ជិត​ដល់​រដូវ​ភ្ជុំ និង ថ្ងៃ​កាន់​បិណ្ឌ​ទី១​ហើយ។ អ៊ីចឹង​ខ្ញុំ​សុំ​ចែក​រំលែក​ឡើង​វិញ​នូវ​អត្ថបទ ល្បើក​ប្រេត រៀប​រៀង​ដោយ សុង ស៊ីវ ។

ទេព សុវិចិត្រ

បើ​អ្នក​ចង់​អាន​អត្ថបទ​ពេញ​ស្ដី​អំពី ប្រេត​ទាំង​១២​ពួក សូម​ចុច តំណ​នេះ ដើម្បី​ទាញ​យក។

ល្បើក​ប្រេត
ដោយ៖ សុង ស៊ីវ
ពាក្យ ៤
បទ​កាកគតិ​ក្លាយ

ក្នុង​គម្ពីរ​បេត​វត្ថុ​សំដែង​អំពី​ប្រេត ១២ ពួក កំពុង​សោយ​ផល​នៃ​បាប​កម្ម​ផ្សេងៗ​គ្នា

ឥ.ស្វា.សុសូម បង្គំ​រួប​រួម ចំពោះ​រ័ត្ន​បី ព្រះ​ពុទ្ធ​ព្រះ​ធម៌ ព្រះ​សង្ឃ​ចាស់​ខ្ចី សូម​មាន​សួស្ដី
សព្វ​គ្រប់​ប្រការ។

ឥតោបរំ ទើប​ខ្ញុំ​ផ្ដើម​តាំង ចាប់​លើក​សាស្ត្រា បេត​វត្ថុ បាលី​ភាសា ហើយ​កាន់​ប៉ាកកា ចារ​ចួន​ជា​ខ្មែរ។

មុន​អភិប្រាយ សូម​ញាតិ​ទាំង​ឡាយ អ្នក​ក្រុង​អ្នក​ស្រែ បើ​បាន​ជ្រាប​រឿង ប្រេត​នេះ​ខំ​កែ គំនិត​ឱ្យ​ប្រែ បែរ​ចាក​កំហុស។

ប្រេត​មាន​ច្រើន​ក្រុម មាន​តូច​មាន​ធំ មាន​ស្រី​មាន​ប្រុស គ្រប់​សាស្ត្រ​ទាំង​អស់ លាយ​ឡំ​ចំរុះ កើត​តាម​កំហុស ដែល​ខ្លួន​បាន​ធ្វើ។

ប្រេត​ខ្លះ​ដើរ​បាន ដើរ​សព្វ​ភូមិ​ឋាន ស្រុក​ក្រោម​ស្រុក​លើ ដើរ​គ្រប់​ប្រទេស ឥត​មាន​ទើស​ទើរ ដើរ​រុះ​ដើរ​រើ រើស​រក​អាហារ។

ពួក​ប្រេត​ធុន​ហ្នឹង ច្រើន​នឹក​រំពឹង រក​ញាតិកា បង​ប្អូន​កូន​ចៅ ជីដូន​ជីតា ព្រោះ​ឃ្លាន​អាហារ ខ្លោច​ផ្សា​ពេក​ក្រៃ។

ខ្លះ​អត់​អាហារ ដប់​ពាន់​ឆ្នាំ​ណា ព្រោះ​ខ្លួន​ចង្រៃ ញាតិ​មិត្ត​ផ្សាយ​ឱ្យ បញ្ជូន​រាល់​ថ្ងៃ តែ​គ្មាន​និស្ស័យ អាស្រ័យ​ផល​បាន។

ប្រេត​ខ្លះ​កម្ម​ស្រាល ផល​មិន​បណ្ដាល ឱ្យ​ហួស​ប្រមាណ បើ​ញាតិ​ផ្សាយ​ឱ្យ ទទួល​ផល​បាន ទើប​ប្រាជ្ញ​បុរាណ គិត​អាន​ភ្ជុំបិណ្ឌ។

ពួក​ប្រាជ្ញ​ព្រឹទ្ធា បបួល​គ្នីគ្នា អ្នក​ប្រាជ្ញា​ប៉ិន នាំ​គ្នា​និពន្ធ អានិសង្ស​បិណ្ឌ រៀប​រាប់​យ៉ាង​ឆ្អិន សង្កិន​រឿង​ប្រេត។

គម្ពីរ​នោះ​ថា បើ​ជន​រូប​ណា មិន​នឹក​ដល់​ប្រេត ក្នុង​ពេល​ភ្ជុំបិណ្ឌ នឹង​បុណ្យ​ចូល​ចែត្រ ជន​នោះ​ត្រូវ​ប្រេត ប្រទេស​ផ្ដាសា។

ព្រោះ​កើត​ច្រើន​ជាតិ សំបូរ​ពួក​ញាតិ ព្រោង​ព្រាត​ត្រៀប​ត្រា ខ្លះ​ជា​ញាតិ​មិត្រ មាតា​បិតា ជា​បុត្រ​ភរិយា រាប់​រយ​កោដិ​នាក់។

លែង​អ្វី​មាន​ញាតិ ដែល​ភ្លាត់​មារយាទ ឃ្លៀង​ឃ្លាត​ជ្រុល​ធ្លាក់ កើត​ជា​ពួក​ប្រេត ពិត​ជា​មាន​ជាក់ យ៉ាង​តិច​១០​នាក់ មាន​ប្រាកដ​ណាស់។

ក្នុង​ធម៌​តិរោក ថា​ប្រេត​គរគោក ដើរ​ឈរ​ពាស​ដាស ពេញ​ភូមិ​ពេញ​ស្រុក ពេញ​ទី​អាវាស ខ្លះ​នៅ​អាកាស តែ​មើល​មិន​យល់។

ប្រេត​មួយ​ក្រុម​ទៀត ផល​កម្ម​ចង្អៀត ទៅ​ណា​ពុំ​ដល់ ព្រោះ​មាន​កម្ម​ក្រាស់ ឋិត​នៅ​ហ្នឹង​ថ្កល់ ឬ​ក៏​វិល​វល់ នៅ​មួយ​កន្លែង។

ពួក​ប្រេត​ក្រុម​នេះ សូម​លើក​ទុក​ស្លេះ ពុំ​ទាន់​ថ្លា​ថ្លែង នឹង​ទាញ​ពួក​ប្រេត ១២​កន្លែង យក​មក​ចារ​ចែង ជូន​ជា​សណ្ដាប់។

សូម​លោក​អ្នក​ប្រុង ស្មារតី​ឱ្យ​ស្លុង ពិនិត្យ​ហើយ​ស្ដាប់ បើ​បាន​ជ្រាប​ហើយ សូម​ប្រែ​ក្រឡាប់ ចៀស​ខុស​ឱ្យ​ឆាប់ ចាប់​យក​ខាង​ត្រូវ។

បើ​ដឹង​ជា​ខុស កុំ​ថប់​ទញ់​តុះ នាំ​ឱ្យ​ទាស​ផ្លូវ កុំ​គិត​កុំ​នឹក ខំ​ធ្វើ​បុណ្យ​ទៅ បុណ្យ​ឈ្នះ​សត្រូវ ទៀង​តែ​បាន​សួគ៌។

បាប​ទាំង​ប៉ុន្មាន ដែល​ខ្លួន​បាន​សាង វិនាស​បាត់​តួ ឱ្យ​ផល​មិន​បាន ចាញ់​បុណ្យ​ឋាន​សួគ៌ បើ​ជ្រាប​ហើយ​គួរ ធ្វើ​បុណ្យ​ឆាប់ៗ។

ខំ​ធ្វើ​បុណ្យ​ច្រើន បញ្ញា​ចំរើន យល់​ធម៌​កើត​ស្លាប់ អនិច្ចំ​ទុក្ខំ អនត្តា​ច្បាប់ ជា​ធម៌​ចំណាប់ វិសេស​ក្នុង​លោក។

ធ្វើ​បុណ្យ​ច្រើន​ជាតិ ផល​បុណ្យ​ជា​ញាតិ តាម​ឱ្យ​ជ័យ​ជោគ ឱ្យ​ច្រើនៗ​ដង ផល​កើន​គគោក មាន​ជ័យ​ក្នុង​លោក បាប​ចាញ់​លែង​ឈ្នះ។

ក្នុង​ពុទ្ធុប្បាទ ផល​បុណ្យ​ល្អ​ស្អាត នាំ​ជួប​នឹង​ព្រះ បាន​ស្ដាប់​សព្ទ​ធម៌ ចិត្ត​ផុត​មានះ បុណ្យ​លាង​បាប​ជ្រះ បាន​ដល់​និព្វាន។

View original post


ឯកសារ​កំណាព្យ​នេះ​ខ្ញុំ​បាន​ទទួល​អំពី​លោក ជ័យ មង្គល ប្រធាន​សមាគម​ខ្មែរ​ស្រិន្ទ្រ (សុរិន្ទ) កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១១។ លោក​បាន​ចែក​ជូន​ដល់​សិក្ខាកាម​ទាំង​អស់​ក្នុង​សិក្ខាសាលា​ស្ដី​អំពី ធម្មជាតិ​កវីនិពន្ធ កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ២០១១។
ដោយ​សារ​តែ​ឯកសារ​ទាំង​នេះ​ល្អ​និង​កម្រ​រក​បាន ទើប​ខ្ញុំ​ព្យាយាម​សរសេរ​ជា​ឯកសារ​អេឡិចត្រូនិក​ងាយ​ស្រួល​ក្នុង​ការ​ចែក​ជូន​ដល់​បង​ប្អូន​ខ្មែរ​យើង​ទាំង​អស់។ តាម​ខ្ញុំ​ចាំ ក្នុង​ឯកសារ​ទាំង​នេះ​មាន​កំហុស​បន្តិច​បន្តួច តែ​ខ្ញុំ​បាន​បាត់​ឯកសារ​ដើម​ទៅ​ហើយ សង្ឃឹម​ថា​ខ្ញុំរ​ក​ឃើញ​វិញ និង​កែ​ឲ្យ​បាន​ត្រូវ។ 🙂

ទេព សុវិចិត្រ

កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១១ នេះ ខ្ញុំ​បាន​ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្ដី​អំពី ធម្មជាតិ​កវីនិព្ធ ដែល​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អ្នក​កវីនិពន្ធ​នានា ទាំង​ជើង​ចាស់ ជើង​ថ្មី ជាដើម ព្រម​ទាំង​បងៗ សិស្សានុសិស្ស​ផ្សេងៗ​ដែល​បាន​ចូលរួម​ជា​សិក្ខាកាម។ ក្នុង​នោះ​យើង​ក៏​មាន​បង​ប្អូន​ខ្មែរ​សុរិន្ទ​ចូលរួម​ផង​ដែរ។

លោក ជ័យ មង្គល គឺ​ជា​ប្រធាន​សមាគម​ខ្មែរ​ស្រិន្ទ្រ (សុរិន្ទ) បាន​ចូលរួម​ធ្វើ​ជា​វាគ្មិន ហើយ​លោក​បាន​លើក​លើក​ឡើង​អំពី វប្បធម៌​ខ្មែរ​នៅ​ឯ​សុរិន្ទ។ ក្រៅ​ពី​លោក ក៏​មាន​លោក​តា ជុំ សែន​ចាន់ ដែល​ជា​អ្នក​ចម្រៀង​ចាប៉ី នៅ​ឯ ស៊ីសាកេត (ស្រ៊ីសះកេត) ឡើង​មក​បរិយាយ​ទឹក​ដម​សំនៀង​របស់​គាត់។ បន្ទាប់​មក​ទៀត​លោក ជ័យ មង្គល ក៏​បាន​លើក​ឡើង​ពី​លោក​គ្រូ​ម្នាក់​ឈ្មោះ មកុដ កែន​ឌៀវ (ពេជ្រ ម្កុដ) ដែល​ជា​អ្នក​ខ្មែរ​សុរិន្ទ ហើយ​គាត់​គឺ​ជា​មិត្ត​សម្លាញ់​របស់​លោក​គ្រូ មីហ្សែល ត្រាណេ ។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ គាត់​បាន​ធ្វើ​អត្តឃាត​កាល​ពី​ឆ្នាំ ២០០៦(?) ។ គាត់​បាន​ធ្វើ​ការ​ងារ​ខាង​អក្សរ​សាស្ត្រ​ខ្មែរ ជាមួយ​លោក​គ្រូ​មីហ្សែល ហើយ​បាន​បង្កើត​ស្នាដៃ​ជា​ច្រើន ជា​ពិសេស​គម្ពីរ​សាត្រា​រឿង​ទុំទាវ ដែល​អ្នក​សុរិន្ទ​តែង​តែ​ស្គាល់​យ៉ាង​ច្បាស់។

បើ​និយាយ​អំពី​អត្ថបទ​កាព្យ​ដែល​គាត់ (លោក ពេជ្រ ម្កុដ) បាន​និពន្ធ​ឡើង មាន​ដូច​ជា៖

  1. ថ្លៃ​បង
  • ទាញ​យក​ជា PDF
  • ស្នេហា ក ខ
    • ទាញ​យក​ជា PDF
  • ខេមរភាសា
    • ទាញ​យក​ជា PDF
  • នមោ​ស្នេហា
    • ទាញ​យក​ជា PDF
  • មនសិការ​ទិវា​ឯករាជ្យ​ជាតិ
    • ទាញ​យក​ជា PDF

    ជា​ចុង​ក្រោយ​ខ្ញុំ​សូម​អរគុណ​ទៅ​លោក ជ័យ មង្គល ដែល​បាន​លើក​ឡើង​ពី​សមាគមន៍​ខ្មែរ​ស្រិន្ទ្រ និង​អំពី​លោក ពេជ្រ ម្កុដ ដែល​ជា​អ្នក​ស្នេហា​អក្សរ​សាស្ត្រ​ខ្មែរ​មួយ​រូបនៅ​សុរិន្ទ។ សូម​អរគុណ​លោក ជ័យ មង្គល ដែល​បាន​ចែក​ឯកសារ​នេះ​ទៅ​កាន់​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ស្ដី​អំពី ធម្មជាតិ​កវីនិពន្ធ។

    វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើង​ថ្កាន!

    View original post

    វីដេអូ៖ ខ្ញុំ​ជា​ប្រធាន​អាស៊ាន


    វីដេអូ​នេះ​ត្រូវ​បាន​ថត​ដោយ​ក្រុម I DO U DO ដើម្បី​អបអរ​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន និង​សហការ​ផលិត​ដោយ អគ្គនាយកដ្ឋាន​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន និង សមាគម​យុវជន​ខ្មែរ។ [youtube http://www.youtube.com/watch?v=Tv4VoqX5Ukk ] ខ្ញុំ និង អ្នក​ទាំង​អស់​គ្នា គឺ​ជា​ប្រធាន​អាស៊ាន។ ^____^

    LEGO The Great Ball Contraption


    LEGO ជា​ប្រដាប់​សង់​ម្យ៉ាង​ដែល​មាន​ប្រវត្តិ​យូរ​យារ​ណាស់​មក​ហើយ វា​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង។ ប្រដាប់​សង់​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​អនុញ្ញាត​ឲ្យ​យើង​អាច​សាង​សង់​នូវ​របស់​ភាគ​ច្រើន​បាន​ដូច​ជា ឡាន, ឧទ្ធម្ភាគចក្រ, នាវា, ផ្ទះ, សំណង់​ផ្សេងៗ, ទីក្រុង, យន្តហោះ, រថក្រោះ, មនុស្សយន្ត និង​អ្វី​ផ្សេងៗ​ទៀត។ កាល​ពី​នៅ​ក្មេង​ខ្ញុំ​ធ្លាប់​បាន​លេង​វា​ដែរ ^__^ យប់​មិញ​ហ្នឹង​ខ្ញុំ​ក៏​បើក​មើល Google+ លេងៗ​ក៏​ស្រាប់​តែ​ឃើញ​វីដេអូ​មួយ​គេ​ដាក់​ក្នុង​នោះ​ទាក់​ទង​នឹង LEGO គឺ​ការ​សាងសង់​ប្រព័ន្ធ​ចក្រ​ម្យ៉ាង​សម្រាប់​បញ្ជូន​គ្រាប់​បាល់ ដោយ​ប្រើ​ប្រាស់​ប្រដាប់​សង់​របស់ LEGO ។ ខ្ញុំ​បាន​មើល​ហើយ​គឺ​ថា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។ ខាង​ក្រោម​នេះ​គឺ​វីដេអូ​មួយ​ប៉ុណ្ណោះ តែ​វា​នៅ​មាន​វីដេអូ​ជា​ច្រើន​ទៀត។ អាច​រក​មើល​បាន​ក្នុង Youtube ដោយ​វាយ​ពាក្យ LEGO Great Ball Contraption នោះ​នឹង​ឃើញ។ [youtube http://www.youtube.com/watch?v=sUtS52lqL5w ] ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ដែល​បង្ហាញ​អំពី​ប្រព័ន្ធ​ចក្រ​ដ៏​ធំ​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១១ [youtube http://www.youtube.com/watch?v=N9VBQ3hW6t8 ]

    បទ៖ លា​ហើយ​រាជធានី [ឈុន វណ្ណា]


    [youtube http://www.youtube.com/watch?v=yedQsSVZG7s ] ១. ឮ​សូរ​សញ្ញា​នាវា​លា​ផែ លា​ផែ​ភ្នំពេញ ទាំង​ទុក្ខ​ទោម្នេញ​ចរចេញ​យាត្រា ខ្ញុំ​លា​កន្លែង​ធ្លាប់​ថ្លែង​ស្នេហា លា​ម្ចាស់​ចិន្ដា សង​វាសនា​ទុក្ខា។ ២. មើល​ទឹក​រលក់​បក់​បោក​នាវា ចង​ពារ​អាល័យ ដូច​ខ្ញុំ​ជា​ស្រី​ចាញ់​ដៃ​ប្រុស​ព្រាន ស្បថ​ស្បែឲ្យ​ស្នេហ៍ ស្នេហ៍​ហើយ​ដោះ​ប្រាណ រក​ជឿ​ម្ដេច​បាន ឋាន​ផ្លូវ​ស្នេហ៍​ប្រែ​ឋាន​វេរា។ R. លា​ហើយៗៗៗៗៗ ភ្នំពេញ​អើយ​លា​ទាំង​គ្រាំ​គ្រា រៀង​ហើយ​ខ្លាច​ហើយ កុំ​តាម​ផ្ដន្ទា បច្ចាមិត្រ​ស្នេហ៍​ខ្ញុំ​អើយ។ ៣. តស៊ូ​ធ្វើ​អ្វី​គ្មាន​ក្ដី​មេត្តា ស្នេហា​ភក្ដី វប្បដិសារី​ជេរ​ស្ដី​គ្មាន​ស្បើយ តស៊ូ​ដល់​ណា​នរណា​ឆ្លង​ឆ្លើយ មាន​តែ​លា​ហើយ​ធ្មេច​សាង​ត្រើយ​ជា​ស្រី​ជរា។ ភ្លេង -> ៣ --------- បទ​ចម្រៀង​នេះ​ស្ដាប់​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​អាណិត​ដល់​តួ​ស្រី ដែល​ត្រូវ​ខាង​ប្រុស​បោះ​បង់​ចោល។ បទ​នេះ​ប្រកប​ទៅ​ដោយ​ទឹក​ដម​ដ៏​គ្រលួច​ពីរោះ​របស់​អ្នក​ស្រី ឈុន វណ្ណា និង​អត្ថន័យ​បទ​ចម្រៀង​នៃ​អ្នក​និពន្ធ​ខ្មែរ​យើង​ពី​មុន។ មនោសញ្ចេតនា... កម្សត់... ពីរោះ...

    [រំឭក​អតីតកាល] បទ៖ កាល​ពី​ខ្ញុំ​នៅ​ក្មេង


    បទ​នេះ ពេល​ខ្ញុំ​ស្ដាប់​កាល​ណា ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​រឿង​រ៉ាវ​ផ្សេងៗ​កាល​ពី​នៅ​ក្មេង ទោះ​បទ​ចម្រៀង​នេះ​មិន​បាន​បក​ស្រាយ​យ៉ាង​ណា​ក្ដី។ ម្យ៉ាង​ទៀត មាន​អារម្មណ៍​ដ៏​ចម្លែក​មួយ​បាន​កើត​ក្នុង​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​និយាយបក​ស្រាយ​វា​មក​ក្រៅ​មិន​កើត​សោះ តែ​អាច​ដឹង​ថា​​ជា​អារម្មណ៍​សប្បាយ កម្សត់ ដែល​កើត​ឡើង​ចំពោះ​ខ្ញុំ​ក្នុង​សង្គម​គ្រួសារ មិត្តភក្តិ។ ស្រណោះ​ណាស់! ស្រណោះ​អតីតកាល តែ​មិន​អាច​ត្រឡប់​ក្រោយ​បាន​ឡើយ ទោះ​យ៉ាង​ណា​ក៏​ត្រូវ​តែ​ខំ​ប្រឹង​ដើម្បី​អនាគត​ដែរ។ 🙂 សូម​អរគុណ​ចំពោះ​បងទាំង​បី​នាក់ (Sun LaySkit, Kimik Samiko, Seyha Ha) ដែល​បាន​និពន្ធ​បទ​ចម្រៀង​នេះ​ឡើង ដោយ​ប្រើ​ពេល​អស់ ៦ម៉ោង និង ១៥នាទី។ ខ្ញុំ​ចូល​ចិត្ត​បទ​នេះ​ណាស់! ទំនុក​ច្រៀង I. កាលដែលពីខ្ញុំនៅក្មេង ខ្ញុំរត់លេងទាំងទទេកាយា កាលពេលណុងមិនចេះខ្មាសនរណា បើសិនជាឥឡូវ អូយខ្មាស់គេងាប់អ្ហើយ ។ ពេលមានភ្លៀងធ្លាក់ម្តងៗ មិនរំលងខ្ញុំតែងតែរត់លេង អត់ស្លៀកខោរត់តែពេញហ្នឹងឯង មិនដែលក្រែងពីចិត្តអ្នកណា ។ II. ពេលចូលបឋមសិក្សាមានសង្សារតាំងពីថ្នាក់ទី១ កាលពេលណុងគឺមិនដែលចេះព្រួយ ព្រោះមិនស្គាល់អ្វីថាស្រលាញ់ កាលដែលពីខ្ញុំនៅក្មេងស្អីក៏លេងមិនដែលចេះកំណាញ់ ឈូសស៊ីរូប លោតកៅស៊ូ ឃ្លីក៏បាញ់ លេងចូលទាំងអស់ទាំងប្រុសទាំងស្រី។ III. រឿងដែលចូលចិត្តទស្សនាគឺតុក្កតានិង PowerRanger ពេលធំឡើងមើល … Continue reading [រំឭក​អតីតកាល] បទ៖ កាល​ពី​ខ្ញុំ​នៅ​ក្មេង

    តោះ! ស្ដាប់​បទ អារ៉ាបពីយ៉ា ដោយ​ប្រើ​ឧបករណ៍ ឃឹម


    ឧបករណ៍​តន្ត្រី​ខ្មែរ ជា​របស់​ដែល​ខ្ញុំ​ចូល​ចិត្ត​ស្ដាប់ មិន​ថា​ខ្លុយ តាខេ ឃឹម ខ្សែមួយ ឬ​ក៏ ទ្រ គឺ​ថា​ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​ទាំង​អស់។ ហើយ​ឧបករណ៍​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​នោះ​គឺ ខ្សែមួយ និង ទ្រ តែ​មិន​ទាន់​បាន​រៀន​ទេ 😀 ។ ដោយ​សារ​តែ​ថ្ងៃ​មុន​ទំនេរ​ពេក មិន​ដឹង​ថា​ត្រូវ​ធ្វើ​អី​សោះ អង្គុយ​រាវ​ចុះ​រាវ​ឡើង​បាន​ស្គាល់​គេហទំព័រ​មួយ គេ​ផ្ដល់​សំឡេង​នៃ​ឧបករណ៍​តន្ត្រី​ខ្មែរ​មួយៗ​ទុក​ស្ដាប់ តែ​មិន​សំណាង​សោះ ព្រោះ​មាន​ឧបករណ៍​ខ្លះ​មាន​តំណ​ឲ្យ​ចុច​ស្ដាប់ តែ​អត់​មាន (ប្រហែល​គេ​លុប​ចោល​បាត់​ហើយ​ក៏​មិន​ដឹង)។ ពេល​ខ្ញុំ​ចូល​ទៅ​មើល​ក្នុង​ទំព័រ ឃឹម ឃើញ​បទ​ភ្លេង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​បទ​អារ៉ាបពីយ៉ា ដែល​គេ​លេង​ដោយ​ប្រើ​ឧបករណ៍ ឃឹម។ អ៊ីចឹង បើ​ចង់​ដឹង​ថា​មាន​សំឡេង​យ៉ាង​នោះ​ស្ដាប់​សំឡេង​ខាង​ក្រោម​នេះ៖ សម្រាប់​សំឡេងបទ​ឧបករណ៍​តន្ត្រី​ដទៃ​ទៀត​សូម​ចូល៖ soundofcambodianmusic.com


    បាន​បន្ថែម​សំឡេង​បទ​ចម្រៀង​គោរព​ទង់​ជាតិ សម្រាប់ សម័យ​សាធារណរដ្ឋ​ខ្មែរ (១៩៧០-៧៥)

    ទេព សុវិចិត្រ

    ព្រះរាជាណាចក្រ​កម្ពុជា​ឋិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​ប្រទេស​បារាំង តាំង​ពី​ឆ្នាំ​១៨៦៣ ហើយ​បាន​ទទួល​ឯករាជ្យ​ពេញ​ទី​នៅ​ឆ្នាំ ១៩៥៣។ ក្នុង​រយៈ​ពេល​កន្លះ​សតវត្ស កម្ពុជា​បាន​ដូរ​ចម្រៀង​គោរព​ទង់​ជាតិ ជា​ច្រើន​គ្រា យោង​ទៅ​តាម​កំណែ​រដ្ឋធម្មនុញ្ញ ដើម្បី​ឲ្យ​ស្រប​តាម​មនោគម​វិជ្ជា​នៃ​របប​និមួយៗ។

    ក្នុង​សម័យ​សង្គមរាស្ត្រ​និយម (១៩៥៥-១៩៧០) ក្រោម​អធិបតី សម្ដេច​នរោត្តម​សីហនុ , ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចម្រៀង​ជាតិ​មាន​ចំណង​ជើង នគររាជ៖

    Flag of Cambodia

    ១. សូម​ពួក​ទេវតា រក្សា​មហាក្សត្រ​យើងឲ្យ​បាន​រុង​រឿង
    ដោយ​ជ័យ​មង្គល ស្រី​សួស្ដី យើង​ខ្ញុំ​ព្រះ​អង្គ
    សូម​ជ្រក​ក្រោម​ម្លប់ ព្រះបារមីនៃ​ព្រះ​នរបតី
    វង្ស​ក្សត្រា​ដែល សាង​ប្រាសាទ​ថ្មគ្រប់​គ្រង​ដែន​ខ្មែរ
    បុរាណ​ថ្កើង​ថ្កាន។

    ២. ប្រាសាទ​សិលា កំបាំង​កណ្ដាល​ព្រៃគួរ​ឲ្យ​ស្រមៃ
    នឹក​ដល់​យសសក្ដិ មហានគរ ជាតិ​ខ្មែរ​ដូច​ថ្ម
    គង់​វង្ស​នៅ​ល្អ រឹង​ប៉ឹង​ជំហរយើង​សង្ឃឹម​ពរ
    ភ័ព្វ​ព្រេង​សំណាង របស់​កម្ពុជាមហារដ្ឋ​កើត​មាន
    យូរ​អង្វែង​ហើយ។

    ៣. គ្រប់​វត្តអារាម ឮសូរ​តែ​សព្ទធម៌សូត្រ​ដោយ​អំណរ
    រំលឹក​នឹក​គុណ ពុទ្ធសាសនា ពួក​យើង​ជា​អ្នក
    ជឿ​ជាក់​ស្មោះស្ម័គ្រ តាម​បែប​ដូនតាគង់​តែ​ទេព្តា
    នឹង​ជួយ​ជ្រោម​ជ្រែង ផ្គត់​ផ្គង់​ប្រយោជន៍​ឲ្យដល់​ប្រទេស​ខ្មែរ
    ជា​មហានគរ។

    ចម្រៀង​ជាតិ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ (១៩៧០-៧៥) ដែល​មាន​ទំនង​បែប​បទ​ចម្រៀង​បដិវត្តន៍ នៅ​ប្រទេស​សង្គម​និយម។ ចម្រៀង​ជាតិ​នេះ ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ក្រុម សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ ដែល​មាន​លោក ហង្ស ធុនហាក់ ជា​សាកលវិទ្យាធិការ៖

    «ជនជាតិ​ខ្មែរ​ល្បី​ពូកែ​មួយ​ក្នុង​លោក
    មាន​ជ័យ​ជោគ​កសាង​ប្រាសាទ​សិលា
    អារ្យធម៌​ខ្ពស់​បវរ​ជាតិ​សាសនា
    កេរ្តិ៍​ដូនតា​ទុក​លើ​ភព​ផែន​ដី។
    ខ្មែរ​ក្រោក​ឡើង​ខ្មែរ​ក្រោក​ឡើង​ខ្មែរ​ក្រោក​ឡើង
    តស៊ូ​ដម្លើង​សាធារណរដ្ឋ
    ខ្មាំង​លុក​ចូល​ខ្មែរ​ប្រយុទ្ធ​មិន​តក់​ស្លុត
    យក​ជ័យ​បំផុត​ជូន​ជាតិ​ខេមរា
    ឯករាជ្យ​ភ្លឺថ្លា​ជា​មហាប្រទេស​តទៅ។»

    ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យខ្មែរ​ក្រហម ចម្រៀង​ជាតិ​បាន​ដូរ​ហើយ បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញា មាន​ចំណង​ជើង​ថា៖ ១៧មេសា មហា​ជ័យ​ជោគ ។


    ឈាម​កក្រហម​ច្រាល ………. ស្រោច​ស្រព​ក្រុង​វាល ………. កម្ពុជា​មាតុភូមិ
    ឈាម​កម្មករ ………. កសិករ​ដ៏​ឧត្តម ………. ឈាម​យុទ្ធជន
    យុទ្ធនារី​បដិវត្ត ………. ឈាម​ប្រែ​ក្លាយ​ជា ………. កំហឹង​ខ្លាំង​ក្លា
    តស៊ូ​មោះ​មុត ………. ដប់​ប្រាំ​ពីរ​មេសា ………. ក្រោម​ទង់​បដិវត្ត
    ភាព​រំដោះ ………. អំពីភាព​ខ្ញុំគេ ………. ជយោ!ជយោ!
    ដប់​ប្រាំ​ពីរ​មេសា ………. ជោគជ័យ​មហា​អស្ចារ្យ ………. មានន័យ​ធំ​ធេង
    លើស​សម័យ​អង្គរ ………. យើង​រួបរួម​គ្នា ………. កសាង​កម្ពុជា
    នឹង​សង្គម​ថ្មី ………. បវរ​ប្រជាធិបតេយ្យ ………. សមភាព​នឹង​យុត្តិធម៌
    តាម​មាគ៌ា​ម្ចាស់​ការ ………. ឯករាជ​រឹង​មាំ ………. ប្ដេជ្ញា​ដាច់​ខាត
    ការ​មាតុភូមិ ………. ទឹក​ដី​ឧត្តម​បដិវត្ត ………. ដ៏រុង​រឿង​ជយោ!
    ជយោ!ជយោ! ………. កម្ពុជាថ្មី ………. ប្រជាធិបតេយ្យ
    សំបូរ​ថ្កុំ​ថ្កើង ………. ប្ដេជ្ញា​ជ្រោង​គ្រវី ………. ទង់​បដិវត្ត
    ក្រហម​ខ្ពស់​ឡើង ………. សាង​មាតុភូមិ​យើង ………. ឲ្យ​ចំរើន​លោត​ផ្លោះ
    មហា​រុង​រឿង ………. មហា​អស្ចារ្យ។

    ខាង​ក្រោម​នេះ​គឺ​ជា​ចម្រៀង​គោរព​ទង់​ជាតិ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​រដ្ឋាភិបាល សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (១៩៧៩-៨៦)

    ១. ពលរដ្ឋ​កម្ពុជា​ជា​កំលាំង​ប្ដូរ​ផ្ដាច់
    សច្ចា​កំទេច​អស់​ពួក​បច្ចាមិត្ត
    តាំង​ចិត្ត​សាមគ្គ​ទើប​មាន​មហិទ្ធិឫទ្ធិ
    ស៊ូ​ប្ដូរ​ជីវិត​បង្ហូរ​ឈាម​ប្ដូរ​យក​ជ័យ។

    ២. កង​ទ័ព​កម្ពុជា​ពុះពោរ​ក្លាហាន​សំរុក
    ឧបសគ្គ​រាំង​មុខ​ឆ្លង​កាត់​សំរេច​បាន
    កំទេច​ខ្មាំង​ចង្រៃ​ពូជ​សាមាន្យ
    នាំ​សេរីថ្កើង​ថ្កាន​ជូន​ប្រជាន​ជ។

    ៣. វីរ​កម្ពុជា​បុត្រ​មោះ​មុត​ក្នុង​សង្គ្រាម
    ប្ដេជ្ញា​សង​ឈាម​នឹង​ខ្មាំង​សត្រូវ
    ទង់​ជ័យ​ប្រាសាទ​ពណ៌​ឈាម​ខ្ពស់​សន្ធៅ
    នាំ​ជាតិ​ទៅ​សាង​សុខ​ក្សេម​ក្សាន្ត។

    View original post

    សៀវភៅ៖ ទស្សនៈ សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត


    ដោយ​ខ្ញុំ​បាន​មើល​ឃើញ​ថា​សៀវភៅ​នេះ​មាន​សារៈ​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរ ព្រម​ទាំង​សិស្សានុសិស្ស (ដែល​ខ្ញុំ​ជា​សិស្ស​ផង​នោះ) ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​អំពី​ស្នាដៃ និង​ទស្សនៈ​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត ដែល​ព្រះ​អង្គ​ជា​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ ដ៏​ខ្ពង់ខ្ពង់​ជា​ទី​សក្ការៈ។ ដូច្នេះ​ហើយ ទើប​ខ្ញុំ​សម្រេច​ចិត្ត​វាយ​សៀវភៅ​នេះ​ឲ្យ​បាន​ចប់ ដើម្បី​ចែក​រំលែក​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា ឲ្យ​បាន​អាន បាន​យល់​បន្ថែម​អំពី​ទស្សនៈ​របស់​ព្រះ​អង្គ។ សៀវភៅ​នេះ​ត្រូវ​បាន​រៀប​ចំ​ចងក្រង​ដោយ​លោក គង់ សម្ភារ កាល​ពី ព.ស.២៥១៣ គ.ស.១៩៧០ គឺ​ក្រោយ​ពេល​ដែល​សម្ដេច​ព្រះ​សង្ឃរាជ សោយ​ទិវង្គត​បាន​រយៈ​ពេល​មួយ​ឆ្នាំ។ ខាង​ក្រោម​នេះ​គឺ​ជា​គំនិត​របស់​លោក គង់ សម្ភារ នៅ​ក្នុង​ផ្នែក​អារម្ភកថា៖ [...] ខ្ញុំ​យល់​ឃើញ​ថា «ទស្សនៈ​សម្ដេច​ព្រះ​សង្ឃរាជ ជា​ទស្សនៈ​មិន​ស្លាប់» មាន​អានុភាព​ច្រើន​ក្នុង​ការ​ដឹក​នាំ​សតិ​អារម្មណ៍​របស់​ក្រុម​ពុទ្ធ​បរិស័ទ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​រក​ពន្លឺ​នៃ​សុភមង្គល។ មិន​តែ​ប៉ុណ្ណោះ ទស្សនៈ​នេះ​ពិត​ជា​មាន​ផល​ប្រយោជន៍​ច្រើន​ដល់​អស់​លោក​និស្សិត សិស្សានុសិស្ស​ដែល​ប្រុង​ប្រៀប​ប្រឡង​យក​សញ្ញាប័ត្រ​របស់​ខ្លួន ជា​ពិសេស​ចំពោះ​អ្នក​ស្រាវ​ជ្រាវ​ទូទៅ ព្រោះ​អត្ថបទ​ទាំង​នេះ​សុទ្ធ​សឹង​មាន​អត្ថន័យ អត្ថរស អត្ថរូប កម្រ​នឹង​រក​គូ​ដៃ​និពន្ធ​មក​ប្រដូច​បាន ហើយ​ជា​ឯកសារ​ពិបាក​រក​ទៀត​ផង នា​អនាគត​កាល។ [...] ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​អ្វី​យូរ​ឡើយ​នោះ ខ្ញុំ​សូម​ដាក់​តំណ​ទាញ​យក​ខាង​ក្រោម​នេះ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា អាច​ទាញ​យក​ទៅ​អាន​បាន​ដោយ​សេរី និង​ឥត​គិត​ថ្លៃ។ ទាញ​យក​សៀវភៅ ទស្សនៈ សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត

    យសាភិវឌ្ឍកជន «ជន​អ្នក​ចម្រុង​ចម្រើន​ដោយ​យស»


    ឧដ្ឋានវតោ សតីមតោ សុចិកម្មស្ស និសកម្មការិនោ សញ្ញតស្សច ធម្មជីវិនោ អប្បមត្តស្ស យសោកិវឌ្ឍតិ! យសតែងចម្រើនដល់ជន៖ អ្នកមានព្យាយាមរឹងប៉ឹងម៉ឺងម៉ាត់ អ្នកមានស្មារតីខ្ជាប់ខ្លួនមិនភ្លេចភ្លាត់ អ្នកមានការងារស្អាតហ្មត់ហ្មង អ្នករិះរេពិចារណាត្រាតែយល់, សព្វគ្រប់សិនហើយទើបធ្វើអ្វីៗ អ្នកសង្រួមឥន្ទ្រិយស្រគត់ស្រគំសមរម្យមិនឆ្គង អ្នកចិញ្ចឹមជីវិតត្រឹមត្រូវតាមគន្លងធម៌ អ្នកមិនប្រមាទ គឺប្រុងប្រយ័ត្នស្មារតីជានិច្ច មិនលុះលង់ក្នុងការធ្វេសប្រហែស (ដោយបរិយាយថា "អ្នកមានសតិសម្បជញ្ញៈជានិច្ច" ) អត្ថន័យពាក្យថា យស ឥស្សរិយៈ គឺភាវៈជាធំ ឬមានបុណ្យស័ក្តិ ភោគទ្រព្យ គឺមានទ្រព្យធនច្រើន សម្មានៈ គឺមានអ្នកដទៃរាប់អានច្រើន កិត្តិ មានកេរ្តិ៍ឈ្មោះល្អ គេស្ងើចសរសើរ ទាំង៤នេះហៅថា យស។ ឯឥស្សរិយយស គឺយសនៃអ្នកធំ ឬយសនៃអ្នកមានបុណ្យស័ក្តិ។ គ្រឿងឥស្សរិយយស គឺវត្ថុឬរបស់ជាគ្រឿង លើកតម្កើងអ្នកមានឥស្សរិយៈ។ ពាក្យកាព្យឲ្យងាយចាំ ពាក្យ ៩ រីជនណា មានព្យាយាម ដ៏ម៉ឺងម៉ាត់, ប្រុងប្រយ័ត្ន តាំងស្មារតី ខ្មីរក្សា, មានការស្អាត មិនគ្រោតគ្រាត មិនខ្ជីខ្ជា, ពិចារណា ឲ្យឃើញសិន … Continue reading យសាភិវឌ្ឍកជន «ជន​អ្នក​ចម្រុង​ចម្រើន​ដោយ​យស»