ចូល​រៀន​និង​ចូល​ធ្វើ​ការ


ពេល​វេលា​ដែល​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ បាន​មក​ដល់​ហើយ។ សាលា​បាន​ចាប់​ផ្ដើម​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ តែ​ខ្ញុំ​ត្រូវ​ទៅ​រៀន​នៅ​សាល​ធំ​អំពី​វិន័យ​និង​មេរៀន​មួយ​ចំនួន​ទាក់​ទង​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គ្រឿងញៀន និង​ជំងឺ​អេដស៍ ហើយ​ចុង​ក្រោយ​នោះ​គឺ​ទាក់ទង​នឹង​ការ​ស្រាវ​ជ្រាវ​ឯកសារ​នៅ​បណ្ណាល័យ។ លុះ​សប្ដាហ៍​ក្រោយ​ទើប​ចាប់​ផ្ដើម​ចូលរៀន​តាម​បន្ទប់​វិញ។ ខ្ញុំ​បាន​ជ្រើស​រើស​យក​មុខ​វិជ្ជា វិទ្យាសាស្ត្រ​កុំព្យូទ័រ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)។ រឿង​មួយ​ទៀត​ដែល​គួរ​ឲ្យ​រីករាយ​សម្រាប់​ខ្ញុំ​នោះ គឺ​ខ្ញុំ​ត្រូវ​បាន​ហៅ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​គម្រោង SPICE ឯ​អង្គការ វិទ្យាស្ថាន​បើក​ទូលាយ (Open Institute) កាល​ពី​មុន​ថ្ងៃ​ចូលរៀន​ម្ល៉េះ។ ហើយ​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ទីមួយ​ដែល​ខ្ញុំ​បាន​ចូល​ធ្វើ​ការ។ ខ្ញុំ​ធ្លាប់​គិត​ស្រមៃ​ចង់​ធ្វើ​ការ​នៅទីនោះ​ជា​យូរ​មក​ហើយ ហើយ​ឥឡូវ​នេះ​ក្ដីស្រមៃ​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត។ 🙂 នៅ​ពេល​នេះ​ជីវិត​ខ្ញុំ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ជា​បណ្ដើរៗ​ហើយ សភាព​ខ្ជិល​ច្រអូស​ទាំង​ឡាយ​ត្រូវ​តែ​ជម្រះ​វា​ចេញ​ឲ្យ​បាន។ ដោយ​ហេតុ​ខ្ញុំ​ជាប់​អាហារូបករណ៍​នៅ​សាកល​ផង ដូច្នេះ​ត្រូវ​ខំប្រឹង​រៀន​ឲ្យ​បាន​ច្រើន ហើយ​បាន​ចូល​ធ្វើ​ការ​ថែម​ទៀត​នោះ ដូច្នេះ​លែង​មាន​ពេល​ទំនេរ​អង្គុយ​ដក​ដង្ហើម​លេង​បាន​ដូច​មុន​ទៀត​ទេ។ ក្រៅ​ពីនេះ​ខ្ញុំ​នៅ​មាន​ក្ដីស្រមៃ​និង​គម្រោង​ផ្ទាល់​ខ្លួន​ជា​ច្រើន​ដែល​មិន​ទាន់​បាន​ធ្វើ និង​មិ​នទាន់​ធ្វើ​រួច។ ដូច្នេះ​ខ្ញុំ​នឹង​ចំណាយ​ពេល​ដែល​មាន​ទាំង​ប៉ុន្មាន​ដើម្បី​សម្រេច​គម្រោង​ទាំង​ឡាយ​នោះ ឲ្យ​វា​ចេញ​ជា​រូបរាង​ឡើង ព្រោះ​គម្រោង​ទាំង​នោះ​សុទ្ធ​តែ​ផ្ដល់​ប្រយោជន៍​ដល់​សង្គម, តិច​តួច​ប៉ុណ្ណោះ។ 😉

ក្ដី​សង្ឃឹម…


ក្ដី​សង្ឃឹម... នរណា​ក៏​មាន​វា​ដែរ ហើយ​ខ្ញុំ​ក៏​មាន​ដែរ។ ពេល​ខ្លះ ខ្ញុំ​តែង​សង្ឃឹម តែង​ស្រមៃ តែ​ប្រាថ្នា ថា​នឹង​ធ្វើ​អ្វី​មួយ​ឲ្យ​បាន។ ប៉ុន្តែ​ការ​ធ្វើ​អ្វី​មួយ​ឲ្យ​សម្រេច​បាន វា​រមែង​ប្រទះ​នឹង​ឧបសគ្គ​មួយ​ចំនួន ចួន​ធំ ចួនតូច ទៅ​តាម​ទំហំ​នៃ​អ្វី​ដែល​យើង​ចង់​ធ្វើ។ មាន​រឿង​ច្រើន​ណាស់ ដែល​ខ្ញុំ​ចង់​ធ្វើ ចង់​សម្រេច ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ឯង​ផង និង​មនុស្ស​ជុំវិញ​ខ្លួន​ផង។ ពេល​ខ្លះ​ខ្ញុំ​ខក​ចិត្ត ពេល​ខ្លះ​ខ្ញុំ​សប្បាយ​ចិត្ត ពេល​ខ្លះ​ខ្ញុំ​គិត​មិន​ចេញ... ខ្ញុំ​តែង​ព្យាយាម​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​កុំ​ឲ្យ​សប្បាយ​ជ្រុល​ជាមួយ​នឹង​អ្វី​ពេក កុំ​ឲ្យ​បាក់​ទឹក​ចិត្ត​ជាមួយ​នឹង​អ្វី​ពេក។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខ្ញុំ​សង្កេត​មើល​ឃើញ​ថា ខ្លួន​ខ្ញុំ​កំពុង​ផ្លាស់​ប្ដូរ​បន្តិច​ម្ដងៗ ទាំង​ចិត្ត គំនិត។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​នៅ​តែ​ជា​ខ្ញុំ​ដដែល។ ពេល​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​តែង​ដឹង​ជានិច្ច​ថា​រឿង​ហ្នឹង​ខុស​ឬ​ក៏​ត្រូវ តែ​មិន​មែន​គ្រប់​ពេល​នោះ​ទេ ព្រោះ​ចួន​កាល​អាច​ភ្លេច​ក៏​ថា​បាន។ មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​និយាយ​ពី​រឿង​ដែល​ថា មនុស្ស​នេះ​ពីមុន​អ៊ីចេះ ដល់​ឥឡូវ​ក្លាយ​ជា​អ៊ីចុះ។ ខ្ញុំ​មិន​ចង់​ក្លាយ​ទៅ​ជា​មនុស្ស​បែប​នេះទេ ខ្ញុំ​នៅ​តែ​ព្យាយាម​ឲ្យ​នៅ​តែ​ជា​ខ្ញុំ​ដដែល។ ដដែល​នោះ​គឺ អាកប្បកិរិយា ចិត្ត​គំនិត ដែល​ចង់​ធ្វើ​អ្វី​មួយ​បាន​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ និង​ធ្វើ​ជា​មនុស្ស​ដែល​អ្នក​ផង​ស្រលាញ់​រាប់​អាន។ ក្ដី​សង្ឃឹម​របស់​ខ្ញុំ​គ្មាន​ព្រំដែន ខ្ញុំ​តែង​ចង់​បាន​អ្វីៗ​ជា​ច្រើន... សំលៀក​បំពាក់ វត្ថុ​ប្រើ​ប្រាស់ ចំណេះ​ដឹង ។ល។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​សល់​ពេល​វេលា​ច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ, ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​ធ្វើ​រឿង​ទាំង​អស់​នោះ​បាន នៅ​ពេល​ខ្ញុំ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​អនាគត ហើយ​ខ្ញុំ​រឹត​ទាំង​ដឹង​ថា​ខ្ញុំ​នឹង​អាច​រក​លុយ​ដើម្បី​ទិញ​អ្វី​ដែល​ខ្ញុំ​ចង់​បាន ក្នុង​ពេល​អនាគត។ ក្ដី​សង្ឃឹម​របស់​ខ្ញុំ​វា​តែង​កើត​ឡើង​សម្រាប់​អនាគត​ច្រើន​ជាង​ពេល​បច្ចុប្បន្ន … Continue reading ក្ដី​សង្ឃឹម…

Cambodia’s Got Talent ?


ប្រហែល​ជា​អ្នក​ធ្លាប់​ឮ​និង​ធ្លាប់​ឃើញ​ហើយ​ពី​កម្មវិធី America's Got Talent , Britain's Got Talent, Thailand's Got Talent និង​​ផ្សេងៗ​ទៀត។ មុន​នេះ​ខ្ញុំ​ឃើញ​ព័ត៌មាន​គេ​ចែកចាយ​នៅ​ក្នុង Facebook ទាក់​ទង​នឹង​កម្មវិធី Cambodia's Got Talent និង Cambodian Idol ។ បើ​តាម​វេបសាយ​ព័ត៌មាន Khmer Note បាន​សរសេរ​ថា [...] ក្រុមហ៊ុន FremantleMedia International បានផ្តល់សិទ្ធិអោយ ប្រទេសកម្ពុជា និង​ប្រទេស​ភូមា​ជា​លើក​ដំបូង​នូវ​កម្មវិធី Cambodian Idol និង​កម្មវិធី Cambodia’s Got Talent [...] កម្មវិធី​ទាំង​២​នេះ​នឹង​ចាប់​ដំណើរ​ការ​នៅ​ឆ្នាំ ២០១៤ ដោយ​សហការជាមួយក្រុមហ៊ុន Hang Meas Group ដែល​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍ ហង្សមាស HDTV [...] នេះ​ជា​ព័ត៌មាន​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។ ជា​រៀងរាល់​ឆ្នាំ ខ្ញុំ​តែង​តាម​ដាន​កម្មវិធី​ទាំង​នេះ​តាម​រយៈ Youtube ព្រោះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ហើយ​ល្អ​មើល​ថែម​ទៀត។ … Continue reading Cambodia’s Got Talent ?

«រត់» – Arom Film


«រត់» គឺ​ជា​ខ្សែ​ភាពយន្ដ​បិសាច (zombie) ដែល​ផលិត​និង​ដឹកនាំ​ដោយ​ផលិតករ​ជនជាតិ​ខ្មែរ។ រឿង​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ខាង​មុខ​នេះ... http://www.youtube.com/watch?v=i9AnGOhYxvs

ចូល​កម្មវិធី​វិទ្យុ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា


កាល​ពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ខ្ញុំ​ត្រូវ​បាន​ខាង មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​ចូល​រួម​ក្នុង​កម្មវិធី​វិទ្យុ​ស្ដី​អំពី​បទ​ពិសោធន៍​នៃ​ការ​សរសេរ​ប្លុក និង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​លើ​អ៊ីនធឺណិត។ នេះ​ជា​លើក​ទី២ ដែល​ខ្ញុំ​ត្រូវ​បាន​ខាង​វិទ្យុ​ហៅ​ឲ្យ​ចូលរួម​និយាយ​ផ្ទាល់។ ស្ដាប់​សំឡេង

ចូល​វិទ្យុ…


ពីម្សិល​មិញ​នេះ​ខ្ញុំ​បាន​ចូល​វិទ្យុ «ការ​ផ្សាយ​សំឡេង​សង្គម​ស៊ីវិល» ក្នុង​កម្មវិធី «ទៅ​ឬ​មិន​ទៅ» ដែល​មាន​បង​សុភ័ក្ត្រ ជា​អ្នក​សម្រប​សម្រួល។ ប្រធាន​បទ​កាល​ពី​ម្សិល​មិញ​គឺ​មិន​បាន​លើក​យក​អំពី​រឿង​នយោបាយ​មក​និយាយ​ទេ ផ្ទុយ​ទៅវិញ​គឺ​បាន​លើក​យក​ប្រធានបទ​ទូទៅ​មួយ​ដែល​យុវជន​កំពុង​ជួប​ប្រទះ​ គឺ​ការ​ជ្រើស​រើស​សាកលវិទ្យាល័យ​សម្រាប់​យុវជន​ដែល​ទើប​ចប់​ថ្នាក់​ទី១២។

ដើរ​ជិត​៧​គីឡូម៉ែត​នៅ​ភ្នំពេញ


ល្ងាច​មិញ​ក្រោយ​ពី​ចុះ​ទៅ​តំបន់​ច្រាំង​ចំរេះ​ទី១ ដើម្បី​បំពេញ​ការងារ​ក្នុង​គម្រោង​ស្ម័គ្រ​ចិត្ត​មួយ​របស់ UNICEF កម្ពុជា ស្ដី​អំពីជីវភាព​ប្រជាពលរដ្ឋ​ជា​ពិសេស​កុមារ​នៅ​ទីនោះ​មក ក្រុម​ការ​ងារ​ក៏​បាន​មក​ដល់​ទីតាំង​វិញ​នៅ​ប្រមាណ​ម៉ោង​៥​កន្លះ​ល្ងាច (ខ្ញុំ​នឹង​សរសេរ​អត្ថបទ​ទាក់​ទង​នឹង​គម្រោង​នេះ​នៅពេល​ក្រោយ) ។ ពេល​មក​ដល់​វិញ ខ្ញុំ​និង​បង​តាម៉ាប់ ក៏​សម្រេច​ចិត្ត​ថា​ដើរ​មក​ផ្ទះ​វិញ។ វា​ជា​រឿង​កម្រ​មួយ​សម្រាប់​ខ្ញុំ​ដែល​ដើរ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ពេល​ល្ងាច​បែប​នេះ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ចេញ​ពី​ទីតាំង UNICEF រួច​បន្ត​ដំណើរ​តាម​មាត់ទន្លេ​វិញ។ ដំណើរ​ជិត​៧គីឡូម៉ែត​នេះ ហាក់​ដូច​ជា​ពុំ​មាន​អ្វី​ត្រូវ​និយាយ​ច្រើន​នោះ​ទេ ព្រោះ​ស្ថានភាព​នៅ​ទីក្រុង​ភ្នំពេញ​ពេល​ល្ងាច ជា​ទូទៅ​ភាគ​ច្រើន​អ៊ូអរ​តែ​នៅ​តំបន់​មួយ​ចំនួន​ដូច​ជា​មាត់​ទន្លេ សួន​បុទុម កោះពេជ្រ ផ្សារ​ទំនើប និង​នៅ​ផ្សារ​មួយ​ចំនួន​ទៀត​មាន​ផ្សារកណ្ដាល ផ្សារ​ចាស់ ជាដើម​តែ​ប៉ុណ្ណោះ ដោយ​ឡែក​ផ្លូវ​ផ្សេងៗ​ទៀត​ដែល​ខ្ញុំ​ដើរ​កាត់​ហាក់​មាន​សភាព​ស្ងាត់ តែ​មិន​មែន​ស្ងាត់​ពេក​នោះទេ ហើយ​ផ្លូវ​ខ្លះ (ផ្លូវ​ក្នុងៗ) ពុំ​មាន​ភ្លើង​បំភ្លឺ​គ្រប់​គ្រាន់​ដែរ។ សរុប​រយៈ​ពេល​ធ្វើ​ដំណើរ​ជិត​៧​គីឡូម៉ែត​នេះ ប្រហែល​ជា​២ម៉ោង​កន្លះ​បើ​តាម​ខ្ញុំ​ចាំ។ នេះ​ក៏​អាច​ថា​ជា​បទ​ពិសោធន៍​ថ្មី​មួយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​នៅ​ពេល​ល្ងាចៗ​ងងឹតៗ​បែប​នេះ​ទៀត ដែល​អាច​មើល​ឃើញ​កាន់​តែ​ច្បាស់​អំពី​ស្ថានភាព​ទីក្រុង​ភ្នំពេញ ខុស​ពី​ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ កង់ ឬ ឡាន។ 🙂

ទៅ​សាលា​ក្រុង


កាល​ពី​ម្សិល​មិញ​មាន​តែ​ស្រីៗ​ប៉ុណ្ណោះ​ដែល​អាច​ដក​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន​បាន តែ​ថ្ងៃ​នេះ​គឺ​ដល់​វេន​សម្រាប់​ប្រុសៗ។ ខ្ញុំ​ព្យាយាម​ក្រោក​ឲ្យ​បាន​លឿន ដើម្បី​ឆាប់​ទៅ​ដក​បាន រួច​នឹង​អាល​យក​ទៅ​ថត​ចម្លង​និង​ដាក់​បញ្ជាក់​នៅ​សាលា​ក្រុង​ឲ្យ​បាន​រហ័ស។ ប៉ុន្តែ​ពេល​ទៅ​ដល់​សាលា​ក្រុងម៉ោង​ប្រហែល​៩កន្លះ គឺ​មនុស្ស​ច្រើន​ណាស់ ហើយ​ខ្ញុំ​ត្រូវ​ទិញ​តែមប្រិ៍​ដើម្បី​បិទ​​លើ​សន្លឹក​ថត​ចម្លង​និមួយៗ​ឲ្យ​រួច​ជា​ស្រេច​ថែម​ទៀត​ផង រហូត​ដល់​ម៉ោង​ជាង​១០​ទើប​រួច​រាល់។ បន្ទាប់​មក​ក៏​នាំ​គ្នា​ដើរ​ទៅ​ចូល​ទៅ​ក្នុង​សាលា​ក្រុង តែ​គេ​បាន​បិទ​លែង​ឲ្យ​ចូល​ហើយ ព្រោះ​មាន​មនុស្ស​នៅ​ក្នុង​ច្រើន​ណាស់ ទម្រាំ​តែ​រួច​ដល់​ម៉ោង​សម្រាក​តែម្ដង។ ពេល​ថ្ងៃ​ម៉ោង​២​ទៅ​ម្ដង​ទៀត​ទើប​បាន​ចូល ប៉ុន្តែ​លើក​នេះ​ត្រូវ​ឈរ​ប្រជ្រៀត​ជាមួយ​គេ​ដើម្បី​រង់​ចាំ​គេ​បើក​ឲ្យ​ចូល​ជួរ​ម្ដង​បន្តិចៗ។ ខ្ញុំ​ត្រូវ​ទៅឈរ​តាំង​ពីម៉ោង​២កន្លះ រហូត​ដល់​ម៉ោងជិត៤ ទើប​បាន​ចូល​ជួរ។ ហើយ​នៅ​ឈរ​ក្នុង​ជួរ​ប្រមាណ​ជិតកន្លះម៉ោង​ទៀត​ទើប​បាន​ដាក់​រួច។ នេះ​សំណាងហើយ​ដែល​ថ្ងៃ​មិញ​មិន​ជា​ក្ដៅ​ណាស់​ណា បើ​មិន​អ៊ីចឹង​ទេ​ប្រាកដ​ជា​មិន​ស្រួល​ហើយ​ខ្ញុំ។ 😉 ការ​បញ្ជាក់​នឹង​រួច​រាល់​ក្នុង​រយៈ​ពេល​បួន​ថ្ងៃ​បន្ទាប់​ពី​ដាក់​នៅ​កន្លែង​កិត្យានុកូលកម្ម​ឯ​សាលា​ក្រុង ហើយ​ពុំ​មាន​គិត​ថ្លៃ​សេវាកម្ម​នោះ​ឡើយ ប៉ុន្តែ​ការ​ទិញ​តែមប្រិ៍​ជា​បន្ទុក​ផ្ទាល់​ខ្លួន។

ព្រឹត្តិការណ៍​បរិច្ចាគឈាម ដល់ មន្ទីរ​ពេទ្យ​គន្ធបុប្ផា លើក​ទី​៤


ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​មួយ ដែល​រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង ៨ ព្រឹក ដល់ ១០:៣០ ព្រឹក នៅ​ឯ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទី​៤ ខាង​ជើង​វត្តភ្នំ រាជធានី​ភ្នំពេញ។ នេះ​គឺ​ជា​លើក​ទី​៤ សម្រាប់​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម (លោហិត​សង្គហទាន) ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើម្បី​ទុក​ជួយ​សង្គ្រោះ​ដល់​កុមារ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំបាច់​ក្នុង​ការ​ព្យាបាល។ ខ្ញុំ​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ហើយ​នា​ពេល​កន្លង​មក​ខ្ញុំ​ធ្លាប់​បាន​បរិច្ចាគ​ឈាម​ចំនួន​២​ដង​រួច​មក​ហើយ ដែល​លើក​ទី១ គឺ​នៅ​ព្រឹត្តិការណ៍​ដែល​រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា និង​លើក​ទី២ គឺ​នៅ​ពេល​ដែល​រថយន្ត​ចល័ត​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ទៅ​ដល់​សាលា​របស់​ខ្ញុំ។ ដូច្នេះ​ នេះ​នឹង​ក្លាយ​ជា​លើក​ទី៣​សម្រាប់​ខ្ញុំ​ក្នុង​ការ​បរិច្ចាគ​ឈាម។ 🙂 ប្រសិន​បើ​បង​ប្អូន​ចង់​ចូលរួម​បរិច្ចាគ​ឈាម​ដែរ​នោះ សូម​ទាក់​ទង​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​នៅ​ក្នុង​រូប​ខាង​ក្រោម និង​សូម​ជួយ​ផ្សព្វផ្សាយ​ដំណឹង​នេះ​ទៅ​ដល់​អ្នក​ដទៃ​ផង។ 🙂

តើ​អ្នក​ចង់​ចូលរួម​ជា​អ្នក​ស្ម័គ្រ​ចិត្ត​រៀបចំ​ព្រឹត្តិការណ៍ បារខែមភ្នំពេញ ២០១៣ ដែរ​ឬ​ទេ?


ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​បាន​ស្គាល់​មក​ហើយ​អំពី​កម្មវិធី​បារខែមភ្នំពេញ (BarCamp Phnom Penh) ។ នៅ​ឆ្នាំ​នេះ​កម្មវិធី បារខែម​ភ្នំពេញ ២០១៣ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ​២០១៣ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហៅ​កាត់ តិចណូ។ ប្រសិន​បើ​អ្នក​ពេញ​ចិត្ត​នឹង​ចុះ​ឈ្មោះ​ចូល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​រៀបចំ បារខែមភ្នំពេញ សូម​ចូល​ទៅ​កាន់​តំណ​នេះ : http://2013.barcampphnompenh.org/volunteer-opportunity-open-for-university-student/ ។ ឱកាស​នេះ​ត្រូវ​បាន​ផ្ដល់​ពិសេស​សម្រាប់​សិស្ស​វិទ្យាល័យ និង មហាវិទ្យាល័យ។ ដូច្នេះ​បើ​អ្នក​ចូល​ចិត្ត​នឹង​ការងារ​សង្គម ហើយ​ចង់​ដឹង​អំពី​ការ​រៀ​បចំ​កម្មវិធី​សង្គម​បែប​នេះ សូម​កុំ​ភ្លេច​ចុះ​ឈ្មោះ​ចូលរួម​មុន​ថ្ងៃទី១៧ ខែ​កញ្ញា (បិទ​ការ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​១៦ ខែ​កញ្ញា)។ ព័ត៌មាន​ទាក់ទង​បន្ថែម៖ លោក ជី សុផាត : 070 452 523 អ៊ីមែល : info@barcampphnompenh.org វេបសាយ : http://2013.barcampphnompenh.org/