មួយ​ជំហាន​បន្ទាប់​បច្ចុប្បន្ន


តើ​អ្នក​បាន​រៀបចំ​ផែនការ​ជីវិត​បាន​យ៉ាងណា​ទៅ​ហើយ? តើ​អ្នក​ធ្លាប់គិត​ថា​នឹង​ចង់​ធ្វើ​អ្វី? តើ​អ្នក​ចង់​រៀន​អ្វី​បន្ថែម​ទៀត​ទេ? តើ​អ្នក​មាន​គម្រោង​អ្វី​ខ្លះ​ក្នុង​ជីវិត? សំណួរ​ទាំង​អស់​នេះ​គឺ​ជា​សំណួរ​ដ៏​សែន​ពិបាក​ឆ្លើយ​ចំពោះ​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា។ ពេលយើង​នៅ​ក្មេង​នៅ​ឡើយ យើង​ដឹង​តែ​រឿង​ម្យ៉ាង​គត់​គឺ​ភាព​សប្បាយ​នៅ​ក្នុង​ជីវិត។ ក្រៅ​ពី​នេះ​គឺ​ការ​ទៅ​រៀន​នៅ​សាលា។ ពេល​នោះ​យើង​គ្មាន​គំនិត​អ្វី​ដែល​នឹង​គិត​ដល់​ការ​អភិវឌ្ឍ​ខ្លួន និង​រៀបចំ​ផែនការ​ជីវិត​នោះ​ទេ។ យើង​ហ៊ាន​ធ្វើ​អ្វី​ដែល​យើង​ចង់ យើង​យំ​ព្រោះ​ប៉ាម៉ាក់​មិន​ទិញ​អ្វី​មួយ​ឲ្យ យើង​មិន​ខ្វល់​ចំពោះ​ក្មេងៗ​ដទៃ​ដែល​ធូរធារ​និង​មាន​របស់របរ​ប្រើ​ច្រើន​ជាង​យើង អ្វី​ដែល​យើង​គិត​នោះ​គឺ «ធ្វើ​ម៉េច​ឲ្យ​ខ្លួន​ឯង​សប្បាយ»។ ប៉ុន្តែ​មក​ដល់​ពេល​ដែល​យើង​ចូល​វ័យ​ជំទង់ គំនិត​របស់​យើង​ក៏​ចាប់ផ្ដើមផ្លាស់​ប្ដូរ។ យើង​ចាប់​ផ្ដើម​ច្រណែន​នឹង​អ្នក​ដទៃ យើង​ចាប់ផ្ដើម​ខ្វល់ខ្វាយ​ច្រើន​អំពី​ការ​សិក្សា យើង​កាន់​តែ​វីវក់​នឹង​ការ​សប្បាយ​រីករាយ យើង​ចាប់ផ្ដើម​យល់​អំពី​ភាព​សប្បាយ​នឹង​របស់​ទំនើប របស់​ល្អ។ល។ ពេល​នោះ​ហើយ​ដែល​យើង​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ទាំង​ឥរិយាបថ និង​គំនិត។ ប៉ុន្តែ​រឿង​ទាំង​នេះ​ក៏​អាស្រ័យ​ទៅ​នឹង​បរិយាកាស​គ្រួសារ​ដែរ។ រហូត​ដល់​យុវវ័យ យើង​ក៏​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​កាន់​តែ​ខ្លាំង។ ហើយ​ពេល​នេះ​យើង​ម្នាក់ៗ​ក៏​ប្រែ​ក្លាយ​ខ្លួន​ជា​ប្រភេទ​មនុស្ស​ទីទៃ​ពី​គ្នា ហើយ​យើង​ក៏​ចាប់​ផ្ដើម​ព្យាយាម​គិត​អំពី​បញ្ហា​ដែល​ក្រសោប​ជុំវិញ​ខ្លួន​យើង។ ខ្លះ​ខ្វល់ខ្វាយ​ព្រោះ​បញ្ហា​គ្រួសារ ខ្លះ​ខ្វល់ខ្វាយ​អំពី​សម្ភារៈ​ទំនើបៗ ខ្លះ​ខ្វល់ខ្វាយ​អំពី​ការ​សិក្សា ខ្លះ​ចង់​បាន​អាហារូបករណ៍​ក្រៅ​ប្រទេស ខ្លះ​ខ្វល់ខ្វាយ​អំពី​ស្នេហា ខ្លះ​ខ្វល់ខ្វាយ​អំពី​អនាគត។ល។ នៅ​ពេល​នេះ​ហើយ​ដែល​យើង​ចាប់ផ្ដើម​ដឹង​ខ្លួន​ឯង​ជា​មនុស្ស​យ៉ាង​ណា ខ្សោយ​ត្រង់​ណា ពូកែ​ត្រង់ណា ហើយ​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​បាន​ប៉ុណ្ណា។ តែ​ក៏​មិនមែន​ទាំង​អស់​នោះ​ទេ មាន​ខ្លះ​ក៏​នៅ​តែ​សប្បាយ​វីវក់ភ្លេច​ការ​រៀបចំ​ជីវិត​របស់​គេ​ឲ្យ​ ស្រស់​បំព្រង ឲ្យ​ប្រសើរ ហើយ​ខ្ជះខ្ជាយ​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​ទៅ​ក្នុង​ភក់ ដែល​ពេជ្រ​នោះ​គឺ​ជា​ជីវិត​របស់​គេ។ ប្រសិន​​បើ​អ្នក​ភ្លេច​គិត​អំពី​បញ្ហា​អនាគត ឬ​ជំហាន​បន្ទាប់​នៃ​ជីវិត​របស់​អ្នក​បច្ចុប្បន្ន អ្នក​គួរ​តែ​ចាប់​ផ្ដើម​គិត​ទៅ វា​អាច​នឹង​ហួស​ពេល​ចំពោះ​អ្នក​ខ្លះ តែ​បើ​អ្នក​មាន​សង្ឃឹម​ថា​មិន​ទាន់​ហួស​ពេល​នោះ​ទេ ត្រូវ​ចាប់​ផ្ដើម​វា​ឡើង។ អនាគត​របស់​អ្នក​ជាអ្វី? ពេល​នេះ យើង​កំពុង​ឈរ​នៅ​លើ​កំណាត់ផ្លូវ​ដ៏​វែងអន្លាយ​មួយ ដែល​មើល​ទៅ​មុខ​ដាច់​កន្ទុយ​ភ្នែក … Continue reading មួយ​ជំហាន​បន្ទាប់​បច្ចុប្បន្ន

វិថី​ជីវិត​ខ្ញុំ


ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អាយុ​ចេះ​តែ​កើន​ជា​លំដាប់។ ទើប​តែ​កើត​ពី​ថ្ងៃ​មុន​សោះ ឥឡូវ​រៀន​ឆ្នាំ​ទី​១​បាត់​ទៅ​ហើយ។ ជីវិត​ខ្ញុំ​សប្បាយ​រីករាយ​នៅ​ពេល​សប្បាយ ហើយ​កើត​ទុក្ខ​នៅ​ពេល​កើត​ទុក្ខ (និយាយ​ដូច​អត់​និយាយ)។ ភាព​ខ្ជិល​ច្រអូស (ពេល​ខ្លះ) គឺ​ជា​មិត្ត​នឹង​ខ្ញុំ។ ខ្ញុំ​តែង​គិត​ថា​ថ្ងៃ​មួយ​នឹង​ក្លាយ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ដូច​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​វា​មិន​អាច​ទៅ​រួច តែ​បើ​ខ្ញុំ​ប្រឹង​ប្រែង នោះ​ប្រាកដ​ជា​បាន (អ្នក​ណា​ក៏​និយាយ​អ៊ីចឹង)។ មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​រៀបរាប់ តែ​មិន​ដឹង​ថា​ត្រូវ​ចាប់​ផ្ដើម​ពី​ត្រង់​ណា​ទៅ​ទេ​នេះ! អ្ហឹម... គិត​ថា​ត្រង់​នេះ​ទៅ​មុន​ចុះ។ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា ហេតុ​អី​ពេល​ខ្លះ​ខ្ញុំ​មើល​មក​ជីវិត​ខ្លួន​ឯង ហាក់​ដូច​ជា​ខុស​ប្លែក​ពី​អ្នក​ដទៃ​អ៊ីចឹង? ត្រូវ​ហើយ កម្រ​នឹង​មាន​មនុស្ស​ណា​ដូច​គ្នា​ណាស់។ ខ្ញុំ​ចាត់​ទុក​ខ្លួន​ឯង​ជា​មនុស្ស​ខ្ជិល​ម្នាក់ ហើយ​វា​ជា​ការ​ពិត។ បើ​និយាយ​រឿង​រៀន​វិញ ពូកែ​រៀន ក៏​មិន​មែន រៀន​ពូកែ ក៏​មិន​អាច។ តែ​ខ្ញុំ​ដឹង​ត្រង់​ចំណុច​មួយ​ដែល​ខ្ញុំ​មាន​គឺ ពេល​ខ្ញុំ​ស្រលាញ់​ចូល​ចិត្ត​អ្វី ខ្ញុំ​តែង​ចំណាយ​ពេល​ដាច់​យប់ ដើម្បី​រៀន និង​ដោះស្រាយ​វា។ ប្រសិន​បើ​ខ្ញុំ​ប្រឹង​រៀន​មេរៀន​សាលា​អ៊ីចឹង​ដែរ​នោះ មិន​ដឹង​ជា​ពូកែ​ដល់​ណា​ទេ តែ​បាន​ត្រឹម​តែ​ស្រមៃ​ប៉ុណ្ណោះ។ ខ្ញុំ​តែង​មាន​ក្ដី​ស្រមៃ ហើយ​ក្ដី​ស្រមៃ​ខ្លះ ខ្ញុំ​មិន​ដឹង​ថា​សម្រេច​ដោយ​បែប​ណា​ទេ។ ខ្ញុំ​ស្រមៃ​ថា​ចង់​ក្លាយ​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​មួយ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ អាច​ផលិត​កម្មវិធី​ផ្សេងៗ​បាន។ ខ្ញុំ​ស្រមៃ​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន GOOGLE (គួរ​ឲ្យ​ចង់​សើច​ណាស់ 😆 )។ មាន​ក្ដី​ស្រមៃ​ខ្លះ​ដែល​ខ្ញុំ​បាន​សម្រេច ហើយ​ខ្ញុំ​ជឿ​លើ​ខ្លួន​ឯង​ថា ព្យាយាម​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​បាន ឬ​ធ្វើ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​យើង​ចង់​បាន មិន​យូរ​មិន​ឆាប់ វា​នឹង​លេច​ចេញ​រូបរាង​ឡើង។ … Continue reading វិថី​ជីវិត​ខ្ញុំ

ឆ្នាំ​ចាស់​ផុត​ទៅ ​បន្សល់​ទុក​នូវ…


មួយ​ឆ្នាំៗ​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស... ហើយ​ក្នុង​មួយ​ឆ្នាំៗ យើង​ប្រាកដ​ជា​បាន​ធ្វើ​អ្វី​មួយ ឬ​ច្រើន​ជាក់ជា​មិន​ខាន។ ចំណែក​ខ្ញុំ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​អ្វី​នោះ​ទេ។ អាច​ថា​មិន​ច្បាស់ ក៏​ថា​បាន។ ខ្ញុំ​គ្រាន់​តែ​ចាំ​បាន​ថា ខ្ញុំ​បាន​សម្រេច​រឿង​បី​សំខាន់ៗ​បំផុត​នោះ​គឺ៖ ខ្ញុំ​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ ជាមួយ​នឹង​លទ្ធផល​ល្អ​ប្រសើរ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ជីវិត​មហាវិទ្យាល័យ​ក្នុង​មុខ​ជំនាញ​ដែល​ខ្ញុំ​ចូល​ចិត្ត។ ខ្ញុំ​ទទួល​បាន​ការងារ​ធ្វើ។ ហើយ... ក្រៅ​អំពី​រឿង​ផ្ទាល់​ខ្លួន​នោះ គឺ​ព្រឹត្តិការណ៍​សង្គម​វិញ​ម្ដង។ ឆ្នាំ ២០១៣ ជិត​កន្លង​ផុត​ទៅ​ហើយ ប៉ុន្តែ​បញ្ហា​ដែល​កើត​មាន​ឡើង​គឺ​ស្ទើរ​តែ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ បាតុកម្ម​ស្ទើរ​រាល់​ថ្ងៃ ដូច​ជា​បាតុកម្ម​ទម្លាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាតុកម្ម​ទាមទារ​ការ​បោះឆ្នោត​ឡើង​វិញ បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ ហើយ​បញ្ហា​ដែល​នៅ​ក្ដៅ​នោះ គឺ​បញ្ហា​ដីធ្លី (ព្រៃឈើ ដី​សម្បទាន ផ្ទះ​សំបែង)។ ខ្ញុំ​រំពឹង​ថា ឆ្នាំ​ថ្មី​ខាង​មុខ​នេះ មេ​ដឹកនាំ​នយោបាយ​អាច​ស្វែងរក​មធ្យោបាយ​ដើម្បី​បន្ថយ​កម្ដៅ​បញ្ហា​ទាំង​នេះ។ អ្វីៗ​តែង​មាន​ការ​ផ្លាស់​ប្ដូរ ទោះ​តិច​ក្ដី ច្រើន​ក្ដី។ ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា ទទួល​បាន​ភាព​សប្បាយ​រីករាយ​សម្រាប់​បុគ្គល​ខ្លួន​ផ្ទាល់ និង​ក្រុម​គ្រួសារ។ 🙂 សួស្ដី​ឆ្នាំ​ថ្មី!

ចូល​រៀន​និង​ចូល​ធ្វើ​ការ


ពេល​វេលា​ដែល​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ បាន​មក​ដល់​ហើយ។ សាលា​បាន​ចាប់​ផ្ដើម​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ តែ​ខ្ញុំ​ត្រូវ​ទៅ​រៀន​នៅ​សាល​ធំ​អំពី​វិន័យ​និង​មេរៀន​មួយ​ចំនួន​ទាក់​ទង​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គ្រឿងញៀន និង​ជំងឺ​អេដស៍ ហើយ​ចុង​ក្រោយ​នោះ​គឺ​ទាក់ទង​នឹង​ការ​ស្រាវ​ជ្រាវ​ឯកសារ​នៅ​បណ្ណាល័យ។ លុះ​សប្ដាហ៍​ក្រោយ​ទើប​ចាប់​ផ្ដើម​ចូលរៀន​តាម​បន្ទប់​វិញ។ ខ្ញុំ​បាន​ជ្រើស​រើស​យក​មុខ​វិជ្ជា វិទ្យាសាស្ត្រ​កុំព្យូទ័រ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)។ រឿង​មួយ​ទៀត​ដែល​គួរ​ឲ្យ​រីករាយ​សម្រាប់​ខ្ញុំ​នោះ គឺ​ខ្ញុំ​ត្រូវ​បាន​ហៅ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​គម្រោង SPICE ឯ​អង្គការ វិទ្យាស្ថាន​បើក​ទូលាយ (Open Institute) កាល​ពី​មុន​ថ្ងៃ​ចូលរៀន​ម្ល៉េះ។ ហើយ​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ទីមួយ​ដែល​ខ្ញុំ​បាន​ចូល​ធ្វើ​ការ។ ខ្ញុំ​ធ្លាប់​គិត​ស្រមៃ​ចង់​ធ្វើ​ការ​នៅទីនោះ​ជា​យូរ​មក​ហើយ ហើយ​ឥឡូវ​នេះ​ក្ដីស្រមៃ​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត។ 🙂 នៅ​ពេល​នេះ​ជីវិត​ខ្ញុំ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ជា​បណ្ដើរៗ​ហើយ សភាព​ខ្ជិល​ច្រអូស​ទាំង​ឡាយ​ត្រូវ​តែ​ជម្រះ​វា​ចេញ​ឲ្យ​បាន។ ដោយ​ហេតុ​ខ្ញុំ​ជាប់​អាហារូបករណ៍​នៅ​សាកល​ផង ដូច្នេះ​ត្រូវ​ខំប្រឹង​រៀន​ឲ្យ​បាន​ច្រើន ហើយ​បាន​ចូល​ធ្វើ​ការ​ថែម​ទៀត​នោះ ដូច្នេះ​លែង​មាន​ពេល​ទំនេរ​អង្គុយ​ដក​ដង្ហើម​លេង​បាន​ដូច​មុន​ទៀត​ទេ។ ក្រៅ​ពីនេះ​ខ្ញុំ​នៅ​មាន​ក្ដីស្រមៃ​និង​គម្រោង​ផ្ទាល់​ខ្លួន​ជា​ច្រើន​ដែល​មិន​ទាន់​បាន​ធ្វើ និង​មិ​នទាន់​ធ្វើ​រួច។ ដូច្នេះ​ខ្ញុំ​នឹង​ចំណាយ​ពេល​ដែល​មាន​ទាំង​ប៉ុន្មាន​ដើម្បី​សម្រេច​គម្រោង​ទាំង​ឡាយ​នោះ ឲ្យ​វា​ចេញ​ជា​រូបរាង​ឡើង ព្រោះ​គម្រោង​ទាំង​នោះ​សុទ្ធ​តែ​ផ្ដល់​ប្រយោជន៍​ដល់​សង្គម, តិច​តួច​ប៉ុណ្ណោះ។ 😉

ក្ដី​សង្ឃឹម…


ក្ដី​សង្ឃឹម... នរណា​ក៏​មាន​វា​ដែរ ហើយ​ខ្ញុំ​ក៏​មាន​ដែរ។ ពេល​ខ្លះ ខ្ញុំ​តែង​សង្ឃឹម តែង​ស្រមៃ តែ​ប្រាថ្នា ថា​នឹង​ធ្វើ​អ្វី​មួយ​ឲ្យ​បាន។ ប៉ុន្តែ​ការ​ធ្វើ​អ្វី​មួយ​ឲ្យ​សម្រេច​បាន វា​រមែង​ប្រទះ​នឹង​ឧបសគ្គ​មួយ​ចំនួន ចួន​ធំ ចួនតូច ទៅ​តាម​ទំហំ​នៃ​អ្វី​ដែល​យើង​ចង់​ធ្វើ។ មាន​រឿង​ច្រើន​ណាស់ ដែល​ខ្ញុំ​ចង់​ធ្វើ ចង់​សម្រេច ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ឯង​ផង និង​មនុស្ស​ជុំវិញ​ខ្លួន​ផង។ ពេល​ខ្លះ​ខ្ញុំ​ខក​ចិត្ត ពេល​ខ្លះ​ខ្ញុំ​សប្បាយ​ចិត្ត ពេល​ខ្លះ​ខ្ញុំ​គិត​មិន​ចេញ... ខ្ញុំ​តែង​ព្យាយាម​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​កុំ​ឲ្យ​សប្បាយ​ជ្រុល​ជាមួយ​នឹង​អ្វី​ពេក កុំ​ឲ្យ​បាក់​ទឹក​ចិត្ត​ជាមួយ​នឹង​អ្វី​ពេក។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខ្ញុំ​សង្កេត​មើល​ឃើញ​ថា ខ្លួន​ខ្ញុំ​កំពុង​ផ្លាស់​ប្ដូរ​បន្តិច​ម្ដងៗ ទាំង​ចិត្ត គំនិត។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​នៅ​តែ​ជា​ខ្ញុំ​ដដែល។ ពេល​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​តែង​ដឹង​ជានិច្ច​ថា​រឿង​ហ្នឹង​ខុស​ឬ​ក៏​ត្រូវ តែ​មិន​មែន​គ្រប់​ពេល​នោះ​ទេ ព្រោះ​ចួន​កាល​អាច​ភ្លេច​ក៏​ថា​បាន។ មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​និយាយ​ពី​រឿង​ដែល​ថា មនុស្ស​នេះ​ពីមុន​អ៊ីចេះ ដល់​ឥឡូវ​ក្លាយ​ជា​អ៊ីចុះ។ ខ្ញុំ​មិន​ចង់​ក្លាយ​ទៅ​ជា​មនុស្ស​បែប​នេះទេ ខ្ញុំ​នៅ​តែ​ព្យាយាម​ឲ្យ​នៅ​តែ​ជា​ខ្ញុំ​ដដែល។ ដដែល​នោះ​គឺ អាកប្បកិរិយា ចិត្ត​គំនិត ដែល​ចង់​ធ្វើ​អ្វី​មួយ​បាន​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ និង​ធ្វើ​ជា​មនុស្ស​ដែល​អ្នក​ផង​ស្រលាញ់​រាប់​អាន។ ក្ដី​សង្ឃឹម​របស់​ខ្ញុំ​គ្មាន​ព្រំដែន ខ្ញុំ​តែង​ចង់​បាន​អ្វីៗ​ជា​ច្រើន... សំលៀក​បំពាក់ វត្ថុ​ប្រើ​ប្រាស់ ចំណេះ​ដឹង ។ល។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​សល់​ពេល​វេលា​ច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ, ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​ធ្វើ​រឿង​ទាំង​អស់​នោះ​បាន នៅ​ពេល​ខ្ញុំ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​អនាគត ហើយ​ខ្ញុំ​រឹត​ទាំង​ដឹង​ថា​ខ្ញុំ​នឹង​អាច​រក​លុយ​ដើម្បី​ទិញ​អ្វី​ដែល​ខ្ញុំ​ចង់​បាន ក្នុង​ពេល​អនាគត។ ក្ដី​សង្ឃឹម​របស់​ខ្ញុំ​វា​តែង​កើត​ឡើង​សម្រាប់​អនាគត​ច្រើន​ជាង​ពេល​បច្ចុប្បន្ន … Continue reading ក្ដី​សង្ឃឹម…

ចូល​កម្មវិធី​វិទ្យុ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា


កាល​ពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ខ្ញុំ​ត្រូវ​បាន​ខាង មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​ចូល​រួម​ក្នុង​កម្មវិធី​វិទ្យុ​ស្ដី​អំពី​បទ​ពិសោធន៍​នៃ​ការ​សរសេរ​ប្លុក និង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​លើ​អ៊ីនធឺណិត។ នេះ​ជា​លើក​ទី២ ដែល​ខ្ញុំ​ត្រូវ​បាន​ខាង​វិទ្យុ​ហៅ​ឲ្យ​ចូលរួម​និយាយ​ផ្ទាល់។ ស្ដាប់​សំឡេង

ចូល​វិទ្យុ…


ពីម្សិល​មិញ​នេះ​ខ្ញុំ​បាន​ចូល​វិទ្យុ «ការ​ផ្សាយ​សំឡេង​សង្គម​ស៊ីវិល» ក្នុង​កម្មវិធី «ទៅ​ឬ​មិន​ទៅ» ដែល​មាន​បង​សុភ័ក្ត្រ ជា​អ្នក​សម្រប​សម្រួល។ ប្រធាន​បទ​កាល​ពី​ម្សិល​មិញ​គឺ​មិន​បាន​លើក​យក​អំពី​រឿង​នយោបាយ​មក​និយាយ​ទេ ផ្ទុយ​ទៅវិញ​គឺ​បាន​លើក​យក​ប្រធានបទ​ទូទៅ​មួយ​ដែល​យុវជន​កំពុង​ជួប​ប្រទះ​ គឺ​ការ​ជ្រើស​រើស​សាកលវិទ្យាល័យ​សម្រាប់​យុវជន​ដែល​ទើប​ចប់​ថ្នាក់​ទី១២។

ដើរ​ជិត​៧​គីឡូម៉ែត​នៅ​ភ្នំពេញ


ល្ងាច​មិញ​ក្រោយ​ពី​ចុះ​ទៅ​តំបន់​ច្រាំង​ចំរេះ​ទី១ ដើម្បី​បំពេញ​ការងារ​ក្នុង​គម្រោង​ស្ម័គ្រ​ចិត្ត​មួយ​របស់ UNICEF កម្ពុជា ស្ដី​អំពីជីវភាព​ប្រជាពលរដ្ឋ​ជា​ពិសេស​កុមារ​នៅ​ទីនោះ​មក ក្រុម​ការ​ងារ​ក៏​បាន​មក​ដល់​ទីតាំង​វិញ​នៅ​ប្រមាណ​ម៉ោង​៥​កន្លះ​ល្ងាច (ខ្ញុំ​នឹង​សរសេរ​អត្ថបទ​ទាក់​ទង​នឹង​គម្រោង​នេះ​នៅពេល​ក្រោយ) ។ ពេល​មក​ដល់​វិញ ខ្ញុំ​និង​បង​តាម៉ាប់ ក៏​សម្រេច​ចិត្ត​ថា​ដើរ​មក​ផ្ទះ​វិញ។ វា​ជា​រឿង​កម្រ​មួយ​សម្រាប់​ខ្ញុំ​ដែល​ដើរ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ពេល​ល្ងាច​បែប​នេះ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ចេញ​ពី​ទីតាំង UNICEF រួច​បន្ត​ដំណើរ​តាម​មាត់ទន្លេ​វិញ។ ដំណើរ​ជិត​៧គីឡូម៉ែត​នេះ ហាក់​ដូច​ជា​ពុំ​មាន​អ្វី​ត្រូវ​និយាយ​ច្រើន​នោះ​ទេ ព្រោះ​ស្ថានភាព​នៅ​ទីក្រុង​ភ្នំពេញ​ពេល​ល្ងាច ជា​ទូទៅ​ភាគ​ច្រើន​អ៊ូអរ​តែ​នៅ​តំបន់​មួយ​ចំនួន​ដូច​ជា​មាត់​ទន្លេ សួន​បុទុម កោះពេជ្រ ផ្សារ​ទំនើប និង​នៅ​ផ្សារ​មួយ​ចំនួន​ទៀត​មាន​ផ្សារកណ្ដាល ផ្សារ​ចាស់ ជាដើម​តែ​ប៉ុណ្ណោះ ដោយ​ឡែក​ផ្លូវ​ផ្សេងៗ​ទៀត​ដែល​ខ្ញុំ​ដើរ​កាត់​ហាក់​មាន​សភាព​ស្ងាត់ តែ​មិន​មែន​ស្ងាត់​ពេក​នោះទេ ហើយ​ផ្លូវ​ខ្លះ (ផ្លូវ​ក្នុងៗ) ពុំ​មាន​ភ្លើង​បំភ្លឺ​គ្រប់​គ្រាន់​ដែរ។ សរុប​រយៈ​ពេល​ធ្វើ​ដំណើរ​ជិត​៧​គីឡូម៉ែត​នេះ ប្រហែល​ជា​២ម៉ោង​កន្លះ​បើ​តាម​ខ្ញុំ​ចាំ។ នេះ​ក៏​អាច​ថា​ជា​បទ​ពិសោធន៍​ថ្មី​មួយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​នៅ​ពេល​ល្ងាចៗ​ងងឹតៗ​បែប​នេះ​ទៀត ដែល​អាច​មើល​ឃើញ​កាន់​តែ​ច្បាស់​អំពី​ស្ថានភាព​ទីក្រុង​ភ្នំពេញ ខុស​ពី​ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ កង់ ឬ ឡាន។ 🙂

ទៅ​សាលា​ក្រុង


កាល​ពី​ម្សិល​មិញ​មាន​តែ​ស្រីៗ​ប៉ុណ្ណោះ​ដែល​អាច​ដក​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន​បាន តែ​ថ្ងៃ​នេះ​គឺ​ដល់​វេន​សម្រាប់​ប្រុសៗ។ ខ្ញុំ​ព្យាយាម​ក្រោក​ឲ្យ​បាន​លឿន ដើម្បី​ឆាប់​ទៅ​ដក​បាន រួច​នឹង​អាល​យក​ទៅ​ថត​ចម្លង​និង​ដាក់​បញ្ជាក់​នៅ​សាលា​ក្រុង​ឲ្យ​បាន​រហ័ស។ ប៉ុន្តែ​ពេល​ទៅ​ដល់​សាលា​ក្រុងម៉ោង​ប្រហែល​៩កន្លះ គឺ​មនុស្ស​ច្រើន​ណាស់ ហើយ​ខ្ញុំ​ត្រូវ​ទិញ​តែមប្រិ៍​ដើម្បី​បិទ​​លើ​សន្លឹក​ថត​ចម្លង​និមួយៗ​ឲ្យ​រួច​ជា​ស្រេច​ថែម​ទៀត​ផង រហូត​ដល់​ម៉ោង​ជាង​១០​ទើប​រួច​រាល់។ បន្ទាប់​មក​ក៏​នាំ​គ្នា​ដើរ​ទៅ​ចូល​ទៅ​ក្នុង​សាលា​ក្រុង តែ​គេ​បាន​បិទ​លែង​ឲ្យ​ចូល​ហើយ ព្រោះ​មាន​មនុស្ស​នៅ​ក្នុង​ច្រើន​ណាស់ ទម្រាំ​តែ​រួច​ដល់​ម៉ោង​សម្រាក​តែម្ដង។ ពេល​ថ្ងៃ​ម៉ោង​២​ទៅ​ម្ដង​ទៀត​ទើប​បាន​ចូល ប៉ុន្តែ​លើក​នេះ​ត្រូវ​ឈរ​ប្រជ្រៀត​ជាមួយ​គេ​ដើម្បី​រង់​ចាំ​គេ​បើក​ឲ្យ​ចូល​ជួរ​ម្ដង​បន្តិចៗ។ ខ្ញុំ​ត្រូវ​ទៅឈរ​តាំង​ពីម៉ោង​២កន្លះ រហូត​ដល់​ម៉ោងជិត៤ ទើប​បាន​ចូល​ជួរ។ ហើយ​នៅ​ឈរ​ក្នុង​ជួរ​ប្រមាណ​ជិតកន្លះម៉ោង​ទៀត​ទើប​បាន​ដាក់​រួច។ នេះ​សំណាងហើយ​ដែល​ថ្ងៃ​មិញ​មិន​ជា​ក្ដៅ​ណាស់​ណា បើ​មិន​អ៊ីចឹង​ទេ​ប្រាកដ​ជា​មិន​ស្រួល​ហើយ​ខ្ញុំ។ 😉 ការ​បញ្ជាក់​នឹង​រួច​រាល់​ក្នុង​រយៈ​ពេល​បួន​ថ្ងៃ​បន្ទាប់​ពី​ដាក់​នៅ​កន្លែង​កិត្យានុកូលកម្ម​ឯ​សាលា​ក្រុង ហើយ​ពុំ​មាន​គិត​ថ្លៃ​សេវាកម្ម​នោះ​ឡើយ ប៉ុន្តែ​ការ​ទិញ​តែមប្រិ៍​ជា​បន្ទុក​ផ្ទាល់​ខ្លួន។

ប្រឡង​បាក់ឌុប​ជាប់​ហើយ!


ទីបំផុត ការ​សិក្សា​ចំណេះ​ដឹង​ទូទៅ​រយៈ​ពេល​១២​ឆ្នាំ​របស់​ខ្ញុំ បាន​បញ្ចប់​ហើយ ហើយ​ក៏​បានប្រឡង​ជាប់​បាក់ឌុប​ដែរ។ វា​ជា​រឿង​មួយ​គួរ​ឲ្យ​សប្បាយ​ចិត្ត​សម្រាប់​ខ្ញុំ ដែល​ពេល​នេះ​ខ្ញុំ​អាច​បន្ត​ទៅ​សិក្សា​ជំនាញ​ដែល​ខ្ញុំ​ពេញ​ចិត្ត​នៅ​ក្នុង​មហា​វិទ្យាល័យ​ដែរ។ ការ​ប្រកាស​លទ្ធផល​ថ្ងៃ​មិញ​នេះ ក្រោមដំណក់​ភ្លៀង​ធ្លាក់​ស្រិចៗ ម្នាក់ៗ​អង្គុយ​ផង ឈរ​ផង រង់​ចាំ​ស្ដាប់​លទ្ធផល​យ៉ាង​អន្ទះសារ​ជា​ទី​បំផុត រួម​ទាំង​ខ្ញុំ​ដែរ។ ចំពោះ​ខ្ញុំ ខ្ញុំ​បាន​ត្រៀម​ចិត្ត​រួច​មក​ហើយ​ថា ខ្ញុំ​ដឹង​ថា​ខ្លួន​ខ្ញុំ​ប្រឡង​ជាប់​ច្បាស់​ណាស់ តែ​លទ្ធផល​និទ្ទេស​បាន​មួយ​ណា​ក៏​ខ្ញុំ​ពេញ​ចិត្ត​នឹង​ទទួល​ដែរ ហើយ​លទ្ធផល​ដែល​ខ្ញុំ​ទទួល​បាន​គឺ​និទ្ទេស B ។ និទ្ទេស​ដែល​បាន​នៅ​ពេល​នេះ វា​មិន​ទាន់​អាច​កំណត់​ពី​សមត្ថភាព និង​អនាគត​របស់​ខ្ញុំ​បាន​នោះ​ទេ ព្រោះ​ខ្ញុំ​នៅ​សល់​ការ​សិក្សា​ជា​ច្រើន​ទៀត ជា​ពិសេស​ជំនាញ​ដែល​ខ្ញុំ​ស្រលាញ់។ ខ្ញុំ​មាន​ការ​សោក​ស្ដាយ និង​អាណិត​ចំពោះ​មិត្ត​ភក្ដិ​ពុំ​បាន​និទ្ទេស​ដែល​ខ្លួន​ពេញ​ចិត្ត តែ​ទោះ​ជា​យ៉ាង​ណា អនាគត​របស់​យើង​នៅ​វែង​ឆ្ងាយ​ទៀត សូម​កុំ​អាល​អស់​សង្ឃឹម។ ខ្ញុំ​ពុំ​មាន​អ្វី​អាច​ជួយ​អ្នក​រាល់​គ្នា​បាន​ទេ តែ​មាន​សម្ដី​លើក​ទឹក​ចិត្ត។ សូម​ខំ​ប្រឹង​តស៊ូ​លើ​ជំនាញ​ដែល​យើង​ស្រលាញ់ ហើយ​ព្យាយាម​ឲ្យ​ខ្លាំង នោះ​ហើយ​ជា​សមត្ថភាព​របស់​យើង។ 🙂