ព្រឹត្តិការណ៍​បរិច្ចាគឈាម ដល់ មន្ទីរ​ពេទ្យ​គន្ធបុប្ផា លើក​ទី​៤


ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​មួយ ដែល​រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង ៨ ព្រឹក ដល់ ១០:៣០ ព្រឹក នៅ​ឯ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទី​៤ ខាង​ជើង​វត្តភ្នំ រាជធានី​ភ្នំពេញ។ នេះ​គឺ​ជា​លើក​ទី​៤ សម្រាប់​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម (លោហិត​សង្គហទាន) ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើម្បី​ទុក​ជួយ​សង្គ្រោះ​ដល់​កុមារ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំបាច់​ក្នុង​ការ​ព្យាបាល។ ខ្ញុំ​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ហើយ​នា​ពេល​កន្លង​មក​ខ្ញុំ​ធ្លាប់​បាន​បរិច្ចាគ​ឈាម​ចំនួន​២​ដង​រួច​មក​ហើយ ដែល​លើក​ទី១ គឺ​នៅ​ព្រឹត្តិការណ៍​ដែល​រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា និង​លើក​ទី២ គឺ​នៅ​ពេល​ដែល​រថយន្ត​ចល័ត​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ទៅ​ដល់​សាលា​របស់​ខ្ញុំ។ ដូច្នេះ​ នេះ​នឹង​ក្លាយ​ជា​លើក​ទី៣​សម្រាប់​ខ្ញុំ​ក្នុង​ការ​បរិច្ចាគ​ឈាម។ 🙂 ប្រសិន​បើ​បង​ប្អូន​ចង់​ចូលរួម​បរិច្ចាគ​ឈាម​ដែរ​នោះ សូម​ទាក់​ទង​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​នៅ​ក្នុង​រូប​ខាង​ក្រោម និង​សូម​ជួយ​ផ្សព្វផ្សាយ​ដំណឹង​នេះ​ទៅ​ដល់​អ្នក​ដទៃ​ផង។ 🙂

ខ្ញុំ​បរិច្ចាគ​ឈាម​លើក​ទី​មួយ…..


នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​បាន​បរិច្ចាគ​ឈាម។ ការ​បរិច្ចាគ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី៤ (ស្ថិត​នៅ​ខាង​ជើង​វត្តភ្នំ) ហើយ​ទៅ​ជា​ក្រុម។ គ្រាន់​តែ​ឃើញ​ដំបូង​គួរ​ឲ្យ​ខ្លាច​ណាស់ តែ​ដល់​ពេល​វេន​ខ្ញុំ​ម្ដង គឺ​ថា​ឥត​ឈឺ​អ្វី​ច្រើន​នោះ​ទេ ហេហេហេ ។ តែ​រមួល​ពេញ​គ្រែ​ពេល​ដក​ម្ជុល​វិញ 😀 ក្រោយ​ពី​ចប់​សព្វ​គ្រប់​ហើយ គ្រូពេទ្យ​បាន​ឲ្យ​ទៅ​អង្គុយ​ថត​រូប​ដាក់​ចូល​កាត ខ្ញុំ​សើច​ឡើង​ដូច​គ្រាន់​បើ​ណាស់​អ៊ីចឹង តែ​មាន​អី​ដល់​ពេល​បាយ​ថ្ងៃ​ត្រង់​ចាប់​ផ្ដើម​មាន​សញ្ញា​បណ្ដើរៗ​ហើយ (ខ្សោះ​កម្លាំង ណា​មួយ​ជិះ​ហាល​ថ្ងៃ​ផង​នាំ​ឲ្យ​កើត​ខ្យល់​បន្តិច​បន្តួច ហើយ​ណា​មួយ​មិន​ស្រួល​ពោះ​តាំង​ពី​ព្រឹក) ។ ការ​បរិច្ចាគ​នេះ​គឺ​ក្នុង​គោល​បំណង​ជួយ​ដល់​កុមារ​ដែល​ទទួល​រង​គ្រោះ​ហើយ​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​នៅក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​បាន​បរិច្ចាគ​បែប​នេះ ណា​មួយ​បាន​ដឹង​អំពី​លទ្ធផល​ពិនិត្យ​ឈាម ប្រភេទ​ឈាម​និង​បញ្ចេញ​ឈាម​ខ្លះ​ចេញ​ពី​ខ្លួន​ក្រែង​លោ​បាន​ស្គម​ខ្លះ​ដែរ ហេហេហេ តែ​ឥឡូវ​នៅ​មាន​អារម្មណ៍​ខ្សោះ​កម្លាំង​បន្តិច​បន្តួច​ដែរ។ សរសេរ​ទាំង​នៅ​ខ្សោះ​កម្លាំង~~

អំពី​ក្រុម «យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា»


«យើងរួមគ្នាដើម្បីគន្ធបុប្ជា» រួមចំណែកថែទាំសុខភាពកុមារ ក្រុម «យើងរួមគ្នាដើម្បីគន្ធបុប្ជា» ជា​ស្ពាន​ថ្មី​មួយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត ដែល​អាច​ជួយ​ចម្លង​នូវ​ទឹក​ចិត្ត​សប្បុរស​របស់​លោក​អ្នក​ទៅ​កាន់​មន្ទីរ​ពេទ្យ​គន្ធបុប្ជា ជាទី​ស្ថាន​សក្តិ​សិទ្ធិ​ជួយ​ប្រោស​ប្រស់ អាយុ​ជីវិត​កុមារ​នៅ​កម្ពុជា ដែល​កំពុង​ប្រឈម​មុខនឹង​ជំងឺ​ដង្កាត់​នានា ឲ្យ​បាន​ជា​សះស្បើយ មាន​សុខ​ភាព​ល្អ​ព្រម​ទាំង​មាន​ក្តីសង្ឃឹម។ គោល​បំណង (បឋម) របស់​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ជា ៖- បរិច្ចាគ ជា​ប្រាក់​វិភាគ​ទាន​ផ្ទាល់​ខ្លួន ដើម្បី​ជួយ​ទ្រទ្រង់ មន្ទីរ​ពេទ្យ​គន្ធបុប្ជា។ - លើក​ទឹក​ចិត្ត​កៀងគរ​និង​ជួយ​សម្រួល ប្រមែ​ប្រមូល​ថវិកា​ពី​មិត្តភក្តិ​រួម​ក្រុម​និង​សប្បុស​ជន ដែល​មាន​លទ្ធភាព និង​មាន​ឆន្ទៈ ចង់​ចូល​រួម អំពើ​ជាកុសល តែ​គ្មាន​ពេល​គ្រប់​គ្រាន់ ទៅ​ដោយ​ផ្ទាល់​ខ្លួន​បាន ដើម្បី​ឲ្យ​ពួក​គាត់​អាច​បរិច្ចាគ​តាម​រយៈ​ក្រុម​យើង​ខ្ញុំ ដែល​មានអ្នក​ស្ម័គ្រ​ចិត្ត ជួយ​ការងារ​ដោយ​មិន​គិត​កម្រៃ មិន​ឆ្លៀត​ឱកាស យក​មុខ​យក​មាត់ កេង​ប្រវញ្ចន៍ ឬ​ស្វែង​រក​ផល​ប្រយោជន៍។ - ផ្សព្វ​ផ្សាយ​ពី​ភាព​ចាំ​បាច់ កត្តា​ប្រឈម​និង​តម្រូវ​ការ នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ជា លើក​ទឹក​ចិត្ត ចំពោះ​មិត្ត​ភក្តិ​រួម​ក្រុម​និង​សប្បុរស​ជន ដែល​មាន​លទ្ធភាព​និង​មាន​ឆន្ទៈ ចង់​ចូល​រួម​អំពើ​ជា​កុសល អាច​អញ្ជើញ​ទៅ​កាន់ មន្ទីរ​ពេទ្យ​គន្ធបុប្ជា ដើម្បី​ផ្តល់​ការ​ឧបត្ថម្ភ របស់​ខ្លួន​ដោយ​ផ្ទាល់ ដោយ​មិន​ចាំ​បាច់​តាម​រយៈ​ក្រុម។ សូម​មេត្តា​ចែក​រំលែក សេចក្តី​សុខ​របស់​លោក​អ្នក ជូន​មាតា​បិតា​និង​កុមារ ដោយ​ជួយ​ផ្តល់​ប្រាក់​វិភាគ​ទាន តាម​សទ្ធា​ប្រចាំ​ខែ ឬ ម្តង​ម្កាល ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ជា​តាម​រយៈ «ស្ពាន​នៃ​មេត្តាធម៌» នេះ។ យើង​ខ្ញុំ​ធានា … Continue reading អំពី​ក្រុម «យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា»

ទៅចូលរួម​កម្មវិធី ការ​ប្រគុំតន្ត្រី​សប្បុរសធម៌ រៀប​ចំ​ដោយ​ក្រុម យើ់ង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា


ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០១២ ជា​វេលា​ដ៏​ពិសេស​សម្រាប់​ក្រុម «យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា» ដែល​បាន​រៀប​ចំ​ការ​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ឡើង ក្នុង​គោល​បំណង​ប្រមូល​ថវិកា​ចូល​ជា​ជំនួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​ឃុំ​ព្រែកឡុង សង្កាត់​តាក្ដុល ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ការ​ប្រគុំ​តន្ត្រី​នេះ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​គំនិត​ឡើង​ដោយ​លោក ភក្ដី ដែល​ជា​មនុស្ស​ម្នាក់​សំខាន់​ក្នុង​ក្រុម​តន្ត្រី Mon Amour ។ កម្មវិធី​នេះ​អាច​សម្រេច​ដោយ​ជោគជ័យ​ទៅ​បាន​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​ភូមិ​អ្នក​ស្រុក​នៅ​ទីនោះ ព្រម​ទាំង​ក្រុម​តន្ត្រីករ​និង​សមាជិក​ក្រុម យើង​រួមគ្នា​ដើម្បី​គន្ធបុប្ផា ទាំង​អស់។ ប្រាក់​ដែល​ទទួល​បាន​ក្នុង​ការ​ប្រគុំ​តន្ត្រី​នេះ (ទិន្នន័យ​មិន​ទាន់​ច្បាស់​លាស់) ទទួល​បាន​ប្រមាណ​ជាង ១,០០០ដុល្លារ​សហរដ្ឋអាមេរិក។ អូ៎! ម្យ៉ាង​ទៀត​នោះ ក៏​សូម​អរគុណ​ដល់​ខាង​អាជ្ញាធរ និង​ខាង​សង្កាត់​ដែល​បាន​ផ្ដល់​ច្បាប់​ដល់​ក្រុម​យើង​ខ្ញុំ​បាន​រៀប​ចំ​កម្មវិធី​នេះ​ឡើង តាំង​ពីដើម​រហូត​ដល់​ចប់​ផង​ដែរ។ កំណត់​ហេតុ​ពិស្ដារ​នឹង​សរសេរ​នៅ​ថ្ងៃ​ស្អែក 🙂