​ដល់​ណា​ទេ តែ​បាន​ត្រឹម​តែ​ស្រមៃ​ប៉ុណ្ណោះ។

ខ្ញុំ​តែង​មាន​ក្ដី​ស្រមៃ ហើយ​ក្ដី​ស្រមៃ​ខ្លះ ខ្ញុំ​មិន​ដឹង​ថា​សម្រេច​ដោយ​បែប​ណា​ទេ។ ខ្ញុំ​ស្រមៃ​ថា​ចង់​ក្លាយ​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​មួយ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ អាច​ផលិត​កម្មវិធី​ផ្សេងៗ​បាន។ ខ្ញុំ​ស្រមៃ​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន GOOGLE (គួរ​ឲ្យ​ចង់​សើច​ណាស់ 😆 )។ មាន​ក្ដី​ស្រមៃ​ខ្លះ​ដែល​ខ្ញុំ​បាន​សម្រេច ហើយ​ខ្ញុំ​ជឿ​លើ​ខ្លួន​ឯង​ថា ព្យាយាម​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​បាន ឬ​ធ្វើ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​យើង​ចង់​បាន មិន​យូរ​មិន​ឆាប់ វា​នឹង​លេច​ចេញ​រូបរាង​ឡើង។ ខ្ញុំ​បាន​អាន​ដប់​ម្ភៃ​ទំព័រ​ក្នុង​សៀវភៅ The Secret អំពី​ច្បាប់​នៃ​ការ​ទាក់ទាញ (Law of attraction) ។ គេ​ថា នៅ​ពេល​យើង​ព្យាយាម​គិត​អ្វី​ដែល​យើង​ចង់​បាន មិន​យូរ​ទេ​យើង​នឹង​សម្រេច​វា បើ​យើង​នៅ​តែ​រក្សា​គំនិត​វិជ្ជមាន​នោះ។ ប៉ុន្តែ​ច្បាប់​នេះ វា​មិន​គិត​លើ​ពាក្យ ចង់មិន​ចង់ ទេ។ បើ​យើង​គិត​ថា ខ្ញុំ​មិន​ចង់​ដេក​យប់​ជ្រៅ​ទេ យើង​នឹង​នៅ​តែ​ដេក​យប់​ជ្រៅ​រហូត តែ​បើ​យើង​ថា ខ្ញុំ​ចង់​ដេក​ឆាប់​ពី​ព្រលប់ ពេល​នោះ​យើង​នឹង​មាន​កម្លាំង​ចិត្ត​អាច​ដេក​ពី​ព្រលប់​បាន។ ខ្ញុំ​មិន​បាន​អាន​ច្រើន​ទេ អ៊ីចឹង​មិន​ដឹង​ថា​ម៉េច​ទៀត​ឡើយ។

នៅ​ពេល​ខ្លះ ខ្ញុំ​រអ៊ូ​ដាក់​ខ្លួន​ឯង​ថា ម៉េច​ក៏​មិន​ទៅ​រៀន​អង់គ្លេស​វិញ? ខ្ញុំ​ខាន​រៀន​អង់គ្លេស​បី​ឆ្នាំ​ជាង​ហើយ។ ពេល​ចង់​ទៅ​រៀន តែ​ដូច​ម៉េច​មិន​ដឹង។ នេះ​ខ្លួន​ខ្ញុំ​តែ​ប៉ុណ្ណឹង មិន​ដឹង​ថា​ត្រូវ​កែ​យ៉ាង​ម៉េច​ឲ្យ​បាន​ល្អ។ ឃើញ​គេ​ពូកែ​អង់គ្លេស ចេះ​តែ​មាន​អារម្មណ៍​ចង់​ចេះ​ដែរ។ ខ្ញុំ​តែង​ប្រាប់​ខ្លួន​ឯង​ថា ថ្ងៃ​ណាមួយ​នឹង​ទៅ​រៀន​វិញ។ ថ្ងៃ​ណា​ទៅ​ហ្ន៎? :-/

នៅ​ពេល​ខ្លះ ខ្ញុំ​ឃើញ​គេ​មាន​របស់​ល្អៗ​ជាង​ខ្លួន ចេះ​តែ​ចង់​មាន​ដូច​គេ​ដែរ ប៉ុន្តែ​ខ្ញុំ​តែង​ប្រាប់​ខ្លួន​ឯង​ថា អាហ្នឹង​ជា​របស់​ក្រៅ​ខ្លួន​ទេ ហើយ​បើ​ចង់​បាន គួរ​ព្យាយាម​រក​លុយ​ទិញ​ដោយ​ខ្លួន​ឯង​ទៅ។ ម្យ៉ាង​វិញ​ទៀត មនុស្ស​យើង​កើត​មក ប្រាកដ​ជា​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខុស​គ្នា ដូច្នេះ​ត្រូវ​សប្បាយ​រីករាយ​នឹង​អ្វី​ដែល​យើង​មាន ទើប​ប្រសើរ​ជាង​មើល​គេ ច្រណែន​គេ។ 🙂

ខ្ញុំ​ធ្លាប់​ចូល​រួម​ការងារ​សង្គម​មួយ​ចំនួន ហើយ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត មិន​ថា​ជា​កម្មវិធី​នៅ​ក្រៅ ឬ​ក៏​សកម្មភាព​ផ្សេងៗ​នៅ​លើ​អ៊ីនធឺណិត។ ការ​រួម​ចំណែក​ចែក​រំលែក​ឯកសារ​នានា មិន​ថា​តិច​ក្ដី ច្រើន​ក្ដី ក៏​រាប់​ថា​ជា​ការងារ​សង្គម។ ខ្ញុំ​ចេះ​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ អ៊ីចឹង​ពេល​ខ្លះ​ខ្ញុំ​ធ្វើ​ហើយ ចែក​រំលែក​ឲ្យ​គេ​ប្រើ​សេរី។ ពាក្យ “សេរី” ជា​ពាក្យ​ដែល​ខ្ញុំ​ពេញ​ចិត្ត​ក្នុង​ចំណោម​ពាក្យ​ផ្សេងៗ​ទៀត។

ខ្ញុំ​បាន​កំណត់​គោល​ដៅ វិថី ផ្លូវ ដំណើរ​ជីវិត​ខ្ញុំ​បាន​មួយ​ចំនួន​ហើយ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​ធ្វើ​វា​បាន ទោះ​បី​រឿង​ខ្លះ​ហាក់​ដូច​ជា​មិន​គួរ​ឲ្យ​ជឿ​ថា​នឹង​អាច​កើត​ឡើង​ក្ដី។ កាល​នៅ​រៀន​វិទ្យាល័យ ខ្ញុំ​គិត​ថា​ចង់​ចូល​រៀន​មហាវិទ្យាល័យ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ហើយ​ពេល​នេះ​ខ្ញុំ​សម្រេច​បាន​ហើយ។ កាល​នៅ​រៀន​វិទ្យាល័យ ខ្ញុំ​ក៏​គិត​ដែរ​ថា​ចង់​មាន​ការងារ​ធ្វើ​នៅ​ឆ្នាំ​ទី១ ហើយ​ឥឡូវ​ខ្ញុំ​មាន​ការងារ​ធ្វើ​មែន។ ប៉ុន្តែ​ពេល​នេះ ខ្ញុំ​បាន​គិត​ហើយ​ថា នៅ​ពេល​ចប់​ឆ្នាំ​ទី១ និង​ចប់​គម្រោង​ការងារ ខ្ញុំ​នឹង​ចាប់​ផ្ដើម​ស្វែងរក​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស។ មិន​ដឹង​ថា​មនុស្ស​ខ្ជិល​ដូច​ខ្ញុំ​អ៊ីចឹង អាច​រក​អាហារូបករណ៍​បាន ឬ​អត់​ទេ។ 🙂

បើ​និយាយ​អំពី​រឿង​ស្នេហា​វិញ ជា​រឿង​ដែល​គេ​តែង​និយាយ តែ​ខ្ញុំ​គ្មាន​ទេ។ មិន​ដឹង​ថា​ជឿ​ខ្ញុំ ឬ​អត់? នៅ​ពេល​នេះ មាន​ខ្លួន​មួយ​ដូច​ស្រួល​ដែរ មិន​សូវ​ខ្វល់​ច្រើន ខំ​តែ​រៀន និង​ធ្វើ​ការ​ទៅ​បាន​ហើយ។ ខ្ញុំ​ចូល​ចិត្ត​តែ​រឿង​សប្បាយ​រីករាយ តែ​ក៏​មាន​ពេល​ខ្លះ ខ្ញុំ​ត្រូវ​បណ្ដែត​ខ្លួន​ទៅ​នឹង​អារម្មណ៍​ទុក្ខ​សោក​ខ្លះ​ដែរ ព្រោះ​ជីវិត​យើង​មិន​គួរ​ណា​សប្បាយ​រហូត​ទេ។ ត្រូវ​ទេ?

នៅ​ត្រង់​នេះ ខ្ញុំ​មិន​មែន​និយាយ​អួត​ទេ។ មាន​អ្នក​ស្គាល់​ខ្ញុំ​មួយ​ចំនួន គាត់​បាន​សរសើរ​ខ្ញុំ​ពូកែ ឆ្លាត … ប៉ុន្តែ​ខ្ញុំ​មិន​គិត​ខ្លួន​ឯង​ថា​ជា​មនុស្ស​ពូកែ និង​ឆ្លាត​ទេ។ ខ្ញុំ​គ្រាន់​តែ​ចេះ​ដឹង​នេះ​បន្តិច នោះ​បន្តិច​ប៉ុណ្ណោះ។ ខ្ញុំ​ធ្លាប់​ត្រូវ​បាន​សម្ភាស​ដោយ​សារព័ត៌មាន​មួយ​ចំនួន (វិទ្យុ​អូស្ត្រាលី, កម្មវិធី​វិទ្យុ​សិទ្ធិមនុស្ស, កម្មវិធិ​វិទ្យុ​ខុមហ្វ្រែល, កាស្សែត…) ហើយ​ទាំង​នេះ​មិន​មែន​ដោយ​សារ​ខ្ញុំ​ពូកែ និង​ឆ្លាត​ទេ វា​គ្រាន់​តែ​កើត​ឡើង​នៅ​ពេល​ខ្ញុំ​មាន​សកម្មភាព​ក្នុង​ការងារ​មួយ​ចំនួន​ប៉ុណ្ណោះ។ ព្រោះ​ខ្ញុំ​មិន​ដែល​រកឃើញ​ចំណុច​ពិសេស​របស់​ខ្លួន​ឯង ឬ​លក្ខណៈ​ត្រង់​ណាមួយ​ដែល​គិត​ថា​គេ​ត្រូវ​សរសើរ​ទេ។ ខ្ញុំ​ជឿ​ថា មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ឆ្លាត និង​ពូកែ តែ​ទៅ​លើ​ជំនាញ​ខុសៗ​គ្នា ដូច្នេះ​នរណា​ក៏​ជា​មនុស្ស​ឆ្លាត និង​ពូកែ​ដែរ។

អ្ហឹម… ហាក់​ដូច​ជា​វែង​ពេក​ហើយ​អំពី​រឿង​ជីវិត​ខ្ញុំ។ ខ្ញុំ​គិត​ថា​ជីវិត​ខ្ញុំ គ្រាន់​តែ​ជា​ជីវិត​យ៉ាង​សាមញ្ញ​មួយ ដែល​ខ្ញុំ​សប្បាយ​រីករាយ​ជាមួយ​វា។ មិន​ខ្ពស់​ពេក មិន​ទាប​ពេក សម​ល្មម។ ជីវិត​របស់​យើង អាច​ប្រែប្រួល​បាន​អាស្រ័យ​លើ​សកម្មភាព​របស់​យើង។ នៅ​ក្នុង​ច្បាប់​នៃ​ការ​ទាក់ទាញ គេ​ថា បើ​យើង​ចង់​ឲ្យ​ខ្លួន​យើង​ផ្លាស់​ប្ដូរ ជីវិត​យើង​ផ្លាស់​ប្ដូរ គឺ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ការ​គិត​ជាមុន​សិន។ គិត​ល្អ នឹង​ឃើញ​រឿង​ល្អ គិត​អាក្រក់ នឹង​ឃើញ​តែ​រឿង​អាក្រក់។ ប៉ុន្តែ​មាន​រឿង​មួយ​ដែល​ខ្ញុំ​សប្បាយ​ចិត្ត ត្រង់​ថា​ខ្ញុំ​បាន​ប្រើ​បណ្ដាញ​សង្គម (Facebook, ប្លក់, …) ទាំង​នោះ ដើម្បី​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ។ ខ្ញុំ​បាន​ស្គាល់​មនុស្ស​យ៉ាង​ច្រើន ហើយ​យើង​បាន​បង្កើត​មិត្តភាព​យ៉ាង​ជិត​ស្និទ្ធិ ហើយ​ថែម​ទាំង​បាន​រៀបចំ​ការងារ​សង្គម​ខ្លះ​ជាមួយ​គ្នា​ទៀត​ផង។ ក្រៅ​ពី​នេះ ខ្ញុំ​ថែម​ទាំង​សប្បាយ​ចិត្ត​នៅ​ពេល​បាន​ស្គាល់​មិត្តភក្ដិ​នៅ​សាលា​ជា​ច្រើន ដែល​ពួក​គេ​សុទ្ធ​តែ​មាន​បទពិសោធ និង​គួរ​ឲ្យ​ចង់​រាប់​អាន។ និយាយ​ដល់​ត្រឹម​នេះ ខ្ញុំ​ដូច​ជា​មាន​អារម្មណ៍​ថា ជីវិត​ខ្ញុំ​មាន​ន័យ​ខ្លះ​ហើយ។

មើល​ទៅ ហាក់​ដូច​ជា​អស់​អ្វី​ដែល​ខ្ញុំ​ចង់​សរសេរ​រៀប​រាប់​ហើយ ឬ​ក៏​មិន​ដឹង​ថា​ត្រូវ​សរសេរ​អ្វី​ទៀត។ អរគុណ​ដែល​បាន​អាន​កំណត់​ហេតុ​ដ៏​វែង និង​គ្មាន​គោល​បំណង​ច្បាស់​លាស់​របស់​ខ្ញុំ។ 🙂

Advertisements

11 thoughts on “វិថី​ជីវិត​ខ្ញុំ

  1. ង៉ាស់ៗៗបងចូលចិត្ត!!អូនឯងសំណាងហើយបងអាយុ២៣ឆ្នាំហើយនៅមិនទាន់ចូលរៀនមហាវិទ្យាល័យផង!!មិនដឹងថាវាមានរស់ជាតិបែបម៉េចទេ។ប្រឡងអាហារូបករណ៍ក៏ធ្លាក់!!ជីវិតជួលកាលគួរអោយចង់ជេរណាស់ហាហាហហាហា!!!
    តាំងពីស្គាល់អូន៤ឆ្នាំមកបងនៅតែសរសើរអូនរហូត!!ហិហិហិ

  2. និយាយគួរឲស្រលាញ់មែន! ខ្ងុំអានម្នាក់ឯង សើចម្នាក់ឯង មិនដឹងខ្លួនទៅហើយ​ 🙂

    • អ្នកបញ្ចេញមតិនេះបែបស្រលាញ់ខ្ចូចហើយមើលទៅ

  3. Is it true that you read the secret by Rhonda Byrne? I really love the book and I do believe that the law of attractions exist and work. It works for me and it will work for you also. Since you are already on the blog you are on the way to google company already.

  4. feeling like ‘read hery douch ourt read jeng’ cos of writter neng hery ‘write douch ourt write’. 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s