អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​កីឡា​បាល់ទាត់​កម្ពុជា


ពេលខ្លះ វា​ជា​រឿង​ល្អ​ដែល​យើង​អាច​អង្គុយ​នៅ​មួយ​កន្លែង ហើយ​សើរើ​រឿងរ៉ាវ​នានា​ដែល​ជួប​ប្រទះ មក​សិក្សា​អំពី​វា ហើយ​ស្វែងរក​គុណប្រយោជន៍​ចេញ​ពី​រឿង​ទាំងអស់​នោះ។ ការ​ដែល​យើង​ដឹង​ច្រើន​រឿង វា​នាំ​ឲ្យ​យើង​អាច​គិត​បាន​ច្រើន​ផ្លូវ ច្រើន​យ៉ាង ហើយ​អាច​ផ្សែផ្សំ​ព្រឹត្តិការណ៍​នានា​ក្នុង​ជីវិត ឲ្យ​ក្លាយ​ទៅ​ជា​បទពិសោធន៍​ជីវិត​ថ្មី​មួយ។ ព្រឹត្តិការណ៍​កើត​មាន​ជុំវិញ​ខ្លួន​យើង គឺ​ជា​ទុន​ដ៏​សំខាន់ ពោល​គឺ​វា​ប្រៀប​បាន​ដូច​ជា​ជី​សម្រាប់​បំប៉ន​ជីវិត។ នៅ​ថ្ងៃ​មួយ​នោះ ខ្ញុំ​អង្គុយ​តែ​ម្នាក់​ឯង (ហើយ​ការ​ពិត​ទៅ ខ្ញុំ​ក៏​ចូលចិត្ត​នៅ​តែ​ម្នាក់ៗ​ឯង​ដែរ) ហើយ​លើក​យក​ព្រឹត្តិការណ៍​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន មក​រក​មើល​គុណប្រយោជន៍​របស់​វា ហើយ​ចំណុច​សំខាន់ៗ​ដែល​ជា​ចលករ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នោះ​កើត​មាន​ឡើង។ កីឡា​បាល់ទាត់ គឺ​ជា​ប្រធានបទ​ដ៏​ធំ​មួយ​ក្នុង​រយៈពេល​បីបួន​ឆ្នាំ​ចុងក្រោយ​នេះ។ បើ​ក្រឡេក​មើល​ទៅ​ដប់​ឆ្នាំ​មុន ទំនង​ជា​គ្មាន​ការ​ជជែក​ដេញដោល​ដូច​ពេល​បច្ចុប្បន្ន​នោះ​ទេ។ ខ្ញុំ​ចូលចិត្ត​ស្វែងយល់​អំពី​អ្វី​មួយ លើស​ពី​ត្រឹម​រូបរាង​ពិត​របស់​វា។ ពាក្យ​ថា កីឡា​បាល់​ទាត់ ទំនង​ជា​នឹក​ឃើញ​ត្រឹម​ការណ៍​ដែល​មាន​មនុស្ស​ដប់​ម្ភៃ​នាក់ រត់​ប្រដេញ​ពេញ​តារាង​ដណ្ដើម​យក​ដុំ​មូល​មួយ។ ប៉ុន្តែ​ខ្ញុំ​គិត​ផ្សេង​ពី​នេះ។ សមិទ្ធផល​ដែល​យើង​បាន​ឃើញ​សព្វថ្ងៃ​នេះ ប្រាកដ​ណាស់ គឺ​វា​មាន​ចំណុច​មួយ​ចំនួន​ដែល​យើង​ត្រូវ​លើក​យក​មក​សិក្សា ហើយ​ច្រោះ​យក​ចំណុច​សំខាន់ៗ ដែល​ជា​ចំណុច​រួម​អាច​យក​ទៅ​អនុវត្ត​បាន​នៅ​គ្រប់​ទីកន្លែង​ផ្សេងៗ​ទៀត។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​ធ្វើ។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​និយាយ​តែ​អំពី​កីឡា​បាល់​ទាត់? អ្ហឹម... មិនមែន​ខ្ញុំ​លម្អៀង​នោះ​ទេ ប៉ុន្តែ​ត្រង់​ថា កីឡា​មួយ​នេះ​មាន​ការ​ផ្សព្វផ្សាយ​ច្រើន ហើយ​ក៏​មាន​សមិទ្ធផល​ច្រើន ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​ពី​ពេល​កន្លង​មក។ ខ្ញុំ​មិនមែន​ជា​អ្នក​ចេះ​លេង​កីឡា​បាល់​ទាត់​ទេ ហើយ​ទាំង​នេះ​គ្រាន់តែ​ជា​ចំណុច​ដែល​ខ្ញុំ​អាច​លើក​យក​មក​បង្ហាញ​ក្រោម​ពាក្យ បទពិសោធន៍​ជីវិត តែ​ប៉ុណ្ណោះ។ ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រលាញ់​ពេញ​ចិត្ត ពាក្យ​នេះ ទំនង​ជា​អ្នក​ធ្លាប់​បាន​ឮ​ឡើង​ស៊ាំ​ត្រចៀក​ទៅ​ហើយ។ ប្រាកដ​ហើយ ដែល​ប៉ុន្មាន​ពាក្យ​នេះ​ក្លាយ​ជា​ពាក្យ​យ៉ាង​សាមញ្ញ ងាយ​ស្រួល​និយាយ​ជា​ទី​បំផុត។ … Continue reading អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​កីឡា​បាល់ទាត់​កម្ពុជា

មួយ​ជំហាន​បន្ទាប់​បច្ចុប្បន្ន


តើ​អ្នក​បាន​រៀបចំ​ផែនការ​ជីវិត​បាន​យ៉ាងណា​ទៅ​ហើយ? តើ​អ្នក​ធ្លាប់គិត​ថា​នឹង​ចង់​ធ្វើ​អ្វី? តើ​អ្នក​ចង់​រៀន​អ្វី​បន្ថែម​ទៀត​ទេ? តើ​អ្នក​មាន​គម្រោង​អ្វី​ខ្លះ​ក្នុង​ជីវិត? សំណួរ​ទាំង​អស់​នេះ​គឺ​ជា​សំណួរ​ដ៏​សែន​ពិបាក​ឆ្លើយ​ចំពោះ​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា។ ពេលយើង​នៅ​ក្មេង​នៅ​ឡើយ យើង​ដឹង​តែ​រឿង​ម្យ៉ាង​គត់​គឺ​ភាព​សប្បាយ​នៅ​ក្នុង​ជីវិត។ ក្រៅ​ពី​នេះ​គឺ​ការ​ទៅ​រៀន​នៅ​សាលា។ ពេល​នោះ​យើង​គ្មាន​គំនិត​អ្វី​ដែល​នឹង​គិត​ដល់​ការ​អភិវឌ្ឍ​ខ្លួន និង​រៀបចំ​ផែនការ​ជីវិត​នោះ​ទេ។ យើង​ហ៊ាន​ធ្វើ​អ្វី​ដែល​យើង​ចង់ យើង​យំ​ព្រោះ​ប៉ាម៉ាក់​មិន​ទិញ​អ្វី​មួយ​ឲ្យ យើង​មិន​ខ្វល់​ចំពោះ​ក្មេងៗ​ដទៃ​ដែល​ធូរធារ​និង​មាន​របស់របរ​ប្រើ​ច្រើន​ជាង​យើង អ្វី​ដែល​យើង​គិត​នោះ​គឺ «ធ្វើ​ម៉េច​ឲ្យ​ខ្លួន​ឯង​សប្បាយ»។ ប៉ុន្តែ​មក​ដល់​ពេល​ដែល​យើង​ចូល​វ័យ​ជំទង់ គំនិត​របស់​យើង​ក៏​ចាប់ផ្ដើមផ្លាស់​ប្ដូរ។ យើង​ចាប់​ផ្ដើម​ច្រណែន​នឹង​អ្នក​ដទៃ យើង​ចាប់ផ្ដើម​ខ្វល់ខ្វាយ​ច្រើន​អំពី​ការ​សិក្សា យើង​កាន់​តែ​វីវក់​នឹង​ការ​សប្បាយ​រីករាយ យើង​ចាប់ផ្ដើម​យល់​អំពី​ភាព​សប្បាយ​នឹង​របស់​ទំនើប របស់​ល្អ។ល។ ពេល​នោះ​ហើយ​ដែល​យើង​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ទាំង​ឥរិយាបថ និង​គំនិត។ ប៉ុន្តែ​រឿង​ទាំង​នេះ​ក៏​អាស្រ័យ​ទៅ​នឹង​បរិយាកាស​គ្រួសារ​ដែរ។ រហូត​ដល់​យុវវ័យ យើង​ក៏​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​កាន់​តែ​ខ្លាំង។ ហើយ​ពេល​នេះ​យើង​ម្នាក់ៗ​ក៏​ប្រែ​ក្លាយ​ខ្លួន​ជា​ប្រភេទ​មនុស្ស​ទីទៃ​ពី​គ្នា ហើយ​យើង​ក៏​ចាប់​ផ្ដើម​ព្យាយាម​គិត​អំពី​បញ្ហា​ដែល​ក្រសោប​ជុំវិញ​ខ្លួន​យើង។ ខ្លះ​ខ្វល់ខ្វាយ​ព្រោះ​បញ្ហា​គ្រួសារ ខ្លះ​ខ្វល់ខ្វាយ​អំពី​សម្ភារៈ​ទំនើបៗ ខ្លះ​ខ្វល់ខ្វាយ​អំពី​ការ​សិក្សា ខ្លះ​ចង់​បាន​អាហារូបករណ៍​ក្រៅ​ប្រទេស ខ្លះ​ខ្វល់ខ្វាយ​អំពី​ស្នេហា ខ្លះ​ខ្វល់ខ្វាយ​អំពី​អនាគត។ល។ នៅ​ពេល​នេះ​ហើយ​ដែល​យើង​ចាប់ផ្ដើម​ដឹង​ខ្លួន​ឯង​ជា​មនុស្ស​យ៉ាង​ណា ខ្សោយ​ត្រង់​ណា ពូកែ​ត្រង់ណា ហើយ​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​បាន​ប៉ុណ្ណា។ តែ​ក៏​មិនមែន​ទាំង​អស់​នោះ​ទេ មាន​ខ្លះ​ក៏​នៅ​តែ​សប្បាយ​វីវក់ភ្លេច​ការ​រៀបចំ​ជីវិត​របស់​គេ​ឲ្យ​ ស្រស់​បំព្រង ឲ្យ​ប្រសើរ ហើយ​ខ្ជះខ្ជាយ​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​ទៅ​ក្នុង​ភក់ ដែល​ពេជ្រ​នោះ​គឺ​ជា​ជីវិត​របស់​គេ។ ប្រសិន​​បើ​អ្នក​ភ្លេច​គិត​អំពី​បញ្ហា​អនាគត ឬ​ជំហាន​បន្ទាប់​នៃ​ជីវិត​របស់​អ្នក​បច្ចុប្បន្ន អ្នក​គួរ​តែ​ចាប់​ផ្ដើម​គិត​ទៅ វា​អាច​នឹង​ហួស​ពេល​ចំពោះ​អ្នក​ខ្លះ តែ​បើ​អ្នក​មាន​សង្ឃឹម​ថា​មិន​ទាន់​ហួស​ពេល​នោះ​ទេ ត្រូវ​ចាប់​ផ្ដើម​វា​ឡើង។ អនាគត​របស់​អ្នក​ជាអ្វី? ពេល​នេះ យើង​កំពុង​ឈរ​នៅ​លើ​កំណាត់ផ្លូវ​ដ៏​វែងអន្លាយ​មួយ ដែល​មើល​ទៅ​មុខ​ដាច់​កន្ទុយ​ភ្នែក … Continue reading មួយ​ជំហាន​បន្ទាប់​បច្ចុប្បន្ន

ក្នុង​សង្គម – ហេតុ​អ្វី​ធ្វើ​ការងារ​ស្ម័គ្រចិត្ត?


នៅ​ក្នុង​សតវត្ស​ទី ២១ នេះ នរណាៗ​ក៏​និយាយ​អំពី​ការងារ​ស្ម័គ្រចិត្ត​នៅ​ក្នុង​សង្គម។ យុវជន​ខ្មែរ​ជាច្រើន​កំពុង​ចាប់​អារម្មណ៍​នៅ​ក្នុង​ការងារ​ស្ម័គ្រចិត្ត​​នានា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម។ នេះ​គឺ​ជា​សញ្ញា​ដ៏​ប្រសើរ​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ ដែល​ពួកគេ​កើត​មាន​គំនិត​ចូលរួម​ក្នុង​ការងារ​សង្គម និង​ជួយ​ដល់​សង្គម​ដែល​ពួកគេ​កំពុង​រស់នៅ។ ឱកាស​ការងារ​ស្ម័គ្រចិត្ត​ធំៗ តែង​កើត​មាន​ឡើង​នៅ​តាម​បណ្ដា​ទី​ប្រជុំជន តួយ៉ាង​ដូចជា​ទីក្រុង​ភ្នំពេញ​ជាដើម។ ក៏​ប៉ុន្តែ​នៅ​តាម​បណ្ដា​ខេត្ត​ក៏​មាន​ដូចគ្នា​ដែរ ហើយ​សំបូរ​មាន​នៅ​តាម​សហគមន៍​នានា។ នៅ​ក្នុង​អត្ថបទ​ប្លក់​នេះ ខ្ញុំ​សុំ​និយាយ​ត្រឹម​តែ​ការងារ​ស្ម័គ្រចិត្ត​ទ្រង់ទ្រាយ​ធំ – ការងារ​ស្ម័គ្រចិត្ត​នៅ​តាម​ទី​ប្រជុំជន។ តើ​អ្នក​រំពឹង​អ្វី​ខ្លះ​ពី​ការងារ​ស្ម័គ្រចិត្ត​ក្នុង​សង្គម? អ្វី​ដែល​អ្នក​ចូលរួម​ការងារ​ស្ម័គ្រ​ចិត្ត​តែង​ប្រាថ្នា​ចង់​បាន​ធំ​បំផុត​នោះ​ គឺ «បទ​ពិសោធន៍» ។ នរណា​ក៏​ចង់​បាន​បទ​ពិសោធន៍ ព្រោះ​គេ​បាន​រំពៃ​គិត​មើល​ទៅ​ពេល​ខាង​មុខ​ថា បើ​ដាក់​ពាក្យ​សម្ភាស​ការងារ ប្រាកដ​ជា​ត្រូវ​មាន​បទពិសោធន៍​ណា​មួយ​នៅ​ក្នុង CV ។ ដូច្នេះ​ហើយ​ទើប​ការងារ​ស្ម័គ្រចិត្ត​គឺ​ជា​ប្រភព​បទពិសោធន៍​ដ៏​ចម្បង​មួយ។ ក្រៅ​អំពី​បទពិសោធន៍ ក៏​នៅ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​គេ​ចង់​ទទួល​បាន​មក​វិញ មាន​ដូចជា​មិត្តភាព (ស្គាល់​មនុស្ស​ថ្មីៗ), វឌ្ឍនភាព​នៃ​សង្គម, ពង្រឹង​សមត្ថភាព​ការងារ ។ល។ ជា​ទស្សនៈ​ផ្ទាល់​ខ្លួន ប្រសិន​បើ​យើង​ដាក់​ចិត្ត​ចូលរួម​ក្នុង​កិច្ចការ​នោះ​ហើយ (ឬ​បើ​យើង​ដាក់​ពាក្យ​ជាប់​ឈ្មោះ) យើង​ប្រាកដ​ជា​ទទួល​បាន​បទពិសោធន៍​ដោយ​ឯកឯង ដូច្នេះ​យើង​គួរ​រក​មើល​ចំណុច​ណា​មួយ​ជា​ប្រយោជន៍​ដ៏​ធំ​សម្រាប់​សង្គម ព្រោះ​យើង​ធ្វើ​ការងារ​សង្គម។ ចំពោះ​ខ្ញុំ ខ្ញុំ​ចង់​ចំណាយ​ពេល​វេលា​និង​កម្លាំង​មួយ​ចំនួន ដើម្បី​ជួយ​ដល់​សង្គម​ឲ្យ​មាន​ភាព​រីកចម្រើន និង​ដើម្បី​រៀបចំ​កម្មវិធី​អ្វី​មួយ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​អ្នក​មក​ចូលរួម។ ចូលរួម​ការងារ​សង្គម​ស្ទើរ​គ្រប់​ពេល​វេលា? គ្រាន់​តែ​ជា​ទស្សនៈ​របស់​ខ្ញុំ និង​ការ​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ​មក​ខ្លះ យើង​គួរ​ជ្រើស​យក​ពេល​សមស្រប​មួយ​សម្រាប់​ការងារ​សង្គម។ យើង​មាន​ខ្លួន​តែ​មួយ​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​ជ្រើស​យក​ពល​មួយ​ដែល​ល្អ ហើយ​ធ្វើ​ការងារ​សង្គម​ណា​ដែល​គិត​ថា​ពាក់ព័ន្ធ​នឹង​ជំនាញ​ដែល​ខ្លួន​កំពុង​ធ្វើ​និង​ចង់​ធ្វើ ហើយ​ថែម​ទាំង​គិត​ថា​ពេញ​ចិត្ត​ដោយ​ខ្លួន​ឯង។ នៅ​ពេល​យើង​មាន​បំណង … Continue reading ក្នុង​សង្គម – ហេតុ​អ្វី​ធ្វើ​ការងារ​ស្ម័គ្រចិត្ត?

កំណើន​ហាង​តែតជ់


ខ្ញុំ​មិន​មែន​ជា​អ្នក​និយម​ភេសជ្ជៈ​តែគជ់​ទេ ប៉ុន្តែ​ម្ដង​ម្កាល ចូល​ចិត្ត​វា​ដែរ។ បើ​តាម​ខ្ញុំ​ចាំ ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១២ មក មាន​កំណើន​ហាង​កាហ្វេ​យ៉ាង​ច្រើន​លេច​ចេញ​ព្រោងព្រាត​ពេញ​ទីក្រុង​ភ្នំពេញ ជា​ពិសេសនៅ​តាម​តំបន់​ពាណិជ្ជកម្ម​មួយ​ចំនួន និង​ក្បែរៗ​គ្រឹះស្ថាន​សិក្សា​នានា។ ស្រប​ពេល​នោះ​ដែរ ហាង​ភេសជ្ជៈ​តែគជ់ [និងកាហ្វេ] ក៏​ចាប់​ផ្ដើម​ដុះ​ឡើង​ម្ដង​មួយៗ ហើយ​រីករាល​ដាល​ទៅ​ជា​ច្រើន​កន្លែង មិន​ថា​តូច ឬ​ធំ​ឡើយ។ បើ​និយាយ​ពី​នៅ​ក្បែរ​គ្រឹះស្ថាន​សិក្សា​វិញ​នោះ ស្ទើរ​តែ​និយាយ​ថា មិន​អាច​គ្មាន​ហាង​តែគជ់ [និង​កាហ្វេ] បាន​ឡើយ។ បើ​យើង​និយាយ​អំពី​ហាង​កាហ្វេ [និង​នំប៉័ង] រួម​មាន៖ Brown, TOUS les JOURS, Gloria Jean's, Costa និង​ផ្សេងៗ​ទៀត។ ខ្ញុំ​មិន​ទាន់​បាន​ចូល​ភ្លក់​អស់​ទេ។ 😀 ហើយ​បើ​យើង​និយាយ​អំពី​ហាង​តែគជ់ [និង​កាហ្វេ] រួម​មាន៖ Gong Cha, Chatime, Babo, KOI (ទើប​បើក) និង​ហាង​តូចៗ​ជា​ច្រើន​ថែម​ទៀត។ ហើយ​យុវជន​ជា​ច្រើន​ចូល​ចិត្ត​ទៅ​ហាង​តែគជ់​ទាំង​នោះ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ទៅ​ហាង​កាហ្វេ [និង​នំប៉័ង] ច្រើន​ជាង។ ហាង​តែគជ់​ទាំង​នោះ បាន​បង្កើត​ការ​ផ្សព្វផ្សាយ​ជា​ច្រើន​តាម​វិធី និង​ការ​ចំណាយ​រៀងៗ​ខ្លួន​ដើម្បី​ទាក់ទាញ​អតិថិជន។ ឃើញ​ថា ការ​ផ្សាយ​របស់​គេ​មាន​លក្ខណៈ​គួរ​ឲ្យ​ទាក់ទាញ​មែន ជា​ពិសេស … Continue reading កំណើន​ហាង​តែតជ់

បាតុកម្ម​និង​ឥទ្ធិពល​បណ្ដាញ​សង្គម


បាតុកម្ម... គ្រាន់​តែ​ឮ​ពាក្យ​នេះ មាន​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា បាតុកម្ម​ហ្នឹង​ហើយ​ជា​មុខ​របរ​បន្ថែម​របស់​បក្ស​ជំទាស់។ តែ​មាន​ខ្លះ​វិញ​ថា បាតុកម្ម​ហ្នឹង​ហើយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​សង្គម។ ហើយ​ក៏​មាន​ខ្លះ​ទៀត​គាត់​បញ្ចេញ​យោបល់​ថា បាតុកម្ម​ហ្នឹង​គឺ​មក​ពី​គេ​មិន​សុខ​ចិត្ត។ បើ​តាម​ខ្ញុំ​ចាំ ចាប់​តាំង​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៣ មក បាតុកម្ម​ត្រូវ​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​ដូច​ជា​បាតុកម្ម​របស់​បក្ស​ជំទាស់ បាតុកម្ម​របស់​កម្មករ​ទាមទារ​ប្រាក់​ខែ​គោល​ខ្ពស់​ដល់ ១៦០ដុល្លារ និង​បាតុកម្ម​របស់​សមាគម​ផ្សេងៗ​ទៀត។ វា​ជា​ការ​ពិត​ដែល​ថា​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ រាស្ត្រ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​តវ៉ា​លើ​បញ្ហា​ដែល​ខ្លួន​មិន​សុខ​ចិត្ត ប៉ុន្តែ​វា​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ទៅ​វិញ​នៅ​ពេល​ដែល​បាតុកម្ម​អហិង្សា​ទាំង​នោះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ហិង្សា (កុប្បកម្ម)។ ចាប់​តាំង​ពី​បាតុកម្ម​បាន​កើត​ឡើង ព័ត៌មាន​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​រហ័ស​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ជា​ពិសេស​នៅ​ក្នុង​បណ្ដាញ​សង្គម Facebook និង Twitter ។ តួ​យ៉ាង​នៅ​ក្នុង​ព្រឹត្តិការណ៍​ម្សិល​មិញ និង​ថ្ងៃ​នេះ​គឺ​ជា​រឿង​ដែល​កំពុង​ឆេះ​ក្ដៅ​គគុក​នៅ​ក្នុង​បណ្ដាញ​សង្គម ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​លើ​ការ​បង្ក្រាប​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ផ្លូវ​វ៉េងស្រេង។ បណ្ដាញ​សង្គម​ទាំង​ពីរ​នេះ​បាន​ប្រែ​ខ្លួន​ជា​ឧបករណ៍​យ៉ាង​សំខាន់​សម្រាប់​ផ្សាយ​ដំណឹង​បាន​យ៉ាង​រហ័ស មិន​ថា​មនុស្ស​សាមញ្ញ ឬ​អ្នក​នយោបាយ ឬ​ជន​ល្បីល្បាញ​សុទ្ធ​តែ​ប្រើ​វា​ដើម្បី​ផ្សព្វផ្សាយ ហើយ​ដំណឹង​មួយ​ចំនួន​នោះ​ពុំ​មាន​ផ្សាយ​នៅ​ក្នុង​ទូរទស្សន៍​នោះ​ឡើយ។ នៅ​ថ្ងែ​នេះ​ជា​ថ្ងៃ​គួរ​ឲ្យ​សោកសៅ​នៅ​ពេល​ដែល​ការ​បង្ក្រាប​ក្រុម​បាតុករ​ឈាន​ដល់​មាន​អ្នក​ស្លាប់ និង​របួស​ច្រើន​នាក់។ អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​បាតុកម្ម​អហិង្សា ដែល​គ្មាន​អ្នក​ស្លាប់ គ្មាន​អ្នក​របួស ហើយ​ទទួល​បាន​ការ​ដោះស្រាយ​ដ៏​សមរម្យ​មួយ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​លើ​អ្វី​ដែល​រាស្ត្រ​ចង់​បាន។ ខ្ញុំ​គិត​ថា​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង ឃើញ និង​ឮ​អំពី​ព័ត៌មាន​ទាំង​នេះ​ហើយ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ព្រឹត្តិការណ៍​នេះ​នឹង​ស្រាកស្រាន្ត​ជា​បន្តបន្ទាប់ ហើយ​រដ្ឋាភិបាល​អាច​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដើម្បី​ស្រាយ​ចំណង​បញ្ហា​នេះ។ ដោយ​ឡែក នៅ​រឿង​មួយ​ទៀត​ដែល​មក​ដល់​ថ្ងៃ​នេះ​ហើយ ខ្ញុំ​ហាក់​មិន​ទទួល​បាន​ព័ត៌មាន​បន្ថែម​សោះអំពី​ការ​បាត់បង់​ព្រះ​សារីរិកធាតុ។ តើ​ការ​ស្វែង​រក​ដល់​ណា​ហើយ? តើ​ព្រះសារីរិកធាតុ​ត្រូវ​បាន​គេ​លួច​ទៅ​លក់​នៅឯណា? ឬ​ក៏​ត្រូវ​គេ​យក​ទៅ​ទុក​នៅ​ឯណា? រដ្ឋាភិបាល អ្នក​គឺ​ជា​ឪពុក​ម្ដាយ​របស់​ប្រជារាស្ត្រ សូម​អ្នក​ស្រលាញ់​រាស្ត្រ​ឲ្យ​ដូច​ជា​បុត្រ​របស់​អ្នក … Continue reading បាតុកម្ម​និង​ឥទ្ធិពល​បណ្ដាញ​សង្គម