សេរីភាព​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា?


ព្រឹក​មិញ​ខ្ញុំ​បាន​អាន​ព័ត៌មាន​មួយ​នៅ​ក្នុង​សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ មាន​ចំណង​ជើង​ថា «​ហាណូយ​ចេញ​ច្បាប់​​​អ៊ីនធឺណិត​ហាម​បង្ហោះ​ដំណឹង​នយោបាយ» ។ គ្រាន់​តែ​អាន​ហើយ​ភ្លាម ខ្ញុំ​ចាប់​ផ្ដើម​នឹក​ឃើញ​អំពី​បញ្ហា​ទាក់ទង​នឹង​ការ​បញ្ចេញ​មតិ​ទាំង​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​វៀតណាម ជា​ប្រទេស​កុម្មុនិស្ត ចំណែក​ប្រទេស​កម្ពុជា ជា​ប្រទេស​ប្រជាធិបតេយ្យ ដូច្នេះ​ខ្ញុំ​មិន​យក​ប្រទេស​ទាំង​ពីរ​នេះ​មក​ធ្វើ​ការ​ប្រៀបធៀប​ឡើយ ព្រោះ​របប​មិន​ដូច​គ្នា។ អ្វី​ដែល​ខ្ញុំ​នឹក​ឃើញ​នោះ គឺ​ទាក់​ទង​ទៅនឹង​សេចក្ដី​ព្រាង​ច្បាប់ និង​សរាចរណ៍​មួយ​ចំនួន​ដែល​ធ្លាប់​ឃើញ​ចេញ​ផ្សាយ​នា​ពេល​កន្លង​មក ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ។ ក្នុង​នោះ​មាន​ដូច​ជា៖ ការ​បិទ​ហាង​អ៊ីនធឺណិត​ដែល​ស្ថិត​ក្នុង​រយៈ​ចម្ងាយ ៥០០ ម៉ែត្រ ពី​សាលារៀន សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​អ៊ីនធឺណិត សរាចរណ៍​ដែល​ចេញ​ឲ្យ​បិទ​ហាង​អ៊ីនធឺណិត​នោះ ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាជន​សម្ដែង​ការ​មិន​គាំទ្រ​ចំពោះ​សរាចរណ៍​មួយ​នោះ​ឡើយ។ ចំណែក​សេចក្ដី​ព្រាង​ច្បាប់​នោះ​វិញ ខ្ញុំ​បាន​ឮ​ថា​គេ​ចេញ​មក​ដើម្បី​គ្រប់​គ្រង និង​ការ​ពារ​កុំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត។ តែ​ទោះ​បី​ជា​យ៉ាង​ណា យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា សេចក្ដី​ព្រាង​ច្បាប់​នោះ​នឹង​ចេញ​មក​ក្នុង​ទ្រង់​បែប​ណា​នោះ​ទេ។ យើង​ដឹង​ហើយ​ថា សិទ្ធិ​សេរីភាព តែង​ស្ថិត​នៅ​ក្រោម ច្បាប់ ។ ប្រសិន​បើ​យើង​ប្រើ​សិទ្ធិ​សេរីភាព​ហួស​ព្រំដែន នោះ​ច្បាប់​នឹង​ចាត់​វិធានការណ៍​លើ​រូប​យើង ក៏​ប៉ុន្តែ​បើ​ច្បាប់​ចេញ​មក​គ្រប់​គ្រង ហើយ​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​របស់​យើង​វិញ នោះ​យើង​ក៏​អាច​បញ្ចេញ​មតិ​មិន​គាំទ្រ​លើ​ច្បាប់​នោះ​ផង​ដែរ។ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ត្រូវបាន​ការពារ​ដោយ​ច្បាប់​កម្ពុជា។ មាត្រា៤១ នៃ​រដ្ឋ​ធម្មនុញ្ញ​​ចែង​ពី​ “សេរីភាព​​ក្នុង​ការ​​បញ្ចេញ​​មតិ ​សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ពផ្សាយ និង​សេរីភាព​​ក្នុង​ការ​ជួបប្រជុំ​”​ ចំណែក​មាត្រា​៣៥ ចែង​ថា​ “​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​​​​​នយោបាយ​របស់​ប្រទេស​ជាតិ​” ។ … Continue reading សេរីភាព​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា?

ប្រឡង​បាក់ឌុប​ជាប់​ហើយ!


ទីបំផុត ការ​សិក្សា​ចំណេះ​ដឹង​ទូទៅ​រយៈ​ពេល​១២​ឆ្នាំ​របស់​ខ្ញុំ បាន​បញ្ចប់​ហើយ ហើយ​ក៏​បានប្រឡង​ជាប់​បាក់ឌុប​ដែរ។ វា​ជា​រឿង​មួយ​គួរ​ឲ្យ​សប្បាយ​ចិត្ត​សម្រាប់​ខ្ញុំ ដែល​ពេល​នេះ​ខ្ញុំ​អាច​បន្ត​ទៅ​សិក្សា​ជំនាញ​ដែល​ខ្ញុំ​ពេញ​ចិត្ត​នៅ​ក្នុង​មហា​វិទ្យាល័យ​ដែរ។ ការ​ប្រកាស​លទ្ធផល​ថ្ងៃ​មិញ​នេះ ក្រោមដំណក់​ភ្លៀង​ធ្លាក់​ស្រិចៗ ម្នាក់ៗ​អង្គុយ​ផង ឈរ​ផង រង់​ចាំ​ស្ដាប់​លទ្ធផល​យ៉ាង​អន្ទះសារ​ជា​ទី​បំផុត រួម​ទាំង​ខ្ញុំ​ដែរ។ ចំពោះ​ខ្ញុំ ខ្ញុំ​បាន​ត្រៀម​ចិត្ត​រួច​មក​ហើយ​ថា ខ្ញុំ​ដឹង​ថា​ខ្លួន​ខ្ញុំ​ប្រឡង​ជាប់​ច្បាស់​ណាស់ តែ​លទ្ធផល​និទ្ទេស​បាន​មួយ​ណា​ក៏​ខ្ញុំ​ពេញ​ចិត្ត​នឹង​ទទួល​ដែរ ហើយ​លទ្ធផល​ដែល​ខ្ញុំ​ទទួល​បាន​គឺ​និទ្ទេស B ។ និទ្ទេស​ដែល​បាន​នៅ​ពេល​នេះ វា​មិន​ទាន់​អាច​កំណត់​ពី​សមត្ថភាព និង​អនាគត​របស់​ខ្ញុំ​បាន​នោះ​ទេ ព្រោះ​ខ្ញុំ​នៅ​សល់​ការ​សិក្សា​ជា​ច្រើន​ទៀត ជា​ពិសេស​ជំនាញ​ដែល​ខ្ញុំ​ស្រលាញ់។ ខ្ញុំ​មាន​ការ​សោក​ស្ដាយ និង​អាណិត​ចំពោះ​មិត្ត​ភក្ដិ​ពុំ​បាន​និទ្ទេស​ដែល​ខ្លួន​ពេញ​ចិត្ត តែ​ទោះ​ជា​យ៉ាង​ណា អនាគត​របស់​យើង​នៅ​វែង​ឆ្ងាយ​ទៀត សូម​កុំ​អាល​អស់​សង្ឃឹម។ ខ្ញុំ​ពុំ​មាន​អ្វី​អាច​ជួយ​អ្នក​រាល់​គ្នា​បាន​ទេ តែ​មាន​សម្ដី​លើក​ទឹក​ចិត្ត។ សូម​ខំ​ប្រឹង​តស៊ូ​លើ​ជំនាញ​ដែល​យើង​ស្រលាញ់ ហើយ​ព្យាយាម​ឲ្យ​ខ្លាំង នោះ​ហើយ​ជា​សមត្ថភាព​របស់​យើង។ 🙂

ភាពយន្ត​ឯកសារ «Where I Go»


កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ ខ្ញុំ​បាន​ទៅ​មើល​ភាពយន្ត​ឯកសារ​មួយ​មាន​ចំណង​ជើង​ថា «Where I Go» នៅ​​ឯ​រោងកុន ផ្លាទីណឹម ស៊ីណេផ្លិច ។ រឿង​នេះ​ស្ដី​អំពី​ដំណើរ​តស៊ូ​របស់​យុវជន San Pattica ជា​កូន​កាត់​ខ្មែរ-កាម៉ារូន អាយុ​១៨​ឆ្នាំ ជួប​នូវ​រឿង​សោកសៅ ការ​មាក់​ងាយ រើសអើង​ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​របស់​គេ ដោយ​សារ​តែ​រូប​គេ​មាន​សម្បុរ​ពណ៌​ខ្មៅ និង​រស់​នៅ​ក្នុង​គ្រួសារ​ក្រីក្រ។ ឪពុក​របស់ Pattica ជា​មេទ័ព​ដែល​មក​បំពេញ​បេសកកម្ម​ក្នុង​ក្រប​ខណ្ឌ អង្គការ​សហប្រជាជាតិ (សម័យ​អ៊ុនតាក់)។ ក៏​ប៉ុន្តែ​ក្រោយ​ចប់​បេសកកម្ម​នេះ ឪពុក​របស់​គេ​បាន​ចាក​ចេញ​ទៅ​វិញ ហើយ​ចាប់​ពីពេល​នោះ​មក គេ​ក៏​ពុំ​ទទួល​បាន​ដំណឹង​អ្វី​សោះ​ពី​ឪពុក​របស់​ខ្លួន។ Pattica បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ស្វែង​រក​ពី​ដើម​កំណើត​របស់​ខ្លួន និង​ឪពុក​របស់​គេ​ដែរ។ Pattica មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ Nana តែ​ឪពុក​ទីទៃ​ពី​គ្នា​ប៉ុណ្ណោះ ដោយ​ឪពុក​របស់ Nana មក​ពី​ប្រទេស ហ្កាណា ។ ហើយ​ក្រោយ​មក​ទៀតម្ដាយ Pattica ក៏​មាន​ប្ដី​មួយ​ទៀត។ ទិដ្ឋភាព​ដែល Pattica បាន​ជួប​ប្រទះ​នៅ​តែ​ញាំញី​គេ​រាល់ថ្ងៃ ជា​ពិសេស​នៅ​ពេល​គេ​ចេញ​ទៅ​ក្រៅ មាន​មនុស្ស​មួយ​ចំនួន​បាន​សួរ​តាម​លក្ខណៈ​ឌឺដង ឬ​ក៏មាក់​ងាយ តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​អាណិត​អាសូរ​ដល់​រូប​គេ​ដែរ។ ក៏​ប៉ុន្តែ​គេ​នៅ​តែ​តស៊ូ មិន​ស្ដាប់ មិន​ដឹង មិន​ឮ នូវ​សម្ដី​ទាំង​ឡាយ​នោះ។ … Continue reading ភាពយន្ត​ឯកសារ «Where I Go»

ប៉ីអ និង ប៉ីពក


ខ្ញុំ​ជឿ​ថា​អ្នក​ទាំង​អស់​គ្នា​ភាគ​ច្រើន​ពិត​ជា​បាន​ធ្លាប់​ឮ​ឈ្មោះ​ឧបករណ៍​តន្ត្រី​បុរាណ​ទាំង​ពីរ​នេះ។ ឧបករណ៍​ទាំង​ពីរ​នេះ​មាន​អាយុ​កាល​ជា​យូរ​មក​ហើយ ដែល​បុព្វបុរស​ខ្មែរ​បាន​ប្រើ​សម្រាប់​ប្រគុំ​ក្នុង​វង់​ភ្លេងៗ​នានា​តាម​តួនាទី​របស់​ឧបករណ៍​នេះ ដូចជា​វង់ភ្លេង​អារក្ស វង់ភ្លេង​ការ ជាដើម។សូម​អាន​អត្ថបទ​ទាំង​ពីរ​ខាង​ក្រោម​នេះ ដែល​មាន​នៅ​ក្នុង​សារព័ត៌មាន​កោះសន្តិភាព៖អំពី ប៉ីពក៖ http://kohsantepheapdaily.com.kh/article/2860.htmlអំពី ប៉ីអ៖ http://kohsantepheapdaily.com.kh/article/10918.htmlកាល​ពី​ម្សិល​មិញ​នេះ ខ្ញុំ​បាន​ទៅ​ផ្ទះ​លោក​គ្រូ​ឧបករណ៍​ផ្លុំ ហើយ​បាន​ថត​រូប​​ឧបករណ៍​តន្ត្រី​ទាំង​ពីរ​នេះ ជា​ពិសេស​ត្រង់​រូបរាង​អណ្ដាត (កន្លែង​ផ្លុំ) របស់​វា។បទ​ដែល​ប្រើ​ឧបករណ៍ ប៉ីពកបទ​ដែល​ប្រើ​ឧបករណ៍ ប៉ីអ

ព្រឹត្តិការណ៍ បារខែម​កំពង់ចាម ឆ្នាំ២០១៣


កាល​ពី​សប្ដាហ៍​មុន​នេះ ខ្ញុំ​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍ បារខែម​កំពង់ចាម ចាប់​ពី​ថ្ងៃ​ទី២៤ ដល់ ២៥ ខែ​សីហា​ឆ្នាំ២០១៣ នៅ​សាកលវិទ្យាល័យ​ជាស៊ីម កំចាយមារ ខេត្ត​កំពង់ចាម។ សរុបរយៈ​ពេល​ពីរ​ថ្ងៃ​នេះ មាន​ប្រធាន​បទ​ច្រើន​ជាង​៥០ បាន​ដាក់ឲ្យ​ចូលរួម និង​មាន​អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំង​មូល​ជាង ៦០០ នាក់។ ប្រធាន​បទ​ទាំង​នោះ​សុទ្ធ​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដូច​ជា ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង, របៀប​ថត​រូប, ចំណេះ​ដឹង​បច្ចេកវិទ្យា​ថ្មីៗ និង​ប្រធាន​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​អាច​ចាំ​បាន។ ក្រៅ​ពីនេះ ខ្ញុំ​ក៏​បាន​ចូលរួម​ចែក​រំលែក​បាន​ពីរ​ប្រធាន​បទ​ដែរ​គឺ វិគីភីឌា​ខ្មែរ និង ចលនា​ចំណេះ​ដឹង​សេរី (ធ្វើ​ជាមួយ​បង វណ្ណថារិទ្ធិ) គន្លឹះ​ក្នុង​ការ​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ ក្នុង​ថ្ងៃ​ទីមួយ​មាន​មនុស្ស​ច្រើន តែ​ថ្ងៃ​ទីពីរ​ហាក់​ខ្សត់​មនុស្ស​បន្តិច ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ល្អ។ ព្រឹត្តិការណ៍​នេះ​បាន​បញ្ចប់​នៅ​ថ្ងៃទី២ ម៉ោង​១២ថ្ងៃត្រង់ ហើយ​អ្នក​ចូលរួម​ទាំង​អស់ ជា​ពិសេស​អ្នក​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ បាន​បែក​ផ្លូវ​ទៅផ្ទះរៀងៗ​ខ្លួន។ ខ្ញុំ​វិញ ពេល​ទៅ​ជិះ​ឡាន​ក្រុង​ទិញសំបុត្រ, ដល់​ទៅ​វិញ សុំ​តោង​ឡាន​ក្រុង​គេ​មក​វិញ (ឡាន​ដែល​គេ​ជួល​សម្រាប់​ទៅចូលរួម​កម្មវិធី) 😆 ។ ក្នុង​ឆ្នាំ​នេះ ព្រឹត្តិការណ៍​បារខែម​នៅ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ខាង USAID ដូច្នេះ​គេ​បាន​រៀប​ចំ​នៅ​តាម​បណ្ដាល​ខេត្ត​ក្រុង​មួយ​ចំនួន៖ ខេត្តសៀមរាប : បារខែម​អង្គរ (លើកទី២), ចាប់​ពី​ថ្ងៃ​ទី២៣ - ២៤ … Continue reading ព្រឹត្តិការណ៍ បារខែម​កំពង់ចាម ឆ្នាំ២០១៣

ប្រឡង​បាក់ឌុប​ចប់​ហើយ!!!!


រយៈ​ពេល​ពីរ​ថ្ងៃ​កន្លះ​នេះ​គឺ​ពិត​ជា​មួយ​ប៉ព្រិច​ភ្នែក​មែន ដេក​ងើប ដេកងើប ឥឡូវ​ក៏ផុត​ទៅ​ហើយ។ ពិត​ជា​គួរ​ឲ្យ​សប្បាយ​រីករាយ​មែន​ពេល​ដែលបាន​ប្រឡង​ចប់​បែប​នេះ តែ​ក៏​នៅ​មិន​ទាន់​មាន​អារម្មណ៍​ល្អ​ពេញ​លេញ​នោះទេ ព្រោះ​នៅ​ចាំ​លទ្ធផល​ចេញ​នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៣។ សរសេរ​និង​ធ្វើ​បាន​ពេញៗ​ក្រដាស បើ​គិត​ទៅ​មួយ​មុខ​វិជ្ជា​អាច​ធ្វើ​ត្រូវ​ពី ៧០% ទៅ ៨៥% អី​ដែរ។ សង្ឃឹម​ថា​ជាប់ បាន​ចូល​ទៅរៀន​នៅ​មហាវិទ្យាល័យ ក្លាយ​ទៅជា​និស្សិត​នឹង​គេ ហើយ​អាច​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ដែលមាន​ជា​យូរ​មក​ហើយ។ 🙂

ប្រឡង​បាក់​ឌុប​ជិត​មក​ដល់​ហើយ!!!


ភ្លេច​ខ្លួនៗ រៀន​ជិត​ចប់​មួយ​ឆ្នាំ​ទៀត​ហើយ។ សល់​តែ​បួន​ប្រាំ​ថ្ងៃ​ទៀត ការ​ប្រឡង​បាក់​ឌុប​នឹង​មក​ដល់​ហើយ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ត្រៀម​ខ្លួន​ម៉េច​ខ្លះ​ទេ បើ​មិន​ចេះ​អី​ក្នុង​ខ្លួន​ច្រើន​សោះ​ចឹង។ អ៊ីចឹង​សល់​បួន​ប្រាំ​ថ្ងៃហ្នឹង ត្រូវ​មើល​មេរៀន​ហើយ បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង។ ពាក្យ​ចាស់​ថា​មិន​ខុស​មែន «ពេល​គោ​បាត់​ទើប​ធ្វើ​របង ពេល​ជិត​ប្រឡង​ទើប​ខំរៀន» 😆 ឥឡូវ​នេះ​ទោះ​ភ័យ​ក៏​មិន​ដឹង​ធ្វើ​ម៉េច​បាន​ដែរ មាន​តែ​ត្រៀម​ខ្លួន​លើក​ខែល កាន់​ដាវ ដល់​ពេល​ចូល​សមរភូមិ​សឹម​រក​នឹក​វិធី​ការពារ​ខ្លួន និង​ធ្វើ​យ៉ាង​ម៉េចឲ្យ​ជោគជ័យ​ក្នុង​សមរភូមិ។ 😀

The Indochina Project (គម្រោង​ឥណ្ឌូ​ចិន)


មុន​នេះ​ខ្ញុំ​ទទួល​បាន​សារ​ពី​បង​គូនីឡា (Blue Lady Blog) អំពី​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា The Indochina Project ឬ គម្រោង​ឥណ្ឌូចិន ។ កម្មវិធី​នេះ​គឺ​គេ​ចង់​ឲ្យ​មនុស្ស​បង្ហាញ​សមត្ថភាព​ឬ​មតិ​យោបល់​របស់​ពួកគេ​អំពី​តំបន់​ឥណ្ឌូចិន តាម​រយៈ​វីដេអូ រូបថត រូប​គំនូរ (ដៃ និង ឌីជីថល) សំឡេង អត្ថបទ​រឿង ឬអ្វី​ផ្សេងៗ​ទៀត​ដែល​​គិត​ថា​វា​អាច​បង្ហាញ​ចំណាប់​របស់​អ្នក​អំពី​តំបន់​ឥណ្ឌូចិន។ កម្មវិធី​នេះ​នឹង​ត្រូវ​រៀប​ចំ​ជា​ពិព័រណ៍​សកល (world exhibition) នៅ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ហើយ​រាល់​អ្វី​ដែល​យើង​បាន​បញ្ជូន​ទៅ​កាន់​កម្មវិធី​មួយ​នេះ នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុងពិព័រណ៍​សកល​មួយ​នោះ។ ម្យ៉ាង​វិញ​ទៀត គេ​នឹង​រើស​យក​អ្នក​ចូលរួម​ដែល​សំណាង​ម្នាក់​ទៅ​កាន់​ទីក្រុង​ហូជីមិញ ដើម្បី​បង្កើត​សិប្បកម្ម (artwork) របស់​គេ​ដោយ​ផ្ទាល់​នៅ​ក្នុងពិព័រណ៍។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ riverorchid ។ តើ​អ្នក​មាន​អ្វី​ចង់​បង្ហាញ​ទៅ​កាន់​ពិភពលោក​អំពី​តំបន់​ឥណ្ឌូចិន​ដែរ​ឬទេ? ដូច​ជា​ប្រទេស​កម្ពុជា ឬ ភូមា ឬ ឡាវ ឬ ថៃ ឬ វៀតណាម? ប្រសិន​បើ​អ្នក​មាន សូម​ចូល​ទៅ​កាន់​គេហទំព័រ http://theindochinaproject.com ដើម្បី​ចុះ​ឈ្មោះ​និង​មើល​ព័ត៌មាន​បន្ថែម។ ចំណែក​ខ្ញុំ​? ខ្ញុំ​ឥត​មាន​អ្វី​ផ្ញើ​ទៅទេ តែ​ខ្ញុំ​សរសេរ​អត្ថបទ​នេះ​ដើម្បី​ឲ្យ​អ្នក​ចូលរួម មិន​ថា​ជា​វិចិត្រករ សិល្បករ … Continue reading The Indochina Project (គម្រោង​ឥណ្ឌូ​ចិន)

រឿង «សិស្ស​ច្បង» ឬ «A Senior’s Love»


មុន​នេះ​បន្តិច​ខ្ញុំ​ទើប​បាន​មើល​វីដេអូ​ខ្សែ​រឿង​ខ្នាត​ខ្លី​មួយ​ដែល​ផលិត​និង​ដឹកនាំ​ដោយ​បង​ប្រុស អ៊ុច មករា និង​បង​ប្រុស Chhoy ។ នេះ​ជា​ស្នាដៃ​បន្ទាប់​របស់​ពួក​គាត់ បន្ទាប់​ពី​រឿង​ខ្នាត​ខ្លី​មួយ​ដែរ ដែល​មាន​ចំណង​ជើង​ថា «បេះដូង​ស្រស់​ស្អាត» ។ រឿង​នេះ​ល្អ​មើល​ណាស់​ណា៎ 😀 បើចង់​ដឹង​ថា​រឿងនេះ​ល្អ​មើល​ប៉ុណ្ណា សូម​ចុច​ទស្សនា​ខាង​ក្រោម​នេះ 😉

យំ​អស់​ទឹក​ភ្នែក – ពៅ វណ្ណារី


យប់​នេះ​ខ្ញុំ​គិត​គ្មាន​ចង់​ធ្វើ​អ្វី​ទេ គឺ​ចង់​សម្រាក​មួយ​រាត្រី​ស្ដាប់​ចម្រៀង​រំសាយ​អារម្មណ៍​តានតឹង​នានា។ តាម​ពិត​គ្មាន​តានតឹង​អីទេ តែ​ចង់​រក​ពេល​មួយ​ចំនួន​ឲ្យ​ខ្លួន​ដែល​ធ្វើ​អ្វី​ទៅ​សប្បាយ​ចិត្ត។ យប់​នេះ​ខ្ញុំ​ជាប់​ចិត្ត​លើ​បទ​ចម្រៀង​មួយ​ដែល​ច្រៀង​ដោយ​អ្នក​ស្រី ពៅ វណ្ណារី មាន​ចំណង​ជើង​ថា យំ​អស់​ទឹក​ភ្នែក ។ បទ​នេះ​ពិត​ជា​ពីរោះ​មែន។