ពុម្ព​អក្សរ រមនា (Romnea)


ជម្រាបសួរ! នា​ពេល​ឥឡូវ ខ្ញុំ​មិន​សូវ​មាន​ពេល​មក​សរសេរ​ប្លក់​សោះ។ ប៉ុន្តែ​ថ្ងៃ​នេះ​ខ្ញុំ​ឆ្លៀត​មក​សរសេរ​ប្លក់​មួយ​ពី​ពុម្ព​អក្សរ​ថ្មី​របស់​ខ្ញុំ ដែល​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ។ អក្សរ​នេះ​ខ្ញុំ​ធ្វើ​រួច​ប្រហែល​ជាង​១ខែ​ហើយ តែ​កំណត់​ពេល​ថា​នឹង​ដាក់​ឲ្យ​ប្រើ​នៅ​ចុង​ខែ​វិច្ឆិកា​នេះ។ អក្សរ​នេះ​ត្រូវ​បាន​រចនា​ឡើង​ជា​លក្ខណៈ​អក្សរ​ក្រាស់ ប្រើ​សម្រាប់​ចំណង​ជើង ជា​ពិសេស​ចំពោះ​អក្សរ​ធំៗ​នៅ​លើ​ក្រប​សៀវភៅ និង​លើ​ផ្ទាំង​បដា​ជាដើម។ ខ្ញុំ​បាន​រៀប​វា​ជា​ពីរ​បែប​គឺ​ត្រង់ និង​ទ្រេត។ អក្សរ​នេះ​អាច​ប្រើ​បាន​សម្រាប់​កម្មវិធី Adobe ដូច​ពុម្ព​អក្សរ​ដទៃ​ទៀត​ដែរ។ ថ្វី​បើ​ខ្ញុំ​ធ្លាប់​ធ្វើ​ពុម្ព​អក្សរ​ជាង​ដប់​មក​ហើយ​ក្ដី ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​កំហុស​នៅ​តែ​មាន។ ដូច្នេះ​ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា មាន​មតិ​រិះគន់​អ្វី​ទាក់​ទង​នឹង​ពុម្ព​អក្សរ​ទាំង​ឡាយ សូម​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម​នេះ។ សូម​ចូល​ទាញ​យក​ពុម្ព​អក្សរ​នេះ​នៅ​ក្នុង​ទំព័រ http://wp.me/POa8O-sL ។ សូម​រីករាយ​ជាមួយ​នឹង​ពុម្ព​អក្សរ​ថ្មី​នេះ! 🙂

រឿង «សិស្ស​ច្បង» ឬ «A Senior’s Love»


មុន​នេះ​បន្តិច​ខ្ញុំ​ទើប​បាន​មើល​វីដេអូ​ខ្សែ​រឿង​ខ្នាត​ខ្លី​មួយ​ដែល​ផលិត​និង​ដឹកនាំ​ដោយ​បង​ប្រុស អ៊ុច មករា និង​បង​ប្រុស Chhoy ។ នេះ​ជា​ស្នាដៃ​បន្ទាប់​របស់​ពួក​គាត់ បន្ទាប់​ពី​រឿង​ខ្នាត​ខ្លី​មួយ​ដែរ ដែល​មាន​ចំណង​ជើង​ថា «បេះដូង​ស្រស់​ស្អាត» ។ រឿង​នេះ​ល្អ​មើល​ណាស់​ណា៎ 😀 បើចង់​ដឹង​ថា​រឿងនេះ​ល្អ​មើល​ប៉ុណ្ណា សូម​ចុច​ទស្សនា​ខាង​ក្រោម​នេះ 😉

កំណាព្យ៖ «រាត្រី… ឆ្កែ… ហូប… ទឹក…»


រាត្រី​ងងឹត​តែងឥត​ពន្លឺ ឆ្កែ​ព្រូស​ឮៗ​តែងដេក​មិន​លក់ ហូប​មិន​ទំពារ​វា​តែង​តែឈ្លក់ ទឹក​គ្រឿង​អន្លក់​វា​តែង​តែឆ្ងាញ់។ ប្រុសៗ​សង្ហា​ស្រី​តែង​ចូល​ចិត្ត ស្រីៗ​ស្គម​ល្អិត​តែង​មាន​ប្ដី​ខ្លាញ់ ស្រី​ស្រស់​ស្អាត​ល្អ​តែង​​គេ​ស្រលាញ់ អាយុ​មិន​ចាញ់​នឹង​ចិត្ត​ស្នេហា។ តាៗ​ចាស់​ខ្លះតែង​មាន​លុយ​ច្រើន តា​អាយុ​ច្រើន​តែង​មាន​កញ្ញា នៅ​ថ្នាក់​ថ្នម​កាយ​តែង​ចាយ​ដុល្លារ កញ្ញា​នោះ​ណា​ដេក​ស៊ី​រំភើយ។ កំលោះ​ៗចង់​បាន​ប្រពន្ធ ខ្លះ​សែន​ស៊យស៊ុន​ផុត​ចុង​ផុត​ត្រើយ ប៉ះ​ម៉ែ​ប្រពន្ធ​កាច​គ្មាន​សោះ​ស្បើយ ឱ​ណា​អ្នក​អើយ​ទ្រាំ​ទៅ​កម្ម​យើង។ កំលោះ​ខ្លះ​ទៀត​តែង​មាន​សំណាង បែប​បុណ្យ​បាន​សាង​នាំ​ហេតុ​ឲ្យ​ឡើង ជួប​ក្រមុំ​ល្អ​ស្រស់​ស្អាត​គួរ​ថ្កើង ធ្វើ​បុណ្យច្រើន​ឡើង​តែង​ជួប​រឿង​ល្អ។ ក្រមុំ​ស្រុក​យើង​មិន​មែន​អន់​ទេ កម្លោះ​គ្នាន់​គ្នេរ​ស្រវា​ជាន់​ក ចង់​បាន​រូប​នាង​ស្រស់​សែន​បវរ ជា​គូ​កំដរ​ជីវិត​លុះ​ក្ស័យ។ ពេល​នេះ​ទំនេរ​ចង់​តែង​កាព្យ​ល្បែង គ្រាន់​បាន​បន្លែង​ដួង​ចិត្ត​និស្ស័យ ឲ្យ​ផុត​ក្ដី​ទុក្ខ​អស់​ព្រួយ​អស់​ភ័យ តែង​ស្រប​តាម​វ័យ​សម័យ​ថ្មី​នេះ។ អស់​អី​និយាយ​ហើយ 😀 ភ្នំពេញ ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ២០១៣, ម៉ោង១៧:២៧

ពាក្យ​ដែល​មាន​ប្រើលេខ​អស្ដា​និង​ទណ្ឌឃាដ


ខ្ញុំ​សង្កេត​ឃើញ​ការ​ប្រើ​លេខ​អស្ដា (៏) និង​ទណ្ឌឃាដ (៍) នៅ​មាន​ការ​យល់​ច្រឡំ​គួរសម​ដែរ។ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ថា​ប្រមូល​រាល់​ពាក្យ​ដែល​ប្រើអស្ដា​និង​ទណ្ឌឃាដ​ទុក​ចែក​រំលែក​ទៅ​កាន់​មនុស្ស​គ្រប់ៗ​គ្នា។ លេខអស្ដា ( ន. ) [ជើង ដ, ល៉េក-អ័ស-ស្ដា]   ( សំ. )  (លេខ + អឞ្ដ) លេខ ៨ ។ ខ្មែរ​ប្រើ​ជា​វណ្ណយុត្ត​សម្រាប់​ដាក់​លើ​អក្សរ​ទោល កញ្ឆក់​សំឡេង​ឲ្យ​ខ្លី​រហ័ស, ដូច​ជា :ក៏​បាន, ក៏​ដោយ, ដ៏​ប្រសើរ, ព្ធដ៏​អាកាស; ហ៏ !, ហ៏​យក​ចុះ !; នុ៎ះ​ន៏; អុញ​ន៏ ! ជាដើម ។ ទណ្ឌឃាដ ( ន. ) [ទ័នឌៈ-ឃាត ]   ( បា. ) ការ​ពិឃាត​ដោយ​អាជ្ញា, ដោយ​ដំបង, កំណាត់​ឈើ ជា​គ្រឿង​ពិឃាត ។ ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​វណ្ណយុត្ត​ម្យ៉ាង​មាន​សណ្ឋាន​លំនាំ​កន្ទុយ​កំប្រុក (៍) សម្រាប់​ដាក់​ឃាត់​អក្សរ​មិន​ឲ្យ​មាន​សំឡេង​ដូច​ជា ប្រយោជន៍, យោជន៍, ខ្លឹម​ច័ន្ទន៍ ជាដើម; វណ្ណយុត្ត នេះ​បើ​ហៅ​ថា បដិសេធ ក៏​បាន ចំពោះ​ភាសា​សំស្រ្កឹត​ដែល​សរសេរ​ជា​អក្សរ​ទេវនាគរី, ទណ្ឌឃាត​នេះ ហៅ​ថា វិរាម មាន​រូប​ដូច្នេះ (^) សម្រាប់​ប្រើ​ដាក់​ពី​ក្រោម​តួ​អក្សរ​ក្រោយ​បង្អស់ ដែល​ទុក​គ្រាន់​តែ​ជា​តួ​ប្រកប​ប៉ុណ្ណោះ​មិន​ឲ្យ​ចេញ​សំឡេង ដូច​ជា​ពាក្យ​ថា … Continue reading ពាក្យ​ដែល​មាន​ប្រើលេខ​អស្ដា​និង​ទណ្ឌឃាដ

និទាន​ពី៖ ក្មេង​ប្រុស​ចង់​ទិញ​ស្បែក​ជើង​ថ្មី


ក្មេង​ប្រុស​ម្នាក់​បាន​ចូល​ទៅ​ផ្ទះ​បាយ ដើម្បី​សួរ​ម្ដាយ​របស់​គេ។ កូន៖ ម៉ាក់! ខ្ញុំ​ចង់​បាន​ស្បែក​ជើង​ថ្មី។ ម៉ាក់៖ ទើប​តែ​ទិញ​ឲ្យ​ថ្ងៃ​មុន​អស់​បួន​ដប់​ដុល្លារ​ហើយ ពាក់​មិន​ទាន់​បាន​ប៉ុន្មាន​ផង​រក​ទិញ​ថ្មី​ទៀត​ហើយ។ កូន៖ ចុះ​បើ​វា​ដាច់​ចង់​អស់​ហើយ។ ម៉ាក់៖ យក​ទៅ​ឲ្យ​គេ​ដេរ​ឲ្យ​ទៅ។ បន្ទាប់​មក​ក្មេង​ប្រុស​ម្នាក់​នោះ​ក៏​ញញឹម ហើយ​ដើរ​ចេញ​ពី​ផ្ទះ​បាយ​ហើយ​គេ​ក៏​លែង​សួរ​ម្ដាយ​គេ​ដើម្បី​ទិញ​ស្បែក​ជើង​ថ្មី​ទៀត។ ----- គំនិតអប់រំ៖ កុំ​ខឹង​នឹង​ឪពុក​ម្ដាយ ប្រសិន​បើ​គាត់​បដិសេធ​នូវ​អ្វី​ដែល​យើង​ចង់​បាន ព្រោះ​គាត់​បាន​ផ្ដល់​ឲ្យ​យើង​ច្រើន​មក​ហើយ ដោយ​យើង​ស្ទើរ​តែ​មិន​ដឹង​ខ្លួន។ បើ​ដូច្នេះ​ហើយ ឈប់​សួរ​គាត់ តែ​បក​មក​សួរ​ខ្លួន​ឯង​ថា "តើ​អាត្មា​អញ​ត្រូវ​ធ្វើ​ម៉េច​ទើប​បាន​របស់​នោះ?" ។ កុំ​គិត​ចង់​បាន​វា​ឆាប់ ប្រសិន​បើ​យើង​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់ តែ​ត្រូវ​គិត​វា​ឲ្យ​យូរ​ហើយ​រក្សា​វា​ក្នុង​គំនិត​និង​គម្រោង​អនាគត។

រូប​ទង់ជាតិ​កម្ពុជា


ដោយ​សារ​ខ្ញុំ​មើល​ឃើញនូវ​កង្វះខាត​ទង់ជាតិ​កម្ពុជា​ដែល​ត្រឹម​ត្រូវ​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចុប្បន្ន​នេះ (ក្នុង​អ៊ីនធឺណិត​និង​ប្រព័ន្ធ​ឌីជីថល) ខ្ញុំ​សម្រេច​ចិត្ត​ថា​នឹង​គូរ​រូប​ទង់ជាតិ​មួយ​ឲ្យ​បាន​ត្រឹម​ត្រូវ (មាន​កាំជណ្ដើរ) ដើម្បី​ចៀស​ផុត​ពី​ការ​ប្រើ​រូបទង់ជាតិ​ដែល​មិន​ត្រូវ។ រូប​ទង់ជាតិ​ដែលហើយ​មាន​វត្តមាន​នៅ​លើ​អ៊ីនធឺណិត​សព្វ​ថ្ងៃ​នេះ​ដូច​ជា៖ ខុស​ទ្រង់ទ្រាយ ហើយ​មាន​គំនូស​ប្រាសាទ​ពណ៌​ក្រហម ខុស​ទ្រង់ទ្រាយ តែ​មាន​គំនូស​ប្រាសាទ​ពណ៌​ខ្មៅ ត្រូវ​ខ្នាត​តែ​មាន​រូប​ទង់ជាតិ​មាន​ទំហំ​តូច​មិន​អាច​ប្រើ​ការ​បាន មិន​មាន​កាំជណ្ដើរ រូប​ទង់ជាតិ​ដែល​ត្រឹម​ត្រូវ​គឺ​មាន​កាំជណ្ដើរ មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ឧបសម្ព័ន្ធទីមួយ។ ការ​គូរ​នេះ​ខ្ញុំ​ផ្អែក​លើ​រូប​ទង់ជាតិ​ដែល​មាន​លក់​លើ​ទីផ្សារ ដែល​មាន​ខ្នាត​និង​ទ្រង់ទ្រាយ​ត្រឹម​ត្រូវ​ល្អ​អាច​យក​ជា​ការ​បាន។ តែ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា ការ​គូរ​នេះ​ខ្ញុំ​ពុំ​មែន​មាន​បំណង​ចង់​កែ​ប្រែ​ឬ​កែ​ច្នៃ​រូបទង់ជាតិ​ខ្មែរ​ឡើយ តែ​នេះ​ខ្ញុំ​គ្រាន់​តែ​ចែក​ជូន​ឲ្យ​ប្រើ​ជា​បណ្ដោះអាសន្ន រហូត​ដល់​ពេល​ណា​ដែល​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ចេញ​នូវ​រូប​ទង់ជាតិ​ដែល​ជា​ផ្លូវការ។ ខ្ញុំ​បាទ​ក៏​សូម​ទោស​ផង​ដែរ ប្រសិន​បើ​ការ​គូរ​នេះ​មាន​កំហុស​កើត​ឡើង ព្រោះ​នេះ​ខ្ញុំ​គូរ​ចេញ​ដោយ​ទឹក​ចិត្ត​ស្រលាញ់​ខ្មែរ 🙂 ណា​មួយ​មក​ពី​ខ្ញុំ​ពុំ​មាន​ឯកសារ​គ្រប់​គ្រាន់​ជា​បង្អែក​ឡើយ តែ​ខ្ញុំ​ផ្អែក​ទៅ​លើ​រូប​ទង់ជាតិ​ដែល​គេ​ប៉ាក់​ដាក់​លក់​លើ​ទីផ្សារ​ដូច​ខ្ញុំ​បញ្ជាក់​ពី​ខាង​លើ​រួច​មក​ហើយ។ ខ្ញុំ​នៅ​តែ​និយាយ​ដដែល​ថា ការ​គូរ​នេះ​ពុំ​មែន​ជា​ផ្លូវការ​ទេ តែ​ទុក​ជា​ការ​ប្រើ​បណ្ដោះអាសន្ន​គ្រាន់​ជាង​ប្រើ​របស់​ដែល​ខុស​ខ្នាត លុះ​ត្រា​តែ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ចេញ​ជា​ផ្លូវការ។ សូម​ទាញ​យក​រូប​ទង់ជាតិ​ក្នុង​ទំហំ​ខាង​ក្រោម៖ ទំហំ 10000 Pixel ទំហំ 5000 Pixel ទំហំ 1000 Pixel សូម​អរគុណ! ទេព សុវិចិត្រ ខ្ញុំ​បាទ​ទទួល​យក​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនានានា​ពី​អ្នក​ទាំង​អស់​គ្នា

មហោស្រព​សិល្បៈ​យុវជន​ខ្មែរ កាល​ពី​ល្ងាច​មិញ


សែន​សប្បាយ​អើយ​សែន​សប្បាយ ចិត្ត​ឥត​ខ្វល់ខ្វាយ​រីករាយ​ណាស់ ប្រជា​ប្រុស​ស្រី​ទាំង​ក្មេង​ចាស់ អ៊ូអរ​ក្រៃ​ណាស់​មើល​សិល្បៈ..... ល្ងាច​មិញ​នេះ​គឺ​ជា​ថ្ងៃ​ទី៣ នៃ​មហោស្រព​សិល្បៈ​យុវជន​ខ្មែរ ឆ្នាំ​២០១២ ហើយ​ថ្ងៃ​នេះ​មាន​ការ​បង្ហាញ​នៅ​ក្រៅ​រោង (មើល​ដោយ​សេរី) ដែល​មាន​ដូច​ជា៖ របាំ​បេះក្រវាញ, របាំ​នេសាទ (របាំ​ដែល​ខ្ញុំ​ចូលចិត្ត), របាំ​សហសម័យ​និង​ចម្រៀង​ផ្សេងៗ​ទៀត។ ម្យ៉ាង​វិញ​ទៀត​នោះ ក៏​មាន​ការ​សម្ដែង​ល្ខោនយីកេ រឿង​ម៉ាក់ថឺង (លក់​សំបុត្រ) ហើយ​ថ្ងៃ​នេះ​គេ​ប្រារព្ធ​នៅ​ឯ​មហោស្រព​ចេនឡាន។ ការ​សម្ដែង​ក្រៅរោង​ក៏​ល្អ​មើល ការ​សម្ដែង​ក្នុង​រោង​មហោស្រព​ក៏​ល្អ​មើល សិល្បៈ​ខ្មែរ​យើង​ពិត​ជា​ល្អ​ណាស់។ ខ្ញុំ​មើល​យ៉ាង​ជក់​ចិត្ត​ជា​ទីបំផុត ព្រោះ​ណា​មួយ​អ្នក​របាំ​​នារី​ៗ​មួយ​ចំនួន​ស្អាតៗ​ដល់​ហើយ 😀 ។ ប៉ុន្តែ​អត់​មាន​រូប​ថត​ទេ ព្រោះ​អត់​បាន​យក​ម៉ាស៊ីន​ថត​ទៅ ណា​មួយ​ទូរស័ព្ទ​ម៉ាស៊ីន​ថត​អត់​ល្អ។ ការ​ចូល​រួម​ទស្សនា​សិល្បៈ​ទាំង​នេះ​គឺ​ជា​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​សិល្បៈ​ខ្មែរ ហើយ​ជួយ​ឲ្យ​សិល្បករ​ទាំង​ឡាយ​កាន់​តែ​មាន​ទឹក​ចិត្ត​និង​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ថែ​រក្សា​មត៌កទាំង​នេះ។ ខ្ញុំ​មិន​ចេះ​សម្ដែង​អីទេ តែ​ខ្ញុំ​ចូល​ចិត្ត​មើល​និង​គាំទ្រ​ជា​និច្ច។ ថ្ងៃ​ស្អែក​នេះ​ខ្ញុំ​ប្រហែល​ជា​ទៅ​មើល​ទៀត​ហើយ ^_^ សូម​បញ្ជាក់​ឡើង​វិញ​ដែរ​ថា មហោស្រព​នេះ​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​មួយ​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១២។ ព័ត៌មានបន្ថែមអំពី​កាល​វិភាគ​កម្មវិធី៖ http://cambodianartsfestival.org/program/performance

មហោស្រព​សិល្បៈ​យុវជន​ខ្មែរ ឆ្នាំ​២០១២


[youtube http://www.youtube.com/watch?v=O0s5bgM6ARQ ] នេះ​ជា​កម្មវិធី​ដ៏​ល្អ​មួយ​ដែល​មិន​អាច​រំលង​បាន, ជា​មហោស្រព​សិល្បៈ​ដ៏​អស្ចារ្យ​មួយ​ដែល​ខ្ញុំ​ទន្ទឹង​រង់​ចាំ​នឹង​ចូលរួម​ជា​យូរ​មក​ហើយ។ មហោស្រព​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។ ចំពោះ​កាលវិភាគ​កម្មវិធី​មិន​ទាន់​ចេញ​ជា​ផ្លូវការ​នៅឡើយ​ទេ ព្រោះ​កម្មវិធី​នេះ​មាន​ការ​សម្ដែង​នៅ​ពីរ​កន្លែង​ផ្សេង​ពីគ្នា​តាម​ថ្ងៃ​និមួយៗគឺ នាយក​ដ្ឋាន​សិល្ប:​ទស្សនីយភាព​និង​មហោស្រព​ចេនឡា ។ សូមចូលរួម​ទាំង​អស់​គ្នា​នៅ​ខែក្រោយ​នេះ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​សិល្បៈ​ដ៏​អស្ចារ្យ​របស់​ជាតិ​យើង។