ព្រឹត្តិការណ៍ បារខែម​កំពង់ចាម ឆ្នាំ២០១៣


កាល​ពី​សប្ដាហ៍​មុន​នេះ ខ្ញុំ​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍ បារខែម​កំពង់ចាម ចាប់​ពី​ថ្ងៃ​ទី២៤ ដល់ ២៥ ខែ​សីហា​ឆ្នាំ២០១៣ នៅ​សាកលវិទ្យាល័យ​ជាស៊ីម កំចាយមារ ខេត្ត​កំពង់ចាម។ សរុបរយៈ​ពេល​ពីរ​ថ្ងៃ​នេះ មាន​ប្រធាន​បទ​ច្រើន​ជាង​៥០ បាន​ដាក់ឲ្យ​ចូលរួម និង​មាន​អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំង​មូល​ជាង ៦០០ នាក់។ ប្រធាន​បទ​ទាំង​នោះ​សុទ្ធ​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដូច​ជា ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង, របៀប​ថត​រូប, ចំណេះ​ដឹង​បច្ចេកវិទ្យា​ថ្មីៗ និង​ប្រធាន​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​អាច​ចាំ​បាន។ ក្រៅ​ពីនេះ ខ្ញុំ​ក៏​បាន​ចូលរួម​ចែក​រំលែក​បាន​ពីរ​ប្រធាន​បទ​ដែរ​គឺ វិគីភីឌា​ខ្មែរ និង ចលនា​ចំណេះ​ដឹង​សេរី (ធ្វើ​ជាមួយ​បង វណ្ណថារិទ្ធិ) គន្លឹះ​ក្នុង​ការ​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ ក្នុង​ថ្ងៃ​ទីមួយ​មាន​មនុស្ស​ច្រើន តែ​ថ្ងៃ​ទីពីរ​ហាក់​ខ្សត់​មនុស្ស​បន្តិច ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ល្អ។ ព្រឹត្តិការណ៍​នេះ​បាន​បញ្ចប់​នៅ​ថ្ងៃទី២ ម៉ោង​១២ថ្ងៃត្រង់ ហើយ​អ្នក​ចូលរួម​ទាំង​អស់ ជា​ពិសេស​អ្នក​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ បាន​បែក​ផ្លូវ​ទៅផ្ទះរៀងៗ​ខ្លួន។ ខ្ញុំ​វិញ ពេល​ទៅ​ជិះ​ឡាន​ក្រុង​ទិញសំបុត្រ, ដល់​ទៅ​វិញ សុំ​តោង​ឡាន​ក្រុង​គេ​មក​វិញ (ឡាន​ដែល​គេ​ជួល​សម្រាប់​ទៅចូលរួម​កម្មវិធី) 😆 ។ ក្នុង​ឆ្នាំ​នេះ ព្រឹត្តិការណ៍​បារខែម​នៅ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ខាង USAID ដូច្នេះ​គេ​បាន​រៀប​ចំ​នៅ​តាម​បណ្ដាល​ខេត្ត​ក្រុង​មួយ​ចំនួន៖ ខេត្តសៀមរាប : បារខែម​អង្គរ (លើកទី២), ចាប់​ពី​ថ្ងៃ​ទី២៣ - ២៤ … Continue reading ព្រឹត្តិការណ៍ បារខែម​កំពង់ចាម ឆ្នាំ២០១៣

ប្រឡង​បាក់ឌុប​ចប់​ហើយ!!!!


រយៈ​ពេល​ពីរ​ថ្ងៃ​កន្លះ​នេះ​គឺ​ពិត​ជា​មួយ​ប៉ព្រិច​ភ្នែក​មែន ដេក​ងើប ដេកងើប ឥឡូវ​ក៏ផុត​ទៅ​ហើយ។ ពិត​ជា​គួរ​ឲ្យ​សប្បាយ​រីករាយ​មែន​ពេល​ដែលបាន​ប្រឡង​ចប់​បែប​នេះ តែ​ក៏​នៅ​មិន​ទាន់​មាន​អារម្មណ៍​ល្អ​ពេញ​លេញ​នោះទេ ព្រោះ​នៅ​ចាំ​លទ្ធផល​ចេញ​នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៣។ សរសេរ​និង​ធ្វើ​បាន​ពេញៗ​ក្រដាស បើ​គិត​ទៅ​មួយ​មុខ​វិជ្ជា​អាច​ធ្វើ​ត្រូវ​ពី ៧០% ទៅ ៨៥% អី​ដែរ។ សង្ឃឹម​ថា​ជាប់ បាន​ចូល​ទៅរៀន​នៅ​មហាវិទ្យាល័យ ក្លាយ​ទៅជា​និស្សិត​នឹង​គេ ហើយ​អាច​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ដែលមាន​ជា​យូរ​មក​ហើយ។ 🙂

ប្រឡង​បាក់​ឌុប​ជិត​មក​ដល់​ហើយ!!!


ភ្លេច​ខ្លួនៗ រៀន​ជិត​ចប់​មួយ​ឆ្នាំ​ទៀត​ហើយ។ សល់​តែ​បួន​ប្រាំ​ថ្ងៃ​ទៀត ការ​ប្រឡង​បាក់​ឌុប​នឹង​មក​ដល់​ហើយ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ត្រៀម​ខ្លួន​ម៉េច​ខ្លះ​ទេ បើ​មិន​ចេះ​អី​ក្នុង​ខ្លួន​ច្រើន​សោះ​ចឹង។ អ៊ីចឹង​សល់​បួន​ប្រាំ​ថ្ងៃហ្នឹង ត្រូវ​មើល​មេរៀន​ហើយ បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង។ ពាក្យ​ចាស់​ថា​មិន​ខុស​មែន «ពេល​គោ​បាត់​ទើប​ធ្វើ​របង ពេល​ជិត​ប្រឡង​ទើប​ខំរៀន» 😆 ឥឡូវ​នេះ​ទោះ​ភ័យ​ក៏​មិន​ដឹង​ធ្វើ​ម៉េច​បាន​ដែរ មាន​តែ​ត្រៀម​ខ្លួន​លើក​ខែល កាន់​ដាវ ដល់​ពេល​ចូល​សមរភូមិ​សឹម​រក​នឹក​វិធី​ការពារ​ខ្លួន និង​ធ្វើ​យ៉ាង​ម៉េចឲ្យ​ជោគជ័យ​ក្នុង​សមរភូមិ។ 😀

យំ​អស់​ទឹក​ភ្នែក – ពៅ វណ្ណារី


យប់​នេះ​ខ្ញុំ​គិត​គ្មាន​ចង់​ធ្វើ​អ្វី​ទេ គឺ​ចង់​សម្រាក​មួយ​រាត្រី​ស្ដាប់​ចម្រៀង​រំសាយ​អារម្មណ៍​តានតឹង​នានា។ តាម​ពិត​គ្មាន​តានតឹង​អីទេ តែ​ចង់​រក​ពេល​មួយ​ចំនួន​ឲ្យ​ខ្លួន​ដែល​ធ្វើ​អ្វី​ទៅ​សប្បាយ​ចិត្ត។ យប់​នេះ​ខ្ញុំ​ជាប់​ចិត្ត​លើ​បទ​ចម្រៀង​មួយ​ដែល​ច្រៀង​ដោយ​អ្នក​ស្រី ពៅ វណ្ណារី មាន​ចំណង​ជើង​ថា យំ​អស់​ទឹក​ភ្នែក ។ បទ​នេះ​ពិត​ជា​ពីរោះ​មែន។

អតីតកាល៖ ទូរស័ព្ទ​ដំបូង​របស់​ខ្ញុំ – Nokia 8310


កាល​នោះ​ទើប​រៀន​ថ្នាក់​ទី៨ មិន​ទាន់​មាន​អី​ប្រើ​នឹង​គេ​ឲ្យ​ទំនើប​ទេ ចង់​ទាក់​ទង​ទៅណា​មក​ណា​ក៏​ពិបាក។ ដល់​ថ្ងៃ​មួយ ប៉ា​ប្ដូរ​ទូរស័ព្ទ​ចេញ ដូច្នេះ​នេះ​ជា​ឱកាស​របស់​ខ្ញុំ​ហើយ 😀 ខ្ញុំ​បាន​សុំ​ទូរស័ព្ទ​នេះ​យក​មក​ប្រើ​បន្ត។ គ្រាន់​តែ​បាន​ភ្លាម​និយាយ​ថា​ដូច​បាន​ដុំ​មាស​ក្នុង​ដៃ ចុះ​ធ្វើម៉េច​បើ​អត់​មាន​លុយ​ទិញ​អា​ទំនើបៗ ចឹង​មាន​តែ​ប្រើ​អាហ្នឹង​តែ​ម្ដង​ទៅ។ ដល់​បាន​មក​ដោត​ស៊ីម Hello ប្រើ​ភ្លាម​តែ​ម្ដង។ ពេល​នោះ​មក​ក៏​បាន​លេង​កម្មវិធី​មួយ​របស់ Hello ឈ្មោះ​ថា «Kwik Chat» ។ ទោះ​ទូរស័ព្ទ​នេះ​ស៊េរី​ចាស់​មែន តែ​លេង​ហ្គេម​ពស់​ជាមួយ​គ្នា​បាន​ទៀត មិន​តែ​ប៉ុណ្ណោះ​វា​មាន GPRS ថែម​ទៀត។ មិន​ណយ​ដែរ​ហ្នឹង​ណា..... ប្រើ​វា​បាន​ប្រហែល​មួយ​ឆ្នាំ​ក៏​ប្ដូរ​វា​ចោល​ទៅ។

ក្រោយ​ប្រលង​ឆមាស​ទី១


បី​ថ្ងៃ​កន្លង​ផុត​ទៅ​យ៉ាង​រហ័ស ការ​ប្រលង​ឆមាស​ទី១​នៃ​ថ្នាក់​ទី១២​បាន​បញ្ចប់​ទៅ។ អារម្មណ៍​មុន​ប្រលង​និង​ក្រោយ​ប្រលង​ពិត​ជា​ខុស​គ្នា​មែន ហេហេហេ កាល​មុន​ប្រលង ទៅ​នេះ​ទៅ​នោះ​រក​អី​ទុក​មើល តែ​ក្រោយ​ប្រលង​វិញ​និយាយ​ថា​ពី​អស់​កម្លាំង​យក៍​តែ​មែន​ទែន។ មក​ដល់​ផ្ទះ​វិញ​គេ​បបួល​ទៅ​ណា គេ​ហៅ​ទៅណា​ក៏​ទៅ​មិន​រួច ដេក​តាំង​ពី​ម៉ោង​ជាង​១ ដល់​ម៉ោង​៥កន្លះ​ល្ងាច​ទើប​ងើប តែ​ណា​មួយ​មិន​សូវ​មាន​គេ​នឹក​ឃើញ​ហៅ​ផង។ ម៉ោង​៦​ក៏​ជិះ​ទៅ​រក​អី​ហូប​នៅ​មុខ​វត្ត​បុទុម​ម្នាក់​ឯង តែ​ចេះ​បាន​ជួប​មិត្ត​ភក្ដិ​បួន​ដប់​នាក់​ដែរ ហូប​រួច​គេ​ទៅ​កោះពេជ្រ​ទៅ ខ្ញុំ​ជិះកង់​បក​មក​ផ្ទះ​វិញ។ តាំង​ពី​ថ្ងៃ​ទី​មួយ​មក សរសេរ​បាន​ពេញៗ​តែ​រហូត តែ​មាន​សង្ឃឹម​បាន​ពិន្ទុ​ច្រើន តែ​ដល់​ថ្ងៃ​ចុង​ក្រោយ (ព្រឹក​មិញ​នេះ) ខ្ញុំ​មិន​សូវ​សង្ឃឹម​ប៉ុន្មាន​ទេ ព្រោះ​មុខ​វិជ្ជា​គណិត​ខ្ញុំ​សរសេរ​ពេញ ក៏​ប៉ុន្តែ​ឃើញ​ថា​ខុស​គួរ​សម​ដែរ។ តែ​វា​កន្លង​ហួស​ទៅ​ហើយ ស្ដាយ​ក៏​ឥត​ន័យ គឺ​មាន​តែ​ចាំ​ទទួល​លទ្ធផល​ដែល​នឹង​ចេញ​នៅ​ពេល​ឆាប់ៗ​នេះ។ ពេល​នេះ​នៅសល់​ពេល​ពីរ​ខែ​ទៀត​ដើម្បី​ត្រៀមខ្លួន​ក្នុង​ការ​ប្រលង​ឆមាស​ទីពីរ ដែល​នឹង​មក​ដល់​ក្នុង​ខែ​៦​ខាង​មុខ​នេះ។

លួច​ស្នេហ៍​ដួង​ចន្ទ – ខ្លុយ


ម្សិល​មិញ​អផ្សុក​ពេក នៅ​ផ្ទះ​ម្នាក់​ឯង​ព្រោះ​បងៗ​ចេញ​ទៅ​ក្រៅ​អស់ ក៏​ផ្លុំ​បទ​នេះ​មួយ​តែ​ម្ដង​ទៅ។ 🙂 រីករាយ​ថ្ងៃ​ចុង​សប្ដាហ៍!

រីករាយ​ថ្ងៃ​កំណើត​ដល់​ខ្លួន​ឯង :D


ពេល​វេលា​លឿន​មែន​ទែន..... មួយ​ភ្លែត​សោះ​ខ្ញុំ​កើន​អាយុ​មួយ​ឆ្នាំ​ទៀត​ទៅ​ហើយ។ 🙂 ខ្ញុំ​គិត​ថា​ថ្ងៃ​នេះ​ប្រហែល​ដូច​រាល់​ឆ្នាំ​ហើយ តែ​មិន​មែន​ដូច្នោះ​ទេ​គឺ​ខុស​ពី​ឆ្នាំ​មុនៗ​បន្តិច​ត្រង់​ថា​បាន​ទទួល​នំ​ខួប​កំណើត​ពី​មិត្ត​ភក្ដិ ក៏​ប៉ុន្តែ​នៅ​ផ្ទះ​នៅ​តែ​ស្ងាត់​ដដែល​ហ្នឹង ហេហេហេ ពី​តូច​ធ្លាប់​បាន​ធ្វើ​ពីរ​បី​ដង​ដែរ ដល់​ធំ​ទៅ​លែង​មាន​អី​ត្រូវ​ធ្វើ​ទៀត តែ​ខ្ញុំ​មិន​ដែល់​គិត​ច្រើន​ទេ ព្រោះ​អ្វី​ដែល​សំខាន់​នោះ​ប៉ាម៉ាក់​បាន​ផ្ដល់​ឲ្យខ្ញុំ​ច្រើន​មក​ហើយ ទោះ​គាត់​ភ្លេច​នឹក​ឃើញ​ថ្ងៃ​កំណើត​ខ្ញុំ ក៏​មិន​ជា​បញ្ហា​ដែរ ហើយ​ទោះ​គាត់​ធ្វើ​ឬ​មិន​ធ្វើ​អ្វី​ដល់​ខ្ញុំ ក៏​ខ្ញុំ​មិន​ដែល​ទារ​ដែរ ព្រោះ​គាត់​ផ្ដល់​ឲ្យ​ខ្ញុំ​តាំង​ពី​កើត​មក​ដល់​ឥឡូវ​គឺ​ច្រើន​រាប់​មិន​អស់។ 🙂 កើន​អាយុ​មួយ​ឆ្នាំ​ទៀត ខ្ញុំ​ចាស់​ហើយ ហាហាហាហា រៀន​រៀប​ឫក​ពារ​បន្ថែម​ទៀត​សិន 😀 កាល​ពី​ឆ្នាំ​មុន​ខ្ញុំ​បាន​តែង​កំណាព្យ​មួយ​មាន​ចំណង​ជើង​ថា «ថ្ងៃ​កំណើត នឹក​ដល់​គុណ​អ្នក​ម្ដាយ» ១). រីករាយថ្ងៃកំណើត ជាថ្ងៃខ្ញុំកើត ពីផ្ទៃអ្នកម្ដាយ លោកខំព្យាយាម ទូលទុក្ខសប្បាយ ដើម្បីរូបកាយ កូនបាននៅល្អ។ ២). កូនសូមអរគុណ កូនមិនភ្លេចគុណ គុណដ៏បវរ ដែលលោកបានផ្ដល់ ដោយក្ដីស្មោះស កូនសែនត្រេកអរ គ្មានអ្វីប្រៀបបាន។ ៣). ដល់ពេលថ្ងៃនេះ កូនបានត្រិះរិះ រកនូវវិធាន ចង់ឲ្យលោកសុខ សប្បាយក្នុងប្រាណ រូបកូននឹងបាន បានក្ដីសុខហើយ។ ៤). កូននឹងមិនធ្វើ នូវរាល់ទង្វើ នាំខកកន្តើយ អាប់មុខអាប់មាត់ គ្រួសារយើងឡើយ … Continue reading រីករាយ​ថ្ងៃ​កំណើត​ដល់​ខ្លួន​ឯង 😀

រឿង​ខ្ញុំ​តស៊ូ​ព្រោះ​គ្រួសារ


កាល​ពី​ខែ​មុន​អ្នក​គ្រូ​អក្សរ​សាស្ត្រ​ខ្មែរ​បាន​ដាក់កិច្ច​ការ​ផ្ទះ​ឲ្យ​ធ្វើ​ទាក់​ទង​នឹង​ការ​តែង​រឿង​ខ្នាត​ខ្លី។ ដោយ​ហេតុ​តុ​ខ្ញុំ​អត់​មាន​អ្នក​តែង ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​តែង​ជំនួស​ពួក​គេ​ទៅ។ រឿង​នេះ​ពុំ​មាន​កាល​អាកាស​សាំញ៉ាំ ចំណោទ​បញ្ហា​ធំ​ដូច​រឿង​ផ្សេងៗ​ទៀត​ទេ ព្រោះ​ខ្ញុំ​សរសេរ​តម្រូវ​មិន​ឲ្យ​វែង​ពេក​ព្រោះ​វា​ជា​រឿង​ខ្នាត​ខ្លី​ប៉ុណ្ណោះ។ រឿង​នេះ​ដំណាល​អំពី​ការ​តស៊ូ​របស់​កុមារា «នរា» ដែល​រស់​នៅ​តែ​ជាមួយ​បង​ស្រី​និង​ជីដូន​ជរា​ម្នាក់ ខំ​តស៊ូ​ទាំង​ខ្លួន​និង​បង​ស្រី​ដើម្បី​ជីវភាព​គ្រួសារ​របស់​ខ្លួន។ តាម​ទ្រឹស្ដី​មួយ​បាន​លើក​ឡើង​ថា លុះ​ត្រា​យើង​ជួយ​ខ្លួន​ឯង​សិន ទើប​ព្រះ​តាម​ជួយ​ពី​ក្រោយ ដោយ​ហេតុ​ដូច្នេះ​ហើយ​ទើប​ការ​តស៊ូ​ព្យាយាម​នានា​រមែង​ទទួល​បាន​នូវ​លទ្ធផល​ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​ការ​អភិវឌ្ឍ​ព្រម​ទាំង​រីក​ចម្រើន​សម្រាប់​សង្គម​គ្រួសារ និង​សង្គម​មនុស្ស​ជុំវិញ​ខ្លួន។

ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ភ្នំ​តាម៉ៅ ៩០​គ.ម. ទៅមក


ព្រឹក​នេះ​វេលា​ម៉ោង៧ ខ្ញុំ​បាន​ចេញ​ទៅ​ជុំ​គ្នា​ជាមួយ​មិត្ត​ភក្ដិ​បី​នាក់​ផ្សេង​ទៀត​ដូច​ជា កក្កដា, អាហ្វី, សុខលាភ នៅ​ខាង​មុខ​សាលា​រៀន​គួរ។ យើងធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ផ្លូវ​ស្ទឹង​មានជ័យ ហើយ​ក៏​ឆ្លៀត​ចូល​ហូប​បាយ​ព្រឹក​កុំ​ឲ្យ​បាក់​កម្លាំង។ ហាហាហា សុំ​សើច​មួយ​សិន ព្រោះ​នេះ​ជា​រឿង​ហួស​ចិត្ត​ណាស់​ពេល​នឹក​ឃើញ​ម្ដងៗ ព្រោះ​គម្រោង​ដំបូង​ដែល​និយាយ​គ្នា​គឺ​ជិះ​ត្រឹម​ជុំវិញ​ភ្នំពេញ​ប៉ុណ្ណោះ​សរុប​ចម្ងាយ ២២ គីឡូម៉ែត តែ​គេ​ថា​ជិះ​ក្នុង​ក្រុង​វា​មាន​បរិយាកាស​មិន​ល្អ ចឹង​ខ្ញុំ​ក៏​គូរ​ផែន​ទី​ជិះ ៣៥ គីឡូម៉ែត្រ​ទៅ​ក្រៅ​ភ្នំពេញ​វិញ​ម្ដង គេ​ក៏​យល់​ស្រប។ តែ​ពេល​ជិះ​បាន​ពាក់​កណ្ដាល​ផ្លូវ ស្រាប់​តែ​អាកក្កដា​ថា​ចង់​ទៅ​ភ្នំតាម៉ៅ ទម្រាំ​តែ​និយាយ​គ្នា​ត្រូវ​ម៉ោង​ជិត​៩កន្លះ​ទៅ​ហើយ។ ដំណើរ ៣៥​ (ទាំង​ទៅ​ទាំង​មក) គីឡូម៉ែត​នេះ​គឺ​មាន​ទិសដៅ​ជិះ​ទៅ​វត្ត​គោកអំពិល​និង​វត្ត​ត្រពាំង​ថ្លឹង តាម​ផ្លូវ​ចម្ការ​ដូង។ ចូល​ទៅ​វត្ត​គោក​អំពិល​សម្រាក​បាន​បន្តិច យើង​ក៏​ជិះ​ចេញ​ទៅ​វត្ត​ត្រពាំង​ថ្លឹង ហើយ​ក៏​ឆ្លៀត​ចូល​ថ្វាយ​បង្គំ​ព្រះ​នៅ​ទីនោះ​ដើម្បី​សុំ​សេចក្ដី​សុខ​សប្បាយ​តាម​ផ្លូវ។ បន្ទាប់​មក​ដំណើរ​ក៏​បន្ត​តាម​កៀន​របង​វត្ត​ព្រែក​ថ្លឹង​ឆ្ពោះ​ទៅ​ស្ពាន​ព្រែក​កំពឹស (ក្បែរ​ប៉ុស្តិ៍​លេខ​ប្រាំ) នៅ​វេលា​ម៉ោង ៩:១៧។ មក​ដល់​ទីនេះ​ហើយ​ដែល​គម្រោង​ត្រូវ​បាន​ផ្លាស់​ប្ដូរ។ ជជែក​ជាមួយ​គ្នា​ប្រហែល ១៥នាទី ទើប​សម្រេច​ថា​ទៅ​ភ្នំ​តាម៉ៅ។ ខ្ញុំ​ដក​ទូរ​សព្ទ​ឡើង​ហើយ​ចុច​វាស់​ចម្ងាយ​ពី​ស្ពាន​ព្រែក​កំពឹស​ទៅ​ភ្នំតាម៉ៅ​ចម្ងាយ​ប្រហែល ២៨គីឡូម៉ែត។ ខ្ញុំ​ក៏​អូខេ​តាម​គេ​ដែរ។ 😀 យើង​ក៏​ឆ្លង​ស្ពាន​ព្រែក​កំពឹស​ហើយ​ចាក់​ក្រោម​មក​ផ្លូវ​ជាតិ​លេខ២ ឆ្ពោះ​តាម​រង្វង់​មូល​ក្បាល​ថ្នល់ (ដីក្រហម) ហើយ​ក៏​បត់​ឆ្វេង​តាម​ផ្លូវ​ជាតិ​លេខ​២​ឆ្ពោះ​ទៅ​ភ្នំតាម៉ៅ​តែ​ម្ដង។ ពេល​ព្រឹក​ម្នាក់ៗ​ដូច​ជា​កម្លាំង​ពេញ​ប្រិប​តែ​ម្ដង​ម្នាក់ៗ ជិះ​យ៉ាង​សប្បាយ​ថែម​ទៀត​ផង។ ជិះ​មក​ដល់​ការ៉ាស់​សាំង​នៅ​សៀមរាប (ខេត្ត​កណ្ដាល) ក៏​ឈប់​សម្រាក​បន្តិច ព្រោះ​ហត់​ណាស់​ដែរ។ សម្រាក​បាន ៥នាទី​ក៏​ចេញ​ទៅ​ទៀត បាន​ឆ្ងាយ​បន្តិច​ឃើញ​គេ​លក់​ខ្នុរ​មើល​ទៅ​ទំនង​ឆ្ងាញ់​ដល់​ហើយ … Continue reading ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ភ្នំ​តាម៉ៅ ៩០​គ.ម. ទៅមក