ក្នុង​សង្គម – ហេតុ​អ្វី​ធ្វើ​ការងារ​ស្ម័គ្រចិត្ត?


នៅ​ក្នុង​សតវត្ស​ទី ២១ នេះ នរណាៗ​ក៏​និយាយ​អំពី​ការងារ​ស្ម័គ្រចិត្ត​នៅ​ក្នុង​សង្គម។ យុវជន​ខ្មែរ​ជាច្រើន​កំពុង​ចាប់​អារម្មណ៍​នៅ​ក្នុង​ការងារ​ស្ម័គ្រចិត្ត​​នានា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម។ នេះ​គឺ​ជា​សញ្ញា​ដ៏​ប្រសើរ​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ ដែល​ពួកគេ​កើត​មាន​គំនិត​ចូលរួម​ក្នុង​ការងារ​សង្គម និង​ជួយ​ដល់​សង្គម​ដែល​ពួកគេ​កំពុង​រស់នៅ។ ឱកាស​ការងារ​ស្ម័គ្រចិត្ត​ធំៗ តែង​កើត​មាន​ឡើង​នៅ​តាម​បណ្ដា​ទី​ប្រជុំជន តួយ៉ាង​ដូចជា​ទីក្រុង​ភ្នំពេញ​ជាដើម។ ក៏​ប៉ុន្តែ​នៅ​តាម​បណ្ដា​ខេត្ត​ក៏​មាន​ដូចគ្នា​ដែរ ហើយ​សំបូរ​មាន​នៅ​តាម​សហគមន៍​នានា។ នៅ​ក្នុង​អត្ថបទ​ប្លក់​នេះ ខ្ញុំ​សុំ​និយាយ​ត្រឹម​តែ​ការងារ​ស្ម័គ្រចិត្ត​ទ្រង់ទ្រាយ​ធំ – ការងារ​ស្ម័គ្រចិត្ត​នៅ​តាម​ទី​ប្រជុំជន។ តើ​អ្នក​រំពឹង​អ្វី​ខ្លះ​ពី​ការងារ​ស្ម័គ្រចិត្ត​ក្នុង​សង្គម? អ្វី​ដែល​អ្នក​ចូលរួម​ការងារ​ស្ម័គ្រ​ចិត្ត​តែង​ប្រាថ្នា​ចង់​បាន​ធំ​បំផុត​នោះ​ គឺ «បទ​ពិសោធន៍» ។ នរណា​ក៏​ចង់​បាន​បទ​ពិសោធន៍ ព្រោះ​គេ​បាន​រំពៃ​គិត​មើល​ទៅ​ពេល​ខាង​មុខ​ថា បើ​ដាក់​ពាក្យ​សម្ភាស​ការងារ ប្រាកដ​ជា​ត្រូវ​មាន​បទពិសោធន៍​ណា​មួយ​នៅ​ក្នុង CV ។ ដូច្នេះ​ហើយ​ទើប​ការងារ​ស្ម័គ្រចិត្ត​គឺ​ជា​ប្រភព​បទពិសោធន៍​ដ៏​ចម្បង​មួយ។ ក្រៅ​អំពី​បទពិសោធន៍ ក៏​នៅ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​គេ​ចង់​ទទួល​បាន​មក​វិញ មាន​ដូចជា​មិត្តភាព (ស្គាល់​មនុស្ស​ថ្មីៗ), វឌ្ឍនភាព​នៃ​សង្គម, ពង្រឹង​សមត្ថភាព​ការងារ ។ល។ ជា​ទស្សនៈ​ផ្ទាល់​ខ្លួន ប្រសិន​បើ​យើង​ដាក់​ចិត្ត​ចូលរួម​ក្នុង​កិច្ចការ​នោះ​ហើយ (ឬ​បើ​យើង​ដាក់​ពាក្យ​ជាប់​ឈ្មោះ) យើង​ប្រាកដ​ជា​ទទួល​បាន​បទពិសោធន៍​ដោយ​ឯកឯង ដូច្នេះ​យើង​គួរ​រក​មើល​ចំណុច​ណា​មួយ​ជា​ប្រយោជន៍​ដ៏​ធំ​សម្រាប់​សង្គម ព្រោះ​យើង​ធ្វើ​ការងារ​សង្គម។ ចំពោះ​ខ្ញុំ ខ្ញុំ​ចង់​ចំណាយ​ពេល​វេលា​និង​កម្លាំង​មួយ​ចំនួន ដើម្បី​ជួយ​ដល់​សង្គម​ឲ្យ​មាន​ភាព​រីកចម្រើន និង​ដើម្បី​រៀបចំ​កម្មវិធី​អ្វី​មួយ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​អ្នក​មក​ចូលរួម។ ចូលរួម​ការងារ​សង្គម​ស្ទើរ​គ្រប់​ពេល​វេលា? គ្រាន់​តែ​ជា​ទស្សនៈ​របស់​ខ្ញុំ និង​ការ​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ​មក​ខ្លះ យើង​គួរ​ជ្រើស​យក​ពេល​សមស្រប​មួយ​សម្រាប់​ការងារ​សង្គម។ យើង​មាន​ខ្លួន​តែ​មួយ​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​ជ្រើស​យក​ពល​មួយ​ដែល​ល្អ ហើយ​ធ្វើ​ការងារ​សង្គម​ណា​ដែល​គិត​ថា​ពាក់ព័ន្ធ​នឹង​ជំនាញ​ដែល​ខ្លួន​កំពុង​ធ្វើ​និង​ចង់​ធ្វើ ហើយ​ថែម​ទាំង​គិត​ថា​ពេញ​ចិត្ត​ដោយ​ខ្លួន​ឯង។ នៅ​ពេល​យើង​មាន​បំណង … Continue reading ក្នុង​សង្គម – ហេតុ​អ្វី​ធ្វើ​ការងារ​ស្ម័គ្រចិត្ត?

បេសកកម្ម «ពួក​គេ​ត្រូវការ​យើង»


បេសកកម្ម ពួកគេ​ត្រូវការ​យើង ឬ They Need Us ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ការ​ចូលរួម​នៃ​ក្រុម​មេឌា និង​ក្រុម​ការងារ​ទំព័រ​នានា​នៅ​ក្នុង Facebook រួម​មាន៖ PeyPey Dy, Troll Khmer, Lion Media, Holy Spring និង ខ្មែរ GAG ។ បេសកកម្ម​នេះ​គឺ ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​អ្នក​ខ្វះខាត​ដែល​គ្មាន​ជម្រក​ច្បាស់​លាស់ នៅ​តាមមាត់​ទន្លេ។ ពួកគេ​បាន​ចូល​ជា​ថវិកា​ម្នាក់​បន្តិចៗ និង​ខោអាវ​មួយ​ចំនួន​ផ្ដល់​ទៅ​ឲ្យ​អ្នក​ទាំង​នោះ។ នេះ​គឺជា​សកម្មភាព​ដ៏​គួរ​ឲ្យ​កោត​សរសើរ​មួយ ដែល​បង្ហាញ​អំពី​ការចូលរួម​នៅ​ក្នុង​សង្គម​របស់​យុវជន​ខ្មែរ មិន​ថា​ច្រើន​ឬ​តិច។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ចូលរួម​ក្នុង​សកម្មភាព​បែប​នេះ ហើយ​ក៏​រំពឹង​ថា​នឹង​ឃើញ​មាន​សកម្មភាព​បែប​នេះ​ជា​បន្ត​បន្ទាប់​ទៀត​នៅ​ក្នុង​សង្គម​មួយ​នេះ។ សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ។ [youtube https://www.youtube.com/watch?v=oI7yJqGPCPk ]

បាតុកម្ម​និង​ឥទ្ធិពល​បណ្ដាញ​សង្គម


បាតុកម្ម... គ្រាន់​តែ​ឮ​ពាក្យ​នេះ មាន​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា បាតុកម្ម​ហ្នឹង​ហើយ​ជា​មុខ​របរ​បន្ថែម​របស់​បក្ស​ជំទាស់។ តែ​មាន​ខ្លះ​វិញ​ថា បាតុកម្ម​ហ្នឹង​ហើយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​សង្គម។ ហើយ​ក៏​មាន​ខ្លះ​ទៀត​គាត់​បញ្ចេញ​យោបល់​ថា បាតុកម្ម​ហ្នឹង​គឺ​មក​ពី​គេ​មិន​សុខ​ចិត្ត។ បើ​តាម​ខ្ញុំ​ចាំ ចាប់​តាំង​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៣ មក បាតុកម្ម​ត្រូវ​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​ដូច​ជា​បាតុកម្ម​របស់​បក្ស​ជំទាស់ បាតុកម្ម​របស់​កម្មករ​ទាមទារ​ប្រាក់​ខែ​គោល​ខ្ពស់​ដល់ ១៦០ដុល្លារ និង​បាតុកម្ម​របស់​សមាគម​ផ្សេងៗ​ទៀត។ វា​ជា​ការ​ពិត​ដែល​ថា​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ រាស្ត្រ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​តវ៉ា​លើ​បញ្ហា​ដែល​ខ្លួន​មិន​សុខ​ចិត្ត ប៉ុន្តែ​វា​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ទៅ​វិញ​នៅ​ពេល​ដែល​បាតុកម្ម​អហិង្សា​ទាំង​នោះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ហិង្សា (កុប្បកម្ម)។ ចាប់​តាំង​ពី​បាតុកម្ម​បាន​កើត​ឡើង ព័ត៌មាន​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​រហ័ស​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ជា​ពិសេស​នៅ​ក្នុង​បណ្ដាញ​សង្គម Facebook និង Twitter ។ តួ​យ៉ាង​នៅ​ក្នុង​ព្រឹត្តិការណ៍​ម្សិល​មិញ និង​ថ្ងៃ​នេះ​គឺ​ជា​រឿង​ដែល​កំពុង​ឆេះ​ក្ដៅ​គគុក​នៅ​ក្នុង​បណ្ដាញ​សង្គម ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​លើ​ការ​បង្ក្រាប​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ផ្លូវ​វ៉េងស្រេង។ បណ្ដាញ​សង្គម​ទាំង​ពីរ​នេះ​បាន​ប្រែ​ខ្លួន​ជា​ឧបករណ៍​យ៉ាង​សំខាន់​សម្រាប់​ផ្សាយ​ដំណឹង​បាន​យ៉ាង​រហ័ស មិន​ថា​មនុស្ស​សាមញ្ញ ឬ​អ្នក​នយោបាយ ឬ​ជន​ល្បីល្បាញ​សុទ្ធ​តែ​ប្រើ​វា​ដើម្បី​ផ្សព្វផ្សាយ ហើយ​ដំណឹង​មួយ​ចំនួន​នោះ​ពុំ​មាន​ផ្សាយ​នៅ​ក្នុង​ទូរទស្សន៍​នោះ​ឡើយ។ នៅ​ថ្ងែ​នេះ​ជា​ថ្ងៃ​គួរ​ឲ្យ​សោកសៅ​នៅ​ពេល​ដែល​ការ​បង្ក្រាប​ក្រុម​បាតុករ​ឈាន​ដល់​មាន​អ្នក​ស្លាប់ និង​របួស​ច្រើន​នាក់។ អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​បាតុកម្ម​អហិង្សា ដែល​គ្មាន​អ្នក​ស្លាប់ គ្មាន​អ្នក​របួស ហើយ​ទទួល​បាន​ការ​ដោះស្រាយ​ដ៏​សមរម្យ​មួយ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​លើ​អ្វី​ដែល​រាស្ត្រ​ចង់​បាន។ ខ្ញុំ​គិត​ថា​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង ឃើញ និង​ឮ​អំពី​ព័ត៌មាន​ទាំង​នេះ​ហើយ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ព្រឹត្តិការណ៍​នេះ​នឹង​ស្រាកស្រាន្ត​ជា​បន្តបន្ទាប់ ហើយ​រដ្ឋាភិបាល​អាច​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដើម្បី​ស្រាយ​ចំណង​បញ្ហា​នេះ។ ដោយ​ឡែក នៅ​រឿង​មួយ​ទៀត​ដែល​មក​ដល់​ថ្ងៃ​នេះ​ហើយ ខ្ញុំ​ហាក់​មិន​ទទួល​បាន​ព័ត៌មាន​បន្ថែម​សោះអំពី​ការ​បាត់បង់​ព្រះ​សារីរិកធាតុ។ តើ​ការ​ស្វែង​រក​ដល់​ណា​ហើយ? តើ​ព្រះសារីរិកធាតុ​ត្រូវ​បាន​គេ​លួច​ទៅ​លក់​នៅឯណា? ឬ​ក៏​ត្រូវ​គេ​យក​ទៅ​ទុក​នៅ​ឯណា? រដ្ឋាភិបាល អ្នក​គឺ​ជា​ឪពុក​ម្ដាយ​របស់​ប្រជារាស្ត្រ សូម​អ្នក​ស្រលាញ់​រាស្ត្រ​ឲ្យ​ដូច​ជា​បុត្រ​របស់​អ្នក … Continue reading បាតុកម្ម​និង​ឥទ្ធិពល​បណ្ដាញ​សង្គម

Cambodia’s Got Talent ?


ប្រហែល​ជា​អ្នក​ធ្លាប់​ឮ​និង​ធ្លាប់​ឃើញ​ហើយ​ពី​កម្មវិធី America's Got Talent , Britain's Got Talent, Thailand's Got Talent និង​​ផ្សេងៗ​ទៀត។ មុន​នេះ​ខ្ញុំ​ឃើញ​ព័ត៌មាន​គេ​ចែកចាយ​នៅ​ក្នុង Facebook ទាក់​ទង​នឹង​កម្មវិធី Cambodia's Got Talent និង Cambodian Idol ។ បើ​តាម​វេបសាយ​ព័ត៌មាន Khmer Note បាន​សរសេរ​ថា [...] ក្រុមហ៊ុន FremantleMedia International បានផ្តល់សិទ្ធិអោយ ប្រទេសកម្ពុជា និង​ប្រទេស​ភូមា​ជា​លើក​ដំបូង​នូវ​កម្មវិធី Cambodian Idol និង​កម្មវិធី Cambodia’s Got Talent [...] កម្មវិធី​ទាំង​២​នេះ​នឹង​ចាប់​ដំណើរ​ការ​នៅ​ឆ្នាំ ២០១៤ ដោយ​សហការជាមួយក្រុមហ៊ុន Hang Meas Group ដែល​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍ ហង្សមាស HDTV [...] នេះ​ជា​ព័ត៌មាន​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។ ជា​រៀងរាល់​ឆ្នាំ ខ្ញុំ​តែង​តាម​ដាន​កម្មវិធី​ទាំង​នេះ​តាម​រយៈ Youtube ព្រោះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ហើយ​ល្អ​មើល​ថែម​ទៀត។ … Continue reading Cambodia’s Got Talent ?

«រត់» – Arom Film


«រត់» គឺ​ជា​ខ្សែ​ភាពយន្ដ​បិសាច (zombie) ដែល​ផលិត​និង​ដឹកនាំ​ដោយ​ផលិតករ​ជនជាតិ​ខ្មែរ។ រឿង​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ខាង​មុខ​នេះ... http://www.youtube.com/watch?v=i9AnGOhYxvs

ព្រឹត្តិការណ៍​បរិច្ចាគឈាម ដល់ មន្ទីរ​ពេទ្យ​គន្ធបុប្ផា លើក​ទី​៤


ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​មួយ ដែល​រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង ៨ ព្រឹក ដល់ ១០:៣០ ព្រឹក នៅ​ឯ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទី​៤ ខាង​ជើង​វត្តភ្នំ រាជធានី​ភ្នំពេញ។ នេះ​គឺ​ជា​លើក​ទី​៤ សម្រាប់​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម (លោហិត​សង្គហទាន) ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើម្បី​ទុក​ជួយ​សង្គ្រោះ​ដល់​កុមារ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំបាច់​ក្នុង​ការ​ព្យាបាល។ ខ្ញុំ​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ហើយ​នា​ពេល​កន្លង​មក​ខ្ញុំ​ធ្លាប់​បាន​បរិច្ចាគ​ឈាម​ចំនួន​២​ដង​រួច​មក​ហើយ ដែល​លើក​ទី១ គឺ​នៅ​ព្រឹត្តិការណ៍​ដែល​រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា និង​លើក​ទី២ គឺ​នៅ​ពេល​ដែល​រថយន្ត​ចល័ត​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ទៅ​ដល់​សាលា​របស់​ខ្ញុំ។ ដូច្នេះ​ នេះ​នឹង​ក្លាយ​ជា​លើក​ទី៣​សម្រាប់​ខ្ញុំ​ក្នុង​ការ​បរិច្ចាគ​ឈាម។ 🙂 ប្រសិន​បើ​បង​ប្អូន​ចង់​ចូលរួម​បរិច្ចាគ​ឈាម​ដែរ​នោះ សូម​ទាក់​ទង​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​នៅ​ក្នុង​រូប​ខាង​ក្រោម និង​សូម​ជួយ​ផ្សព្វផ្សាយ​ដំណឹង​នេះ​ទៅ​ដល់​អ្នក​ដទៃ​ផង។ 🙂