ចូល​កម្មវិធី​វិទ្យុ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា


កាល​ពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ខ្ញុំ​ត្រូវ​បាន​ខាង មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​ចូល​រួម​ក្នុង​កម្មវិធី​វិទ្យុ​ស្ដី​អំពី​បទ​ពិសោធន៍​នៃ​ការ​សរសេរ​ប្លុក និង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​លើ​អ៊ីនធឺណិត។ នេះ​ជា​លើក​ទី២ ដែល​ខ្ញុំ​ត្រូវ​បាន​ខាង​វិទ្យុ​ហៅ​ឲ្យ​ចូលរួម​និយាយ​ផ្ទាល់។ ស្ដាប់​សំឡេង

សេរីភាព​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា?


ព្រឹក​មិញ​ខ្ញុំ​បាន​អាន​ព័ត៌មាន​មួយ​នៅ​ក្នុង​សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ មាន​ចំណង​ជើង​ថា «​ហាណូយ​ចេញ​ច្បាប់​​​អ៊ីនធឺណិត​ហាម​បង្ហោះ​ដំណឹង​នយោបាយ» ។ គ្រាន់​តែ​អាន​ហើយ​ភ្លាម ខ្ញុំ​ចាប់​ផ្ដើម​នឹក​ឃើញ​អំពី​បញ្ហា​ទាក់ទង​នឹង​ការ​បញ្ចេញ​មតិ​ទាំង​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​វៀតណាម ជា​ប្រទេស​កុម្មុនិស្ត ចំណែក​ប្រទេស​កម្ពុជា ជា​ប្រទេស​ប្រជាធិបតេយ្យ ដូច្នេះ​ខ្ញុំ​មិន​យក​ប្រទេស​ទាំង​ពីរ​នេះ​មក​ធ្វើ​ការ​ប្រៀបធៀប​ឡើយ ព្រោះ​របប​មិន​ដូច​គ្នា។ អ្វី​ដែល​ខ្ញុំ​នឹក​ឃើញ​នោះ គឺ​ទាក់​ទង​ទៅនឹង​សេចក្ដី​ព្រាង​ច្បាប់ និង​សរាចរណ៍​មួយ​ចំនួន​ដែល​ធ្លាប់​ឃើញ​ចេញ​ផ្សាយ​នា​ពេល​កន្លង​មក ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ។ ក្នុង​នោះ​មាន​ដូច​ជា៖ ការ​បិទ​ហាង​អ៊ីនធឺណិត​ដែល​ស្ថិត​ក្នុង​រយៈ​ចម្ងាយ ៥០០ ម៉ែត្រ ពី​សាលារៀន សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​អ៊ីនធឺណិត សរាចរណ៍​ដែល​ចេញ​ឲ្យ​បិទ​ហាង​អ៊ីនធឺណិត​នោះ ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាជន​សម្ដែង​ការ​មិន​គាំទ្រ​ចំពោះ​សរាចរណ៍​មួយ​នោះ​ឡើយ។ ចំណែក​សេចក្ដី​ព្រាង​ច្បាប់​នោះ​វិញ ខ្ញុំ​បាន​ឮ​ថា​គេ​ចេញ​មក​ដើម្បី​គ្រប់​គ្រង និង​ការ​ពារ​កុំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត។ តែ​ទោះ​បី​ជា​យ៉ាង​ណា យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា សេចក្ដី​ព្រាង​ច្បាប់​នោះ​នឹង​ចេញ​មក​ក្នុង​ទ្រង់​បែប​ណា​នោះ​ទេ។ យើង​ដឹង​ហើយ​ថា សិទ្ធិ​សេរីភាព តែង​ស្ថិត​នៅ​ក្រោម ច្បាប់ ។ ប្រសិន​បើ​យើង​ប្រើ​សិទ្ធិ​សេរីភាព​ហួស​ព្រំដែន នោះ​ច្បាប់​នឹង​ចាត់​វិធានការណ៍​លើ​រូប​យើង ក៏​ប៉ុន្តែ​បើ​ច្បាប់​ចេញ​មក​គ្រប់​គ្រង ហើយ​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​របស់​យើង​វិញ នោះ​យើង​ក៏​អាច​បញ្ចេញ​មតិ​មិន​គាំទ្រ​លើ​ច្បាប់​នោះ​ផង​ដែរ។ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ត្រូវបាន​ការពារ​ដោយ​ច្បាប់​កម្ពុជា។ មាត្រា៤១ នៃ​រដ្ឋ​ធម្មនុញ្ញ​​ចែង​ពី​ “សេរីភាព​​ក្នុង​ការ​​បញ្ចេញ​​មតិ ​សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ពផ្សាយ និង​សេរីភាព​​ក្នុង​ការ​ជួបប្រជុំ​”​ ចំណែក​មាត្រា​៣៥ ចែង​ថា​ “​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​​​​​នយោបាយ​របស់​ប្រទេស​ជាតិ​” ។ … Continue reading សេរីភាព​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា?

កិច្ច​ពិភាក្សា​តុមូល​ស្ដី​អំពី “សេរីភាព​បញ្ចេញ​មតិ លើ​ប្រព័ន្ធ​អ៊ីនធើណេត”


កាល​ពី​ព្រឹក​មិញ (២៧-កុម្ភៈ-២០១៣) ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​មួយ​រូប​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ស្ដី​អំពី "សេរីភាព​បញ្ចេញមតិ លើ​ប្រព័ន្ធ​អ៊ីនធើណេត" ដែល​បាន​រៀប​ចំ​ដោយ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស (CCHR) ។ គិត​ទៅ នេះ​គឺ​ជា​លើក​ទី​មួយ​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ធ្វើ​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​សេរីភាព។ បញ្ហា​ដែល​ត្រូវ​បាន​លើក​ឡើង​ធំៗ​គឺ​ផ្ដោត​សំខាន់​លើ​បញ្ហា​សិទ្ធិ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត មាន​ដូច​ជា​បណ្ដាញ​សង្គម (Facebook, Twitter, ...) និង​ប្លក់​ជា​ដើម ក្រៅ​ពីនេះ Cyber Law ក៏​ជា​អ្វី​ដែល​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ។ អ្នក​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ ភាគ​ច្រើន​គឺ​ជា​អ្នក​សារព័ត៌មាន​និង​អ្នក​ប្រើ​ប្រាស់​ប្លក់ ហើយ​អ្នក​ទាំង​អស់​គ្នា​បាន​លើក​យក​បញ្ហា​ទាំង​នោះ​មក​ដេញ​ដោល​សួរ​គ្នា​និង​បញ្ចេញ​មតិ​យ៉ាង​សកម្ម​បំផុត។ បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​អស់​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចពិភាក្សា​នា​ព្រឹក​នេះ គឺ​ទាក់​ទង​ទៅ​នឹង​បញ្ហា​របស់​បង​ប្រុស "ភែល ភារុណ" (ប្រហែល​អ្នក​ទាំង​អស់​គ្នា​ស្គាល់​គាត់​ហើយ) ដែល​គាត់​បាន​សរសេរ​អំពី​រឿង​រ៉ាវ​ដែល​ប៉ូលីស​នៅ​ខណ្ឌ​ចំការ​មន​ឃាត់​ម៉ូតូ​គាត់​ទុក ហើយ​ក្រោយ​ពី​ពេល​ដែល​គាត់​បាន​ផ្សាយ​រឿង​នេះ​ក្នុង​បណ្ដាញ​សង្គម ហើយ​សារព័ត៌មាន​ផ្សេងៗ​យក​ទៅ​សរសេរ​ចុះ​ផ្សាយនោះ ក្នុង​ចុង​ខែ​នេះ​គាត់​ក៏​ត្រូវ​ប៉ូលីស​ខណ្ឌ​កោះ​ហៅ​ទៅ​សាក​សួរ (អំពី​បទ​បរិហារ​កេរ្តិ៍)។ លោកអ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​ថា "បញ្ហា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត នឹង​ក្លាយ​ជា​បញ្ហា​ដែល​ត្រូវ​បាន​កើត​ឡើង​ជា​ច្រើន" នេះ​ក៏​ដោយ​សារ​ចំនួន​នៃ​អ្នក​ប្រើ​អ៊ីនធឺណិត​កំពុង​កើន​ឡើង ហើយ​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​កំពុង​បង្ហាញ​បណ្ដើរៗ។ ដូច្នេះ​ចំពោះ​កិច្ច​ពិភាក្សា​តុមូល​នៅ​ថ្ងៃ​នេះ គឺ​ជា​សកម្មភាព​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​ឲ្យ​ប្រជាជន​បញ្ចេញ​មតិ​របស់​ខ្លួន​លើ​បញ្ហា​មួយ​នេះ ហើយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​យក​ការ​ពិភាក្សា​ចាក់​ផ្សាយ​ក្នុង​វិទ្យុ ព្រម​ទាំង​រៀប​ចំ​ជា​គោល​នយោបាយ​សង្ខេប​ផ្ញើ​ជូន​ទៅ​ខាន​ស្ថាប័ន​រដ្ឋ​ដែល​ពាក់​ព័ន្ធ។ អត្ថបទ​ទាក់​ទង នឹង​លែង​មាន​ហាង​អ៊ីនធឺណិត​នៅ​កណ្ដាល​ក្រុង សំឡេង​ប្រជាធិបតេយ្យ : អ្នក​​ស​សេរ​ប្លុក​​ ចង់ឲ្យ​រដ្ឋាភិបាល ​អនុញ្ញាត​ឲ្យមាន​ហាង​អ៊ីន​ធើ​ណេ​តជិត​សាលារៀន​​