ទៅ​សាលា​ក្រុង


កាល​ពី​ម្សិល​មិញ​មាន​តែ​ស្រីៗ​ប៉ុណ្ណោះ​ដែល​អាច​ដក​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន​បាន តែ​ថ្ងៃ​នេះ​គឺ​ដល់​វេន​សម្រាប់​ប្រុសៗ។ ខ្ញុំ​ព្យាយាម​ក្រោក​ឲ្យ​បាន​លឿន ដើម្បី​ឆាប់​ទៅ​ដក​បាន រួច​នឹង​អាល​យក​ទៅ​ថត​ចម្លង​និង​ដាក់​បញ្ជាក់​នៅ​សាលា​ក្រុង​ឲ្យ​បាន​រហ័ស។ ប៉ុន្តែ​ពេល​ទៅ​ដល់​សាលា​ក្រុងម៉ោង​ប្រហែល​៩កន្លះ គឺ​មនុស្ស​ច្រើន​ណាស់ ហើយ​ខ្ញុំ​ត្រូវ​ទិញ​តែមប្រិ៍​ដើម្បី​បិទ​​លើ​សន្លឹក​ថត​ចម្លង​និមួយៗ​ឲ្យ​រួច​ជា​ស្រេច​ថែម​ទៀត​ផង រហូត​ដល់​ម៉ោង​ជាង​១០​ទើប​រួច​រាល់។ បន្ទាប់​មក​ក៏​នាំ​គ្នា​ដើរ​ទៅ​ចូល​ទៅ​ក្នុង​សាលា​ក្រុង តែ​គេ​បាន​បិទ​លែង​ឲ្យ​ចូល​ហើយ ព្រោះ​មាន​មនុស្ស​នៅ​ក្នុង​ច្រើន​ណាស់ ទម្រាំ​តែ​រួច​ដល់​ម៉ោង​សម្រាក​តែម្ដង។ ពេល​ថ្ងៃ​ម៉ោង​២​ទៅ​ម្ដង​ទៀត​ទើប​បាន​ចូល ប៉ុន្តែ​លើក​នេះ​ត្រូវ​ឈរ​ប្រជ្រៀត​ជាមួយ​គេ​ដើម្បី​រង់​ចាំ​គេ​បើក​ឲ្យ​ចូល​ជួរ​ម្ដង​បន្តិចៗ។ ខ្ញុំ​ត្រូវ​ទៅឈរ​តាំង​ពីម៉ោង​២កន្លះ រហូត​ដល់​ម៉ោងជិត៤ ទើប​បាន​ចូល​ជួរ។ ហើយ​នៅ​ឈរ​ក្នុង​ជួរ​ប្រមាណ​ជិតកន្លះម៉ោង​ទៀត​ទើប​បាន​ដាក់​រួច។ នេះ​សំណាងហើយ​ដែល​ថ្ងៃ​មិញ​មិន​ជា​ក្ដៅ​ណាស់​ណា បើ​មិន​អ៊ីចឹង​ទេ​ប្រាកដ​ជា​មិន​ស្រួល​ហើយ​ខ្ញុំ។ 😉 ការ​បញ្ជាក់​នឹង​រួច​រាល់​ក្នុង​រយៈ​ពេល​បួន​ថ្ងៃ​បន្ទាប់​ពី​ដាក់​នៅ​កន្លែង​កិត្យានុកូលកម្ម​ឯ​សាលា​ក្រុង ហើយ​ពុំ​មាន​គិត​ថ្លៃ​សេវាកម្ម​នោះ​ឡើយ ប៉ុន្តែ​ការ​ទិញ​តែមប្រិ៍​ជា​បន្ទុក​ផ្ទាល់​ខ្លួន។

ប្រឡង​បាក់ឌុប​ជាប់​ហើយ!


ទីបំផុត ការ​សិក្សា​ចំណេះ​ដឹង​ទូទៅ​រយៈ​ពេល​១២​ឆ្នាំ​របស់​ខ្ញុំ បាន​បញ្ចប់​ហើយ ហើយ​ក៏​បានប្រឡង​ជាប់​បាក់ឌុប​ដែរ។ វា​ជា​រឿង​មួយ​គួរ​ឲ្យ​សប្បាយ​ចិត្ត​សម្រាប់​ខ្ញុំ ដែល​ពេល​នេះ​ខ្ញុំ​អាច​បន្ត​ទៅ​សិក្សា​ជំនាញ​ដែល​ខ្ញុំ​ពេញ​ចិត្ត​នៅ​ក្នុង​មហា​វិទ្យាល័យ​ដែរ។ ការ​ប្រកាស​លទ្ធផល​ថ្ងៃ​មិញ​នេះ ក្រោមដំណក់​ភ្លៀង​ធ្លាក់​ស្រិចៗ ម្នាក់ៗ​អង្គុយ​ផង ឈរ​ផង រង់​ចាំ​ស្ដាប់​លទ្ធផល​យ៉ាង​អន្ទះសារ​ជា​ទី​បំផុត រួម​ទាំង​ខ្ញុំ​ដែរ។ ចំពោះ​ខ្ញុំ ខ្ញុំ​បាន​ត្រៀម​ចិត្ត​រួច​មក​ហើយ​ថា ខ្ញុំ​ដឹង​ថា​ខ្លួន​ខ្ញុំ​ប្រឡង​ជាប់​ច្បាស់​ណាស់ តែ​លទ្ធផល​និទ្ទេស​បាន​មួយ​ណា​ក៏​ខ្ញុំ​ពេញ​ចិត្ត​នឹង​ទទួល​ដែរ ហើយ​លទ្ធផល​ដែល​ខ្ញុំ​ទទួល​បាន​គឺ​និទ្ទេស B ។ និទ្ទេស​ដែល​បាន​នៅ​ពេល​នេះ វា​មិន​ទាន់​អាច​កំណត់​ពី​សមត្ថភាព និង​អនាគត​របស់​ខ្ញុំ​បាន​នោះ​ទេ ព្រោះ​ខ្ញុំ​នៅ​សល់​ការ​សិក្សា​ជា​ច្រើន​ទៀត ជា​ពិសេស​ជំនាញ​ដែល​ខ្ញុំ​ស្រលាញ់។ ខ្ញុំ​មាន​ការ​សោក​ស្ដាយ និង​អាណិត​ចំពោះ​មិត្ត​ភក្ដិ​ពុំ​បាន​និទ្ទេស​ដែល​ខ្លួន​ពេញ​ចិត្ត តែ​ទោះ​ជា​យ៉ាង​ណា អនាគត​របស់​យើង​នៅ​វែង​ឆ្ងាយ​ទៀត សូម​កុំ​អាល​អស់​សង្ឃឹម។ ខ្ញុំ​ពុំ​មាន​អ្វី​អាច​ជួយ​អ្នក​រាល់​គ្នា​បាន​ទេ តែ​មាន​សម្ដី​លើក​ទឹក​ចិត្ត។ សូម​ខំ​ប្រឹង​តស៊ូ​លើ​ជំនាញ​ដែល​យើង​ស្រលាញ់ ហើយ​ព្យាយាម​ឲ្យ​ខ្លាំង នោះ​ហើយ​ជា​សមត្ថភាព​របស់​យើង។ 🙂

ប្រឡង​បាក់ឌុប​ចប់​ហើយ!!!!


រយៈ​ពេល​ពីរ​ថ្ងៃ​កន្លះ​នេះ​គឺ​ពិត​ជា​មួយ​ប៉ព្រិច​ភ្នែក​មែន ដេក​ងើប ដេកងើប ឥឡូវ​ក៏ផុត​ទៅ​ហើយ។ ពិត​ជា​គួរ​ឲ្យ​សប្បាយ​រីករាយ​មែន​ពេល​ដែលបាន​ប្រឡង​ចប់​បែប​នេះ តែ​ក៏​នៅ​មិន​ទាន់​មាន​អារម្មណ៍​ល្អ​ពេញ​លេញ​នោះទេ ព្រោះ​នៅ​ចាំ​លទ្ធផល​ចេញ​នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៣។ សរសេរ​និង​ធ្វើ​បាន​ពេញៗ​ក្រដាស បើ​គិត​ទៅ​មួយ​មុខ​វិជ្ជា​អាច​ធ្វើ​ត្រូវ​ពី ៧០% ទៅ ៨៥% អី​ដែរ។ សង្ឃឹម​ថា​ជាប់ បាន​ចូល​ទៅរៀន​នៅ​មហាវិទ្យាល័យ ក្លាយ​ទៅជា​និស្សិត​នឹង​គេ ហើយ​អាច​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ដែលមាន​ជា​យូរ​មក​ហើយ។ 🙂

ប្រឡង​បាក់​ឌុប​ជិត​មក​ដល់​ហើយ!!!


ភ្លេច​ខ្លួនៗ រៀន​ជិត​ចប់​មួយ​ឆ្នាំ​ទៀត​ហើយ។ សល់​តែ​បួន​ប្រាំ​ថ្ងៃ​ទៀត ការ​ប្រឡង​បាក់​ឌុប​នឹង​មក​ដល់​ហើយ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ត្រៀម​ខ្លួន​ម៉េច​ខ្លះ​ទេ បើ​មិន​ចេះ​អី​ក្នុង​ខ្លួន​ច្រើន​សោះ​ចឹង។ អ៊ីចឹង​សល់​បួន​ប្រាំ​ថ្ងៃហ្នឹង ត្រូវ​មើល​មេរៀន​ហើយ បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង។ ពាក្យ​ចាស់​ថា​មិន​ខុស​មែន «ពេល​គោ​បាត់​ទើប​ធ្វើ​របង ពេល​ជិត​ប្រឡង​ទើប​ខំរៀន» 😆 ឥឡូវ​នេះ​ទោះ​ភ័យ​ក៏​មិន​ដឹង​ធ្វើ​ម៉េច​បាន​ដែរ មាន​តែ​ត្រៀម​ខ្លួន​លើក​ខែល កាន់​ដាវ ដល់​ពេល​ចូល​សមរភូមិ​សឹម​រក​នឹក​វិធី​ការពារ​ខ្លួន និង​ធ្វើ​យ៉ាង​ម៉េចឲ្យ​ជោគជ័យ​ក្នុង​សមរភូមិ។ 😀