The Indochina Project (គម្រោង​ឥណ្ឌូ​ចិន)


មុន​នេះ​ខ្ញុំ​ទទួល​បាន​សារ​ពី​បង​គូនីឡា (Blue Lady Blog) អំពី​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា The Indochina Project ឬ គម្រោង​ឥណ្ឌូចិន ។ កម្មវិធី​នេះ​គឺ​គេ​ចង់​ឲ្យ​មនុស្ស​បង្ហាញ​សមត្ថភាព​ឬ​មតិ​យោបល់​របស់​ពួកគេ​អំពី​តំបន់​ឥណ្ឌូចិន តាម​រយៈ​វីដេអូ រូបថត រូប​គំនូរ (ដៃ និង ឌីជីថល) សំឡេង អត្ថបទ​រឿង ឬអ្វី​ផ្សេងៗ​ទៀត​ដែល​​គិត​ថា​វា​អាច​បង្ហាញ​ចំណាប់​របស់​អ្នក​អំពី​តំបន់​ឥណ្ឌូចិន។ កម្មវិធី​នេះ​នឹង​ត្រូវ​រៀប​ចំ​ជា​ពិព័រណ៍​សកល (world exhibition) នៅ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ហើយ​រាល់​អ្វី​ដែល​យើង​បាន​បញ្ជូន​ទៅ​កាន់​កម្មវិធី​មួយ​នេះ នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុងពិព័រណ៍​សកល​មួយ​នោះ។ ម្យ៉ាង​វិញ​ទៀត គេ​នឹង​រើស​យក​អ្នក​ចូលរួម​ដែល​សំណាង​ម្នាក់​ទៅ​កាន់​ទីក្រុង​ហូជីមិញ ដើម្បី​បង្កើត​សិប្បកម្ម (artwork) របស់​គេ​ដោយ​ផ្ទាល់​នៅ​ក្នុងពិព័រណ៍។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ riverorchid ។ តើ​អ្នក​មាន​អ្វី​ចង់​បង្ហាញ​ទៅ​កាន់​ពិភពលោក​អំពី​តំបន់​ឥណ្ឌូចិន​ដែរ​ឬទេ? ដូច​ជា​ប្រទេស​កម្ពុជា ឬ ភូមា ឬ ឡាវ ឬ ថៃ ឬ វៀតណាម? ប្រសិន​បើ​អ្នក​មាន សូម​ចូល​ទៅ​កាន់​គេហទំព័រ http://theindochinaproject.com ដើម្បី​ចុះ​ឈ្មោះ​និង​មើល​ព័ត៌មាន​បន្ថែម។ ចំណែក​ខ្ញុំ​? ខ្ញុំ​ឥត​មាន​អ្វី​ផ្ញើ​ទៅទេ តែ​ខ្ញុំ​សរសេរ​អត្ថបទ​នេះ​ដើម្បី​ឲ្យ​អ្នក​ចូលរួម មិន​ថា​ជា​វិចិត្រករ សិល្បករ … Continue reading The Indochina Project (គម្រោង​ឥណ្ឌូ​ចិន)

កិច្ច​ពិភាក្សា​តុមូល​ស្ដី​អំពី “សេរីភាព​បញ្ចេញ​មតិ លើ​ប្រព័ន្ធ​អ៊ីនធើណេត”


កាល​ពី​ព្រឹក​មិញ (២៧-កុម្ភៈ-២០១៣) ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​មួយ​រូប​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ស្ដី​អំពី "សេរីភាព​បញ្ចេញមតិ លើ​ប្រព័ន្ធ​អ៊ីនធើណេត" ដែល​បាន​រៀប​ចំ​ដោយ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស (CCHR) ។ គិត​ទៅ នេះ​គឺ​ជា​លើក​ទី​មួយ​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ធ្វើ​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​សេរីភាព។ បញ្ហា​ដែល​ត្រូវ​បាន​លើក​ឡើង​ធំៗ​គឺ​ផ្ដោត​សំខាន់​លើ​បញ្ហា​សិទ្ធិ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត មាន​ដូច​ជា​បណ្ដាញ​សង្គម (Facebook, Twitter, ...) និង​ប្លក់​ជា​ដើម ក្រៅ​ពីនេះ Cyber Law ក៏​ជា​អ្វី​ដែល​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ។ អ្នក​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ ភាគ​ច្រើន​គឺ​ជា​អ្នក​សារព័ត៌មាន​និង​អ្នក​ប្រើ​ប្រាស់​ប្លក់ ហើយ​អ្នក​ទាំង​អស់​គ្នា​បាន​លើក​យក​បញ្ហា​ទាំង​នោះ​មក​ដេញ​ដោល​សួរ​គ្នា​និង​បញ្ចេញ​មតិ​យ៉ាង​សកម្ម​បំផុត។ បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​អស់​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចពិភាក្សា​នា​ព្រឹក​នេះ គឺ​ទាក់​ទង​ទៅ​នឹង​បញ្ហា​របស់​បង​ប្រុស "ភែល ភារុណ" (ប្រហែល​អ្នក​ទាំង​អស់​គ្នា​ស្គាល់​គាត់​ហើយ) ដែល​គាត់​បាន​សរសេរ​អំពី​រឿង​រ៉ាវ​ដែល​ប៉ូលីស​នៅ​ខណ្ឌ​ចំការ​មន​ឃាត់​ម៉ូតូ​គាត់​ទុក ហើយ​ក្រោយ​ពី​ពេល​ដែល​គាត់​បាន​ផ្សាយ​រឿង​នេះ​ក្នុង​បណ្ដាញ​សង្គម ហើយ​សារព័ត៌មាន​ផ្សេងៗ​យក​ទៅ​សរសេរ​ចុះ​ផ្សាយនោះ ក្នុង​ចុង​ខែ​នេះ​គាត់​ក៏​ត្រូវ​ប៉ូលីស​ខណ្ឌ​កោះ​ហៅ​ទៅ​សាក​សួរ (អំពី​បទ​បរិហារ​កេរ្តិ៍)។ លោកអ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​ថា "បញ្ហា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត នឹង​ក្លាយ​ជា​បញ្ហា​ដែល​ត្រូវ​បាន​កើត​ឡើង​ជា​ច្រើន" នេះ​ក៏​ដោយ​សារ​ចំនួន​នៃ​អ្នក​ប្រើ​អ៊ីនធឺណិត​កំពុង​កើន​ឡើង ហើយ​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​កំពុង​បង្ហាញ​បណ្ដើរៗ។ ដូច្នេះ​ចំពោះ​កិច្ច​ពិភាក្សា​តុមូល​នៅ​ថ្ងៃ​នេះ គឺ​ជា​សកម្មភាព​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​ឲ្យ​ប្រជាជន​បញ្ចេញ​មតិ​របស់​ខ្លួន​លើ​បញ្ហា​មួយ​នេះ ហើយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​យក​ការ​ពិភាក្សា​ចាក់​ផ្សាយ​ក្នុង​វិទ្យុ ព្រម​ទាំង​រៀប​ចំ​ជា​គោល​នយោបាយ​សង្ខេប​ផ្ញើ​ជូន​ទៅ​ខាន​ស្ថាប័ន​រដ្ឋ​ដែល​ពាក់​ព័ន្ធ។ អត្ថបទ​ទាក់​ទង នឹង​លែង​មាន​ហាង​អ៊ីនធឺណិត​នៅ​កណ្ដាល​ក្រុង សំឡេង​ប្រជាធិបតេយ្យ : អ្នក​​ស​សេរ​ប្លុក​​ ចង់ឲ្យ​រដ្ឋាភិបាល ​អនុញ្ញាត​ឲ្យមាន​ហាង​អ៊ីន​ធើ​ណេ​តជិត​សាលារៀន​​

មហោស្រព​សិល្បៈ​យុវជន​ខ្មែរ ឆ្នាំ​២០១២ ថ្ងៃ​ទី៤


ម៉ោង​៥​ល្ងាចជាង​ទៅ​ហើយ ម្ហូប​ក៏​ឆ្អិន​ល្មម​ស្រេច​ដែរ ខ្ញុំ​ក៏​បាន​ញ៉ាំ​ត្រឹម​មួយ​ចម្អែត​ល្មម​កុំ​ឲ្យ​ក្រពះ​ស្រែក​ពេល​ទស្សនា​ការ​សម្ដែង​សិល្បៈ។ ដល់​ម៉ោង​៦​ខ្ញុំ​បាន​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ដែល​មាន​ទីតាំង​នៅ​ផ្លូវ១៧៣ (ក្បែរ​ម្លប់​ស្វាយ៩៩)។ ទៅ​ដល់​ម៉ោង​៦​ជិត​កន្លះ​ទៅ​ហើយ... ការ​សម្ដែង​ក៏​ជិត​ចាប់​ផ្ដើមដែរ... ឈរ​មួយ​ភ្លែត​ខាង​អ្នក​រៀបចំ​កម្មវិធី​ក៏​អនុញ្ញាត​ឲ្យ​យើង​ចូលទៅ​ក្នុង​សាល។ ល្ងាច​នេះ​ខ្ញុំ​បាន​ជួប​បងៗ (អ្នក​ស្គាល់​គ្នា) បីបួន​នាក់​ដែរ 🙂 ។ ការ​សម្ដែង​នៅ​ថ្ងៃ​នេះ​ឯ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព មាន​ដូច​ជា៖ ចម្រៀង​និងការ​ប្រគុំ​ភ្លេង​ដោយ​ប្រើ​ឧបករណ៍​ច្នៃប្រឌិត (តាខេ​កូដខ្សែ, តាខេ​អាក្រូមិក, តាខេ​ភ្លោះ ដែល​មាន​សំឡេង​ស្រដៀង​ហ្គីតា, ឃឹម​ភ្លោះនិង​ស្គរ​ដៃ​ធម្មតា) ល្ខោន​ឥត​ព្រាងទុក ឧបករណ៍​កែ​ច្នៃ​ទាំង​នោះ​អាច​លេង​បទ​សម័យ​ក៏​បាន បទ​បុរាណ​ក៏​បាន​ហើយ​ពីរោះ​ម្យ៉ាង​ដែរ។ គេ​បាន​ប្រើ​ឧបករណ៍​ទាំង​នោះ​លេង​បាន៩បទ ហើយ​បទ​មួយ​គួរ​ឲ្យ​អស់​សំណើច​ជាង​គេ​គឺ​បទ The Lazy Song 😆 ពួកគាត់​អាច​លេង​បាន​យ៉ាង​ល្អ។ ចំណែក​ឯ​ល្ខោន​ឥត​ព្រាង​ទុក​វិញ ជា​ការ​សម្ដែង​មួយ​ធ្វើ​ឲ្យ​ទស្សនិកជន​ទាំង​ឡាយ​ផ្ទុះ​សំណើច​ចុកពោះ​ពេញ​ទាំង​សាល។ ខ្ញុំ​វិញសើច​ឡើង​ស្ងួត​បំពង់​ក​ថែម​ទៀត​ផង។ ការ​សម្ដែង​ល្ខោន​បែប​នេះ គឺ​ពុំ​មាន​ការ​ហាត់​សម​អ្វី​ជា​ច្រើន​នោះ​ឡើយ តែ​គេ​សម្ដែង​តាម​ការ​ចង់​បាន​របស់​ទស្សនិកជន។ នៅ​ពេល​ចូល​ទៅ​ក្នុង​សាល គេ​បាន​ចែក​ក្រដាស​ឲ្យ​យើង​សរសេរ​អំពី​ពាក្យ​ឬ​ចំណង​ជើង​រឿង​ណា​មួយ​ដែល​យើង​ចង់​ឲ្យ​ពួក​គាត់​សម្ដែង។ រឿង​និមួយៗ​មាន​ពេលវេលា​អតិបរមា​ត្រឹម​តែ៣នាទី​ប៉ុណ្ណោះ ហើយ​ពួក​គាត់​សម្ដែង​បាន​ជាង​១០រឿង​ដែរ។ បទ​ចម្រៀង​និង​ភ្លេង​ដែល​បាន​លេង​មាន​ចំនួន៩ តែ​ក្នុង​វីដេអូ​នេះ​មាន​តែ​ពីរ​ប៉ុណ្ណោះ។ ១. បទ៖ ភ្នំពេញ ២. ភ្លេង៖ The Lazy Song ការ​សម្ដែង​ទាំង​ពីរ​នេះ​ពិត​ជា​ប្លែក​មែន ព្រោះ​ខ្ញុំ​ពុំ​ធ្លាប់​បាន​ទស្សនា​ពី​មុន​មក​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ទស្សនា​សិល្បៈ​បែប​នេះ​និង​សិល្បៈ​ថ្មីៗ​ទៀត​នៅ​ក្នុង មហោស្រព​សិល្បៈយុវជនខ្មែរ លើក​ក្រោយ។ … Continue reading មហោស្រព​សិល្បៈ​យុវជន​ខ្មែរ ឆ្នាំ​២០១២ ថ្ងៃ​ទី៤

មហោស្រព​សិល្បៈ​យុវជន​ខ្មែរ កាល​ពី​ល្ងាច​មិញ


សែន​សប្បាយ​អើយ​សែន​សប្បាយ ចិត្ត​ឥត​ខ្វល់ខ្វាយ​រីករាយ​ណាស់ ប្រជា​ប្រុស​ស្រី​ទាំង​ក្មេង​ចាស់ អ៊ូអរ​ក្រៃ​ណាស់​មើល​សិល្បៈ..... ល្ងាច​មិញ​នេះ​គឺ​ជា​ថ្ងៃ​ទី៣ នៃ​មហោស្រព​សិល្បៈ​យុវជន​ខ្មែរ ឆ្នាំ​២០១២ ហើយ​ថ្ងៃ​នេះ​មាន​ការ​បង្ហាញ​នៅ​ក្រៅ​រោង (មើល​ដោយ​សេរី) ដែល​មាន​ដូច​ជា៖ របាំ​បេះក្រវាញ, របាំ​នេសាទ (របាំ​ដែល​ខ្ញុំ​ចូលចិត្ត), របាំ​សហសម័យ​និង​ចម្រៀង​ផ្សេងៗ​ទៀត។ ម្យ៉ាង​វិញ​ទៀត​នោះ ក៏​មាន​ការ​សម្ដែង​ល្ខោនយីកេ រឿង​ម៉ាក់ថឺង (លក់​សំបុត្រ) ហើយ​ថ្ងៃ​នេះ​គេ​ប្រារព្ធ​នៅ​ឯ​មហោស្រព​ចេនឡាន។ ការ​សម្ដែង​ក្រៅរោង​ក៏​ល្អ​មើល ការ​សម្ដែង​ក្នុង​រោង​មហោស្រព​ក៏​ល្អ​មើល សិល្បៈ​ខ្មែរ​យើង​ពិត​ជា​ល្អ​ណាស់។ ខ្ញុំ​មើល​យ៉ាង​ជក់​ចិត្ត​ជា​ទីបំផុត ព្រោះ​ណា​មួយ​អ្នក​របាំ​​នារី​ៗ​មួយ​ចំនួន​ស្អាតៗ​ដល់​ហើយ 😀 ។ ប៉ុន្តែ​អត់​មាន​រូប​ថត​ទេ ព្រោះ​អត់​បាន​យក​ម៉ាស៊ីន​ថត​ទៅ ណា​មួយ​ទូរស័ព្ទ​ម៉ាស៊ីន​ថត​អត់​ល្អ។ ការ​ចូល​រួម​ទស្សនា​សិល្បៈ​ទាំង​នេះ​គឺ​ជា​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​សិល្បៈ​ខ្មែរ ហើយ​ជួយ​ឲ្យ​សិល្បករ​ទាំង​ឡាយ​កាន់​តែ​មាន​ទឹក​ចិត្ត​និង​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ថែ​រក្សា​មត៌កទាំង​នេះ។ ខ្ញុំ​មិន​ចេះ​សម្ដែង​អីទេ តែ​ខ្ញុំ​ចូល​ចិត្ត​មើល​និង​គាំទ្រ​ជា​និច្ច។ ថ្ងៃ​ស្អែក​នេះ​ខ្ញុំ​ប្រហែល​ជា​ទៅ​មើល​ទៀត​ហើយ ^_^ សូម​បញ្ជាក់​ឡើង​វិញ​ដែរ​ថា មហោស្រព​នេះ​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​មួយ​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១២។ ព័ត៌មានបន្ថែមអំពី​កាល​វិភាគ​កម្មវិធី៖ http://cambodianartsfestival.org/program/performance