រឿង​ខ្ញុំ​តស៊ូ​ព្រោះ​គ្រួសារ


កាល​ពី​ខែ​មុន​អ្នក​គ្រូ​អក្សរ​សាស្ត្រ​ខ្មែរ​បាន​ដាក់កិច្ច​ការ​ផ្ទះ​ឲ្យ​ធ្វើ​ទាក់​ទង​នឹង​ការ​តែង​រឿង​ខ្នាត​ខ្លី។ ដោយ​ហេតុ​តុ​ខ្ញុំ​អត់​មាន​អ្នក​តែង ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​តែង​ជំនួស​ពួក​គេ​ទៅ។ រឿង​នេះ​ពុំ​មាន​កាល​អាកាស​សាំញ៉ាំ ចំណោទ​បញ្ហា​ធំ​ដូច​រឿង​ផ្សេងៗ​ទៀត​ទេ ព្រោះ​ខ្ញុំ​សរសេរ​តម្រូវ​មិន​ឲ្យ​វែង​ពេក​ព្រោះ​វា​ជា​រឿង​ខ្នាត​ខ្លី​ប៉ុណ្ណោះ។ រឿង​នេះ​ដំណាល​អំពី​ការ​តស៊ូ​របស់​កុមារា «នរា» ដែល​រស់​នៅ​តែ​ជាមួយ​បង​ស្រី​និង​ជីដូន​ជរា​ម្នាក់ ខំ​តស៊ូ​ទាំង​ខ្លួន​និង​បង​ស្រី​ដើម្បី​ជីវភាព​គ្រួសារ​របស់​ខ្លួន។ តាម​ទ្រឹស្ដី​មួយ​បាន​លើក​ឡើង​ថា លុះ​ត្រា​យើង​ជួយ​ខ្លួន​ឯង​សិន ទើប​ព្រះ​តាម​ជួយ​ពី​ក្រោយ ដោយ​ហេតុ​ដូច្នេះ​ហើយ​ទើប​ការ​តស៊ូ​ព្យាយាម​នានា​រមែង​ទទួល​បាន​នូវ​លទ្ធផល​ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​ការ​អភិវឌ្ឍ​ព្រម​ទាំង​រីក​ចម្រើន​សម្រាប់​សង្គម​គ្រួសារ និង​សង្គម​មនុស្ស​ជុំវិញ​ខ្លួន។

កិច្ច​ពិភាក្សា​តុមូល​ស្ដី​អំពី “សេរីភាព​បញ្ចេញ​មតិ លើ​ប្រព័ន្ធ​អ៊ីនធើណេត”


កាល​ពី​ព្រឹក​មិញ (២៧-កុម្ភៈ-២០១៣) ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​មួយ​រូប​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ស្ដី​អំពី "សេរីភាព​បញ្ចេញមតិ លើ​ប្រព័ន្ធ​អ៊ីនធើណេត" ដែល​បាន​រៀប​ចំ​ដោយ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស (CCHR) ។ គិត​ទៅ នេះ​គឺ​ជា​លើក​ទី​មួយ​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ធ្វើ​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​សេរីភាព។ បញ្ហា​ដែល​ត្រូវ​បាន​លើក​ឡើង​ធំៗ​គឺ​ផ្ដោត​សំខាន់​លើ​បញ្ហា​សិទ្ធិ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត មាន​ដូច​ជា​បណ្ដាញ​សង្គម (Facebook, Twitter, ...) និង​ប្លក់​ជា​ដើម ក្រៅ​ពីនេះ Cyber Law ក៏​ជា​អ្វី​ដែល​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ។ អ្នក​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ ភាគ​ច្រើន​គឺ​ជា​អ្នក​សារព័ត៌មាន​និង​អ្នក​ប្រើ​ប្រាស់​ប្លក់ ហើយ​អ្នក​ទាំង​អស់​គ្នា​បាន​លើក​យក​បញ្ហា​ទាំង​នោះ​មក​ដេញ​ដោល​សួរ​គ្នា​និង​បញ្ចេញ​មតិ​យ៉ាង​សកម្ម​បំផុត។ បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​អស់​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចពិភាក្សា​នា​ព្រឹក​នេះ គឺ​ទាក់​ទង​ទៅ​នឹង​បញ្ហា​របស់​បង​ប្រុស "ភែល ភារុណ" (ប្រហែល​អ្នក​ទាំង​អស់​គ្នា​ស្គាល់​គាត់​ហើយ) ដែល​គាត់​បាន​សរសេរ​អំពី​រឿង​រ៉ាវ​ដែល​ប៉ូលីស​នៅ​ខណ្ឌ​ចំការ​មន​ឃាត់​ម៉ូតូ​គាត់​ទុក ហើយ​ក្រោយ​ពី​ពេល​ដែល​គាត់​បាន​ផ្សាយ​រឿង​នេះ​ក្នុង​បណ្ដាញ​សង្គម ហើយ​សារព័ត៌មាន​ផ្សេងៗ​យក​ទៅ​សរសេរ​ចុះ​ផ្សាយនោះ ក្នុង​ចុង​ខែ​នេះ​គាត់​ក៏​ត្រូវ​ប៉ូលីស​ខណ្ឌ​កោះ​ហៅ​ទៅ​សាក​សួរ (អំពី​បទ​បរិហារ​កេរ្តិ៍)។ លោកអ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​ថា "បញ្ហា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត នឹង​ក្លាយ​ជា​បញ្ហា​ដែល​ត្រូវ​បាន​កើត​ឡើង​ជា​ច្រើន" នេះ​ក៏​ដោយ​សារ​ចំនួន​នៃ​អ្នក​ប្រើ​អ៊ីនធឺណិត​កំពុង​កើន​ឡើង ហើយ​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​កំពុង​បង្ហាញ​បណ្ដើរៗ។ ដូច្នេះ​ចំពោះ​កិច្ច​ពិភាក្សា​តុមូល​នៅ​ថ្ងៃ​នេះ គឺ​ជា​សកម្មភាព​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​ឲ្យ​ប្រជាជន​បញ្ចេញ​មតិ​របស់​ខ្លួន​លើ​បញ្ហា​មួយ​នេះ ហើយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​យក​ការ​ពិភាក្សា​ចាក់​ផ្សាយ​ក្នុង​វិទ្យុ ព្រម​ទាំង​រៀប​ចំ​ជា​គោល​នយោបាយ​សង្ខេប​ផ្ញើ​ជូន​ទៅ​ខាន​ស្ថាប័ន​រដ្ឋ​ដែល​ពាក់​ព័ន្ធ។ អត្ថបទ​ទាក់​ទង នឹង​លែង​មាន​ហាង​អ៊ីនធឺណិត​នៅ​កណ្ដាល​ក្រុង សំឡេង​ប្រជាធិបតេយ្យ : អ្នក​​ស​សេរ​ប្លុក​​ ចង់ឲ្យ​រដ្ឋាភិបាល ​អនុញ្ញាត​ឲ្យមាន​ហាង​អ៊ីន​ធើ​ណេ​តជិត​សាលារៀន​​

និទាន​ពី៖ ក្មេង​ប្រុស​ចង់​ទិញ​ស្បែក​ជើង​ថ្មី


ក្មេង​ប្រុស​ម្នាក់​បាន​ចូល​ទៅ​ផ្ទះ​បាយ ដើម្បី​សួរ​ម្ដាយ​របស់​គេ។ កូន៖ ម៉ាក់! ខ្ញុំ​ចង់​បាន​ស្បែក​ជើង​ថ្មី។ ម៉ាក់៖ ទើប​តែ​ទិញ​ឲ្យ​ថ្ងៃ​មុន​អស់​បួន​ដប់​ដុល្លារ​ហើយ ពាក់​មិន​ទាន់​បាន​ប៉ុន្មាន​ផង​រក​ទិញ​ថ្មី​ទៀត​ហើយ។ កូន៖ ចុះ​បើ​វា​ដាច់​ចង់​អស់​ហើយ។ ម៉ាក់៖ យក​ទៅ​ឲ្យ​គេ​ដេរ​ឲ្យ​ទៅ។ បន្ទាប់​មក​ក្មេង​ប្រុស​ម្នាក់​នោះ​ក៏​ញញឹម ហើយ​ដើរ​ចេញ​ពី​ផ្ទះ​បាយ​ហើយ​គេ​ក៏​លែង​សួរ​ម្ដាយ​គេ​ដើម្បី​ទិញ​ស្បែក​ជើង​ថ្មី​ទៀត។ ----- គំនិតអប់រំ៖ កុំ​ខឹង​នឹង​ឪពុក​ម្ដាយ ប្រសិន​បើ​គាត់​បដិសេធ​នូវ​អ្វី​ដែល​យើង​ចង់​បាន ព្រោះ​គាត់​បាន​ផ្ដល់​ឲ្យ​យើង​ច្រើន​មក​ហើយ ដោយ​យើង​ស្ទើរ​តែ​មិន​ដឹង​ខ្លួន។ បើ​ដូច្នេះ​ហើយ ឈប់​សួរ​គាត់ តែ​បក​មក​សួរ​ខ្លួន​ឯង​ថា "តើ​អាត្មា​អញ​ត្រូវ​ធ្វើ​ម៉េច​ទើប​បាន​របស់​នោះ?" ។ កុំ​គិត​ចង់​បាន​វា​ឆាប់ ប្រសិន​បើ​យើង​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់ តែ​ត្រូវ​គិត​វា​ឲ្យ​យូរ​ហើយ​រក្សា​វា​ក្នុង​គំនិត​និង​គម្រោង​អនាគត។

រូប​ទង់ជាតិ​កម្ពុជា


ដោយ​សារ​ខ្ញុំ​មើល​ឃើញនូវ​កង្វះខាត​ទង់ជាតិ​កម្ពុជា​ដែល​ត្រឹម​ត្រូវ​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចុប្បន្ន​នេះ (ក្នុង​អ៊ីនធឺណិត​និង​ប្រព័ន្ធ​ឌីជីថល) ខ្ញុំ​សម្រេច​ចិត្ត​ថា​នឹង​គូរ​រូប​ទង់ជាតិ​មួយ​ឲ្យ​បាន​ត្រឹម​ត្រូវ (មាន​កាំជណ្ដើរ) ដើម្បី​ចៀស​ផុត​ពី​ការ​ប្រើ​រូបទង់ជាតិ​ដែល​មិន​ត្រូវ។ រូប​ទង់ជាតិ​ដែលហើយ​មាន​វត្តមាន​នៅ​លើ​អ៊ីនធឺណិត​សព្វ​ថ្ងៃ​នេះ​ដូច​ជា៖ ខុស​ទ្រង់ទ្រាយ ហើយ​មាន​គំនូស​ប្រាសាទ​ពណ៌​ក្រហម ខុស​ទ្រង់ទ្រាយ តែ​មាន​គំនូស​ប្រាសាទ​ពណ៌​ខ្មៅ ត្រូវ​ខ្នាត​តែ​មាន​រូប​ទង់ជាតិ​មាន​ទំហំ​តូច​មិន​អាច​ប្រើ​ការ​បាន មិន​មាន​កាំជណ្ដើរ រូប​ទង់ជាតិ​ដែល​ត្រឹម​ត្រូវ​គឺ​មាន​កាំជណ្ដើរ មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ឧបសម្ព័ន្ធទីមួយ។ ការ​គូរ​នេះ​ខ្ញុំ​ផ្អែក​លើ​រូប​ទង់ជាតិ​ដែល​មាន​លក់​លើ​ទីផ្សារ ដែល​មាន​ខ្នាត​និង​ទ្រង់ទ្រាយ​ត្រឹម​ត្រូវ​ល្អ​អាច​យក​ជា​ការ​បាន។ តែ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា ការ​គូរ​នេះ​ខ្ញុំ​ពុំ​មែន​មាន​បំណង​ចង់​កែ​ប្រែ​ឬ​កែ​ច្នៃ​រូបទង់ជាតិ​ខ្មែរ​ឡើយ តែ​នេះ​ខ្ញុំ​គ្រាន់​តែ​ចែក​ជូន​ឲ្យ​ប្រើ​ជា​បណ្ដោះអាសន្ន រហូត​ដល់​ពេល​ណា​ដែល​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ចេញ​នូវ​រូប​ទង់ជាតិ​ដែល​ជា​ផ្លូវការ។ ខ្ញុំ​បាទ​ក៏​សូម​ទោស​ផង​ដែរ ប្រសិន​បើ​ការ​គូរ​នេះ​មាន​កំហុស​កើត​ឡើង ព្រោះ​នេះ​ខ្ញុំ​គូរ​ចេញ​ដោយ​ទឹក​ចិត្ត​ស្រលាញ់​ខ្មែរ 🙂 ណា​មួយ​មក​ពី​ខ្ញុំ​ពុំ​មាន​ឯកសារ​គ្រប់​គ្រាន់​ជា​បង្អែក​ឡើយ តែ​ខ្ញុំ​ផ្អែក​ទៅ​លើ​រូប​ទង់ជាតិ​ដែល​គេ​ប៉ាក់​ដាក់​លក់​លើ​ទីផ្សារ​ដូច​ខ្ញុំ​បញ្ជាក់​ពី​ខាង​លើ​រួច​មក​ហើយ។ ខ្ញុំ​នៅ​តែ​និយាយ​ដដែល​ថា ការ​គូរ​នេះ​ពុំ​មែន​ជា​ផ្លូវការ​ទេ តែ​ទុក​ជា​ការ​ប្រើ​បណ្ដោះអាសន្ន​គ្រាន់​ជាង​ប្រើ​របស់​ដែល​ខុស​ខ្នាត លុះ​ត្រា​តែ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ចេញ​ជា​ផ្លូវការ។ សូម​ទាញ​យក​រូប​ទង់ជាតិ​ក្នុង​ទំហំ​ខាង​ក្រោម៖ ទំហំ 10000 Pixel ទំហំ 5000 Pixel ទំហំ 1000 Pixel សូម​អរគុណ! ទេព សុវិចិត្រ ខ្ញុំ​បាទ​ទទួល​យក​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនានានា​ពី​អ្នក​ទាំង​អស់​គ្នា

មហោស្រព​សិល្បៈ​យុវជន​ខ្មែរ កាល​ពី​ល្ងាច​មិញ


សែន​សប្បាយ​អើយ​សែន​សប្បាយ ចិត្ត​ឥត​ខ្វល់ខ្វាយ​រីករាយ​ណាស់ ប្រជា​ប្រុស​ស្រី​ទាំង​ក្មេង​ចាស់ អ៊ូអរ​ក្រៃ​ណាស់​មើល​សិល្បៈ..... ល្ងាច​មិញ​នេះ​គឺ​ជា​ថ្ងៃ​ទី៣ នៃ​មហោស្រព​សិល្បៈ​យុវជន​ខ្មែរ ឆ្នាំ​២០១២ ហើយ​ថ្ងៃ​នេះ​មាន​ការ​បង្ហាញ​នៅ​ក្រៅ​រោង (មើល​ដោយ​សេរី) ដែល​មាន​ដូច​ជា៖ របាំ​បេះក្រវាញ, របាំ​នេសាទ (របាំ​ដែល​ខ្ញុំ​ចូលចិត្ត), របាំ​សហសម័យ​និង​ចម្រៀង​ផ្សេងៗ​ទៀត។ ម្យ៉ាង​វិញ​ទៀត​នោះ ក៏​មាន​ការ​សម្ដែង​ល្ខោនយីកេ រឿង​ម៉ាក់ថឺង (លក់​សំបុត្រ) ហើយ​ថ្ងៃ​នេះ​គេ​ប្រារព្ធ​នៅ​ឯ​មហោស្រព​ចេនឡាន។ ការ​សម្ដែង​ក្រៅរោង​ក៏​ល្អ​មើល ការ​សម្ដែង​ក្នុង​រោង​មហោស្រព​ក៏​ល្អ​មើល សិល្បៈ​ខ្មែរ​យើង​ពិត​ជា​ល្អ​ណាស់។ ខ្ញុំ​មើល​យ៉ាង​ជក់​ចិត្ត​ជា​ទីបំផុត ព្រោះ​ណា​មួយ​អ្នក​របាំ​​នារី​ៗ​មួយ​ចំនួន​ស្អាតៗ​ដល់​ហើយ 😀 ។ ប៉ុន្តែ​អត់​មាន​រូប​ថត​ទេ ព្រោះ​អត់​បាន​យក​ម៉ាស៊ីន​ថត​ទៅ ណា​មួយ​ទូរស័ព្ទ​ម៉ាស៊ីន​ថត​អត់​ល្អ។ ការ​ចូល​រួម​ទស្សនា​សិល្បៈ​ទាំង​នេះ​គឺ​ជា​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​សិល្បៈ​ខ្មែរ ហើយ​ជួយ​ឲ្យ​សិល្បករ​ទាំង​ឡាយ​កាន់​តែ​មាន​ទឹក​ចិត្ត​និង​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ថែ​រក្សា​មត៌កទាំង​នេះ។ ខ្ញុំ​មិន​ចេះ​សម្ដែង​អីទេ តែ​ខ្ញុំ​ចូល​ចិត្ត​មើល​និង​គាំទ្រ​ជា​និច្ច។ ថ្ងៃ​ស្អែក​នេះ​ខ្ញុំ​ប្រហែល​ជា​ទៅ​មើល​ទៀត​ហើយ ^_^ សូម​បញ្ជាក់​ឡើង​វិញ​ដែរ​ថា មហោស្រព​នេះ​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​មួយ​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១២។ ព័ត៌មានបន្ថែមអំពី​កាល​វិភាគ​កម្មវិធី៖ http://cambodianartsfestival.org/program/performance

កម្មវិធី Mini KhmerTalks Phnom Penh លើក​ទី៣


ជា​រៀង​រាល់​ខែ​អ្នក​រៀប​ចំ​កម្មវិធី KhmerTalks Phnom Penh បាន​បង្កើត​កម្មវិធី KhmerTalks តូចៗ​ដើម្បី​ឲ្យ​មាន​ការ​ចែក​រំលែក​ជា​ប្រចាំ។ កម្មវិធី​នេះ​ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​៣ម៉ោង ចាប់​ពី​ម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាច ហើយ​មាន​វាគ្មិន​ចំនួន​បីរូប​ដែល​នឹង​ឡើង​មក​ចែក​រំលែក​បទ​ពិសោធន៍​របស់​ពួក​គាត់ ទាក់​ទង​នឹង​ជិវិត ការងារ គំនិត​ច្នៃប្រឌិត និង​ចំណេះ​ដឹង​ផ្សេងៗ​ទៀត។ នៅ​ក្នុង​កម្មវិធី​លើក​ទីបី​នេះ មាន​វាគ្មិន​ដូច​ជា៖ កញ្ញា ចាប សុពណ៌នេត្រា, ប្រធានបទ៖ "Going Green for Beginners" លោក ហោ សុផាន់ណា, ប្រធានបទ៖ "វិទ្យាសាស្ត្រ និង ការ​ច្នៃ​ប្រឌិត" លោក សរ ឧត្តម, ប្រធានបទ៖ "វិន័យ​ខ្លួន​ឯង" សូម​ចូលរួម​ទាំង​អស់​គ្នា​នៅ SmallWorld Cambodia (ផ្ទះលេខ១៧, ផ្លូវ ៦០៤, ខណ្ឌ​ទួល​គោក, ភ្នំពេញ) នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១២។ (ព័ត៌មាន​បន្ថែម៖ រូប​ខាង​ក្រោម និង​គេហទំព័រ http://khmertalks.com/mini/speakers)

តោះ! ស្ដាប់​បទ អារ៉ាបពីយ៉ា ដោយ​ប្រើ​ឧបករណ៍ ឃឹម


ឧបករណ៍​តន្ត្រី​ខ្មែរ ជា​របស់​ដែល​ខ្ញុំ​ចូល​ចិត្ត​ស្ដាប់ មិន​ថា​ខ្លុយ តាខេ ឃឹម ខ្សែមួយ ឬ​ក៏ ទ្រ គឺ​ថា​ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​ទាំង​អស់។ ហើយ​ឧបករណ៍​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​នោះ​គឺ ខ្សែមួយ និង ទ្រ តែ​មិន​ទាន់​បាន​រៀន​ទេ 😀 ។ ដោយ​សារ​តែ​ថ្ងៃ​មុន​ទំនេរ​ពេក មិន​ដឹង​ថា​ត្រូវ​ធ្វើ​អី​សោះ អង្គុយ​រាវ​ចុះ​រាវ​ឡើង​បាន​ស្គាល់​គេហទំព័រ​មួយ គេ​ផ្ដល់​សំឡេង​នៃ​ឧបករណ៍​តន្ត្រី​ខ្មែរ​មួយៗ​ទុក​ស្ដាប់ តែ​មិន​សំណាង​សោះ ព្រោះ​មាន​ឧបករណ៍​ខ្លះ​មាន​តំណ​ឲ្យ​ចុច​ស្ដាប់ តែ​អត់​មាន (ប្រហែល​គេ​លុប​ចោល​បាត់​ហើយ​ក៏​មិន​ដឹង)។ ពេល​ខ្ញុំ​ចូល​ទៅ​មើល​ក្នុង​ទំព័រ ឃឹម ឃើញ​បទ​ភ្លេង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​បទ​អារ៉ាបពីយ៉ា ដែល​គេ​លេង​ដោយ​ប្រើ​ឧបករណ៍ ឃឹម។ អ៊ីចឹង បើ​ចង់​ដឹង​ថា​មាន​សំឡេង​យ៉ាង​នោះ​ស្ដាប់​សំឡេង​ខាង​ក្រោម​នេះ៖ សម្រាប់​សំឡេងបទ​ឧបករណ៍​តន្ត្រី​ដទៃ​ទៀត​សូម​ចូល៖ soundofcambodianmusic.com

សៀវភៅ៖ ទស្សនៈ សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត


ដោយ​ខ្ញុំ​បាន​មើល​ឃើញ​ថា​សៀវភៅ​នេះ​មាន​សារៈ​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរ ព្រម​ទាំង​សិស្សានុសិស្ស (ដែល​ខ្ញុំ​ជា​សិស្ស​ផង​នោះ) ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​អំពី​ស្នាដៃ និង​ទស្សនៈ​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត ដែល​ព្រះ​អង្គ​ជា​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ ដ៏​ខ្ពង់ខ្ពង់​ជា​ទី​សក្ការៈ។ ដូច្នេះ​ហើយ ទើប​ខ្ញុំ​សម្រេច​ចិត្ត​វាយ​សៀវភៅ​នេះ​ឲ្យ​បាន​ចប់ ដើម្បី​ចែក​រំលែក​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា ឲ្យ​បាន​អាន បាន​យល់​បន្ថែម​អំពី​ទស្សនៈ​របស់​ព្រះ​អង្គ។ សៀវភៅ​នេះ​ត្រូវ​បាន​រៀប​ចំ​ចងក្រង​ដោយ​លោក គង់ សម្ភារ កាល​ពី ព.ស.២៥១៣ គ.ស.១៩៧០ គឺ​ក្រោយ​ពេល​ដែល​សម្ដេច​ព្រះ​សង្ឃរាជ សោយ​ទិវង្គត​បាន​រយៈ​ពេល​មួយ​ឆ្នាំ។ ខាង​ក្រោម​នេះ​គឺ​ជា​គំនិត​របស់​លោក គង់ សម្ភារ នៅ​ក្នុង​ផ្នែក​អារម្ភកថា៖ [...] ខ្ញុំ​យល់​ឃើញ​ថា «ទស្សនៈ​សម្ដេច​ព្រះ​សង្ឃរាជ ជា​ទស្សនៈ​មិន​ស្លាប់» មាន​អានុភាព​ច្រើន​ក្នុង​ការ​ដឹក​នាំ​សតិ​អារម្មណ៍​របស់​ក្រុម​ពុទ្ធ​បរិស័ទ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​រក​ពន្លឺ​នៃ​សុភមង្គល។ មិន​តែ​ប៉ុណ្ណោះ ទស្សនៈ​នេះ​ពិត​ជា​មាន​ផល​ប្រយោជន៍​ច្រើន​ដល់​អស់​លោក​និស្សិត សិស្សានុសិស្ស​ដែល​ប្រុង​ប្រៀប​ប្រឡង​យក​សញ្ញាប័ត្រ​របស់​ខ្លួន ជា​ពិសេស​ចំពោះ​អ្នក​ស្រាវ​ជ្រាវ​ទូទៅ ព្រោះ​អត្ថបទ​ទាំង​នេះ​សុទ្ធ​សឹង​មាន​អត្ថន័យ អត្ថរស អត្ថរូប កម្រ​នឹង​រក​គូ​ដៃ​និពន្ធ​មក​ប្រដូច​បាន ហើយ​ជា​ឯកសារ​ពិបាក​រក​ទៀត​ផង នា​អនាគត​កាល។ [...] ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​អ្វី​យូរ​ឡើយ​នោះ ខ្ញុំ​សូម​ដាក់​តំណ​ទាញ​យក​ខាង​ក្រោម​នេះ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា អាច​ទាញ​យក​ទៅ​អាន​បាន​ដោយ​សេរី និង​ឥត​គិត​ថ្លៃ។ ទាញ​យក​សៀវភៅ ទស្សនៈ សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត

យសាភិវឌ្ឍកជន «ជន​អ្នក​ចម្រុង​ចម្រើន​ដោយ​យស»


ឧដ្ឋានវតោ សតីមតោ សុចិកម្មស្ស និសកម្មការិនោ សញ្ញតស្សច ធម្មជីវិនោ អប្បមត្តស្ស យសោកិវឌ្ឍតិ! យសតែងចម្រើនដល់ជន៖ អ្នកមានព្យាយាមរឹងប៉ឹងម៉ឺងម៉ាត់ អ្នកមានស្មារតីខ្ជាប់ខ្លួនមិនភ្លេចភ្លាត់ អ្នកមានការងារស្អាតហ្មត់ហ្មង អ្នករិះរេពិចារណាត្រាតែយល់, សព្វគ្រប់សិនហើយទើបធ្វើអ្វីៗ អ្នកសង្រួមឥន្ទ្រិយស្រគត់ស្រគំសមរម្យមិនឆ្គង អ្នកចិញ្ចឹមជីវិតត្រឹមត្រូវតាមគន្លងធម៌ អ្នកមិនប្រមាទ គឺប្រុងប្រយ័ត្នស្មារតីជានិច្ច មិនលុះលង់ក្នុងការធ្វេសប្រហែស (ដោយបរិយាយថា "អ្នកមានសតិសម្បជញ្ញៈជានិច្ច" ) អត្ថន័យពាក្យថា យស ឥស្សរិយៈ គឺភាវៈជាធំ ឬមានបុណ្យស័ក្តិ ភោគទ្រព្យ គឺមានទ្រព្យធនច្រើន សម្មានៈ គឺមានអ្នកដទៃរាប់អានច្រើន កិត្តិ មានកេរ្តិ៍ឈ្មោះល្អ គេស្ងើចសរសើរ ទាំង៤នេះហៅថា យស។ ឯឥស្សរិយយស គឺយសនៃអ្នកធំ ឬយសនៃអ្នកមានបុណ្យស័ក្តិ។ គ្រឿងឥស្សរិយយស គឺវត្ថុឬរបស់ជាគ្រឿង លើកតម្កើងអ្នកមានឥស្សរិយៈ។ ពាក្យកាព្យឲ្យងាយចាំ ពាក្យ ៩ រីជនណា មានព្យាយាម ដ៏ម៉ឺងម៉ាត់, ប្រុងប្រយ័ត្ន តាំងស្មារតី ខ្មីរក្សា, មានការស្អាត មិនគ្រោតគ្រាត មិនខ្ជីខ្ជា, ពិចារណា ឲ្យឃើញសិន … Continue reading យសាភិវឌ្ឍកជន «ជន​អ្នក​ចម្រុង​ចម្រើន​ដោយ​យស»