ទស្សនៈ​ខ្ញុំ៖ យើង​មាន​របស់​ផ្ទាល់​ខ្លួន​ហើយ ម្ដេច​មិន​នាំ​គ្នា​ប្រើ?


ជា​ដំបូង​ខ្ញុំ​សុំ​ឲ្យ​អ្នក​អាន​ទាំង​អស់ មេត្តា​អធ្យាស្រ័យ​ចំពោះ​ទស្សនៈ​របស់​ខ្ញុំ បើ​សិន​មាន​ការ​ឆ្គាំ​ឆ្គង​ត្រង់​ណា​មួយ សូម​មេត្តា​ជួយ​រិះគន់​ដើម្បី​ឲ្យ​ខ្ញុំ​បាទ​បាន​ស្ថាបនា។ ក្នុង​អត្ថបទ​នេះ​ខ្ញុំ​សុំ​បញ្ចេញ​មតិ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដោយ​មិន​រិះគន់​តិះដៀន​ទៅ​ខាង​ណា​ឡើយ គឺ​ខ្ញុំ​សុំ​ផ្ដោត​ចម្បង​លើ​ការ​ប្រើ​ប្រាស់​យូនីកូដ​ខ្មែរ​លើ​កុំព្យូទ័រ​និង​ទូរស័ព្ទ ជា​ពិសេស​គឺ​ការ​សរសេរ​អក្សរ​អង់គ្លេស​ជា​សំនៀង​ខ្មែរ។ ខាង​ក្រោម​នេះ​ខ្ញុំ​សុំ​ចាប់​ផ្ដើម​បញ្ចេញ​ទស្សនៈ និង​រៀប​រាប់​ប្រវត្តិ​នៃ​យូនីកូដ​ខ្មែរ​ត្រួសៗ។ យូនីកូដ​ខ្មែរ​បាន​ចាប់​កំណើត​មក​តាំង​ពី​ឆ្នាំ ១៩៩៩ ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដំបូង​ដោយ​ក្រុម Open Forum កាល​ពី​ឆ្នាំ ២០០៤ និង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​សំណាក់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ ២០១០។ រដ្ឋាភិបាល​ក៏​បាន​ចេញ​ប្រកាស​ផ្សាយ​អំពី យូនីកូដ​ខ្មែរ​នេះ ឲ្យ​ប្រើ​បាន​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​វិស័យ​បច្ចេក​ព័ត៌មានវិទ្យា (IT) ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​នៅ​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ក្នុង​ប្រទេស​កម្ពុជា។ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ​ជាង​១១ឆ្នាំ ដើម្បី​ទទួល​ស្គាល់​ (យូនីកូដ​ខ្មែរ) ជា​ផ្លូវ​ការ ទោះ​ជា​យ៉ាង​ណា​ក្ដីក៏​ខ្ញុំ​សប្បាយ​រីករាយ​ដែរ ដែល​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ប្រព័ន្ធ​អក្សរ​យូនីកូដមួយ​នេះ​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ។ ក្រៅ​ពី​ក្នុង​ជួរ​រដ្ឋាភិបាល ក៏​មាន​សារ​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​ខ្មែរ​ទូទៅ ព្រោះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក ជា​ភាសា​ជាតិ ភាសា​កំណើត គឺ​ភាសា​ខ្មែរ ហើយ​ក៏​ជា​ភាសា​ចម្បង​នៅ​ក្នុង​ទឹក​ដី​ដែល​យើង​រាល់​គ្នា​កំពុង​ឈរនៅ​លើ។ ខ្ញុំ​សុំ​បើក​រង្វង់​ក្រចក​បង្ហាញ​ពី​គោល​គំនិត និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បុព្វ​បុរស​ខ្មែរ​ទាំង​ឡាយ។ កាល​ពី​មុន​ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​ក្នុង​វិស័យ​បោះ​ពុម្ព មាន​ការ​ពិបាក​ណាស់។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​កន្លង​មក ជំនាន់​មុននោះ គឺ​គេ​ប្រើ​លីណូ​ទីប និង​ម៉ូណូទីប ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ​ម្ដង​មួយ​សន្លឹកៗ។ ហើយ​ក្រោយ​មក​ទើប​ចាប់កំណើត​មាន​អង្គុលីលេខ។ ខ្ញុំ​សុំ​លើក​យក​រឿង អង្គុលីលេខ មក​បង្ហាញ​បន្តិច។ អក្សរ​ខ្មែរ​ក្នុង​អង្គុលីលេខ​ដំបូង​ឡើង មិន​មែន​ដូច​អក្សរ​ដែល​យើង​សរសេរ​បច្ចុប្បន្ន​ឡើយ គឺ​កាល​ហ្នុង​គេ​បាន​កែ​ច្នៃ​អក្សរ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​វាយ​នៅ​ក្នុង​អង្គុលីលេខ​ដើម ហើយ​បន្ត​មក​ទៀត​ទើប​មាន​លោក កេង វ៉ាន់​សាក់ បាន​កែ​ច្នៃ​អង្គុលីលេខ​នោះ ឲ្យ​មាន​ការ​វាយ​អក្សរ​ខ្មែរ​ត្រូវ​តួ​គ្រប់​វិញ។ … Continue reading ទស្សនៈ​ខ្ញុំ៖ យើង​មាន​របស់​ផ្ទាល់​ខ្លួន​ហើយ ម្ដេច​មិន​នាំ​គ្នា​ប្រើ?

ឱវាទ ១៧ បទ


១. ការ​មិន​ធ្វេស​ស្មារតី ជា​ឧបាយ​មិន​ស្លាប់។ ២. ការ​ធ្វេស​ស្មារតី ជា​ឧបាយ​ស្លាប់។ ៣. អ្នក​ដែល​មិន​ធ្វេស​ស្មារតី មិន​ស្លាប់​គំនិត ទោះ​បី​ស្លាប់​បាត់​ទៅ​ហើយ ក៏​ទុក​ដូច​ជា​នៅ​រស់។ ៤. អ្នក​ដែល​ធ្វេស​ស្មារតី ស្លាប់​គំនិត ទោះ​បី​មាន​ជីវិត​រស់​នៅ​ឡើយ ក៏​ទុក​ដូច​ជា​ស្លាប់​ស្រេច​ទៅ​ហើយ។ ៥. រូប​កាយ​តែង​តែ​ចាស់​ជរា ឯ​កេរ្តិ៍​ឈ្មោះ​ល្អ​មិ​នចេះ​ចាស់​ជរា​ឡើយ, ទាំង​ធម៌​របស់​សប្បុរស ក៏​មិន​ចេះ​ជរា​ដែរ។ ៦. ជីវិត​រាល់​រូប​តិច​តួច​ណាស់ ប៉ុន្តែ​យើង​ត្រូវ​ប្រឹង​រៀន ប្រឹង​រក ប្រឹង​គិត ប្រឹង​ប្រព្រឹត្ត​ល្អ ហាក់​ដូច​ជា​យើង​នឹង​មាន​ជីវិត​រស់​នៅ​រាប់​ពាន់​ឆ្នាំ។ ៧. ការ​សិក្សា​ជា​អង្គការរបស់​ជាតិ។ ៨. កិច្ច​ការ​ដំបូង តែង​តែ​មាន​ទាស់​ខុស​ខ្លះ លុះ​ត្រា​តែ​ស៊ុប​ស៊ាំ ទើប​មិន​ភ្លាត់​ភ្លាំង​ខុស​ទៀត។ ៩. បាន​ត្រូវ​មក​ពី​ស្គាល់​ខុស បើ​មិន​ដូច្នោះ​ទេ រក​ត្រូវ​ពុំ​ឃើញ​ឡើយ។ ១០. ឃើញ​គេ​ថ្កំថ្កើង កុំ​ចចើង​តាម​គេ​ហួស​មាឌ​ខ្លួន ប៉ុន្តែ​មិន​ត្រូវ​បន្ធូរ​បន្ថយ​ព្យាយាម​ឡើយ។ ១១. កើត​មក​ជា​កូន​ប្រុស ត្រូវ​តែ​ខំ​ប្រឹង​បំពេញ​ករណីកិច្ច​លុះ​ត្រា​តែ​បាន​សម្រេច។ ១២. ការ​អ្វី​មិន​ទាន់​សម្រេច កុំ​អាល​ប្រញាប់​ពោល​អួត។ ១៣. ត្រូវ​ប្រដៅ​ខ្លួន​ឲ្យ​ហ្មត់​ចត់​សិន សឹម​ប្រដៅ​អ្នក​ដទៃ។ ១៤. ប្រទូស្ត​ទៅ​រក​អ្នក​ឥត​ទោស រមែង​ធ្លាក់​ទោស​មក​លើ​ខ្លួន​វិញ។ … Continue reading ឱវាទ ១៧ បទ

ម្ដាយ​និង​កូន


ម្ដាយ គឺ​ជា​ស្ត្រី​អ្នក​មាន​គុណ​ជា​អនេក​លើ​កូន។ ក្នុង ១ ជាតិ​របស់​លោក ដែល​លោក​ខំ​ប្រកប​ការ​ងារ​ផ្សេងៗ​នោះ ក៏​ដើម្បី​ជា​ប្រយោជន៍​ដល់​កូន​ប៉ុណ្ណោះ។ បើ​កូន​បាន​ខ្ពស់​មុខ​ប្រកប​តាម​ដំបូន្មាន លោក​រមែង​រីករាយ​ចិត្ត ត្រជាក់​ចិត្ត​យ៉ាង​ក្រៃ​លែង។ បើ​កូន​អាប់​មុខ បាន​ទទួល​សេចក្ដី​ទុក្ខ លោក​រមែង​ទទួល​ទុក្ខ​ជាមួយ។ បើ​កូន​ខិល​ខូច ដើរ​ប្រឡែ​ប្រកោ​ប្រព្រឹត្ត​អាក្រក់​ផ្សេងៗ មិន​ស្ដាប់​បង្គាប់ លោក​រមែង​តែ​មាន​សេចក្ដី​ទុក្ខ​យ៉ាង​ធ្ងន់​បំផុត។ សេចក្ដី​ស្រលាញ់​របស់​លោក​ចំពោះ​កូន ជា​សេចក្ដី​ស្រលាញ់​យ៉ាង​ពិត​ប្រាកដ។ លោក​តែង​សន្ដោស​ដល់​កូន​ជា​និច្ច ទុក​ជា​កូន​ខុស​យ៉ាង​ណា ក៏​មិន​ហ៊ាន​សម្លាប់​កូន​ដែរ។ សូរ​សម្លេង​ដែល​កូន​ហៅ​ថា "ម៉ែៗ ម៉ាក់ៗ ....." រមែង​ធ្វើ​ឲ្យ​ចិត្ត​របស់​លោក​ទន់​ភ្លន់។ សេចក្ដី​សុខ​របស់​លោក តែង​នៅ​ត្រង់​សេចក្ដី​ខុស​របស់​កូន ទុក​ជា​នឿយ​ហត់យ៉ាង​ណា ក៏​ចេះ​តែ​ទ្រាំ​ទ្រ​បាន​ទាំង​អស់ ឲ្យ​តែ​កូន​បាន​សេចក្ដី​សុខ។ ពាក្យ​កាព្យ​ខាង​មុខ​នេះ ជា​ពាក្យ​ថ្ងូរ​របស់​មាតា​ដែល​ទុក្ខ​យ៉ាង​ធ្ងន់​ចូល​មកគ្រប​សង្កត់​សន្ដាត​ចិត្ត​របស់​លោក ក្នុង​កាល​ដែល​លោក​ឃើញ​កូន​ប្រព្រឹត្ត​អាក្រក់​ពេក៖ ពាក្យ​កាព្យ​បទ​ពាក្យ ៩ កូន​អើយ​កូន! នាង​បង្ក តែ​គ្រឿង​ក្ដៅ ម៉ែ​ប្រដៅ ទូន្មាន​នាង យ៉ាង​នេះ​ឬ? ម្ដេច​វង្វេង ស្រវឹង​យស គោះ​លែង​ឮ វាយ​ឫក​ហ៊ឺ ធឺ​ខាង​ចាយ គ្មាន​សំចៃ។ មាន​ប៉ុន្មាន ចាយ​ទាល់​អស់ លក់​ខោអាវ យក​លុយ​ប៉ាវ ភឿន​មិត្ត​ភក្ដិ គ្រប់​យប់-ថ្ងៃ … Continue reading ម្ដាយ​និង​កូន

រឿង គ្រូ​ដក​ធ្មេញ


មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ុក ប្រពន្ធ​ឈ្មោះ​នាង​ម៉ី មាន​កូន​ប្រុស​តែ​១ អាយុ​ប្រហែល ៥-៦ឆ្នាំ ឈ្មោះ​ចៅ​ម៉េង។ គាត់​អាស្រ័យ​នៅ​ទី​ផ្សារ​នៃ​ជនបទ​១។ ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់ ប្រកប​ការ​ងារ​ចិញ្ចឹម​ដោយ​របរ​លក់​ដូរ​បន្លែ​បង្កា​បន្តិច​បន្តួច​ជា​ធម្មតា, តែ​ការ​រក​មុខ​រប​រ​នេះ​មិន​សូវ​ប្រកប​បាន​ចំណេញ​ច្រើន​ទេ គ្រាន់​តែ​ទប់​ទល់ៗ ស្ទើរ​តែ​មិន​បាន​ផង, យូរៗ​ទៅ កាន់​តែ​ចុះ​ដុប​ដាប​ជា​លំដាប់។ ថ្ងៃ​មួយ នាយម៉ុក និយាយ​ទៅ​កាន់​នាង​ម៉ី​ជា​ប្រពន្ធ​ថា "យើង​សព្វ​ថ្ងៃ​នេះ​កាន់​តែ​យ៉ាប់​ទៅៗ ងាក​ទៅ​ឯណោះ​ផុត មក​ឯណេះ​ផុត មិន​ដឹង​ជា​នឹង​រក​របរ​អី​វិញ គ្រាន់​នឹង​បាន​ចិញ្ចឹម​ជីវិត​ឲ្យ​បាន​ធូរ​ស្រួល​គ្រាន់​បើ​នឹង​គេ មើល​ទៅ​ដូច​ជា​ទាល់​ច្រក​អស់​ទៅ​ហើយ, នេះ​មក​ពី​ព្រេង​សំណាង​យើង​វា​គ្មាន​តែ​ម្ដង" ។ នាង​ម៉ី​ក៏​តប​ថា "មែន​ហើយ ប៉ុន្តែ​យើង​កុំ​អាល​អស់​សង្ឃឹម ក្រែង​លោ​ព្រេង​សំណាង​យើង​មិន​ទាន់​ដល់ ខ្ញុំ​គិត​ថា​យប់​នេះ យើង​នឹង​រៀប​បួង​សួង​បន់​ស្រន់​ទេព្ដា​ផ្សេង​សំណាង​ល្បង​មើល សុំ​ឲ្យ​លោក​ជួយ​ណែនាំ​ប្រាប់​ផ្លូវ​ណា​មួយ​ក្នុង​រឿង​នេះ"។ ប្ដី​បាន​ស្ដាប់​ពាក្យ​ប្រពន្ធ​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេកអរ​ណាស់​ថា ទំនង​នេះ​ស្រួល​ហើយ ទើប​នាំ​គ្នា​រៀប​ចំ​ធ្វើ​ស្លាធ័រ ទៀន៥, ធូប៥ ទឹក​អប់ ភ្ញីផ្កា​ផ្សេងៗ ដាក់​ដំកល់​លើ​ហ៊ឹង​ក្បាល​ដំណេក​រួច​ជា​ស្រេច។ ដល់​ពេល​យប់​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​តាំង​ប្រតិស្ឋ​អធិស្ឋាន​តាម​ទំនង​ដែល​ខ្លួន​បាន​គិត​ទុក​មក​នោះ រួច​ហើយ​ក៏​អាស្រ័យ​ដំណេក​លក់​ទៅ​តាម​ធម្មតា។ « មាន​យាយ​ចាស់​ម្នាក់ ខ្នង​កោងៗ កាន់​ឈើ​ច្រត់​ដើរ​ចូល​មក​ក្នុង​ផ្ទះ​ហើយ​ប្រាប់​ថា "ណ្ហើយ​ចុះ, ចៅ​ឯង​កុំ​ព្រួយ​បារម្ភ​អី តាំង​ពី​ថ្ងៃ​នេះ​ទៅ​ចាំ​យាយ​ជួយ, ថា​តែ​ប៉ុណ្ណេះ​ហើយ យាយ​ចាស់​ក៏​ចាប់​ដៃ​ស្ដាំ​នាយ​ម៉ុក​យក​មក​ផ្លុំ​ស្ដោះៗ គំរប់​៣ដង រួច​ហើយ​គាត់​ប្រាប់​ទៀត​ថា តាំង​ពី​ពេល​នេះ​ត​ទៅ … Continue reading រឿង គ្រូ​ដក​ធ្មេញ

អត្ថបទ​កាព្យ៖ រាត្រី​ចតុម្មុខ


ទិនករ​គោចរ​ចុះ​ទន់​ទាប ទេរ​តាម​សភាព​លោក​ធម្មតា បន្លឹម​លាក់​ខ្លួន​ពួន​អាត្មា នាទិស​បច្ឆិមា​ចោល​រស្មី។ ក្រហម​ព្រឿងៗ​លឿង​ច្រមុះ ចែង​ចាំង​ឆ្លាស់​ឆ្លុះ​លើ​ផែន​ដី ក្រាល​ពាស​ធម្មជាតិ​ស្រទន់​ខ្ចី ព័ណ៌​ឆ្នូត​ពិសី​កាត់​ជើង​មេឃ។ លាលិប​លិច​ចុះ​សន្សឹម​ទៅ មនុស្ស​សត្វ​ដែល​នៅ​ពេញ​តម្រេក ស្រងូត​ស្រងាត់​ស្ងប់​ស្ងាត់​ពេក វិវេក​តឹង​តុះ​ស្អុះ​ស្អាប់​ប្រាណ។ រីកាល​ដាល​ខ្មៅ​ងងឹត​ឈ្លប់ បិទ​បាំង​ពិភព​គ្រប់​ដែនដាន ដល់​វេន​រាត្រី​ដណ្ដើម​ឋាន តាម​ដោយ​លំអាន​ជា​លំដាប់។ ព្រះពាយ​ផាយ​ផាត់​កាត់​ទៅ​មក បុក​រុញ​ពពក​ពពូន​អ័ព្ទ ខ្មៅ​កក​ងងឹត​ជិត​ខាន់​ខាប់ ច្រាន​ចេញ​ប្រញាប់​ឲ្យ​ឃ្លាត​ឆ្ងាយ។ អាកាស​ស្រឡះ​ស្អាត​សំខាន់ ព្រះ​ច័ន្ទ​រះ​ភ្លែត​ភ្លឺ​ត្រឆាយ រស្មី​ស្រអែត​ចាំង​សព្វ​សាយ ឯ​ផ្កាយ​ក៏​រះ​បន្ត​គ្នា។ ចោម​ជា​បរិវារ​ការ​ពារ​ពិត ខ្លះ​នៅ​នែប​និត្យ​ជិត​ចន្ទ្រា ខ្លះ​នៅ​ឃ្លាត​ឆ្ងាយ​ផ្សាយ​អាភា ព្រោង​ព្រាយ​លាយ​គ្នា​ចម្រុះ​ញឹក។ អ្នក​ដែល​ស្ងួត​ស្ងប់​ថប់​ធុញ​ណាយ បែរ​ជា​សប្បាយ​យ៉ាង​ពន្លឹក ដោយ​សារ​ពន្លឺ​ភ្លឺ​អធិក ផ្ដួច​នឹក​ចេញ​ចរ​កែ​កំសាន្ត។ គន់​ផ្ទៃ​ទន្លេ​ចតុម្មុខ ទឹក​ពេញ​បន្ទុក​ពន់​ប្រមាណ លិច​អស់​កោះ​ត្រើយ​ឥត​សល់​ខាន ហូរ​ច្រាន​កួច​ច្រាល់​កាល់​មាត់​ច្រាំង។ ត្រូវ​ខ្យល់​ជំនោរ​ជោរ​បក់​មក កើត​ជា​រលក​រំជួយ​ខ្លាំង ទូក​តូច​ផ្លេង​ផ្លោង​អ៊ំ​ប្រឆាំង តតាំង​កាត់​ទឹក​នឹក​ភ័យ​ក្រែល។ ផ្នែក​ផ្នត់​រលក​ដូច​ព័ណ៌​ប្រាក់ ផ្លេកៗ​ឥត​អាក់​ហាក់​ផេល​ផែល ដោយ​ប៉ះ​ពន្លឺ​ព្រះ​ចន្ទ​ដែល ចែង​ចាំង​ឆ្វាត់​ឆ្វែល​ស្រស់​ស្រទន់។ ខាង​ឯ​អរិយ៍ក្សត្រ​ទិស​បូព៌ា ប្រទីប​ជ្វា​លា​លន្លោច​លន់ ហែ​តាម​មាត់​ច្រាំង​ច្រើន​ពេក​ពន់ គយ​គន់​គឺ​ពួក​នេសាទ​ត្រី។ ងាក​ទៅ​ខាង​ត្រើយ​ជ្រោយ​ចង្វា ព្រោង​ព្រាត​ភ្លឺ​ថ្លា​ដោយ​រស្មី ចង្កៀង​រៀង​រាយ​តាម​វិថី ប្រុស​ស្រី​ដើរ​លេង​លំហែ​កាយ។ នៅ​ខាង​មាត់​ច្រាំង​ដំណាក់​ផែ នំនែក​ហូរហែ​លក់​ចែក​ចាយ ស្រី​យួន​ខ្លួន​ស្អាត​ឡក​នាយ​អាយ … Continue reading អត្ថបទ​កាព្យ៖ រាត្រី​ចតុម្មុខ