ចូល​កម្មវិធី​វិទ្យុ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា


កាល​ពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ខ្ញុំ​ត្រូវ​បាន​ខាង មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​ចូល​រួម​ក្នុង​កម្មវិធី​វិទ្យុ​ស្ដី​អំពី​បទ​ពិសោធន៍​នៃ​ការ​សរសេរ​ប្លុក និង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​លើ​អ៊ីនធឺណិត។ នេះ​ជា​លើក​ទី២ ដែល​ខ្ញុំ​ត្រូវ​បាន​ខាង​វិទ្យុ​ហៅ​ឲ្យ​ចូលរួម​និយាយ​ផ្ទាល់។ ស្ដាប់​សំឡេង

កិច្ច​ពិភាក្សា​តុមូល​ស្ដី​អំពី “សេរីភាព​បញ្ចេញ​មតិ លើ​ប្រព័ន្ធ​អ៊ីនធើណេត”


កាល​ពី​ព្រឹក​មិញ (២៧-កុម្ភៈ-២០១៣) ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​មួយ​រូប​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ស្ដី​អំពី "សេរីភាព​បញ្ចេញមតិ លើ​ប្រព័ន្ធ​អ៊ីនធើណេត" ដែល​បាន​រៀប​ចំ​ដោយ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស (CCHR) ។ គិត​ទៅ នេះ​គឺ​ជា​លើក​ទី​មួយ​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ធ្វើ​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​សេរីភាព។ បញ្ហា​ដែល​ត្រូវ​បាន​លើក​ឡើង​ធំៗ​គឺ​ផ្ដោត​សំខាន់​លើ​បញ្ហា​សិទ្ធិ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត មាន​ដូច​ជា​បណ្ដាញ​សង្គម (Facebook, Twitter, ...) និង​ប្លក់​ជា​ដើម ក្រៅ​ពីនេះ Cyber Law ក៏​ជា​អ្វី​ដែល​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ។ អ្នក​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ ភាគ​ច្រើន​គឺ​ជា​អ្នក​សារព័ត៌មាន​និង​អ្នក​ប្រើ​ប្រាស់​ប្លក់ ហើយ​អ្នក​ទាំង​អស់​គ្នា​បាន​លើក​យក​បញ្ហា​ទាំង​នោះ​មក​ដេញ​ដោល​សួរ​គ្នា​និង​បញ្ចេញ​មតិ​យ៉ាង​សកម្ម​បំផុត។ បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​អស់​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចពិភាក្សា​នា​ព្រឹក​នេះ គឺ​ទាក់​ទង​ទៅ​នឹង​បញ្ហា​របស់​បង​ប្រុស "ភែល ភារុណ" (ប្រហែល​អ្នក​ទាំង​អស់​គ្នា​ស្គាល់​គាត់​ហើយ) ដែល​គាត់​បាន​សរសេរ​អំពី​រឿង​រ៉ាវ​ដែល​ប៉ូលីស​នៅ​ខណ្ឌ​ចំការ​មន​ឃាត់​ម៉ូតូ​គាត់​ទុក ហើយ​ក្រោយ​ពី​ពេល​ដែល​គាត់​បាន​ផ្សាយ​រឿង​នេះ​ក្នុង​បណ្ដាញ​សង្គម ហើយ​សារព័ត៌មាន​ផ្សេងៗ​យក​ទៅ​សរសេរ​ចុះ​ផ្សាយនោះ ក្នុង​ចុង​ខែ​នេះ​គាត់​ក៏​ត្រូវ​ប៉ូលីស​ខណ្ឌ​កោះ​ហៅ​ទៅ​សាក​សួរ (អំពី​បទ​បរិហារ​កេរ្តិ៍)។ លោកអ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​ថា "បញ្ហា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត នឹង​ក្លាយ​ជា​បញ្ហា​ដែល​ត្រូវ​បាន​កើត​ឡើង​ជា​ច្រើន" នេះ​ក៏​ដោយ​សារ​ចំនួន​នៃ​អ្នក​ប្រើ​អ៊ីនធឺណិត​កំពុង​កើន​ឡើង ហើយ​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​កំពុង​បង្ហាញ​បណ្ដើរៗ។ ដូច្នេះ​ចំពោះ​កិច្ច​ពិភាក្សា​តុមូល​នៅ​ថ្ងៃ​នេះ គឺ​ជា​សកម្មភាព​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​ឲ្យ​ប្រជាជន​បញ្ចេញ​មតិ​របស់​ខ្លួន​លើ​បញ្ហា​មួយ​នេះ ហើយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​យក​ការ​ពិភាក្សា​ចាក់​ផ្សាយ​ក្នុង​វិទ្យុ ព្រម​ទាំង​រៀប​ចំ​ជា​គោល​នយោបាយ​សង្ខេប​ផ្ញើ​ជូន​ទៅ​ខាន​ស្ថាប័ន​រដ្ឋ​ដែល​ពាក់​ព័ន្ធ។ អត្ថបទ​ទាក់​ទង នឹង​លែង​មាន​ហាង​អ៊ីនធឺណិត​នៅ​កណ្ដាល​ក្រុង សំឡេង​ប្រជាធិបតេយ្យ : អ្នក​​ស​សេរ​ប្លុក​​ ចង់ឲ្យ​រដ្ឋាភិបាល ​អនុញ្ញាត​ឲ្យមាន​ហាង​អ៊ីន​ធើ​ណេ​តជិត​សាលារៀន​​