ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ភ្នំ​តាម៉ៅ ៩០​គ.ម. ទៅមក


ព្រឹក​នេះ​វេលា​ម៉ោង៧ ខ្ញុំ​បាន​ចេញ​ទៅ​ជុំ​គ្នា​ជាមួយ​មិត្ត​ភក្ដិ​បី​នាក់​ផ្សេង​ទៀត​ដូច​ជា កក្កដា, អាហ្វី, សុខលាភ នៅ​ខាង​មុខ​សាលា​រៀន​គួរ។ យើងធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ផ្លូវ​ស្ទឹង​មានជ័យ ហើយ​ក៏​ឆ្លៀត​ចូល​ហូប​បាយ​ព្រឹក​កុំ​ឲ្យ​បាក់​កម្លាំង។ ហាហាហា សុំ​សើច​មួយ​សិន ព្រោះ​នេះ​ជា​រឿង​ហួស​ចិត្ត​ណាស់​ពេល​នឹក​ឃើញ​ម្ដងៗ ព្រោះ​គម្រោង​ដំបូង​ដែល​និយាយ​គ្នា​គឺ​ជិះ​ត្រឹម​ជុំវិញ​ភ្នំពេញ​ប៉ុណ្ណោះ​សរុប​ចម្ងាយ ២២ គីឡូម៉ែត តែ​គេ​ថា​ជិះ​ក្នុង​ក្រុង​វា​មាន​បរិយាកាស​មិន​ល្អ ចឹង​ខ្ញុំ​ក៏​គូរ​ផែន​ទី​ជិះ ៣៥ គីឡូម៉ែត្រ​ទៅ​ក្រៅ​ភ្នំពេញ​វិញ​ម្ដង គេ​ក៏​យល់​ស្រប។ តែ​ពេល​ជិះ​បាន​ពាក់​កណ្ដាល​ផ្លូវ ស្រាប់​តែ​អាកក្កដា​ថា​ចង់​ទៅ​ភ្នំតាម៉ៅ ទម្រាំ​តែ​និយាយ​គ្នា​ត្រូវ​ម៉ោង​ជិត​៩កន្លះ​ទៅ​ហើយ។

ដំណើរ ៣៥​ (ទាំង​ទៅ​ទាំង​មក) គីឡូម៉ែត​នេះ​គឺ​មាន​ទិសដៅ​ជិះ​ទៅ​វត្ត​គោកអំពិល​និង​វត្ត​ត្រពាំង​ថ្លឹង តាម​ផ្លូវ​ចម្ការ​ដូង។ ចូល​ទៅ​វត្ត​គោក​អំពិល​សម្រាក​បាន​បន្តិច យើង​ក៏​ជិះ​ចេញ​ទៅ​វត្ត​ត្រពាំង​ថ្លឹង ហើយ​ក៏​ឆ្លៀត​ចូល​ថ្វាយ​បង្គំ​ព្រះ​នៅ​ទីនោះ​ដើម្បី​សុំ​សេចក្ដី​សុខ​សប្បាយ​តាម​ផ្លូវ។ បន្ទាប់​មក​ដំណើរ​ក៏​បន្ត​តាម​កៀន​របង​វត្ត​ព្រែក​ថ្លឹង​ឆ្ពោះ​ទៅ​ស្ពាន​ព្រែក​កំពឹស (ក្បែរ​ប៉ុស្តិ៍​លេខ​ប្រាំ) នៅ​វេលា​ម៉ោង ៩:១៧។ មក​ដល់​ទីនេះ​ហើយ​ដែល​គម្រោង​ត្រូវ​បាន​ផ្លាស់​ប្ដូរ។

ជជែក​ជាមួយ​គ្នា​ប្រហែល ១៥នាទី ទើប​សម្រេច​ថា​ទៅ​ភ្នំ​តាម៉ៅ។ ខ្ញុំ​ដក​ទូរ​សព្ទ​ឡើង​ហើយ​ចុច​វាស់​ចម្ងាយ​ពី​ស្ពាន​ព្រែក​កំពឹស​ទៅ​ភ្នំតាម៉ៅ​ចម្ងាយ​ប្រហែល ២៨គីឡូម៉ែត។ ខ្ញុំ​ក៏​អូខេ​តាម​គេ​ដែរ។😀 យើង​ក៏​ឆ្លង​ស្ពាន​ព្រែក​កំពឹស​ហើយ​ចាក់​ក្រោម​មក​ផ្លូវ​ជាតិ​លេខ២ ឆ្ពោះ​តាម​រង្វង់​មូល​ក្បាល​ថ្នល់ (ដីក្រហម) ហើយ​ក៏​បត់​ឆ្វេង​តាម​ផ្លូវ​ជាតិ​លេខ​២​ឆ្ពោះ​ទៅ​ភ្នំតាម៉ៅ​តែ​ម្ដង។

ពេល​ព្រឹក​ម្នាក់ៗ​ដូច​ជា​កម្លាំង​ពេញ​ប្រិប​តែ​ម្ដង​ម្នាក់ៗ ជិះ​យ៉ាង​សប្បាយ​ថែម​ទៀត​ផង។ ជិះ​មក​ដល់​ការ៉ាស់​សាំង​នៅ​សៀមរាប (ខេត្ត​កណ្ដាល) ក៏​ឈប់​សម្រាក​បន្តិច ព្រោះ​ហត់​ណាស់​ដែរ។ សម្រាក​បាន ៥នាទី​ក៏​ចេញ​ទៅ​ទៀត បាន​ឆ្ងាយ​បន្តិច​ឃើញ​គេ​លក់​ខ្នុរ​មើល​ទៅ​ទំនង​ឆ្ងាញ់​ដល់​ហើយ ក៏​សម្រេច​គ្នា​ថា​ទិញ​អស់ ១២០០០៛ ។ នៅ​វេលា​ម៉ោង ១០:០១។

ទិញ​ខ្នុរ​តម្លៃ ១២០០០៛

ទិញ​ខ្នុរ​តម្លៃ ១២០០០៛

ដំណើរ​ក៏​ចេះ​តែ​ទៅ​ជា​ដរាប ម្ដង​យឺត​ម្ដង​លឿន​តាម​កម្លាំង​ម្នាក់។ ណា​មួយ​ថ្ងៃនេះ​មេឃ​ស្រទុំ ធ្លាក់​ខ្យល់​ធ្វើ​ឲ្យ​យើង​ពិបាក​ធាក់​កង់​ដែរ ព្រោះ​ត្រូវ​ប្រឹង​ប្រជែង​នឹង​កម្លាំង​ខ្យល់​និង​មើល​ឆ្វេង​ស្ដាំ ដោយ​ហេតុសំបូរ​ឡាន​បើក​លឿនៗ។ យើង​មិន​សូវ​ឈប់​ប៉ុន្មាន​ទេ​ពេល​ទៅ ព្រោះ​ម៉ោង​កាន់​តែ​ជិត​ថ្ងៃ​ត្រង់​ហើយ ខ្លាច​ទៅ​ដល់​លើ​ភ្នំ​ខក​ម៉ោង​ថ្ងៃ​ជ្រុល​ឃ្លាន​បាន។

រយៈ​ពេល ៤៨នាទី​ក្រោយ​មក (គិត​ពី​កន្លែង​ទិញ​ខ្នុរ) យើង​ក៏​បាន​មក​ដល់​ខ្លោង​ទ្វារ «វត្ត​ភ្នំ​តា​ម៉ៅ» មាន​អារម្មណ៍​ថា​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ហេហេហេ ឆ្លៀត​ថត​រូប​មួយ​ទុក​អួត​គេ​ទៀត​ផង😀 ។ រួច​ក៏​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើរ​ទៅ​លើ​ភ្នំ​តែ​ម្ដង។ ចម្ងាយ​ពី​ក្រោម​ទៅ​ដល់​លើ​ប្រហែល​ជា៥​គីឡូម៉ែត តែ​មិន​មែន​ឡើង​លឿន​នោះ​ឡើយ។ សែន​ពិបាក​ព្រោះ​កង់​មិន​សូវ​ល្អ ខ្យល់​ធ្លាក់ ផ្លូវ​ដី​ខ្សាច់ ឡាន​ជិះ​មក​ម្ដងៗ​ហុយ​រក​លេខ​ដាក់​គ្មាន ដូច្នេះ​ទម្រាំ​តែ​ឡើង​ដល់​លើ​ភ្នំ​យើងចំណាយ​ពេល​ដល់​ទៅ​ប្រហែល​ជា ៣៥នាទី​ឯណោះ។ ពេល​ឡើង​យើង​ឈប់​ជា​ច្រើន​ដង ហើយ​ពេល​ជិត​ដល់​គ្មាន​អី​ក្រៅ​ពី​ត្រូវ​ចុះ​បណ្ដើរ​ទេ ហាហាហា។ ម៉ោង១១:២៣ ទៅ​ដល់​លើ​ភ្លាម​ម្នាក់ៗ​មុខ​ស្មឿក​អស់​ហើយ ហាហាហា ព្រោះ​អស់​កម្លាំង​មែន​ទែន​ហើយ។ ដូច្នេះ​គ្មាន​អី​ក្រៅ​ពី​ត្រូវ​ទៅ​រក​កន្លែង​ញ៉ាំ​អី​នោះ​ឡើយ។ ទៅ​ដល់​កន្លែង​បាយ ទិញ​បាន

  • ត្រី​អាំង​ពី​ចង្កាក់ តម្លៃ១០,០០០៛
  • ក្ដាម​ស្រែ​បំពង តម្លៃ​២,០០០៛
  • ទឹក​ត្នោត​ផ្អែម តម្លៃ​៤០០០៛
  • ឆា​គ្រឿង​ក្នុង​មាន់ តម្លៃ​១៥,០០០៛
  • បាយ​មួយ​ឆ្នាំង តម្លៃ៥,០០០៛
  • សរុប​តម្លៃ៖ ៤៦,០០០៛

ញ៉ាំ​បាយ​និង​សម្រាក​រួចម៉ោង​ជាង​១៣​ទៅ​ហើយ យើង​ក៏​ហៅ​គេ​ឲ្យ​គិត​លុយ ហើយ​ក៏​បន្ត​ដំណើរ​ទៅ​មើល​សត្វ​នៅ​ក្នុង​សួន​សត្វ​តែ​ម្ដង។ យើង​ញ៉ាំ​នៅ​ខាង​លើ មិន​មែន​ញ៉ាំ​នៅ​ខាង​ក្រោម​ទេ។ ជិះ​មើល​ត្រួសៗ​បាន​បន្តិច​ក៏​ចេញ​មក​វិញ។ ហេហេហេហេ លើក​នេះ​ស្រួល​ហើយ​ចុះ​ពី​លើ​ភ្នំ តែ​មិន​អ៊ីចឹង​ឯ​ណា ពេល​ចុះ​ត្រូវ​ទប់​ចង្កូត​ឡើង​រឹង​ដៃ​អស់​ហើយ ព្រោះ​ផ្លូវ​ខ្សាច់​ហើយ​វា​រលាក់​ទៀត។ ពេល​ឡើង​ជាង​កន្លះ​ម៉ោង តែ​ពេល​ចុះ​ត្រឹម​តែ​១៥​នាទី​ប៉ុណ្ណោះ។ ដូច្នេះ​យើង​ចេញ​ពី​លើ​ភ្នំ​មក​វិញ​នៅ​ម៉ោង ១៣:៣០ ហើយ​មក​ដល់​ក្រោម​នៅ​ម៉ោង ១៣:៤៥ ។

ពេល​មក​ដល់​ផ្លូវ​ជាតិ​វិញ​ម្នាក់ៗ​ហាក់​ដូច​ជា​សប្បាយ​ចិត្ត​ឡើង​វិញ តែ​ត្រូវ​ប្រឈម​មុខ ៤០គីឡូម៉ែត​ទៀត​ទើប​ដល់​ភ្នំពេញ។ លើក​នេះ​និយាយ​ថា​ពី​ឈប់​នោះ​ឈប់​ហើយ ហាហាហា រាប់​ម្រាម​ដៃ​ម្រាម​ជើង​មិន​គ្រាន់​​ទៀត​ឯណោះ ម្ដង​ទិញ​ទឹក ម្ដង​ដូរ​កង់​គ្នា ម្ដង​ឈប់​សម្រាក។

នៅ​ម៉ោង ១៥:១៤ ពួក​ខ្ញុំ​ក៏​បាន​មក​ដល់​ដែន​ដី​ភ្នំពេញ។ ហាហាហា សប្បាយ​ជិត្ត​អើយ​សប្បាយ​ចិត្ត។ តែ​កម្លាំង​ក៏​វា​អស់​តាម​ហ្នឹង​ដែរ។ ជិះ​រ៉ិៗ​ម្ដង​លឿន​ម្ដង​យឺត ប្រហែល​ម៉ោង១៦ ក៏​ផុត​សាលា​អគ្គិសនី​ចម្ការ​ដូង។ ទៅ​ដល់​ហាង​នំប៉័ង​មួយ​ក៏​ឈប់​សម្រាក​ទិញ​ទ្រាំ​ញ៉ាំ​ទាំង​ផ្លូវ​ហុយ ព្រោះបើ​មិន​អ៊ីចឹង​ទេ ប្រាកដ​ជា​ទៅ​មុខ​មិន​រួច​ទេ។ យើង​បាន​កំណត់​ម៉ោង​ថា​ត្រូវ​មក​ដល់​សាលា (វិទ្យាល័យ​ជាស៊ីម សន្ធរម៉ុក) ឲ្យ​បាន​មុន​ម៉ោង​១៧។ ហើយ​យើង​ពិត​ជា​ធ្វើ​បាន​មែន ដោយ​មិន​ជិះ​តាម​ផ្លូវ​ស្ទឹង​មាន​ជ័យ​ទេ តែ​ជិះ​តាម​ផ្លូវ​សរឡា​វិញ។

ផ្លាក​បង្ហាញ​ថា​ដល់​ភ្នំពេញ

ផ្លាក​បង្ហាញ​ថា​ដល់​ភ្នំពេញ

សរុប​សេចក្ដី

ថ្លៃ​ចំណាយ​សរុប​ប្រហែល ៣៥ដុល្លារ
ទឹក​សុទ្ធ​ប្រហែល ៣០ដប
អស់​ខ្នុរ​រលីង ព្រោះ​ចែកគ្នា​ញ៉ាំទៀត​ពេល​មក​ដល់​សាលា
ចំណាយ​ពេល ១០ម៉ោង

ផ្លូវ​សរុប ៩០គីឡូម៉ែត (វាស់​តាម Google Maps បីបួន​ដង)
កម្លាំង​អស់​រលីង​ឈិញ ហាហាហាហា

គម្រោង​ដ៏​សាំញ៉ាំ​មួយ​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​ត្រួសៗ តែ​មាន​រឿង​រ៉ាវ​ផ្សេង​ទៀត​មិន​សរសេរ​ចូល ហេហេហេហេ ។ ខ្ញុំ​មិន​ដែល​បាន​ទៅ​ភ្នំ​តាម៉ៅ​ទេ តែ​ទៅ​ម្ដង​គឺ​ជិះ​កង់​ទៅ​តែ​ម្ដង ម្យ៉ាង​ទៀត​ខ្ញុំ​មិន​ដែល​មាន​ប្រវត្តិ​ជិះ​កង់​បាន​ដល់​ទៅ​ជិត ១០០គីឡូម៉ែត​សោះ​ឡើយ នេះ​ជា​លើក​ដំបូង​ហើយ។ គម្រោង​បន្ទាប់​ទៀត​របស់​ខ្ញុំ​គឺ​ជិះ​ទៅ​ភ្នំ​អដ្ឋរស្ស (ឧត្ដុង្គ) ហេហេហេ ប្រហែល​ខ្ទង់ ៨០ ទៅ ៩០គីឡូម៉ែត​ដែរ។🙂

សុំ​ចប់! សុំ​ទៅ​ដេក​ហើយ ហាហាហា អស់​កម្លាំង​រលីង​ឈិញ!
ភ្នំពេញ, ម៉ោង២១:៤៣ ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០១២

ទេព សុវិចិត្រ

4 thoughts on “ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ភ្នំ​តាម៉ៅ ៩០​គ.ម. ទៅមក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s